វិធី​ទប់ស្កាត់​អង្គែ

បញ្ហាអង្គែ​គឺជា​ខ្មាំង​សត្រូវ​សួរពូជ​របស់​សរសៃ​សក់ និង​ស្បែកក្បាល ជាពិសេស​សរសៃសក់​ដែល​វែងខ្មៅ​រលោង។ មាន សុភាព​បុរស​សុភាព​នារី​ជាច្រើន តែងតែ​ព្រួយបារម្ភ​អំពី​បញ្ហា​សរសៃសក់ និង​ស្បែកក្បាល​មានអង្គែ។ អង្គែ​មិន​ត្រឹមតែ​ធ្វើឱ្យ សោភ័ណ ភាព​នៃ​សម្រស់​របស់លោក​អ្នកធ្លាក់​ចុះនោះ​ទេ តែវា​ក៏​បណ្ដាល​ឱ្យកើត​មាននូវ​ជម្ងឺ​សើស្បែក​ថែម​ទៀតផង​ប្រសិន​បើពុំ​មាន ដំណោះ​ស្រាយ និង​ទទួលការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​ការបក​ស្រាយ​ប្រធានបទ​ស្ដី​ពីវិធី​ទប់ស្កាត់​អង្គែ​នេះ លោក​វេជ្ជបណ្ឌិត ថៃ គា អ្នក​ឯកទេស​​ជម្ងឺ​​សើ​ស្បែក​​និង​កាម រោគ បាន​​ផ្ដល់​នូវ​​ចំណេះ​​ដឹង​ដល់​ប្រិយមិត្ដ​អ្នកអាន​ខ្លះៗ ដើម្បី​ទុកគ្រាន់​ជា​ជម្រើស​និង​ប្រតិបត្ដិ​នៅពេល​មាន​បញ្ហាអង្គែ។

អង្គែ​ជាអ្វី?

អង្គែ​គឺជា​កំណក​នៃ​កោសិកា​ស្បែក​ចាស់​ៗ ឬ​ងាប់ ​ដែល​មាន​​របក​​សើៗ​នៅលើ​ស្បែក​ក្បាល​និង​អាច​ធ្វើឱ្យ​មាន​អាការ​រមាស់ តិចតួច ឬ​ខ្លាំង​នៅលើ​ស្បែកក្បាល ទៅតាម​សភាព​ជាក់ស្ដែង​នៃ​មូលហេតុ​ដែល​បណ្ដាល​ឱ្យកើត​មានអង្គែ។

មូលហេតុ​នៃការ​កើតអង្គែ

បើតាម​ការសិក្សា​ស្រាវជ្រាវ​អំពី​មូលបទ​នៃជម្ងឺ​អង្គែ បាន​បង្ហាញឱ្យ​ឃើញ​យ៉ាង​ច្បាស់ថា ជម្ងឺអង្គែ​មានច្រើន​ប្រភេទ​ច្រើន បែប ច្រើន​សណ្ឋាន ទៅតាម​ប្រភេទ​នៃពពួក​មេរោគ និង​ជម្ងឺ​ដែលបាន​បង្ក​ឡើង។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យកើត​មានអង្គែ គឺ​បណ្ដាល​មកពី​ជម្ងឺ៤ប្រភេទ​ខុសៗគ្នា ដែលមាន​ដូច​ខាងក្រោម​នេះ។

1 . អង្គែធម្មតា ស្ងួត ឬមានខ្លាញ់

ជាទូទៅ​គេ​សង្កេត​ឃើញថា​អង្គែ​ប្រភេទ​នេះ​ច្រើន​កើតឡើង​ដោយសារ​តែការ​របក​នៃ​ស្រទាប់​កោសិកា​ស្បែកក្បាល​ចាស់ៗ ឬងាប់។ ប៉ុន្ដែវា​មិនអាច​កើតឡើង​ដោយសារ​តែការ​ប្រើប្រាស់​សាប៊ូ ឬ​ផលិតផល​ជំនួយ​សរសៃសក់​ផ្សេងៗ​នោះទេ។

2 . អង្គែ​ដែល​បណ្ដាល​មកពី​ជម្ងឺ​រមាស់(ឌែកម៉ិត​សេបូរ៉េអ៊ិក)

នៅពេល​ដែលកើត​មាន​ជម្ងឺរមាស់ ផ្សិត​នៅលើ​ស្បែកក្បាល​ហើយ​ពុំបាន​ធ្វើការ​ព្យាបាល​ត្រឹមត្រូវ​ឱ្យទាន់​ពេលវេលា​ទេ នោះ វានឹង​មាន​ប្រតិកម្ម​ជាមួយ​ការ​បញ្ចេញ​ជាតិខ្លាញ់​របស់​ក្រពេញ​នៅក្រោម​ស្បែកក្បាល​ដែលអាច​បណ្ដាល​ឱ្យ​កើតចេញ​ជា​អង្គែ​នៅលើ ស្បែកក្បាល​បាន។ អង្គែ​ប្រភេទ​នេះអាច​ធ្វើការ​សង្កេត​ឃើញ​ដោយភ្នែក​ផ្ទាល់​បាន​តាមរយៈ​រូបភាព​ជាការ​របក​នៃ​ស្បែកក្បាល និងមាន​ហៀរ​លេច​ចេញ​តាមជើង​សក់​ជាដើម។ ម្យ៉ាងវិញ​ទៀត វាអាច​ធ្វើឱ្យ​មាន​អាការ​រមាស់ខ្លាំង​ឬ​តិចទៅ​តាម​សភាព​នៃអង្គែ។

3 . អង្គែ​ដែល​បណ្ដាល​មកពី​កោសិកា​ស្បែកក្បាល​ក្រាស់​(ផ្សូរី​យ៉ាហ្ស៊ីស)

អង្គែ​ប្រភេទ​នេះ​បណ្ដាល​មកពី​ការកកើត​ឡើង​នៃកោសិកា​ស្បែក​ឆាប់រហ័ស​ពេក។ ការ​លូតលាស់​នៃ​កោសិកា​លឿនពេក ធ្វើឱ្យ​កោសិកា​ស្បែកក្បាល​មាន​កម្រាស់ក្រាស់ ដែលអាច​បណ្ដាល​ឱ្យកើត​មានអង្គែ។ ប៉ុន្ដែ​អង្គែ​ប្រភេទ​នេះមិន​បង្កឱ្យ​មានអាការ រមាស់ទេ។ យើងអាច​សង្កេត​មើលឃើញ​អង្គែ​ប្រភេទ​នេះ​ដោយ​ភ្នែកផ្ទាល់​តាមរយៈ​ការលេច​ចេញ​រូបរាង​នៅលើ​ស្បែកក្បាល​តែម្ដង ដែលមាន​លក្ខណៈ​ដូចជា​កណ្ដាប់​នៃជម្ងឺ​ស្រែង​ដូច្នោះ​ដែរ។

4 . អង្គែ​ដែល​បណ្ដាល​មកពី​ផ្សិត(ស្រែង​លើ​ស្បែកក្បាល)

វាជា​ប្រការ​មួយ​ដែលគួរ​យកចិត្ដ​ទុកដាក់​បំផុត​ទៅលើ​ការ​ថែរក្សា​សុខភាព​ស្បែកក្បាល។ ពពួក​ផ្សិត​ឬ​ជម្ងឺ​ស្រែង​ដែលមាន នៅលើ​ស្បែកក្បាល​ច្រើន អាច​បណ្ដាល​ឱ្យមាន​អង្គែ​រហូត​ក្លាយ​ទៅជា​ដំបៅ​មាន​ខ្ទុះបាន។ អង្គែ​ដែលកើត​ឡើង​ដោយសារ​ពពួកផ្សិត ឬ​ជម្ងឺស្រែង​លើក្បាល​នេះ​អាច​បង្ក​ឱ្យមាន​អាការ​រមាស់​កាន់​តែ​ខ្លាំង​ឡើងៗ ដរាប​ណា​មិនមាន​ការព្យាបាល។ យើង​អាច​មើលឃើញ ដោយភ្នែក​ផ្ទាល់ តាមរយៈ​ការ​លេច​ចេញ​នូវ​រូបរាង​យ៉ាងច្បាស់​នៅលើ​ស្បែកក្បាល​នៅតាម​ជើងសក់ ថែម​ទាំងអាច​ចេញ​ហួស​ពីជើង សក់ក៏​មាន។ ម្យ៉ាងវិញ​ទៀត​អង្គែ​ប្រភេទ​នេះ​ក៏មាន​ករណី​ខ្លះ​អាច​បណ្ដាល​ឱ្យជ្រុះសក់​រហូត​ដល់​តម្ពែក​ក្បាល​ទៀតផង។ ចំពោះ​អង្គែ ប្រភេទ​នេះអាច​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​បាន​តាម​រយៈការ​ប្រើប្រាស់​មួក​រួមគ្នា។

ផល​ប៉ះពាល់​នៃអង្គែ

ចំពោះ​អង្គែ​ដែល​កើតឡើង​ដោយសារ​ជម្ងឺ​ទាំង៤​ខាងលើ​នេះ​មិន​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​អ្វីធ្ងន់ធ្ងរ​ទៅដល់​ផ្នែក​សុខភាព រាងកាយ និង​អាយុជីវិត​នោះទេ។ វា​គ្រាន់តែ​ធ្វើឱ្យ​មាន​អាការ​រមាស់​ស្បែក​ក្បាល​បន្ដិចបន្ដួច​និង​បាត់បង់​នូវ​សោភ័ណភាព​នៃសម្រស់ តែប៉ុណ្ណោះ។ ប៉ុន្ដែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ត្រូវ​យកចិត្ដ​ទុកដាក់​ថែរក្សា​សុខភាព​ស្បែកក្បាល​បន្ដិច។ ជាពិសេស​នៅពេល​ដែលដឹង ថា មានអង្គែ​នៅលើ​ស្បែកក្បាល គួរ​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ដើម្បី​រក​ដំណោះ​ស្រាយ​ទើប​ជា​ការប្រសើរ។

វិធី​ព្យាបាល​អង្គែ

រាល់ការ​ព្យាបាល​អាចមាន​ប្រសិទ្ធភាព​ខ្ពស់​ទៅបាន គឺ​អាស្រ័យ​ទៅលើ​ការពិនិត្យ​វិនិច្ឆ័យ​និង​ការ​ចេញ​វេជ្ជបញ្ជា​របស់អ្នក ជំនាញ។ ចំពោះការ​ព្យាបាល អ្នកជំនាញ​អាច​មាន​វិធីសាស្ដ្រ​ប្លែកពីគ្នា​ទៅតាម​បទពិសោធន៍​និង​ប្រភេទ​នៃជម្ងឺ​នីមួយៗ​ដែលបណ្ដាល ឱ្យកើត​មានអង្គែ គួបផ្សំ​ជាមួយ​នឹងការ​យកចិត្ដ​ទុកដាក់​ក្នុងការ​អនុវត្ដន៍​ទៅតាម​ដំបូន្មាន​អ្នកជំនាញ។ លើសពី​នេះទៅ​ទៀត​គឺ​តម្រូវឱ្យ មនុស្ស​គ្រប់រូប​ត្រូវមាន​អនាម័យ​ចំពោះ​ស្បែកក្បាល​ដោយផ្ទាល់។

វិធី​ទប់ស្កាត់​អង្គែ

លោកអ្នក​អាចធ្វើ​ការ​ទប់ស្កាត់​អង្គែ​បាន ដោយ​គ្រាន់តែ​ធ្វើ​អនាម័យ​ទៅលើ​ស្បែកក្បាល​ជា​ប្រចាំ។ ត្រូវ​ជ្រើសរើស​នូវ​ផលិត ផលណា​ដែលត្រូវ​ជាមួយ​នឹង​សុខភាព​ស្បែកក្បាល។ ប្រការ​ដែល​សំខាន់ គួរគប្បី​ទៅជួប​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឬ​គ្រូពេទ្យ​ជំនាញ ផ្នែក​ជម្ងឺ​សើស្បែក​ធ្វើការ​ពិនិត្យ​សុខភាព​ស្បែកក្បាល​ដើម្បី​ងាយស្រួល​ក្នុងការ​ជ្រើសរើស​ផលិត​ផល​យក​មកប្រើ។ ការធ្វើ​បែបនេះ អាចធ្វើ​ឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​ចៀសផុត​ពី​ជម្ងឺ​អង្គែ​ផ្សេងៗ​បាន​ហើយ​ថែមទាំង​ធ្វើឱ្យ​សក់​របស់​លោកអ្នក​លូតលាស់​បានល្អ​ថែម ទៀត​ផង។

ដំបូន្មាន​អ្នក​ឯកទេស

នៅពេល​ដែលមាន​ជួបបញ្ហា​អ្វី​ដែល​ចម្លែក​នៅលើ​ស្បែកក្បាល ឬកើត​មានអង្គែ​ដោយមិន​ដឹងខ្លួន​គួរគប្បី​ទៅជួប​ជាមួយ អ្នកជំនាញ ឬអ្នក​ឯកទេស​ខាង​ជម្ងឺ​សើស្បែក ដើម្បី​ធ្វើការ​ប្រឹក្សា និង​រក​ដំណោះស្រាយ​ឱ្យទាន់​ពេល​វេលា​ដើម្បី​កុំឱ្យ​ជម្ងឺ​មានការ​រីក រាលដាល ដែល​ធ្វើឱ្យ​ចំណាយ​អស់​ថវិកា​ច្រើន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative