ជម្ងឺ​រលាក​សួត​កុមារ

កុមារ​ដែល​នៅមាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ ងាយ​ប្រឈម​មុខនឹង​ជម្ងឺ​ច្រើន​ប្រភេទ។ ជម្ងឺ​ផ្លូវ​ដង្ហើី​មជា​បញ្ហា​មួយ​គំរាម កំហែង​ដល់​កុមារ​កម្ពុជា​ជាច្រើន។ ជម្ងឺ​ផ្លូវ​ដង្ហើម​រួមមាន​ជម្ងឺ​ជាច្រើន​ដែលទាក់​ទងនឹង​ផ្លូវដង្ហើម​លើ និងផ្លូវ​ដង្ហើម​ខាងក្រោម​របស់ កុមារ ជា​ពិសេស​ជម្ងឺ​រលាក​សួត​កុមារ។ ជម្ងឺ​រលាក​សួត​កុមារ ប្រសិន​បើយើង​មិនបាន​ព្យាបាល​វាឱ្យ​បានទាន់​ពេលវេលា​នោះទេ កុមារ អាច​ស្លាប់បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនា​វដ្ដី សុខភាព​យើង សូមលើក​យកជម្ងឺ​រលាក​សួត​កុមារ​នេះ មកបក​ស្រាយ​ជូនលោក​អ្នកអាន​ទុកជា​ការស្វែង​យល់ និង​ដើម្បី​បង្ការ​បុត្រធីតា​លោកអ្នក​ពីជម្ងឺ​នេះ តាមរយៈ​បទសម្ភាស៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ជឹង ជា អ្នក​ឯកទេស​ជម្ងឺ​កុមារ​នៃ​មន្ទីរ ពេទ្យ​កុមារ​ជាតិ។

ជម្ងឺ​រលាក​សួត​កុមារ ជាអ្វី?

ជម្ងឺ​រលាក​សួត គឺ​សំដៅ​ដល់​រលាក​ទៅលើ​សាច់សួត​ជា​ប្រភេទ​ជម្ងឺ​មួយ​ដែល​ងាយ​នឹងកើត​ចំពោះ​មនុស្ស​ទូទៅ ជា​ពិសេស ចំពោះ​កុមារ​តូចៗ​ក្រោម​អាយុ៥​ឆ្នាំ។ ជម្ងឺ​នេះអាច​ឆ្លងពី​កុមារ​ម្នាក់ទៅ​កុមារ​ម្នាក់ទៀត​បានដោយ​សារការ​ដក​ដង្ហើម ដែល​មាន​ទំនាក់ ទំនង​នឹង​បរិយាកាស​ខាង​ក្រៅ។ សួតមាន​ទំហំធំ ប្រសិន​បើលាត​ត្រដាង​នៅខាង​ក្រៅប្រអប់​ទ្រូង សួតមាន​ទំហំ​ប្រមាណ​ជា២០០​ម៉ែត្រ ការ៉េនៅលើ​មនុស្ស​ពេញ​វ័យ។ ដូច្នេះ​សួត​ហាក់​ដូចជា​នៅ​កណ្ដាល​វាល ដែល​អាច​រងនូវ​ធូលីដី បាក់​តេរី ឧស្ម័ន និង​មេរោគ​ដែល​មាន នៅក្នុង​បរិយា​កាស។

រោគ​សញ្ញា​ជម្ងឺ​រលាក​សួត​កុមារ

កុមារ​ច្រើនមាន​អាការ​ក្ដៅ​ខ្លួន ហៀរ​សម្បោរ ក្អក និង​ពិបាកដក​ដង្ហើម។ លើស​ពីនេះទៅ​ទៀត អាច​មានរោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជាដង្ហក់​ខ្លាំងមាន​ទារ៉ាស៍​ដែលជាស​ញ្ញាផត​ផ្នែកខាង​ក្រោមនៃ​ឆ្អឹង​ប្រអប់​ទ្រូង។ សញ្ញានេះ​មើីល​ឃើញច្បាស់​នៅពេល​កុមារ​ដក ដង្ហើម​ចូល កុមារ​អាចមាន​ស្វាយ​បបូរ​មាត់ និង​អណ្ដាត។

មូលហេតុ​បង្កជម្ងឺ​រលាក​សួត

ជម្ងឺ​រលាក​សួត​បង្ក​ឡើងពី​មេរោគ ដូចជា​វីរុស បាក់តេរី ប៉ារ៉ា​ស៊ីត ពពួក​ផ្សិត​ជាដើម។ ពពួក​មេរោគ​ទាំងនោះ​មាន​ច្រើននៅ​ ក្នុង​បរិស្ថានរស់នៅ ហើយវា​ឆ្លងទៅ​កុមារ​តាមរយៈ​ដំំណក​ដង្ហើម។ នៅពេល​ដក​ដង្ហើម​ចេញ​ចូល​តែងតែ​មាន​ប៉ះពាល់​មេរោគ​ទាំង នោះ។ សម្ពាធ​បរិយាកាស​ខាងក្រៅ​ជាកត្ដា​មួយ​ដ៏សំខាន់​ក្នុងការ​បង្ក​ជម្ងឺ​រលាក​សួត​ដែរ។ រាល់​ខ្យល់​ដកដង្ហើម​ដែលមានលា​យឡំ​ជា មួយ​ពពួក​មេរោគ បាក់​តេរី វីរុស ធូលី និង​ប្រភេទ​សារធាតុ​គីមី​ផ្សេងៗ នោះអាច​ធ្វើឱ្យ​កើតជម្ងឺ​រលាក​សួតបាន។ គ្រប់​ជម្ងឺ​រលាក​សួត មិនមែន​សុទ្ធតែអាច​កើតឡើង​ដោយ​សារ​មេរោគ​បង្កនោះ​ទេ ធូលី​ដី ឬ​សារធាតុ​គីមី​ដែល​ដកដង្ហើម​ចេញចូល​ក៏អាច​ជាដើម​ហេតុផង​ ដែរ តាម​រយៈ​ប្រតិកម្ម​ជាមួយ​នឹងសួត។

វិធី​ព្យាបាល​ជម្ងឺ​រលាក​សួត

ដើម្បី​ធ្វើការ​ព្យាបាល​ជម្ងឺ​នេះឱ្យ​បាន​ត្រឹមត្រូវ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនោះ លោកអ្នក​គួរគប្បី​នាំកូន​តូចទៅ​ធ្វើការ ពិនិត្យជា​មួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ធ្វើការ​វិនិច្ឆ័យ​ឱ្យបាន​ច្បាស់​លាស់ ថាតើ​ជម្ងឺ​រលាក​សួតនេះ​បង្កមក​ពីមូល​ហេតុ​អ្វី ដើម្បី ស្រួល​ធ្វើការព្យា​បាល។ ដោយ​សារជម្ងឺ​រលាក​សួតបង្ក​ហេតុ​ពីវីរុស និងបាក់​តេរី នោះការ​ព្យាបាល​ក៏ត្រូវ​អនុវត្ដ​ទៅតាម​មូលហេតុ​បង្ក ដែរ។ គ្រូពេទ្យ​នឹងធ្វើ​ការ​សម្រេច​ដោយឱ្យ​កុមារ​នៅផ្ទះ ឬក៏​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ។ ការព្យា​បាលជា​ទូទៅ​រួមមាន ៖

  • ការផ្ដល់​ចំណី​អាហារ និងជាតិ​ទឹកដល់​កុមារឱ្យ​បាន​សមស្រប
  • ផ្ដល់ថ្នាំ​បញ្ចុះ​កម្ដៅ​បើកុមារ​ក្ដៅខ្លួន
  • ផ្ដល់ថ្នាំ​អង់ទី​ប៊ឺយ៉ូទិក​ក្នុង​ករណី​ដែល​កុមារ​រលាកសួត​ដោយ​សារ​មេរោគ​បាក់​តេរី
  • ផ្ដល់ថ្នាំ​សម្រន់​ក្អក ឬ​ថ្នាំធ្វើឱ្យ​ស្លេស្ម​រាវទៅ​តាមការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ
  • ការ​ព្យាបាល​ដោយ​ចលនា
  • ផ្ដល់​អុកស៊ីសែន​ក្នុង​ករណី​ពិបាក​ដក​ដង្ហើម។

ផល​វិបាក​របស់​ជម្ងឺរ​លាក​សួត

ជម្ងឺ​រលាក​សួតអាច​ឱ្យកុមារ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​បាន ប្រសិន​បើឋិត​ក្នុង​ករណី​ធ្ងន់ធ្ងរ និងបើ​មិនមាន​ការ​សង្គ្រោះ​កុមារ បន្ទាន់​ទេ។ ផល​វិបាក​ផ្សេងៗ​ទៀត ជម្ងឺ​រលាក​សួតអាច​បង្កឱ្យ​មានជម្ងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត ដូចជា​ជម្ងឺទឹកចូ​លក្នុង​ស្រោម​សួត ឬ​អាច មានខ្ទុះ​ក្នុងសួត​ជាដើម។

វិធាន​ការ​ការពារ​ជម្ងឺ​រលាក​សួត

ដើម្បី​ការពារ​ជម្ងឺ​រលាក​សួត​ត្រូវធ្វើ​យ៉ាង​ណាឱ្យ​បរិស្ថាន​នៅជុំវិញ​បាន​ល្អស្អាត។ បរិស្ថាន​រស់នៅ​ជុំវិញ​ត្រូវ​តែស្អាត និង​មាន អនាម័យ​ជានិច្ច។ នៅពេល​ទៅណា​មកណា​ត្រូវគ្រប​ដណ្ដប់​ថែរក្សា​កម្ដៅ​កុមារ​ឱ្យបាន​ល្អ។ នៅពេល​មាន​នរណា​ម្នាក់នៅ​ក្នុងក្រុម គ្រួសារ​មាន​ជម្ងឺ​ផ្ដាសាយ ឬក្អ្អក មិនត្រូវ​ឱ្យកុមារ​នៅក្បែរ​អ្នក​ជម្ងឺ​ទាំងនោះ​ទេ។ សូមឪពុក​ម្ដាយយក​បុត្រធីតា​ដែលមាន​អាយុ​ក្រោម ៥ឆ្នាំ​ទៅចាក់​ថ្នាំបង្ការ​ឱ្យបាន​ទៀងទាត់​ទៅតាម​កម្មវិធី​ជាតិ។ ការចាក់​ថ្នាំបង្ការ​នេះអាច​ជួយឱ្យ​កូន​របស់​លោក​អ្នកមាន​សុខភាព​ល្អ មាន ប្រព័ន្ធ​ការពារ​ខ្លួនខ្លាំង​ទប់ទល់​នឹងមេរោគ​ផ្សេងៗ​បាន​ច្រើន ជា​ពិសេស​កុមា​អាចធន់​នឹងជម្ងឺ​បាន។ មួយ​វិញ​ទៀត ដោយ​សារតែ​ជម្ងឺ​នេះមាន​ការពាក់​ព័ន្ធជាមួយ​នឹង​បរិយា​កាសយ៉ាង​ជិតស្និទ្ធ​នោះ ដូច្នេះ​អ្វីដែល​លោក​អ្នក អាចបង្ការ​កូនឱ្យ​ចៀស​ផុតពី​ការ​កើត ឬការ​ឆ្លងជម្ងឺ​នេះ គឺ​អាស្រ័យ​ទៅលើ​ការ​ប្រុងប្រយ័ត្ន​នៅរាល់​ពេលដក​ដង្ហើម។ ជា​ពិសេស គួរចៀស​ពីប្រភព​មេរោគ​នានា ដូចជា​អ្នក​ជម្ងឺ​របេង អ្នកជម្ងឺ​ផ្ដាសាយ​ជាដើម។ ការ​ចាក់វ៉ាក់​សាំង​ដើម្បី​បង្ការ​ជម្ងឺ​រលាក​សួត និង​ជម្ងឺ ផ្សេង​ៗពីកូន​របស់​លោក​អ្នក។

ដំ​បូន្មាន​អ្នក​ជំនាញ

ប្រសិន​បើកុមារ​មាន​អាការ​ក្អក ឬផ្ដា​សាយ ហើយមា​នសញ្ញា​ធ្ងន់ធ្ងរ ដូចជា​ដង្ហក់ ទារ៉ា​ស៍ ឬ​ស្ដ្រាយ​ដ័រ ដូចបាន​ជម្រាប​ជូនពី ខាង​លើនោះ សូម​ឪពុកម្ដាយ​បញ្ជូន​កូនទៅ​កាន់មន្ទីរ​ពេទ្យ​ដែលមាន​សេវា​ព្យាបាល​ជម្ងឺ​កុមារ ឬ​មណ្ឌល​សុខភាព​ដែលនៅ​ជិតផ្ទះ​របស់ លោក​អ្នក ដើម្បី​ឱ្យគ្រូពេទ្យ​ពិនិត្យ​នូវ​អាការ​សង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative