ទាចទឹក

រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ ចំនួន​នៃអ្នក​ដែលស្លាប់​ដោយ​សារជម្ងឺ​ទាចទឹក​នៅតែ​មានជា​បន្ដ។ លោកអ្នក​មួយ​ចំនួន តែង​តែយល់​ថា ជម្ងឺទាច​ទឹកអាច​កើតមាន​ចំពោះតែ​អ្នកដែល​ចូលចិត្ដ​ទទួល​ទានស្រា​ច្រើន​លើសលប់​តែ​ប៉ុណ្ណោះ​(ក្រិនថ្លើម)។ នេះគឺ ជាការ​យល់ដឹង​មាន​កម្រិត​មួយ។ ផ្ទុយទៅ​វិញជម្ងឺ​ប្រភេទ​នេះអាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់វ័យ និងអាច​បង្កមក​ពី​បណ្ដា​ជម្ងឺ​ផ្សេងៗ មួយចំនួន​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ អ្នក​ជំនាញ​ផ្នែកជម្ងឺ​ថ្លើម​ក្រពះពោះ​វៀន នៅមន្ទីរ​ពេទ្យ​ព្រះកេតុ​មាលា បានចូល​រួមធ្វើ​ការ បក​ស្រាយយ៉ាង​លម្អិត ជម្រាប​ជូនលោក​អ្នកអំពី​ជម្ងឺទាច​ទឹកនេះ​បន្ថែមលើ​អ្វីដែល​លោកអ្នក​ធ្លាប់បាន​យល់ដឹង​កន្លង​មក តាម​រយៈ ទស្ស​នាវដ្ដី សុខភាព​យើង។

ជម្ងឺ​ទាច​ទឹក ជាអ្វី?

វត្ដមាន​ទឹកដក់​នៅក្នុង​ស្រោម​ពោះ ហើយ​មិនមា​នឈាម នោះគេ​ឱ្យឈ្មោះ​ថាទាច​ទឹក។ ជម្ងឺទាច​ទឹកគឺ​ជាជម្ងឺ​មួយ​ប្រភេទ ដែល​មិនមែន​ជាជម្ងឺ​តំណ​ពូជ ហើយវា​អាចកើត​មានលើ​មនុស្ស​គ្រប់វ័យ ដែល​បណ្ដាល​មកពី​បណ្ដា​ជម្ងឺ​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត ជម្ងឺ មួយ​ប្រភេទ​នេះ វាមិន​មែនកើត​មានក្នុង​រយៈពេល​ត្រឹមមួយ​ថ្ងៃ ឬមួយ​ខែនោះ​ទេ មេរោគ​អាចសម្ងំ​នៅក្នុង​ខ្លួនម​នុស្សចាប់​ពី៥-១០ឆ្នាំ ទើបស្ដែង​ចេញជា​រោគ​សញ្ញា។ វាអាច​ធ្វើឱ្យ​អ្នក​ជម្ងឺ​ប៉ោង​ពោះធំ ដែលមើល​ទៅហាក់​បីដូច​ជាអ្នក​មានផ្ទៃ​ពោះ ឬ​មនុស្ស​ដែល​មាន ក្បាល​ពោះធំ​ដូច្នោះ​ដែរ។

រោគ​សញ្ញា​ជម្ងឺ​ទាចទឹក

ចំពោះ​រោគ​សញ្ញា​ជម្ងឺទាច​ទឹក គឺវា​អាស្រ័យ​ទៅលើ​មូលហេតុ​របស់​ជម្ងឺ​នីមួយៗ​ដែល​បង្ក​ឡើង។ ប៉ុន្ដែគេ​អាច​សន្និដ្ឋាន​ថា មាន​កើតជម្ងឺ​ទាចទឹក​បានដោយ​សារ​គេសង្កេត​ទៅលើ​សភាព​របស់​អ្នកជម្ងឺ និងរោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ឡើង។

  • ដំណាក់​កាល​ដំបូង ៖ ដំបូ​ងឡើយអ្នក​ជម្ងឺអាច​មានអាការ​ដូចជា​ហើម​ដៃ ឬហើម​ជើង រាងកាយ​ស្លេកស្លាំង លឿង​ភ្នែក (បណ្ដាល​ពីជម្ងឺ​ថ្លើម) តឹង​ពោះ ឧស្សាហ៍​ហត់ និងថប់​ដង្ហើម។ ម្យ៉ាងទៀត​គេអាច​ដឹងដោយ​សារធ្វើ​ការពិនិត្យ​ដោយឱ្យ​អ្នកជម្ងឺ​ដេក ផ្អៀង រួច​សង្កេត​មើលទៅ​លើពោះ និងយក​ដៃស្ទាប​បង្អូស​លើពោះ ឬគោះ​ស្ដាប់​សម្លេង​ទឹកនៅ​ក្នុងពោះ។ លើសពី​នេះដើម្បី​ឱ្យបា​នដឹង ច្បាស់ គេអាច​ប្រើ​វិធី​សាស្ដ្រ​បែប​ទំនើប ដោយ​ការឆ្លុះ​អេកូ​សាស្ដ្រ ធ្វើការ​ថតវិ​ទ្យុសាស្ដ្រ​ ឬស្កែន។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ដំណាក់​កាល​ធ្ងន់ធ្ងរ ៖ ឈាន​ចូលដល់​ដំណាក់​កាលនេះ អ្នក​ជម្ងឺ​ចាប់ធ្វើ​ទុក្ខពិបាក​នៅក្នុង​ខ្លួនជា​ខ្លាំង។ រោគ​សញ្ញា​មួយ​ចំនួន​ ត្រូវបាន​ចេញយ៉ាង​ច្បាស់។ ពោះរបស់​អ្នកជម្ងឺ​ចាប់ផ្ដើម​ធំ តឹង និងមាន​សភាពភ្លឺ​រលោង។ ផ្ចិតប៉ោង​ឡើងធំ​ខុសពី​ធម្មតា។

មូល​ហេតុ​បង្កជម្ងឺ​ទាចទឹក

ជម្ងឺទាច​ទឹកមិន​មែនកើតមាន​ដោយ​ឯកឯង​នោះទេ។ វាកើត​ឡើង​ដោយសារ​ជម្ងឺដទៃ​ទៀតមួយ​ចំនួន។

  • បណ្ដាល​មក​ពីជម្ងឺ​ក្រិន និង​រលាក​ថ្លើម
  • បណ្ដាល​មក​ពីជម្ងឺដុំ​នៅក្នុង​ថ្លើម(មហារីក​ថ្លើម)
  • បណ្ដាល​មកពី​ជម្ងឺនៅ​ក្នុងដុំ​ក្រពះ​(មហារីក​ក្រពះ)
  • បណ្ដាល​មកពី​ជម្ងឺដុំ​នៅក្នុង​ពោះវៀន​ធំ(មហារីក​ពោះវៀន)
  • បណ្ដាល​មកពី​ជម្ងឺដុំនៅ​ក្នុងស្រោម​ខ្លាញ់​ពោះវៀន
  • បណ្ដាល​មកពី​ជម្ងឺ​ដុំនៅក្នុង​ដៃស្បូន
  • បណ្ដាល​មកពី​ជម្ងឺ​ដុំនៅក្នុង​លំពែង
  • និងបណ្ដាលម​កពីជម្ងឺ​របេង​ពោះវៀន។

ទោះបី​ជាជម្ងឺ​ទាចទឹក​ជាជម្ងឺ​ដែលកើត​ឡើងដោយ​សារការបង្ក​ពីជម្ងឺ​ដទៃ​ទៀតយ៉ាង​ណាក៏ដោយ ប៉ុន្ដែ​ភាគច្រើន​គេសង្កេត ឃើញ​ថា វាច្រើន​ឡើង​ចំពោះ​មនុស្ស​ដែល​ចូលចិត្ដ​យកស្រា​ធ្វើជា​មិត្ដ។ ការ​ទទួល​ទានស្រា​ច្រើនលើស​កម្រិត អាច​បណ្ដាល​ឱ្យកើត ជម្ងឺក្រិនថ្លើម​បាន។ ព្រោះការ​ទទួល​ទានស្រា​អាច​បណ្ដាល​ឱ្យថ្លើម​រលាករ៉ាំ​រ៉ៃ ធ្វើឱ្យ​ការ​ចរាចរ​ឈាមទៅ​បម្រុងថ្លើម​មិនស្រួ​ល បណ្ដាល ឱ្យថ្លើមបាត់​បង់នូវ​សមត្ថភាព​ធ្វើការ ដែលជា​ហេតុបង្ក​ឱ្យកើត​មានជម្ងឺ​ក្រិនថ្លើម។ ដោយ​ឡែក​ចំពោះស្ដ្រី​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ស្ដ្រីនៅតាម​ទីជន​បទ បន្ទាប់ពី​សម្រាល​កូន ពួកគាត់​ទទួលទាន​ស្រា​រហូតដល់​៣០ទៅ​៤០លីត្រ​សម្រាប់​កូនមួយ​នាក់។ គាត់ ទទួល​ទានស្រា​ច្រើនលើស​ចំណុះ​ទៅហើយ ចុះ​ទម្រាំ​គាត់​សម្រាល​កូន​រហូត​ដល់ទៅ​៥-៧នាក់ តើគាត់​ត្រូវ​ទទួល​ទានស្រា​អស់​ប៉ុន្មាន? នេះគឺ​ជាការ​ប្រឈម​មុខទៅ​នឹងការ​កើតជម្ងឺ​ក្រិន​ថ្លើម ដែលជា​ប្រភព​នៃជម្ងឺ​ទាចទឹក។

ការព្យាបាល​ជម្ងឺ​ទាចទឹក

ក្រោយពី​បានដឹង​ថាអ្នក​ជម្ងឺមាន​ជម្ងឺទាច​ទឹក នោះគេ​អាចធ្វើ​ការព្យា​បាលទៅ​តាមប្រភេទ​ជម្ងឺដែល​បង្កឡើង។ ជាក់​ស្ដែង ក្រោយពេល​ពិនិត្យ​ទៅដឹង​ថា បណ្ដាល​មកពី​ជម្ងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ឬក្រិន​ថ្លើមនោះអ្នក​ជំនាញ​នឹងធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ថ្លើម រួច​ប្រើវិធី​សាស្ដ្រ​បូមទឹក​ដែលមាន​ដក់នៅ ក្នុង​ស្រោម​​ពោះ​ដើម្បី​​ធ្វើការ​​សម្អាត។ ប៉ុន្ដែ​​បើពិនិត្យ​ទៅឃើញ​បណ្ដាល​មកពី​ជម្ងឺ​ដុំក្នុង​ពោះ វៀន​ធំ នោះអ្នក​ជំនាញនឹង​ធ្វើការ​វះកាត់​យកដុំ​នោះចេញ ទើបធ្វើ​ការបូម​សម្អាតទឹក​ដែលមាន​ដក់នៅក្នុង​ស្រោមពោះ​ជា​ក្រោយ។ ផ្ទុយ​ទៅវិញ ប្រសិន​បើគេ​ពិនិត្យ​ទៅឃើញ​ថាវា​បណ្ដាលម​កពី​ជម្ងឺរបេង​ពោះវៀន នោះអ្នក​ជំនាញ​នឹងធ្វើ​ការព្យា​បាលទៅ​លើជម្ងឺ​របេង ពោះវៀន ទើបធ្វើ​ការបូម​លាង​សម្អាត​ទឹកដក់​នៅក្នុង​ស្រោម​ពោះជា​ក្រោយ។
បើ​តាម​​ការ​​សង្កេត និង​​យោង​ទៅ​​លើ​បទ​​ពិសោធន៍​​កន្លង​​មក​បាន​​បង្ហាញ​​ថា ចំពោះ​ជម្ងឺទាច​ទឹកនេះ​អាច​ព្យាបាល​ជាសះ ស្បើយ​១០០% លើកលែង​តែ​បណ្ដាល​មកពី​ជម្ងឺ​ក្រិន​ថ្លើម ដែល​អត្រា​នៃការ​ជាសះ​ស្បើយ​មាន​អត្រា​ទាប​បំផុត។

ផល​វិបាក​នៃជម្ងឺ​ទាចទឹក

ក្រៅពី​បណ្ដាល​ឱ្យអ្នក​ជម្ងឺថម​ថយនូវ​កម្លាំង រាងកាយ​ស្គម​ស្គាំង ពិបាក​នៅក្នុង​ការរស់​នៅ​ប្រចាំ​ថ្ងៃ អ្នកជម្ងឺ​ទាចទឹក​ត្រូវ ចំណាយ​ថវិកា​ជាច្រើន​ក្នុងការ​ព្យាបាល។ ជម្ងឺ​ទាចទឹក​អាចផ្ដាច់​យក​អាយុ​ជីវិត​របស់​លោកអ្នក​បាន ក្នុង​ខណៈ​ពេលដែល​មិនបាន​ទទួល យក​ការព្យា​បាលឱ្យ​ទាន់ពេល​វេលា​នោះទេ។

វិធី​ការពារ​ជម្ងឺ​ទាចទឹក

លោកអ្នក​បានជ្រាប​ច្បាស់រួច​មកហើយ​ថា ជម្ងឺទាច​ទឹកកើត​មានឡើង​គឺបង្ក​ពីជម្ងឺ​ដទៃ​ទៀត ជា​ពិសេស​ជម្ងឺ​ក្រិនថ្លើម​ដែល បណ្ដាល​ពីការ​ទទួល​ទានស្រា​លើស​កម្រិត។ ដូច្នេះ​ប្រការ​សំខាន់ លោកអ្នក​តោង​ប្រយ័ត្ន​ចេះការពារ​ខ្លួនឱ្យ​ប្រាស​ចាកពី​បណ្ដា​ជម្ងឺ​មួយ ចំនួន​ដូចដែល​បានរៀប​រាប់ជូន​ខាងលើ។ ត្រូវ​ឧស្សាហ៍​ទៅមណ្ឌលសុ​ខភាពនិង​មន្ទីរ​ពេទ្យ ដើម្បី​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ប្រចាំ។ អ្វីដែល​សំខាន់​ត្រូវព្យាយាម​កាត់បន្ថយ​នូវការ​ទទួល​ទានស្រា​ជាអចិន្ដ្រៃយ៍​ច្រើនលើស​កម្រិត ដែលជា​ហេតុបង្ក​ឱ្យកើត​មាន​ជម្ងឺក្រិន ថ្លើម​បាន។

ដំបូន្មាន​អ្នក​ជំនាញ

ជម្ងឺទាច​ទឹកគឺ​ជាជម្ងឺ​មួយ​ប្រភេទ​ដែលអាច​ឆក់​អាយុ​ជីវិត​របស់​លោក​អ្នក ក្នុង​ករណី​ដែលមិន​មានការ​ព្យាបាល​ទាន់​ពេល និង មិន​ប្រកប​ទៅដោយ​ភាព​ត្រឹមត្រូវ​ច្បាស់​លាស់។ ចៀស​វាងការ​ព្យាបាល​ដោយ​ឱសថ​បុរាណ​ដែល​គ្មានការ​ទទួល​ស្គាល់​ច្បាស់​លាស់។ លោក​អ្នក​គួរ​ការពារ​ខ្លួនឱ្យ​ចាក​ឆ្ងាយ​ពីជម្ងឺ​ទាំង​ឡាយ ជា​ពិសេស​គឺជម្ងឺ​ក្រិន​ថ្លើម ដែលជា​ជម្ងឺ​មួយ​ពិបាក​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative