វិធី​ដាំត្បូង​ពេជ្រ​លើ​ធ្មេញ

ស្នាម​ញញឹម​ដ៏ស្រស់​ស្អាត មួយ​ចំណែក​ធំក៏​បានមក​ពី​សម្រស់​នៃធ្មេញ​ផង​ដែរ។ ការដាំ​ត្បូងនៅ​លើ​ធ្មេញ គឺជា​ម៉ូតទាន់ សម័យថ្មី​មួយ ដែលជា​ជម្រើស​របស់​យុវវ័យ​សម័យ​ថ្មី​ពេញ​និយម ដើម្បី​បង្កើន​នូវភាព​ស្រស់​ស្អាតនៃ​ស្នាម​ញញឹម​របស់​ពួកគេ។ ប៉ុន្ដែ មិនមែន​មានន័យ​ថា ការដាំ​ត្បូងនៅ​លើ​ធ្មេញ​សុទ្ធតែ​អាច​ជួយ​បង្កើន​នូវ​ភាព​ស្រស់​ស្អាតនៃ​ស្នាម​ញញឹម​ទាំងអស់​នោះទេ វាក៏​អាស្រ័យ ទៅលើ​បច្ចេក​ទេស និងភាព​ប៉ិន​ប្រសព្វ​របស់អ្នក​ជំនាញ​​ផង​ដែរ។ ដើម្បី​ជ្រាប​ថា បច្ចេក​ទេស​នៃការដាំ​ត្បូង​លើធ្មេញ​នេះ ប្រព្រឹត្ដ​យ៉ាង ណា​នោះ សូម​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ធ្វើការ​តាមដាន​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​ប្រធាន​បទមួយ​នេះ ទស្ស​នាវដ្ដី សុខភាព​យើង បាន​អញ្ជើញ​ការចូល​រួមពី​សំណាក់​លោក​ទន្ដ​បណ្ឌិត យូ លាង​គ័ង ដែលជា​អ្នក​ឯកទេស​ផ្នែក​សុខភាព​មាត់​ធ្មេញ នៅគ្លី​និកធ្មេញ​ម៉ាយ​ធីស។

ដើម​ហេតុនៃ​ការដាំ​ត្បូងលើ​ធ្មេញ

ជាការ​ពិតណាស់ អ្នកណា​ក៏ចង់​ឱ្យមាន​ការចាប់​អារម្មណ៍​ពីអ្នក​ដទៃ​មកលើ​រូបខ្លួ​នដែរ ជា​ពិសេស​យុវវ័យ។ កាលពី​មុនការត ធ្មេញ ការពត់​ធ្មេញ និងការ​ដាំត្បូង​លើ​ធ្មេញ គេពុំ​ដែល​ឃើញ​មានទេ​នៅក្នុង​សង្គម ជា​ពិសេស​សង្គម​ខ្មែរ។ ប៉ុន្ដែ​ឈាន​ចូលមក​ដល់ សម័យ​ថ្មី ដែលជា​សម័យ​មានការ​រីកចម្រើន​ជឿន​លឿន ការ​តុបតែង​ច្នៃម៉ូត​ប្លែកៗ ដើម្បី​ជួយ​លើក​កម្ពស់​សម្រស់​ត្រូវបាន​គេធ្វើ​ជា បន្ដបន្ទាប់។ មូលហេតុ​នៃការ​ដាំត្បូង​នៅលើ​ធ្មេញ មានតែ​មួយគត់​គឺ បង្កើន​នូវភាព​ស្រស់​ស្អាត​នៃស្នាម​ញញឹម។

វិធី​សាស្ដ្រ​នៃការ​ដាំត្បូង​លើ​ធ្មេញ

ចំពោះ​វិធី​សាស្ដ្រ​នៅក្នុង​ការដាំ​ត្បូង​នៅលើ​ធ្មេញ​នេះ អ្នក​ជំនាញ​បានបែង​ចែក​ចេញ​ជាពីរ​ប្រភេទ គឺការ​ដាំបន្ដុប​ស្កាយ៍​នៅលើ ធ្មេញ និងការ​ដាំគ្រាប់​ត្បូងគ្រី​ស្ដាល់ ឬពេជ្រ​លើ​ធ្មេញ។

1. ការដាំ​បន្ដុប​​ស្កាយ៍​នៅលើ​ធ្មេញ

ស្កាយ៍​ជាវត្ថុ​ម្យ៉ាង ដែលមាន​លក្ខណៈ​ស្រដៀង​គ្នាទៅ​នឹងគ្រាប់​ត្បូងគ្រី​ស្ដាល់ ឬត្បូង​ពេជ្រ​ដែរ ទាស់​ត្រង់ថា វាពុំ​សូវមាន ចេញ​ពន្លឺ​ភ្លឺដូច​ជាគ្រីស្ដាល់ ឬពេជ្រ​តែ​ប៉ុណ្ណោះ។ ក្នុងការ​ដាំបន្ដុបស្កាយ៍​នៅលើ​ធ្មេញ អ្នក​ជំនាញ​មិន​ចាំបាច់​ធ្វើការ​ចោះ ឬខួង​ធ្មេញ នោះទេ ដោយ​ដំបូង​គ្រាន់តែ​ធ្វើការ​លាង​សម្អាត​ធ្មេញ​ដែល​អតិ​ថិជន​ចង់​ដាក់ រួចធ្វើ​ការ​បាញ់​ពន្លឺ​កាំរស្មី​ដើម្បី​បិត​បន្ដុប​ភ្ជាប់​គ្រាប់ ស្កាយ៍នៅលើ​ធ្មេញជា​ការ​ស្រេច។ វិធី​សាស្ដ្រ​នេះមិន​មានផ្ដល់​ផល​លំបាក ឬ​ប៉ះពាល់​អ្វីនៅ​ថ្ងៃក្រោ​យនោះ​ឡើយ។

2. ការដាំ​គ្រាប់​ត្បូង​គ្រីស្ដាល់ ឬ​ពេជ្រ​លើធ្មេញ

ការ​ដាំត្បូង​គ្រី​ស្ដាល់ ឬពេជ្រ​នៅលើ​ធ្មេញ ដំបូង​អ្នក​ជំនាញ​ធ្វើការ​សម្អាត​នៅលើ​ធ្មេញ​ដែលចង់​ដាំដូច​គ្នាទៅ​នឹងការ​ដាំបន្ដុប ស្កាយ៍​ដែរ។ ប៉ុន្ដែ​ការដាំ​នេះចាំ​បាច់ត្រូវ​តែតម្រូវ​ឱ្យអ្នក​ជំនាញ​ធ្វើការ​ចោះ ឬខួង​ធ្មេញ​ដើម្បី​ធ្វើការ​ដាំជា​ដាច់ខាត។ បន្ទាប់​ពីធ្វើ​ការចោះ ឱ្យមាន​ប្រហោង​រួច និងលាង​សម្អាត​កម្ទេច​កម្ទីនៅ​ក្នុង​ប្រហោង​ឱ្យ​ស្អាត ទើប​ធ្វើការ​បាញ់​ពន្លឺ​កាំរស្មី​ដើម្បី​ធ្វើការ​ភ្ជាប់​គ្រាប់​ត្បូង គ្រីស្ដាល់ ឬពេជ្រ​ជាមួយ​ធ្មេញ។ ថេរ​វេលា​នៅក្នុង​បច្ចេក​ទេសនៃ​ការដាំ​នេះ អាច​ចំណាយ​ត្រឹម១០-១៥នាទី​ប៉ុណ្ណោះ។ ចំពោះ​គុណ​ភាព បានយូរ ឬឆាប់​នោះ គឺវា​អាស្រ័យ​ទៅលើ​បច្ចេក​ទេស​របស់​អ្នក​ជំនាញ​នីមួយៗ។ ជា​ទូទៅ គេសង្កេត​ឃើញថា​វាអាច​មាន​ប្រសិទ្ធ​ភាព បានចាប់​ពីមួយ​ឆ្នាំទៅ​ពីរឆ្នាំ។
ចំពោះ​វិធី​សាស្ដ្រ​នៃការ​ថែរក្សា​វិញ ក៏មិន​មានអ្វី​ដែល​ពិបាក​នោះ​ដែរ ដោយ​គ្រាន់តែ​ធ្វើការ​សម្អាត​ដូច​ធម្មតា មួយ​ថ្ងៃ៣​ដង យ៉ាង​តិច ឬ​ក្រោយ​ពី​បរិភោគ​អាហារ​រួច​គ្រប់​ពេល។

ផល​វិបាក​នៃការដាំ​ត្បូងលើ​ធ្មេញ

ការដាំ​បន្ដុប ឬចោះ​ធ្មេញ​ដាំត្បូង អាច​ជួយ​បង្កើន​នូវ​សម្រស់​នៃ​ស្នាម​ញញឹម​បានមួយ​កម្រិត​ពិត​មែន ប៉ុន្ដែ​វាក៏​អាចមាន​ផល លំបាក​ទៅថ្ងៃ​ក្រោយ​ផង​ដែរ។ ក្រោយ​ពេល​ដែល​ជាតិ​ថ្នាំ ឬកាវ​ដែល​បិតត្បូង​នៅលើ​ធ្មេញ​អស់​ប្រសិទ្ធ​ភាព វានឹង​មានការ​ជ្រុះ​របូត​បាន យ៉ាង​ងាយ​ស្រួល។ លើសពី​នេះទៅ​ទៀត នៅពេល​ដែលធ្វើ​ការប្ដូរ​ចិត្ដ​បញ្ឈប់​ការដាំ ឬដក​យកត្បូង​ចេញ នោះវា​នឹង​បន្សល់​ទុកនូវ​ស្នាម ប្រហោង​ធ្មេញ​ដែលអាច​ធ្វើឱ្យ​មានការ​បាត់ប​ង់នូវ​សម្រស់​ធ្មេញ រហូត​ធ្វើឱ្យ​មាន​អាការ​ស្រៀវ​ធ្មេញ ដែល​តម្រូវ​ឱ្យមាន​ការប៉ះ ឬ​បិទភ្ជិត​ប្រហោង​ធ្មេញ​ទាំង​នោះ​វិញ។

ដំបូន្មាន​អ្នក​ឯកទេស

បញ្ហា​សុខភាព​មាត់​ធ្មេញ គឺមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​គ្រប់​រូប។ ដូច្នេះ​គួរយក​ចិត្ដទុក​ដាក់ និង​ថែរក្សា​ឱ្យ បានល្អ គួរមាន​ការ​សម្អាត​ធ្មេញ​យ៉ាងតិច​ឱ្យបាន​៣ដង​ក្នុងមួយ​ថ្ងៃ ឬរៀង​រាល់​ក្រោយ​ពីការ​បរិភោគ​ចំណី​អាហារ​គ្រប់​ប្រភេទ​គ្រប់​ពេល បើ​អាច​ធ្វើទៅ​បាន។ ចៀស​វាង​ការ​បរិភោគ​អាហារ​ដែល​មានជាតិ​ផ្អែម​ខ្លាំង ដែលអាច​ធ្វើឱ្យ​ធ្មេញ​ពុក​បាន។ បើ​សុខភាព​មាត់​ធ្មេញ​ល្អ ការ​ទំនាក់​ទំនង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​កាន់តែ​មាន​ភាព​ស្និទ្ធ​ស្នាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative