ជម្ងឺ​ហើម​សួត​កុមារ

កុមារ​មាន​ភាព​ស៊ាំនៃ​រាងកាយ​មិនរឹង​មាំនោះ​ទេ ហេតុ​នេះទើប​កុមារ​ងាយ​ប្រឈម​មុខនឹង​ជម្ងឺ​ជាច្រើន​ ជា​ពិសេស​នៅពេល​ មានការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ។ មិនមែន​ជាជម្ងឺ​ដែល​ស្រាល​នោះទេ​ ជម្ងឺហើម​សួតអាច​ឱ្យកុមារ​ស្លាប់​បាន ប្រសិន​បើ​ព្យាបាល​មិនទាន់​ ពេលវេលា​។ ទោះបី​ជាយ៉ាង​នេះក្ដី​ ក៏លោក​អ្នក​អាច​ការពារ​កូនជា​ទីស្រឡាញ់​របស់​លោកអ្នក​ ដោយ​គ្រាន់តែ​អនុវត្ដ​តាម​វិធាន​ការ​ ងាយ​ស្រួល​មួយ​ចំនួន​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​ជាឪពុក​ម្ដាយនឹង​ជ្រាបកាន់​តែ​ច្បាស់​ពី​ជម្ងឺ​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង ជា​មួយ​នឹង​ការ​បក​ស្រាយ របស់លោក​វេជ្ជ​បណ្ឌិត ជឹង ជា អ្នក​ឯកទេស​ជម្ងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

ជម្ងឺ​ហើម​សួត​កុមារ​ជាអ្វី?

ជម្ងឺ​ហើមសួ​តកុមារ​គឺ​សំដៅ​ដល់ការ​កើន​ជាតិ​ទឹកនៅ​ក្នុងសាច់​សួត កន្លែង​បណ្ដូរ​ខ្យល់​របស់​សួត និងនៅ​ក្នុង​ទង​សួត​តូចៗ។ ជា​ធម្មតានៅក្នុង​សួតមាន​ជាតិទឹក​ក្នុង​បរិមាណ​តិចតួច​ដើម្បី​ផ្សើម​សួត ប៉ុន្ដែ​ប្រសិន​បើជាតិ​ទឹក​កើន​ឡើង​លើស​ពីធម្មតា​ នោះជា​ហេតុ​ ផលមួយ​បញ្ជាក់​ថា កុមារ​កំពុង​ប្រឈម​មុខនឹង​ជម្ងឺ​ហើម​សួត។

រោគ​សញ្ញា​ជម្ងឺ​ហើម​សួត​កុមារ

រោគ​សញ្ញា​ដែល​គួរឱ្យ​កត់​សម្គាល់​ទៅលើ​កុមារ​ដែល​កំពុង​មាន​បញ្ហា​ហើម​សួត​នោះ ​គឺភាគ​ច្រើន​កុមារ​មាន​ណែន​ទ្រូង ​ឬឈឺ ទ្រូង ​ហត់ ដង្ហក់​ខ្លាំង​ ក្អក​មាន​ស្លេស្ម​ពណ៌​កុលាប កុមារ​អាចស្លេ​កស្លាំង​ ឬឡើង​ស្វាយជា​ដើម។ ប្រសិន​បើគ្រូ​ពេទ្យ​ស្ដាប់​សួតនោះ ​ហាក់ដូច​ជាមាន​សម្លេង​ពពុះ​ទឹកនៅ​ផ្នែកខាង​ក្រោម​នៃសួត។

មូល​ហេតុប​ង្កជម្ងឺ​ហើម​សួត​​កុមារ

មាន​ហេតុ​ផលមួយ​ចំនួន​ដែល​បង្កឱ្យ​មាន​ជម្ងឺ​ហើម​សួត​កុមារ​បាន។

  • ការព្យា​បាល​ជម្ងឺ​មួយ​ចំនួន​មិនបាន​ត្រឹមត្រូវ​ ដូចជា​ជម្ងឺ​គ្រុន​ឈាម គ្រុនក្ដៅ​ជាដើម ដោយ​ការ​បញ្ចូល​សេរ៉ូម​ច្រើន​ហួស កំណត់។ ការ​បង្ហូរ​ទឹក​សេរ៉ូម​ដោយ​ល្បឿន​លឿន​ពេក ធ្វើឱ្យ​ច្រាល​ជាតិទឹក​ទៅដល់​សួត​ដែល​បណ្ដាល​ឱ្យហើម​សួត
  • កុមារ​ដែលមាន​ជម្ងឺ​តម្រង​នោម ដែលធ្វើ​ឱ្យការ​បញ្ចេញ​ជាតិ​ទឹកមិន​ទាន់ពេល នាំ​បរិមាណ​ជាតិ​ទឹកកើន​ឡើង
  • កុមារ​ដែលមាន​ជម្ងឺ​ខ្សោយ​បេះដូង
  • កុមារ​ដែល​លង់​ទឹក បណ្ដាល​ឱ្យមាន​ការខូច​ខាតនៅ​លើ​បង្គោល​រវាង​ថង់​ខ្យល់ និងការ​កើន​ឡើង​នៃការ​ជ្រាបទឹក​របស់ សរសៃ​ឈាមនៅ​ក្នុងសួត និងការ​ហើមនៅ​ក្នុង​ថង់​ខ្យល់ ធ្វើឱ្យ​ទឹកជ្រាប​ចូលក្នុង​សួតដែល​បង្កឱ្យ​មានជម្ងឺ​ហើម​សួត។

ការព្យា​បាល​ជម្ងឺ​ហើម​សួត​កុមារ

ការព្យា​បាល​ជម្ងឺ​ហើម​សួត​នេះអាច​ជោគជ័យ​បាន ដោយ​សារ​គ្រូពេទ្យ​ជំនាញ​រកឃើញ​នូវ​មូលហេតុ​ដែល​បង្កឱ្យ​ហើម​សួត។ ជា​ពិសេសបើ​កុមារ​ដង្ហក់​ហត់នោះ គ្រូពេទ្យ​ជំនាញ​ត្រូវការ​ប្រើអុក​ស៊ីសែន​ដើម្បី​ជំនួយ​ដល់ការ​ដកដង្ហើម​របស់​កុមារ។ ការ​ព្យាបាល ជម្ងឺ​ហើម​សួត ភាគ​ច្រើន​ត្រូវប្រើ​ថ្នាំបញ្ចុះ​ជាតិទឹក​ដើម្បី​សម្រួល​ដល់ការ​ហើម​របស់​សួត និង​ការព្យា​បាល​ទៅតាម​មូល​ហេតុ។

វិធី​ការពារ​ជម្ងឺ​ហើម​សួត​កុមារ

មិនមាន​វិធី​ការពារ​ណាមួយ​ជាក់លាក់​សម្រាប់​ជម្ងឺ​នេះទេ​ ព្រោះភាគ​ច្រើន​ជម្ងឺ​ហើម​សួត​បង្កមក​ពីជម្ងឺ​ផ្សេងៗ​ទៀត​ ពោលជា ផលវិបាក​នៃជម្ងឺ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

ដំបូន្មាន​អ្នក​ជំនាញ

បើមាន​រោគ​សញ្ញា​ដូចបាន​​ជម្រាប​ជូនខាង​លើ លោកអ្នក​ជាឪពុក​ម្ដាយ​សូមរូត​រះនាំ​កូនទៅ​រកគ្រូពេទ្យជំ​នាញ​ព្យាបាល។ ការដំអក់​យូរអាច​នាំឱ្យ​យឺត​ពេល ហើយមាន​គ្រោះថ្នាក់​ដល់អា​យុជីវិត​ថែមទៀត​ផង។ សូម​កុំ​សម្រេច​ចិត្ដប្រើ​ថ្នាំផ្ដេស​ផ្ដាស និងរក គ្រូពេទ្យ​ដែលមិន​មាន​ជំនាញ​ត្រឹម​ត្រូវ ព្រោះអាច​ធ្វើឱ្យ​ជម្ងឺកាន់​តែធ្ងន់​ធ្ងរឡើង​ប្រកប​ដោយ​គ្រោះ​ថ្នាក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative