ជម្ងឺ​ធ្លាក់​ត្របកភ្នែក

នៅលើ​រង្វង់ភ្នែក ក្រៅ​ពីមាន​គ្រាប់​ភ្នែក​ពណ៌​ថ្លាល្អ មើល​បាន​ច្បាស់​ត្របក​ភ្នែក​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​ការ​ការពារ​គ្រាប់​ភ្នែក​ពី​ការ​ប៉ះទង្គិច​ស្រាលផ្សេងៗ និង​ជួយ​លើក​សម្រស់​ភ្នែក និង​សម្រស់​ផ្ទៃមុខ​ផងដែរ។ ជម្ងឺ​មួយ​ប្រភេទ​ដែល​គេតែង​សង្កេត​ឃើញ​មាន​នៅលើ​ត្របក​ភ្នែក​គឺជម្ងឺ​ធ្លាក់​ត្របក​ភ្នែក។ ធ្លាក់​ត្របក​ភ្នែក​ធ្វើឱ្យ​មាន​ផលរំខាន​ដល់​គំហើញ​និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ផ្ទៃមុខ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ ជម្ងឺ​ធ្លាក់​ត្របកភ្នែក​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទៀតឡើយ​ព្រោះ​គេអាច​ធ្វើការវះ​កាត់​ព្យាបាល​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ម៉ារ អមរិន្ទ​អ្នកជំនាញ​ផ្នែកជម្ងឺ​ភ្នែក​ប្រចាំ​មន្ទីរ​ពេទ្យ​ព្រះអង្គឌួង​បានបក​ស្រាយ​ជូន​ប្រិយ​មិត្ដអ្នកអាន ជ្រាប​អំពី​វិធីវះ​កាត់​ព្យាបាល​ជម្ងឺ​ធ្លាក់ត្របក​ភ្នែក​តាម​រយៈ​ទស្សនា​វដ្ដី សុខភាពយើង។

ជម្ងឺ​ធ្លាក់​ត្របក​ភ្នែក

ជម្ងឺ​ធ្លាក់​ត្របក​ភ្នែក​ជា​ជម្ងឺម្យ៉ាង​ដែល​ត្របក​ភ្នែក​លើធ្លាក់​ចុះខុសប្រក្រតីធ្វើឱ្យ​គំហើញ​មានឧបសគ្គ​មើលមិន​បានស្រឡះ​ល្អ និង​ដែល​បណ្ដាល​​មកពី​ភាព​​មិន​ធម្មតា​​នៃ​សរសៃ​​ប្រសាទ​​ដែល​គ្រប់គ្រង​​សាច់ដុំ​​ត្របក​​ភ្នែក​ខាង​លើ។ ធ្លាក់​​ត្របក​​ភ្នែក​នេះ​អាច​​កើតមាន ចំពោះ​​ភ្នែក​តែម្ខាង ឬអាច​​ទាំង​សង​ខាង​​ក៏មាន​អាស្រ័យ​​ទៅ​លើ​​មូលហេតុ​​ផ្សេងៗ ពីគ្នា។ ជម្ងឺ​ធ្លាក់​​ត្របកភ្នែក​​នេះ​ខុស​​ពីជម្ងឺ​ភ្នែក​​ស្រ​លៀង។ កន្លង​មកមាន​ប្រជា​ពលរដ្ឋ​ខ្មែរយើង​មួយចំនួន​តែងតែ​យល់ច្រឡំ​ការធ្លាក់​ត្របកភ្នែក​ថាជាភ្នែក​ស្រលៀង។

រោគ​សញ្ញា​ជម្ងឺធ្លាក់​ត្របក​ភ្នែក

ក្នុងករណី​ទារក​នៅតូច​អាណា​ព្យាបាល​គឺអាច​មើលដឹង​បាន​ដោយ​ឃើញ​ពីកម្រិត​លម្អៀង​នៃត្របក​ភ្នែក​ពេល​វាបើក​ភ្នែក។ ចំពោះ​មនុស្ស​ពេញវ័យ អ្នក​ជម្ងឺ​អាច​ពិនិត្យ​ឃើញ​ដោយ​ខ្លួនឯង​តាំង​ពីដំណាក់​កាល​ដំបូងៗមក​ម្ល៉េះថា​វាមាន​លក្ខណៈ​ខុស​ប្រក្រតី។ មាន​ករណី​ផ្សេង​ខ្លះទៀត អ្នក​ជម្ងឺចាប់​ផ្ដើម​ស្រវាំង​ភ្នែក​ប្រសិន​បើ​ត្របកភ្នែក​ធ្លាក់​គ្របបាំង​ជិតកូន​ក្រមុំ​ឬពេល​សម្លឹង​ឡើង​លើ​អ្នកជម្ងឺ មាន​ការ​លំបាក ឬ​សម្លឹង​ឡើង​លើមិន​រួច ទោះ​ជាត្រូវ​ជ្រួញ​ថ្ងាស ឬ​ចិញ្ចើម​ក៏ដោយ។ ករណី​ធ្លាក់​ត្របក​ភ្នែក​គួរញែក​ឱ្យដាច់​ច្បាស់​រវាង ស្បែក​ត្របក​ភ្នែក​លើ​មនុស្ស​ចាស់​ដែល​ធ្លាក់​ទាំង​សងខាង។ ករណី​នេះ​ជួនកាល​មិនមែន​ជាជម្ងឺធ្លាក់​ត្របក​ភ្នែកទេ ក្នុង​នោះ​សរសៃ ប្រសាទ​ដែល​បញ្ជា​សាច់ដុំ​ត្របក​ភ្នែកលើ​គឺនៅ​មាន​លក្ខណៈ​ធម្មតា​គឺខុស​ពីជម្ងឺ​ធ្លាក់​ត្របក​ភ្នែក​ដែល​បាន​ពណ៌​នាមក​នេះ។

មូល​ហេតុ​បង្ក​ជម្ងឺធ្លាក់​ត្របកភ្នែក

ធ្លាក់​ត្របក​ភ្នែកអាច​កើត​ឡើង​តាំងពី​កំណើត អាច​ក្រោយពេល​កើតហើយ និង​នៅពេល​អាយុ​ពេញវ័យ​ក៏មាន។ មាន​អ្នក ជម្ងឺ​ប្រមាណ​៦០%​គឺកើត​ឡើង​តាំង​ពី​កំណើត​មកម្ល៉េះ និង​មានប្រមាណ​៤០%ទៀត​អាច​បណ្ដាល​មកពី​មូលហេតុ​ផ្សេងៗ នៅពេល​ដឹងក្ដី ឬពេញវ័យ។

1 . ជម្ងឺ​ធ្លាក់ត្របកភ្នែក​ពីកំណើត ៖ ការ​កើតមាន​ជម្ងឺនេះ​អាចបណ្ដាល​ពីលក្ខណៈ​តំណពូជ។ ទារក​ដែល​ទើប​នឹងកើត​អាចកើត​មាន ជម្ងឺ​នេះ​បានដែរ គឺដោយ​សារ​តែភាព​ខុស​ធម្មតា​នៃសរសៃ​ប្រសាទ​បញ្ជា​សាច់ដុំ​ត្របក​ភ្នែក​លើ។ កាល​ណា​ឪពុកម្ដ្កាយ​ធ្លាប់កើត​មាន ជម្ងឺ​ធ្លាក់ត្របក​ភ្នែក នោះ​កូនៗ​ក៏ប្រឈម​ការកើត​ជម្ងឺនេះ​ជាបន្ដ​ដែរ​ប៉ុន្ដែ​មិន​មែន​គ្រប់​កូនសុទ្ធ​តែអាច​កើតមាន ហើយ​ក៏មិន​ទៀងថា នឹង​កើតមាន​១០០%ដែរ។ ជួនកាល​ក៏អាច​មិនកើត​ជម្ងឺ​នេះ​សោះ​ក៏មាន​ដែរ។

2 . ជម្ងឺធ្លាក់​ត្របកភ្នែក​ចំពោះ​មនុស្ស​ពេញវ័យ ៖ មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើឱ្យ​កើត​ជម្ងឺធ្លាក់​ត្របក​ភ្នែកនេះ។

  • ស្ពឹក ឬខូច​សរសៃរ​ប្រសាទ​បញ្ជា ៖ជា​មូលហេតុ​បណ្ដាល​មកពី​ដំណើរ​ខុសធម្មតា​នៃសរសៃ​ប្រសាទ​ដែលនៅ​មិនចំ​ទីតាំង​បញ្ជា និងជា​មូលហេតុ​ធ្វើឱ្យ​សរសៃ​ប្រសាទ​មិនអាច​បញ្ជា​សាច់ដុំ​ឱ្យ​ចំកន្លែង​បាន។
  • ស្វិត ឬខ្សោយ​សរសៃ​ប្រសាទ​បញ្ជា ៖ ដោយ​សារ​សរសៃប្រសាទ​ដែល​បញ្ជាសាច់​ដុំលើក​ត្របកភ្នែក​លើចុះ​ និងឡើងចុះ​ខ្សោយ។ មិនត្រឹមតែ​សាច់ដុំ​ត្របកភ្នែក​ទេដែលមាន​បញ្ហា​វាក៏អាច​កើតមាន​ផលវិបាក​លើសាច់ដុំ​ផ្សេងៗទៀត​នៃសព៌ាង្គ​កាយដែរ។
  • ករណី​ត្រូវ​របួស ៖ ក្រោយ​ពីកើតមាន​ឧបទ្ទវហេតុ​ប៉ះទង្គិច​ដល់ភ្នែក ថ្ងាស ឬក្បាល​ជា​មូលហេតុ​មួយដែល​បច្ចុប្បន្ន នេះគេ​ឃើញ​ថាកើត​មានញឹកញាប់​គួរឱ្យ​ព្រួយបារម្ភ ក្នុង​នោះ​ដូចជា​ករណី​មានគ្រោះថ្នាក់​ចរាចរណ៍​គ្រោះថ្នាក់​ពីការងារ ឬ​របួស​ដោយសារ​ការប៉ះ​ទង្គិច​​ផ្សេងៗ​ទៀត។ ជា​ទូទៅ​វាធ្វើឱ្យ​ធ្លាក់​ត្របក​ភ្នែកម្ខាង។

ការព្យាបាល​​​​ជម្ងឺធ្លាក់​​ត្របកភ្នែក

ការ​ព្យាបាល​គឺអាស្រ័យ​ទៅតាម​មូលហេតុ​នៃត្របក​ភ្នែកធ្លាក់​ដែល​គ្រូពេទ្យ​ត្រូវ​ជ្រើសរើស​បច្ចេកទេស​វះកាត់​ឬករណីខ្លះ ត្រូវ​ប្រើថ្នាំ​ដើម្បី​ព្យាបាល។ ការវះ​កាត់​ព្យាបាល​ត្របក​ភ្នែក គឺ​កែប្រែ​លក្ខណៈ​ខ្ជិល​នៃត្របកភ្នែក​ផង និង​កែលំអ​បាននូវ​សម្ផស្ស​ផង។ ការវះកាត់​ត្របកភ្នែកធ្លាក់​នេះ​មានលក្ខណៈ​ស្មុគស្មាញ​ជាង​ការវះកាត់​ព្យាបាលភ្នែក​នៅផ្នែក​ផ្សេង​ទៀត។ ជា​កត្ដា​ចាំបាច់​ណាស់ដែល គ្រូពេទ្យ​ជំនាញ​ត្រូវមាន​អនាម័យខ្ពស់ គ្រប់​សម្ភារៈ​ត្រូវឆ្លង​កាត់​ការសម្លាប់​មេរោគ និងមាន​ជំនាញ​ច្បាស់លាស់​ដែល​ទទួល​ស្គាល់​ដោយ ក្រសួង​សុខាភិបាល​ជាតិ។

ផល​ប៉ះពាល់​បង្កដោយ​ជម្ងឺធ្លាក់​ត្របកភ្នែក

ករណី​មានធ្លាក់​ត្របកភ្នែក​ទោះតែម្ខាង​ឬទាំងសង​ខាងក្ដី ធ្វើ​ឱ្យអ្នក​ជម្ងឺមាន​ផលវិបាក​ទៅលើ​គំហើញ​បាត់បង់​សោភ័ណ ខ្មាស​គេ​ឬ​ទទួល​នូវការ​រិះគន់ ធ្វើត្រាប់​ពីអ្នកដទៃ​មួយចំនួន ការ​ចំអក​ឡកឡាយ​លេង​សើចជា​ដើម។ ក្នុង​ករណី​ធ្លាក់ត្របក​ភ្នែកតាំងពី កំណើត ត្រូវ​ប្រញាប់​ប្រញាល់​រកសេវា​ពិនិត្យ និងដើម្បី​ទទួល​ការវះ​កាត់​ព្យាបាល​​​​​​​​​ឱ្យបានឆាប់។ ​​​​​​ព្រោះ​ក្នុងករណី​ធ្លាក់​ត្របក​ភ្នែកពី កំណើត​ខ្លាំងអាច​បណ្ដាល​ឱ្យភ្នែក​ដែលធ្លាក់​ត្របក​នោះ​មាន​គំហើញ​ថយចុះ​អាចក្លាយ​ជាភ្នែក​ខ្ជិលមិន​អាច​សម្លឹង​បាន​យូរ និងមាន លក្ខណៈ​ស្រលៀង​ចេញ ឬចូល។ ការវះកាត់​ដែល​គ្មាន​ជំនាញ​ច្បាស់លាស់ គ្មានអនាម័យ​ និងមិន​ប្រុងប្រយ័ត្ន​អាចបណ្ដាល​ឱ្យរលាក​កញ្ចក់ភ្នែក ហើយ​ការឆ្លង​រោគ​ក៏អាចកើត​មាន​ដែរ​ក្រោយការវះ​កាត់។ ដូច្នេះ​ចំពោះ​ការវះកាត់​ត្របកភ្នែក​ធ្លាក់​នេះ គ្រូពេទ្យ​ក៏ត្រូវថ្លឹងថ្លែង​រវាង​គុណ​សម្បត្ដិ និង​គុណវិបត្ដិ​មុននឹង​ធ្វើការ​វះកាត់។

វិធីបង្ការជម្ងឺធ្លាក់ត្របកភ្នែក

ជម្ងឺធ្លាក់ត្របកភ្នែក​គ្មានវិធាន​ការពិសេស​សម្រាប់​ការពារ​ជាមុននោះ​ទេលើក​លែង​តែក្នុង​ករណី​បណ្ដាល​មកពី​ការប៉ះទង្គិច លើ​ចិញ្ចើម ថ្ងាស ឬក្បាល​ដែល​គួរ​ត្រូវប្រុង​ប្រយ័ត្ន​ជាមុន។ ដូច្នេះ​រាល់ការ​បំពេញ​ការងារការ​ធ្វើចរាចរណ៍​គឺត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​បានខ្ជាប់ខ្ជួន មាន​មួក​ការពារ​ជាដើម។ ក៏ប៉ុន្ដែ​យើង​គួរប្រុងប្រយ័ត្ន​នូវ​ផលវិបាក​ផ្សេងៗ​ទៀត​ដែលអាច​កើតមាន​ឡើង​ក្រោយពេល​មានត្របក​ភ្នែកធ្លាក់ ដូចជា​ស្រវាំង​គំហើញ​ថយចុះ​ជាដើម។

ដំបូន្មាន​អ្នកប្រឹក្សា

ករណី​ធ្លាក់ត្របក​ភ្នែក​ត្រូវ​តែមក​ពិនិត្យ​និងពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ទទួល​បាននូវ​ការព្យាបាល​ដ៏សមស្រប ចៀស​វាង​ក្នុងករណី​ដែល​ធ្វើឱ្យ​គំហើញ​ថយចុះ​មុនការវះ​កាត់។ សូម​លោកអ្នក​ស្វែង​រកគ្រូពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​មាន ការ​អនុញ្ញាត​ពិតប្រាកដ​ពីក្រសួង​សុខាភិបាល ទើបការវះ​កាត់​ព្យាបាល​អាចប្រព្រឹត្ដ​ទៅ​ដោយ​រលូន​ និងមិន​ខក​បំណង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative