សាន សុម៉ាលី កាកី​រូប​ស្រស់

សាន សុម៉ាលី តារា​វ័យ​ក្មេង​ក្នុងរឿង​កាកី បាន​ក្លាយ​ជាតារា​មួយរូប​ក្នុង​ចំណោម​តារា​ដែល​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា។ ថ្វីត្បិតតែ​នៅក្នុង​វ័យក្មេង​ត្រឹមតែ​ប៉ុណ្ណេះ ប៉ុន្ដែ​ទេព​កោសល្យ​សម្ដែង​របស់​នាងពិត​ជា​សក្ដិ​សមគ្មាន​ទាស់តែ​ម្ដង។ ព្រោះតែ​ដូច្នេះ​ហើយ ទើបនាង​មមាញឹក​ក្នុង​ការងារ​ខ្លាំង​ណាស់។ ទោះ​បីជា​យ៉ាងណា​នាងនៅ​តែរក្សា​បាននូវ​សម្រស់​ដ៏​ផូរផង់​​របស់​នាង​ដដែល ដោយ​មិនឱ្យ ស្រក​ស្រុតទេ។

រូបភាពទស្សនាវដ្ដីសុភាពយើង

ដើម្បី​បើក​កកាយ​អាថ៌​កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​តារាដ៏​​ស្រស់​ស្អាត សាន សុម៉ាលី ទស្សនាវ​ដ្ដី សុខភាព​យើង បានជួប​សម្ភាសន៍​ជាមួយ​នាងផ្ទាល់។

ប្រវត្ដិ​មុនចូល​សិល្បៈ

ដោយ​គ្មាន​ឈាម​ជ័រជា​អ្នក​សិល្បៈ សាន សុម៉ាលី មាន​ស្រុក​កំណើត​នៅខេត្ដ​បាត់​ដំបង​មិនដែល​នឹកស្មាន​ថានាង​អាចមាន ថ្ងៃនេះ​ឡើយ។ ការចាប់​ផ្ដើម​ចូល​សិល្បៈ​តាមរយៈ​ការចាប់​អារម្មណ៍​របស់​អ្នក​ដឹកនាំ​រឿងម្នាក់ នៅពេល​ដែលនាង​មកភ្នំ​ពេញចូល​រួម ក្នុងពិធីបុណ្យ​អុំទូក​នៅឆ្នាំ​២០០៣។ ដោយ​ទេព​កោសល្យ​ពី​កំណើត​គួបផ្សំ​នឹងបង្ហាត់​បង្ហាញ​ពីអ្នក​ដឹកនាំ​រឿង ទើបសាន សុម៉ាលី អាចមានឱកាស​ក្លាយជា​តួឯក​ក្នុងរឿង​ភាគ​ដំបូង​គឺរឿង​កាកី។ រហូត​មកដល់​ពេលនេះ សុម៉ាលី​បានចូល​រួមសម្ដែង​ខ្សែ​ភាពយន្ដ​បាន ប្រមាណជាង​២០​រឿង ហើយ​ដោយ​ឡែក​ចម្រៀង​ខារ៉ា​អូខេ​បានសម្ដែង​បានជា​ច្រើន​ស្ទើរ​តែរាប់​មិនអស់។

ការថែ​រក្សា​សក់

ស្រីស្រស់​សុម៉ាលី​ស្រឡាញ់​សក់​របស់​នាង​ណាស់។ នាង​ថែរក្សា​សក់​យ៉ាង​ម៉ត់ចត់​ជាទី​បំផុត ដោយ​កក់សក់​ជារៀង​រាល់ថ្ងៃ និងប្រើ​ផលិត​ផល​សម្រាប់​ថែ​បំប៉ន​សក់ជា​ពិសេស​ទៀត​ផង។ សុម៉ាលី​តែងតែ​អប់សក់​ដោយ​ខ្លួនឯង​នៅរៀង​រាល់​ពេល​ដែល​នាង​កក់សក់ ហើយ​ជាទៀង​ទាត់​សុម៉ាលី​អប់សក់​ដោយ​ម៉ាស៊ីន​រៀង​រាល់​មួយ​សប្ដាហ៍​ម្ដង។

ការ​ថែរក្សា​ស្បែក​មុខ

នៅពេល​ចេញ​សម្ដែង ស្បែកមុខ​របស់​សុម៉ាលី​ត្រូវ​ទទួល​រងនូវ​កម្ដៅ​ថ្ងៃ និង​គ្រឿង​សម្អាង​គ្រប់​ប្រភេទ។ ក្រោយ​ចប់ការ សម្ដែង​សុម៉ាលី​លុបលាង​មុខឱ្យ​ស្អាត រួចទើប​ប្រើ​ក្រែម​សម្រាប់​ថែរក្សា​ស្បែក​មុខ ដើម្បី​កុំឱ្យ​ជ្រីវ​ជ្រួញ និងឱ្យ​ស្បែក​មាន​សំណើម ជានិច្ច។ ជារៀង​រាល់​យប់​សុម៉ាលី​ប្រើ​ក្រែម​សម្រាប់​បំប៉ន​ស្បែកមុខ​ដែល​ជ្រើស​រើសជា​ពិសេស​សម្រាប់​ស្បែកមុខ​របស់​នាង។ ជាងនេះ ទៅទៀត​នាងប្រើ​វិធី​បែប​ធម្មជាតិ​សម្រាប់​ការថែ​រក្សា​ស្បែក​មុខ គឺនាង​ប្រើផ្លែ​ប័រយក​មកចិត្ដ​ជា​ចំណិត​ស្ដើង​លាយ​ជាមួយ​ទឹក​ដោះគោ ឆៅ រួចយក​មក​បំពោក​លើផ្ទៃ​មុខ ទុក​រយៈពេល​២០នាទី ទើប​លាង​សម្អាត​ចេញ។ វិធី​នេះបាន​ជួយឱ្យ​ស្បែក​មុខ​របស់​នាង​តឹង បំបាត់ស្នាម​នៅលើ​មុខ ហើយ​ស្រស់​ផូរផង់​ថែម​ទៀត​ផង។

ការ​ថែរក្សា​ស្បែក​ខ្លួន

នៅពេល​ចេញ​សម្ដែង​ក្រោម​កម្ដៅ​ថ្ងៃ តារា​ម្នាក់ៗ​តែងតែ​ជ្រើស​រើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​សម្រាប់​ការពារ​ស្បែក​របស់​ខ្ល្លួន សុម៉ាលី​ក៏ដូច​គ្នាដែរ។ សុម៉ាលី​នាង​ព្យាយាម​ថែរក្សា​ស្បែក​របស់​នាង​ណាស់ ដោយ​នាង​ឧស្សាហ៍​ក្នុងការ​ស្ទីមស្បែក​ជា​ប្រចាំ ហើយ​តែង តែ​ប្រើប្រាស់​វិធី​ធម្មជាតិ​មួយ​ចំនួន ដូចជា​ប្រើម្សៅ​រមៀត​ដើម្បី​ខាត់​ស្បែក រក្សា​សំណើម​ដល់ស្បែក​ទៀតផង។​

រូបភាពទស្សនាវដ្ដីសុភាពយើង


ការ​ថែរក្សា​បបូរ​មាត់ ក្រចក និងប្រអប់​ដៃ

សុម៉ាលី​ចូលចិត្ដ​លាប​បបូរ​មាត់​ពណ៌​ស្រាលៗ លើកលែង​តែការ​សម្ដែង​ដែល​តម្រូវ​ឱ្យលាប​ពណ៌​ក្រហម ឬពណ៌​ដិត​នោះ។
សុម៉ាលី​មិនចូល​ចិត្ដ​លាប​ពណ៌​ក្រចក និងទុក​ក្រចក​វែងទេ។ ចំពោះ​ប្រអប់​ដៃជើង​សុម៉ាលី​មានការ​ថែទាំ​ជា​ពិសេស ដោយ​នាង​បាន ទៅហាង​ដើម្បី​ឱ្យអ្នក​ជំនាញ​ខាត់ស្បែក​ប្រើក្រែម​ដោយ​ម៉ាស្សា​ប្រអប់​ដៃជើង​ជាដើម។ ហើយ​នាងក៏​គ្មាន​ក្រែម​ពិសេស​ដាច់​ដោយ ឡែកណា​ដែរ គឺប្រើ​រួម​ជាមួយ​ក្រែម​សម្រាប់​បំប៉ន​ស្បែក​ខ្លួនតែ​ម្ដង។

ការ​ថែរក្សា​រោម​ចិញ្ចើម និងរោម​ភ្នែក

សុម៉ាលី​ចូលចិត្ដ​កោរ​តម្រឹម​ចិញ្ចើម​តិចៗ​មួយស​ប្ដាហ៍​ម្ដង ដើម្បី​ឱ្យមាន​រាង​ចិញ្ចើម​ស្អាត​បន្ដិច។ សុម៉ាលី​ច្រើន​ពាក់រោម​ភ្នែក នៅពេល​សម្ដែង ដើម្បី​ឱ្យមើល​ទៅឃើញ​ភ្នែកនាង​ធំជាង​ធម្មតា​បន្ដិច។

វិធី​សម្រក​ទម្ងន់ និងការ​ថែរក្សា​សុខភាព

សុម៉ាលី​ចូលចិត្ដ​ទទួល​ទាន​បន្លែ និងផ្លែ​ឈើ​ណាស់ ដើម្បី​សម្រស់ និង​សុខភាព។ រីឯ​ទឹកក៏​សំខាន់​ណាស់​ដែរ​សម្រាប់​នាង។ ដោយ​ឡែក​ចំពោះ​ការ​បរិភោគ​អាហារ សុម៉ាលី​ចូលចិត្ដ​សាច់ត្រី​ច្រើនជាង​សាច់សត្វ​នានា ព្រោះត្រី​មិនធ្វើ​ឱ្យឡើង​ទម្ងន់។ កាលពី​មុន សុម៉ាលី​រាងធាត់​បន្ដិច ប៉ុន្ដែ​ដោយ​នាងបាន​ព្យាយាម​សម្រក​ទម្ងន់​ដោយខ្លួន​ឯង ដោយ​ប្រើ​វិធី​ស្ទីម​ដើម្បី​បំបាត់​ខ្លាញ់ រក្សា​ទម្ងន់​រាង កាយឱ្យ​ល្អដូច​ដើម​វិញ។ ចំពោះ​ការហាត់​ប្រាណ សុម៉ាលី​ចូលចិត្ដ​កាយ​វិការ​បែប​ដេក​ផ្ទាល់​នឹងផ្ទៃ​រាបជាង​កីឡា​ផ្សេងៗ​ទៀត។

ការ​ទទួល​ទាន​ដំណេក

ដោយសារ​តែនាង​រវល់​ជាមួយ​អាជីព​ជាអ្នក​សម្ដែង សុម៉ាលី​មិនសូវ​មានពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ទទួល​ទាន​ដំណេក ទេ។ ហេតុនេះ​ហើយ​នាង​តែងតែ​គេងពេល​ណា​ដែលនាង​អាចគេង​បាន​ដើម្បី​សង​បង្គ្រប់​គ្រប់​ពេល​វេលា ជា​ប្រយោជន៍​កុំឱ្យ​ឆាប់​ចាស់ មុន​អាយុ។

បំណង​ទៅ​អនាគត

សុម៉ាលី​បាន​អះអាង​ថា បើ​ទស្ស​និកជន​នៅតែ​គាំទ្រ នាងនៅ​តែ​បម្រើ​ខាងផ្នែក​សិល្បៈ​នេះ​រហូត​ដល់​ចាស់​សក់​ស្កូវ។ នៅថ្ងៃ អនាគត​សុម៉ាលី​មាន​បំណង​បើកហាង​លក់គ្រឿង​ទេស​មួយ​កន្លែង ព្រោះនាង​គិតថា លក់​របស់​អស់នេះ​វាមិន​ធ្វើឱ្យ​នាង​ប្រឈម​មុខ នឹងការ​កប់ម៉ូត​ដូចជា​លក់​សម្លៀក​បំពាក់​ឡើយ។

បណ្ដាំ​ផ្ញើរ​បស់ សាន សុម៉ាលី

សុភាព​នារី​ទាំង​ឡាយ​សម្រស់​ជាទ្រព្យ​សម្បត្ដិ​ដ៏មាន​តម្លៃ​របស់ស្ដ្រី សូម​ថែរក្សា​វាឱ្យ​នៅជា​មួយ​យើងឱ្យ​បានយូរ​តាមតែ​អាច ធ្វើ​បាន។ របប​ទទួល​ទាន​អាហារ ការ​ទទួល​ទាន​ដំណេក ការ​ថែរក្សា​សម្រស់ និងការ​ហាត់​ប្រាណ​សុទ្ធតែ​អាច​ជួយ​លោក​ស្រីអ្នក​នាង កញ្ញា​នៅក្នុង​រឿង​នេះ។ សូម​ចាប់ផ្ដើម​អនុវត្ដ​ពីថ្ងៃ​នេះទៅ!
ការ​រៀប​រាប់​ជូនខាង​លើនេះ ជាការ​យល់​ឃើញ និងជា​ការ​អនុវត្ដ​របស់​កញ្ញា សាន សុម៉ាលី តែ​ប៉ុណ្ណោះ។ សូម​លោកស្រីអ្នក នាង​កញ្ញា​ជ្រើស​រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ សាន សុម៉ាលី
  • អាយុ ៖ ២៤ឆ្នាំ
  • កម្ពស់ ៖ ១,៦០ម៉ែត្រ
  • ទម្ងន់ ៖ ៤៨គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៤, ២៧, ៣៦
  • បងប្អូន ៖ ៣នាក់(ជាកូនទី១)
  • ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative