វិធី​បំបាត់​មុខខ្មូត​ដោយ​សារមុន

លោកអ្នក​មួយចំនួន​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​នៅពេល​ដែលមុខ​កើតមុន។ នៅពេល​ខ្លះអាច​មាន​ស្នាម​ជាំខ្មៅ ឬធ្វើឱ្យ​ផ្ទៃមុខ​ខូងៗ ខ្មូត​ស៊ី​ជាដើម ដែល​មើលទៅ​មិនគួរ​ជាទី​គយគន់​ពីសំណាក់​អ្នកដែល​នៅជុំវិញ​ខ្លួន។ ប៉ុន្ដែ​ពេលនេះ​លោកអ្នក​ពិតជា​អាចធ្វើឱ្យ​ផ្ទៃមុខ​ដែលមិន​ស្រស់ស្អាត​នោះ ប្រែ​ក្លាយទៅ​ជា​ស្រស់​ផូរផង់​ទៅបាន​ដោយ​គ្រាន់តែ​អនុវត្ដ​នូវវិធី​ខ្លះៗ​របស់​អ្នក​ជំនាញ របស់​យើង​តែប៉ុណ្ណោះ។ សម្រស់​ជាផ្នែក​មួយនៃ​ជីវិត​របស់​មនុស្ស​ដែលមាន​មនុស្ស​ជាច្រើន​តែងតែ​ចង់បាន​វាមក​ដាក់​លើខ្លួន ដើម្បី​ឱ្យខ្លួន​ទៅកាន់​ភាពស្រស់​ស្អាតមួយ​នៃជីវិត​សម្រស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានសម្ភាស​ជាមួយ​លោកស្រី សិទ្ធិ ច័ន្ទហេង​ អ្នកជំនាញ​នៅសាលា​បង្រៀន​កែសម្ផស្ប​ថបស្ដៃយ៍ អំពី​បញ្ហានេះ។

មូលហេតុមុខ​កើតមុន

មូលហេតុ​ដែល​ធ្វើឱ្យ​កើតមុន​នោះ​មាន​ច្រើន​ករណី។ ពេលខ្លះ​ដោយសារ​តែ​ចំណី​អាហារ​និងមាន​ពេលខ្លះ​ទៀត​ដោយសារ តែភាព​ខ្វះ​អនាម័យ។ មិនថា​តែស្ដ្រី​ប៉ុណ្ណោះ​ទេ សូម្បី​តែបុរស​ក៏មាន​បញ្ហាមុខ​មុននេះ​ដែរ។ ពេលខ្លះ​ដោយសារ​ការប្រើប្រាស់​ផលិតផល អ្វីមួយ​ដែល​មិនត្រូវ​នឹង​ស្បែកមុខ​ជាដើម។ ម្យ៉ាងវិញ​ទៀត​រោគមុន​អាច​បណ្ដាល​មកពី​អ័រម៉ូន​របស់​មនុស្សម្នាក់ៗ​មានការ​ប្រែប្រួល ឬ អាច​មកពី​ឈាមឡើង​ក្ដៅ​ក៏អាច​ធ្វើឱ្យ​ចេញមុន​បានដែរ។

មុខខ្មូត​​ដោយសារ​​មុន

មុខដែល​ខ្មូត​ស៊ី​បាន​ភាគ​ច្រើន ដោយសារ​​តែពេល​​កើតមុន មិនបាន​ញេចឱ្យ​បានត្រឹមត្រូវ​និង​មិនបាន​ប្រើប្រាស់​ផលិតផល​អ្វី ដើម្បី​ជំនួយ​ស្បែកមុខ និង​មិនដឹង​ពីប្រភេទ​មុនដែល​កើត​ជាដើម។ កាលណា​ចេះតែ​ញេចយូរៗ​ទៅ​ក៏ធ្វើឱ្យ​ផ្ទៃមុខ​ឡើងក្រហូងៗ និង​មាន​ស្នាមមុខ​នោះ​ទៀតផង។

វិធីព្យាបាល​មុខខ្មូត​ដោយសារ​មុន

ការបំបាត់​មុខខ្មូត​ដោយសារ​មុននេះ មានវិធី​៣យ៉ាង​ដែលអាច​ធ្វើឱ្យ​ផ្ទៃមុខ​ស្រស់ស្អាត​ឡើងវិញបាន។

1 . វិធី​ទី១ វិធី​ទីមួយ​នោះ​គឺធ្វើ​ម៉ាស្សា​ក្នុង​មួយ​សប្ដាហ៍​ឱ្យបាន​ពីរដង​បើគ្មាន​ពេលវេលា​គ្រប់គ្រាន់​អាច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ បន្ទាប់​មកទៀត​ត្រូវប្រើ​ជាឡូសិន​ជំនួយ​ស្បែកមុខ ជួយ​ភ្ជិត​ស្នាមមុន និងដើម្បី​បណ្ដុះ​កោសិកា​ថ្មីឡើង​វិញ។

2 . វិធី​ទី២ វិធីទីពីរ​វិញនោះ គឺដោយ​ប្រើថ្នាំ​ព្យាបាល​មុខខ្មូត លាប​តែពីរដង​ក្នុងមួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក៏អាច​ធ្វើឱ្យ​ផ្ទៃមុខ ដែលមាន​ស្នាមខ្មូត​នោះ​រលាយ​បាត់​ផងដែរ។ ក្រៅអំពី​ការប្រើប្រាស់​ថ្នាំនៅសល់​ពេល៥ថ្ងៃ​ទៀត​គឺត្រូវ​ប្រើប្រាស់​ឡេការពារ​ស្បែក​មុខ និង​ជំនួយ​ផ្ទៃមុខ​បន្ថែម​ទៀត ទើបអាច​ទទួល​លទ្ធផល​បាន។

3 . វិធី​ទី៣ ចំណែក​វិធីទី៣​វិញនោះ គឺការ​ម៉ាស្សា​ផាត់គ្​រើមមុខ ជាធម្មតា​កាលណា​មុខកើតមុន​ធ្វើឱ្យ​ស្រទាប់​ផ្ទៃមុខ មាន​ការបាត់បង់​សភាពដើម និង​មានសភាព​គ្រើម​មិនរាប​ស្មើជាដើម។ ដូច្នេះ​ការម៉ាស្សា​ផាត់គ្រើមមុខ​នេះអាច​ធ្វើឱ្យ​ផ្ទៃមុខ​រាបស្មើ និង​គ្មាន​ស្នាមប្រឡោះ​ប្រហោង ស្នាមខ្មូត​ទៀតឡើយ។

ការព្យាបាល​ទាំងបីវិធី​ខាងលើនេះ វិធី​ដែលមាន​ប្រសិទ្ធភាព​ជាងគេ​មានពីរ​វិធី គឺវិធី​ទី២ និងវិធី​ទី៣ដែលអាច​ធ្វើឱ្យ​ផ្ទៃមុខ​ប្លែក បើបាន​អនុវត្ដ​តាមវិធីនេះ ហើយ​ក្នុងរយៈពេល​ខ្លីមាន​ប្រសិទ្ធភាព​ខ្ពស់គួរ​កត់សម្គាល់។

ដំបូន្មាន​អ្នកជំនាញ

បើ​លោកអ្នក​នាងកញ្ញា​ទាំងអស់​មានបញ្ហា​អំពីផ្ទៃមុខ ត្រូវទៅ​ពិគ្រោះ​និងធ្វើការ​ព្យាបាល​ទៅតាម​ទីកន្លែង​ណាដែល​មាន​សុវត្ថិភាព​បំផុត។ ម្យ៉ាងទៀត សូម​តមចំណី​អាហារ​មួយចំនួន​ដែលអាច​ធ្វើឱ្យ​ផ្ទៃមុខ​អ្នកអាច​ឡើងមុន​បានត្រូវ​បរិភោគ​អាហារណា​ដែលស្រស់ៗ ដូចជាបន្លែ ផ្លែឈើ​ជាដើម។

អ្វីដែល​បាន​រៀបរាប់​ជូនខាងលើ​នេះ គ្រាន់តែ​ជាចំណេះដឹង​សម្រាប់​លោកអ្នក​ពិចារណា​តែប៉ុណ្ណោះ។ សូម​លោកអ្នក​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative