របៀបថែទាំសុខភាពមាត់ធ្មេញរបស់កូនតូច

មាតាបិតា​ជាអ្នក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ថែទាំ​ធ្មេញ​របស់​កូនឱ្យ​ស្អាត និងមាន​សុខភា​ពល្អ។ លោកអ្នក​អាច​ជួយ ពួក​គេឱ្យ​ចៀស​ផុតពី​ការពុក​ផុយនៃ​ធ្មេញ ដោយ​ចាប់ផ្ដើម​ពីខ្លួន​លោកអ្នក​ដោយ​ផ្ទាល់ ដោយការ​សម្អាតធ្មេញ​ឱ្យបាន​ស្អាតជា​រៀង​រាល់ ថ្ងៃ និងការ​ទម្លាប់​ញ៉ាំ​អាហារ​ដែលល្អសម្រាប់សុខភាពធ្មេញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ពីការ​លូតលាស់​នៃ​ធ្មេញ និងវិធី​ថែរក្សា​ធ្មេញ​ដំបូង​របស់​កូនលោក​អ្នក តាមរយៈ​ការណែ​នាំ​របស់​លោក​ទន្ដ បណ្ឌិត ឃុត មី នាយក​គ្លីនិក​ធ្មេញ​អន្ដរ​ជាតិ ជាមួយ​ទស្ស​នាវដ្ដី សុខភាព​យើង។

ការ​វិវត្ដន៍​របស់​ធ្មេញ​ទឹកដោះ ឬធ្មេញ​ព្រៃ

ធ្មេញទឹក​ដោះ ឬធ្មេញ​ព្រៃនោះ គឺចាប់​ផ្ដើមដុះ​នៅពេល​ដែល​ក្មេងមាន​អាយុ​ចាប់ពី​៦ខែ​រហូត​ដល់២៥​ខែ ឬ៣៣​ខែ។ ធ្មេញ ដុះដំបូង​មាន​ម្ភៃ គឺដុះ​នៅជួ​រលើ១០ និងជួរ​ក្រោម១០ ហើយជា​ទូទៅ​ក្មេងចាប់​ដុះធ្មេញ​ក្រោមមុខ​មុនគេ។

ប្រសិន​បើកូន​របស់លោក​អ្នកកំពុង​ដុះធ្មេញទឹក​ដោះ ហើយ​មើលទៅ​គេទំនងជា​ឈឺចាប់​នោះ លោកអ្នកអាច​ជួយ​សម្រាល ការឈឺ​ចាប់របស់​ពួកគេ​បានដោយ​គ្រាន់តែ​អនុវត្ដ​វិធី​មួយ​ចំនួន។

  • សូម​ដុស​អញ្ចាញ​ធ្មេញ​របស់គេ​ដោយ​ប្រើម្រាម​ដៃដែល​ស្អាត ហើយ​មាន​អនាម័យ
  • សូមដុស​អញ្ចាញ​ធ្មេញ​ដោយ​ប្រើខ្នង​ស្លាបព្រា​ដែល​តូច ហើយ​ត្រជាក់
  • សូមយក​ក្រណាត់​ទន់ៗ​សស្អាត ឬសំឡី​ជ្រលក់​ទឹកដែល​មិនត្រជាក់​ពេក​ដោយ​យកទៅ​ដុសលើ​អញ្ចាញ និង​ក្រអូម​ធ្មេញ ក្មេង​ ឬអាច​យកផ្លែ​ប៉ោមដែល​ត្រជាក់​ចិតជា​ចំណិត​ឱ្យគេ​ញ៉ាំ
  • ប្រសិន​បើកូន​របស់​លោកអ្នក​មើលទៅ​នៅតែមិ​នទាន់បា​ត់ឈឺចាប់​ទៀត​នោះ លោកអ្នក​អាចទៅពិ​គ្រោះយោបល់​ជា​មួយ ទន្ដ​បណ្ឌិត ដើម្បី​ទទួល​ថ្នាំបំបាត់​ការ​ឈឺចាប់។

ប្រការ​គួរចៀស​វាង ដើម្បី​ថែរក្សា​ធ្មេញ​កុមារ

ចំណុច​ទាំងអស់​ខាងក្រោម​នេះ ជា​ចំណុច​ដែល​លោកអ្នក​ជាមា​តាបិតា​មិនគួរ​គប្បី​ធ្វើ ៖

  • សូមកុំ​ប្រើប្រភេទ​ថ្នាំបំបាត់​ការឈឺ​ចាប់ ដោយ​លាបនៅ​លើ​អញ្ចាញ​ធ្មេញ​កូន​របស់​លោកអ្នក​ឱ្យ​សោះ ព្រោះវា​អាច​ផ្ដល់ ផល​វិបាក ដោយសារ​តែពេល​ដែល​កូន​របស់​លោកអ្នក​លេបទឹក​មាត់​នោះ គេអាច​នឹងលេប​ថ្នាំនោះ​ចូលទៅ​ដែរ។
  • សូមកុំ​ឱ្យកូន​របស់​លោក​អ្នកញ៉ាំ​អាហារ​ដែលមាន​ជាតិស្ករ​ច្រើន ដូច​ជានំស្រួយ​ៗ ស្ករ​គ្រាប់ ឬនំ​ដែល​មាន​ជាតិ​ស្អិត មុនពេល​ចូល​គេង ព្រោះវាអាច​ស្ថិតនៅ​ជាប់នឹង​ធ្មេញ​របស់​កូនលោក​អ្នក ដែលជា​ហេតុធ្វើ​ឱ្យធ្មេញ​កូន​របស់​លោកអ្ន​កខូ​ចបាន។

ដំបូន្មាន​អ្នក​ជំនាញ

សូមកុំ​ព្រងើយ​កន្ដើយ​ឱ្យ​សោះ នៅពេល​ដែលកូន​របស់អ្នក​មាន​ជម្ងឺ​គ្រុន។ ការដុះ​ធ្មេញ​ដំបូង​មិនមែន​សុទ្ធតែ​ធ្វើឱ្យ​ក្មេង​ឈឺ ឬគ្រុន​នោះទេ។ ដូច្នេះ​ប្រសិន​បើកូន​លោកអ្នក​មានអាការ​គ្រុនក្ដៅ​បែប​នេះ សូមនាំ​គេទៅ​ជួប​វេជ្ជ​បណ្ឌិត​ដើម្បី​ធ្វើការ​ពិនិត្យ​ជាបន្ទាន់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative