មូលហេតុ៧យ៉ាងបង្កការលែងលះ

នៅពេល​មនុស្ស​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា ក៏បា​នរៀបការ​បង្កើត​ជា​គ្រួសារ​ឡើង។ ការ​កសាង​គ្រួសារ​ជារឿង​ដែល​លំបាក ហើយ​មាន​មនុស្ស​មិនតិចទេ​ដែល​បរាជ័យ​នៅក្នុង​រឿងនេះ។ ការ​ចង​ចំណង​អាពាហ៍​ពិពាហ៍​ជារឿង​ពិបាក​មួយ​ទៅហើយ​ក្នុងការ​រក មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ដ​បាន តែ​ការ​រក្សា​ចំណង​នេះ​ឱ្យ​បាន​គង់​វង្ស​វា​រឹតតែ​ពិបាក​ថែម​ទៀត។ គូ​ស្វាមី​ភរិយា​មិន​តិច​ទេ ដែល​ទី​បំផុតបាន​រំដោះខ្លួន​ចេញពី​នឹម​អាពាហ៍​ពិពាហ៍​ដោយ​ការ​លែងលះ។ មាន​ហេតុ​ផល​ជាច្រើ​នដែល​ធ្វើឱ្យ​លោកអ្នក​ទ្រាំ​រស់នៅ​ជាមួយ​គ្នា​តទៅ​ទៀត​លែង​បាន។

រូបភាពទស្សនាវដ្ដីសុខភាបយើង


ប្ដីប្រពន្ធ​ជា​បុគ្គល​ពីរនាក់​ដែល​មាន​ទំនាក់​ទំនង​គ្នាយ៉ាង​ស៊ី​ជម្រៅ ដែល​ចំាបាច់​ត្រូវតែ​គោរព​សិទ្ធិគ្នា​ទៅវិញ​ទៅមក​ឬ​ចេះឱ្យ​តម្លៃ​គ្នា​កុំឈ្លានពាន​គ្នា។ ចំពោះ​គូស្វាមី​ភរិយា​ដែល​កំពុង​ស្រឡាញ់​គ្នា​ស្រាប់​តែថ្ងៃមួយ​ពួក​គេ​ព្រោះតែ​គ្រួសារ​គេបាន​ជំពាក់​នឹង​អ្វីមួយ មិនអាច​អធ្យាស្រ័យ​ឱ្យ​គ្នា​បាន។ ទស្សនាវដ្ដី សុខភាព​យើង​សូម​លើក​យក​ហេតុផល​ដែល​នាំឱ្យ​ថ្នាំង​ថ្នាក់​នេះ ៧ប្រការ​មកជម្រាប​ជូន។

1. ខ្វះភាពស្មោះត្រង់នឹងគ្នា

ការ​លាក់លៀម​មិន​ស្មោះត្រង់​នឹងគ្នា​បញ្ហា​ហិរញ្ញវត្ថុ មានការ​លា​ក់កំបាំង​ការមិន​គោរ​ពពាក្យ​សច្ចៈ​ការ​បិតកំបាំង​មិនឱ្យ​ស្គាល់​ភាពលម្អៀង​ជាដើម។ ទាំងនេះ​សុទ្ធតែ​ជារឿង​ដែល​មិនអាច​លើកលែង​ឱ្យ​បាន​ព្រោះ​ជាប្ដី​ប្រពន្ធ​នឹងគ្នា​មិន​គប្បី​មាន​អាថ៌កំបាំង​ជាមួយ​គ្នាឡើយ។ ភាព​ស្មោះត្រង់​ជា​សសរ​គ្រឹះ​យ៉ាង​រឹងមាំ​សម្រាប់​ជីវិត​ប្ដីប្រពន្ធ។

2. ប្ដីប្រពន្ធ​មានគំនិត​មិនល្អ​ចំពោះគ្នា

អាច​ផ្សំគ្នា​កើត​ឡើង​បណ្ដាល​មកពី​អ្នក​ទាំងពីរ​ពុំ​ចុះ​សម្រុង​នឹងគ្នា ឬ​អ្នក​ទាំងពីរ​ពុំ​សក្ដិសម​គ្នា​ឬមកពី​អ្នកទាំង​ពីរមាន​គំនិតមិន​ដូចគ្នា ឬ​របៀប​រស់នៅ​ខុសគ្នា ដូចជា​ប្រពន្ធ​ចូលចិត្ដ​តែង​ខ្លួន ប្ដី​ពុំចូលចិត្ដ​ជាដើម។ ប្រពន្ធ​មាន​របៀប​ប្ដី​ឥតរបៀប​ប្រពន្ធស្លៀកពាក់​ស្អាត ប្ដី​គគ្រិច​រញ៉េរញ៉ៃ ការ​រស់នៅ​ដោយចែក​ផែន​ដី​ម្ខាង​ម្នាក់ និង​សេពគប់​មនុស្ស​ក្នុងសង្គម​ខុសគ្នា​ទាំងនេះ​ជាកត្ដា​ឈាន​ទៅ​រកការបែកបាក់​គ្នា។

3. មិនលើកតម្កើងគំនិតគ្នា

ជា​ប្ដីប្រពន្ធ​និងគ្នា​ចំាបាច់​ត្រូវ​តែមាន​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ស្គាល់​តួនាទី​រៀងៗ​ខ្លួនពុំចាំ​បាច់​ទាមទារ​ឱ្យ​អ្នក​ណា​មាន សិទ្ធ​អំណាច​លើ​នរណា​នោះទេ។ បើ​ប្ដីចេញ​ទៅ​ធ្វើ​ការងារ​រកប្រាក់​ចំណូល​ចូលផ្ទះ​ស្ដ្រី​ជា​ប្រពន្ធ​ត្រូវ​មាន​ភារកិច្ច​ចាត់ចែង​រៀប​ចំផ្ទះ​សម្បែង ទោះ​បីជា​ការងារ​ទាំងនេះ​មិនអាច​វាស់វែង​ជាទឹកប្រាក់​បាន​ក៏ដោយ​ក៏បុរស​ជាប្ដី​មិនត្រូវ​បន្ទាប​បន្ថោក​ការងារ​ទាំងនេះ​ដែរ ចាំបាច់​ត្រូវ​តែឱ្យ​តម្លៃ ហើយ​ជួយ​កិច្ចការ​ទាំងនេះ​ដោយ​មិន​ត្រូវ​មើល​នឹង​ភ្នែក​ទេ។ ធ្វើ​ដូចនេះ​ទើប​រឿង​វិវាទ​មិនកើត​មាន​ឡើង​បាន។

4. រវាង​អ្នកទាំងពីរ​ចាយវាយ​ពុំត្រូវ​គោលដៅ

បញ្ហា​នេះ ភាគ​ច្រើន​តែង​ធ្លាក់​ទៅលើ​នារី​ភេទ​​ជាចម្បង ​ព្រោះស្ដ្រី​ជាអ្នក​ចំណាយ​សព្វ​បែបយ៉ាង​ចំពោះ​គ្រួសារ​នេះជា​បញ្ហា មួយ​ដែ​លស្ដ្រីធ្វើ​ក៏ខុស​ពុំ​ធ្វើ​ក៏​ខុស។ ដូច្នេះ​តើ​ស្ដ្រី​ត្រូវធ្វើ​ដូចម្ដេច​កុំឱ្យ​ខុស? បញ្ហា​នេះ​ត្រូវ​ធ្វើឡើង​ដោយ​យើង​ត្រូវមើល​ចំណូល​ជាប្រចាំ​របស់​គ្រួសារ(មធ្យម តិច ច្រើន)។ សុភាព​ស្ដ្រី​ត្រូវ​ចេះ​លៃលក​ទិញ​ដូរ​ទុកដាក់​ទៅតាម​កម្រិត​ដែល​មាន កុំ​ឃ្លាន​ចង់​ទិញ​តាម​អ្នក​មាន នាំឱ្យ​វ័ណ្ឌក​ដល់​ខ្លួនឯង បង្កើត​ជា​បំណុល​ឱ្យ​គ្រួសារ​កើត​ក្ដី​ក្ដៅ​ក្រហាយ​មាត់ធំ​មាត់តូច​ដាក់គ្នា ច្បាស់ជា​ឈានដល់​ការ​លែងលះ​ជា ពុំខាន។

រូបភាពទស្សនាវដ្ដីសុខភាបយើង

5. រឿងលើគ្រែ

ក្នុង​ស្ថានភាព​គ្រួសារ​របស់​ប្ដីប្រពន្ធ រឿង​លើគ្រែ​ជា​បញ្ហា​សំខាន់​បំផុត ការងារ​នេះ​បើយើង​យល់​ព្រម​ជា​ការងាយ​តែ​បើផ្ទុយ ទៅវិញ​ងាយ​នឹងក្លាយ​ជាគ្​រោះថ្នាក់​ចំពោះ​មនោសញ្ចេត​នាប្ដី​ប្រពន្ធ​ណាស់។ ជាធម្មតា​ការ​រួមរ័ក​ស្នេហា​បុរស​ច្រើនមាន​ចំណង់​ជាងស្ដ្រី ព្រោះ​ធម្មជាតិ​បាន​តាក់តែង​មកយ៉ាង​ដូច្នេះ។ ចំណុច​នេះ​ហើយ​ដែល​ទាមទារ​ឱ្យភរិយា​យោគយល់​ឱ្យបាន​ច្រើន​អំពី​បញ្ហា​នេះ។ ការមិន​ចេះយល់​ទុក្ខធុរៈ​គ្នា​ពេលខ្លះ​អាច​ក្លាយ​ទៅបញ្ហា​ដែល​បង្កឱ្យ​មាន​ការលែងលះ​បាន។

6. ទំនាក់​ទំនង​ចំពោះ​ញាតិមិត្ដ

មិនមែន​គោលដៅ​អាច​ចំពោះ​តែ​ឪពុកម្ដាយ​ខាងប្ដី ហើយ​មិនរវល់​ដល់​ឪពុកម្ដាយ​បងប្អូន​ខាង​ប្រពន្ធ​ឡើយ។ មនុស្សនៅ​ជុំវិញ​លោក​អ្នក​និង​ក្លាយ​ជា​របង​ការពារ​គ្រួសារ​ឱ្យរឹងមាំ ត្រូវ​ចេះ​យកចិត្ដ​ទុក​ដាក់​ចំពោះ​ញាតិ​មិត្ដ​ដែល​នៅ​ជុំវិញ​កុំ​មើល​រម្លង​ហើយស្មាន​ថាគេ​មិនស្មើ​យើង នោះជា​ការ​ខុស​ទាំង​ស្រុង។ ការ​រស់នៅ​ក្នុងសង្គម​ភាព​ឯកោ​មិនមែន​បានសេចក្ដី​ថាលោកអ្នក​បានសុខ​ឡើយ ថ្ងៃណា​មួយ​លោកអ្នក​ជួបនឹង​ឧបសគ្គ​មាន​តែញាតិ​នោះឯង​ដែល​តែង​ជួយ​គ្រួសារ​លោកអ្នក​ឱ្យ​ចាក​ផុត​ពីទុក្ខ​វេទនា។

7. អំពើ​ហិង្សា​ក្នុង​គ្រួសារ

នេះជា​ទង្វើ​ដែលមិនអាច​អត់ឱន​ឱ្យបាន​ទេ ព្រោះ​បើ​កាលណា​ប្ដីប្រពន្ធ​ដាច់ចិត្ដ​លើកដៃ​វ៉ៃគ្នា​ហើយ​បានន័យ​ថាពួកគេ​លែង មាន​មនោស​ញ្ចេតនា​ការ​ស្រឡាញ់​ចំពោះគ្នា​ទៀត​ហើយ ស្នេហា​របស់​ពួកគេ​បានស្លាប់​រលត់​ទៅហើយ។ ប្ដី​ប្រពន្ធ​ជា​មនុស្ស​ពីរនាក់​ដែល ស្និទ្ធស្នាល​និង​គ្នា​ជាង​នរណា​ទាំងអស់ ទោះ​ជា​ឪពុកម្ដាយ​ក៏នៅ​តិចជាង​ដែរ​ហេតុនេះ​មិនគួរ​ព្រោះ​តែ​កំហឹង​ធ្វើឱ្យ​បាត់បង់​នោះទេ។ អំពើ​ហិង្សា​មិនតែ​មិន​គប្បី​ចំពោះ​មនុស្ស​ដែលលោកអ្នក​ស្រឡាញ់​នោះទេ​ថែមទាំង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ទៀត​ផង។

អ្វី​ដែល​លើក​មក​ជម្រាប​ជូនខាង​លើនេះ គ្រាន់តែ​ជាចំណុច​មួយចំនួន​តែប៉ុណ្ណោះ​នៅមាន​បញ្ហាផ្សេងៗ​ជាច្រើន​ទៀតដែល សុទ្ធតែ​ជារឿង​ផ្ទៃក្នុង​របស់​បុគ្គលម្នាក់ៗ ដូចពាក្យ​ដែលថា ចង្កៀងផ្ទះ​នរណា​ភ្លឺផ្ទះអ្​នកនោះ។ មាន​គូស្វាមី​ភរិយា​មិនតិចទេ ដែលអ្នក ជិតខាង​មិន​បាន​ឮសូរ​សម្លេង​ឈ្លោះ​ប្រកែក​គ្នា ឬ​ក៏សញ្ញា​នៃការ​លែងលះ​នោះស្​រាប់តែ​ពួកគេ​ដឹកដៃ​គ្នាទៅ​តុលាការ​លែងលះ​គ្នាតែម្ដង។ ទាំង​នេះអាច​បញ្ជាក់ថា​ពួកគាត់​ប្រាកដ​ជាមានរឿង​អ្វីដែល​មិនអាច​ទ្រាំរស់​ជាមួយ​គ្នាតទៅ​បាន​ហើយ។ ក្រៅ​ពីនេះ​ក៏នៅ​មាន​ប្ដី ប្រពន្ធខ្លះ​ឈ្លោះ​គ្នារាល់​ថ្ងៃ វាយ​ដំគ្នា​បែក​ក្បាល​ហូរឈាម​ក៏នៅ​តែលែង​គ្នាមិន​ដាច់នេះ​បានពិត​ជា​កម្មពារ​មែន​ហើយ។

បណ្ដាំផ្ញើ

ជីវិត​ប្ដីប្រពន្ធ​ប្រៀប​ដូចជា​សម្ល​មួយឆ្នាំង ទាល់​តែចុងភៅ​ប្រសប់​ផ្សំគ្រឿង​ទើប​មាន​រសជាតិ​ឆ្ងាញ់។ ហេតុនេះ​ជាការពិត ហើយ​ដែល​អ្នក​ទាំង​ពីរ​ត្រូវតែ​រួមគ្នា​ឱ្យអស់​ពី​លទ្ធភាព ដើម្បី​សុភមង្គល​នេះ។ ប្រសិន​បើមាន​ចំណុច​ណា​មួយ​ដែល​នាំឱ្យ​អាក់អន់​ស្រពន់ ចិត្ដ​ចំពោះគ្នា គប្បី​ប្រញាប់​និយាយ​ដោះស្រាយ​គ្នា​ភ្លាមៗ ការ​គុំគួន​ទុក​ក្នុងចិត្ដ​នាំឱ្យ​អារម្មណ៍​មួម៉ៅ​បណ្ដាល​ឱ្យមាន​ជម្លោះ​កាន់តែ​ខ្លាំងឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative