សម្រាម ៖ ផល​ប៉ះ​ពាល់ និង​ការ​គ្រប់​គ្រង

សម្រាម​ត្រូវ​បាន​គេចាត់​ទុក​ថា ជា​វត្ថុ​គ្មាន​តម្លៃ និង​ឥត​ប្រយោជន៍ ដែល​មនុស្ស​គ្រប់​គ្នា​មិន​ចង់​បាន​វា​នោះ​ទេ។ ប៉ុន្ដែ​យើង មិន​អាច​ចៀស​ពីវា​ផុត​បាន​ឡើយ ព្រោះ​យើង​សុទ្ធ​តែត្រូវ​ការ​អាហារ និង​សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ នៅ​ក្រោយ​ពេល​ដែល​មនុស្ស បាន​បង្កើត​សម្រាម ហើយ​ពុំបាន​ធ្វើការ​ទុក​ដាក់​ត្រឹម​ត្រូវ​នោះវា​នឹងអាច​បង្ក​ឱ្យមាន​ផល​ប៉ះ​ពាល់​ជាច្រើន​ចំពោះ​មនុស្ស សត្វ រុក្ខ​ជាតិ និង​ជីវៈ​ចម្រុះ​ផ្សេងៗ ជា​ពិសេស​គឺ​បរិស្ថាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាល​ពី​លេខ​មុនៗ ប្រិយ​មិត្ដ​ទាំង​អស់​ពិត​ជាបាន​ស្វែង​យល់​រួច​មក​ហើយ អំពី​ជម្ងឺ​ដែល​បណ្ដាល​មកពី​សម្រាម។ ដើម្បី​ឱ្យ​មាន ការ​ជ្រាប​កាន់​តែ​ច្បាស់​អំពី​ផល​ប៉ះ​ពាល់​នៃ​សម្រាម​ទៀត​នោះ ទស្សនា​វដ្ដី សុខភាពយើងបាន​ធ្វើការ​សម្ភាសន៍​ជា​មួយ​លោក សារុន សំបូរ ប្រធាន​ការិយា​ល័យ​គ្រប់​គ្រង​សំណល់​រឹង និង​សារ​ធាតុ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៃ​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន ក្រសួង​បរិស្ថាន។

សម្រាមជាអ្វី?

សម្រាម​គឺជា​របស់​របរ​ដែល​អស់​តម្លៃ​គ្មាន​ប្រយោជន៍ ឬវត្ថុ​ដែល​គេលែង​ត្រូវការ​ប្រើ​ប្រាស់ ឬអស់​តម្រូវ​ការ​ហើយមាន​បំណង​បោះ​បង់​ចោល ឬ​តម្រូវ​ឱ្យ​បោះ​បង់​ចោល។

ប្រភេទ​សម្រាម និង​សំណល់​រឹង

បើ​ផ្អែក​ទៅ​តាម​ការ​សិក្សា និង​ឆ្លង​កាត់​នូវ​ការ​ធ្វើ​វិភាគ​ទៅ​លើ​សម្រាម និង​សំណល់​​គេអាច​ធ្វើការ​បែង​ចែក​ជាបី​ប្រភេទ ផ្សេងៗ​ពីគ្នា ដែល​មាន​ដូច​នៅ​ខាង​ក្រោម​នេះ ៖

1 . សំណល់​រឹង គឺ​សំដៅ​ដល់​សំណល់​រឹង​ដែល​ជា​ផលិត​ផល ឬជា​កម្ទេច​កម្ទី​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ដូច​ជា​សម្បក ដប កែវ លោហៈ​ធាតុ កំប៉ុង​ជា​ដើម។

2 . សំណល់​រាវ គឺជា​វត្ថុ​រាវ​ដែល​ជា​ផលិត​ផល និង​ជា​សារ​ធាតុ​រួមផ្សំ​ជាមួយ​នឹង​សារ​ធាតុ​រឹង​ខ្លះ​ដែល​ត្រូវ​បាន​គេ​បញ្ចេញ ចោល​ជា​ប្រចាំ​ទៅ​តាម​បណ្ដាញ​ប្រព័ន្ធ​លូទឹក​ស្អុយ​ផ្សេងៗ។

3 . សំណល់​បង្ក​គ្រោះ​ថ្នាក់ គឺ​សំដៅ​ទៅលើ​សារ​ធាតុ​វិទ្យុ​សកម្ម សារ​ធាតុ​គីមី សារ​ធាតុ​ផ្ទុះ សារ​ធាតុ​ពុល​សារ​ធាតុ​ឆេះ ជា​ដើម។ ចំពោះ​សំណល់​ទាំង​នេះ​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​រោង​ចក្រ​ឧស្សាហ​កម្ម​និង​សហ​គ្រាស​ដែល​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ច្រើន សកម្ម​ភាព​កសិកម្ម សកម្ម​ភាព​អាជី​វ​កម្ម និង​សេវា​កម្ម អាជីវ​កម្ម​រ៉ែ មន្ទីរ​ពេទ្យ​(ការ​វះ​កាត់​និង​ថត​ដោយ​ប្រើ​កាំ​រស្មី)។ល។ ចំណែក ឯ​សំណល់​នៅតាម​លំនៅ​ដ្ឋាន​ក៏អាច​មាន​សារ​ធាតុ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដែរ តែមាន​កម្រិត​តិច​តួច។ ចំពោះ​វិស័យ​កសិ​កម្ម ដោយ​សារ បច្ចេក​ទេស​នៅ​ក្នុង​ស្រុក​មាន​កម្រិត​ទាប​កសិករ​ភាគ​ច្រើន​បាន​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​មាន​ជាតិ​ពុល​ខ្លាំង និង​ប្រើ​ប្រាស់ គីមី​ដើម្បី​បង្កើន​ទិន្ន​ផល​ដំណាំ​ដូច្នេះ​សារធាតុ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ក៏បាន​បង្កើត​ឡើង​ដោយ​វិស័យ​នេះ​ផង​ដែរ។   

ផល​វិបាក និង​ផល​ប៉ះ​ពាល់​នៃ​សម្រាម

សម្រាម​មិន​ត្រឹម​តែធ្វើ​ឱ្យមាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​បរិស្ថាន សោភ័ណ​ភាព​និង​បង្កឱ្យ​អាប់​អួ​ដល់​បរិយា​កាស​ជុំវិញ​នោះ​ទេ តែវា​ថែម​ទាំង​បណ្ដាល​ឱ្យមាន​ជម្ងឺ​ផ្សេងៗ​ទៀត​បាន និង​បង្កឱ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខ​ភាព​មនុស្ស​តាម​រយៈ​ការ​ប៉ះ​ពាល់ ដោយ​ផ្ទាល់ ឬតាម​ការ​ភាយ​ក្លិន​ស្អុយ​នៃ​សម្រាម​ដែល​រលួយ។

1 . ផល​ប៉ះ​ពាល់​របស់​សម្រាម​ចំពោះ​សង្គម បើ​យោង​ទៅ​តាម​លក្ខណៈ​រូប និង​លក្ខណៈ​គីមី​នៃ​សម្រាម​ឬ​សំណល់ ប្រសិន បើ​យើង​មិន​បាន​ធ្វើការ​បែង​ចែក និង​គ្រប់​គ្រង​ឱ្យបាន​ត្រឹម​ត្រូវ​ទៅ​តាម​លក្ខណៈ​បច្ចេក​ទេស​ទេ​នោះ​វានឹង​អាច​ជះ​ឥទ្ធិ​ពល​មក​លើ សុខ​ភាព មនុស្ស សត្វ និង​បរិស្ថាន​ជា​ច្រើន​ដូច​តទៅ។

  • ធ្វើឱ្យ​បាត់​បង់​សោភ័ណ​ភាព​ទីក្រុង និង​លំនៅ​ដ្ឋាន
  • ជា​ប្រភព និង​ទីជម្រក​នៃ​ពពួក​មេរោគ​ឆ្លង និង​សត្វ​ល្អិត
  • អាច​បង្ក​ឱ្យមាន​ក្លិន​ស្អុយ ប៉ះ​ពាល់​ដល់​អ្នក​រស់​នៅក្បែរ គំនរ​សម្រាម និង​បរិស្ថាន
  • ការ​បោះ​បង់​ចោល​សម្រាម​រាយ​ប៉ាយ អាច​បង្ក​ការ​ស្ទះ​ដល់​ប្រព័ន្ធ​លូ​សាធារណៈ​តាម​រយៈ​ការ​ហូរនាំ​ដោយ​ទឹក​ភ្លៀង​ជា លទ្ធ​ផល​ខូច​ដល់​សោភ័ណ​ភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ
  • បាត់​បង់​នូវ​កំណើន​ភ្ញៀវ​ទេស​ចរណ៍។

2 . ផល​ប៉ះ​ពាល់​របស់​សម្រាម​ចំពោះ​សុខ​ភាព សម្រាម​អាច​ផ្ដល់​ផល​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​មកលើ​សុខ​ភាព​របស់​មនុស្ស ទូទៅ។

  • សារធាតុពុលនៅក្នុងសម្រាម ៖ សារ​ធាតុ​មួយ​ចំនួន​នៅក្នុង​សម្រាម​អាចធ្វើ​ឱ្យមាន​ការ​ប៉ះ​ពាល់​ដល់​ស្បែក​ដែល​បណ្ដាល ឱ្យ​មនុស្ស​កើត​មាន​ជម្ងឺ​សើ​ស្បែក រលាក​ភ្នែក ជម្ងឺ​រលាក​ផ្លូវ​រំលាយ​អាហារ ជម្ងឺ​ផ្លូវ​ដង្ហើម រលាក​សួត​ជា​ដើម។ ជួន​កាល​វាអាច​បណ្ដាល ឱ្យមាន​ការប៉ះ​ពាល់​ទៅដល់​ប្រព័ន្ធ​ប្រសាទ​ថែម​ទៀត​ផង ដោយ​សារតែ​ការ​សាយ​ភាយ​ក្លិន​និង​ការ​ចម្លង​មេរោគ​ពី​សម្រាម។
  • មេរោគនៅក្នុងសម្រាម ៖ នៅក្នុង​សម្រាម​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ​ច្រើន​ប្រភេទ។ នៅ​ពេលវា​ឆ្លង​មក​ដល់​ក្នុង​ខ្លួន​មនុស្ស វាបង្ក​ឱ្យ​កើត​មាន​ជម្ងឺ​រាក​រូស ជម្ងឺ​រាក​មួល អាសន្ន​រោគ គ្រុន​ពោះ​វៀន និង​ជម្ងឺ​ជា​ច្រើន​ទៀត។ ប្រសិន​បើមិន​បាន​ធ្វើ​អនាម័យ ជា​ប្រចាំ​ទេ ជម្ងឺ​ទាំង​នោះ​នឹង​អាច​ក្លាយ​ទៅជា​ប្រភេទ​ជម្ងឺ​រ៉ាំរ៉ៃ​បាន។ ម្យ៉ាង​វិញ​ទៀត​សារធាតុ​មុត​ស្រួច​ដែល​មាន​នៅក្នុង​សម្រាម អាច បង្ក​ជា​របួស​ស្នាម​រហូត​ក្លាយ​ទៅជា​ដំបៅ​រ៉ាំរ៉ៃ​ផង​ដែរ។
  • សារធាតុគីមីនៅក្នុងសម្រាម ៖ សម្រាម​មាន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​គីមី​មួយ​ចំនួន​ដែលអាច​បង្កឱ្យ​កើត​ជម្ងឺ​មហារីក​បាន។ ម្យ៉ាង​វិញ​ទៀត វាក៏​អាច​ធ្វើឱ្យ​មាន​អុក​ស៊ីដ​កម្ម​លើ​សារ​ធាតុ​គីមី​ដទៃ​ទៀត ដែល​អាច​នាំ​គ្រោះ​ថ្នាក់​ដល់​មនុស្ស រុក្ខ​ជាតិ​និង​សត្វ ដែល​មាន​នៅ​ក្នុង​បរិស្ថាន​ទៀត​ផង។

វិធី​ទុក​ដាក់ និង​គ្រប់​គ្រង​សម្រាម

ដើម្បី​បង្ការ និង​ចៀស​ផុត​ពីជម្ងឺ​ផ្សេងៗ​ដែល​អាច​បណ្ដាល​មកពី​សម្រាម​បាន​គប្បី​ត្រូវ​មាន​វិធាន​ការ​ទុក​ដាក់​សម្រាម​ឱ្យ​មាន របៀប ធ្វើ​យ៉ាង​ណាកុំ​ឱ្យ​មេរោគ​ចេញ​ពី​សម្រាម​ទៅ​ចម្លង​ដល់​មនុស្ស​បាន។ វិធី​ទាំង​អស់​ដែល​តម្រូវ​ឱ្យ​ប្រតិ​បត្ដិ​មាន​ដូចជា ៖

1 . ភារ​កិច្ច​ប្រជា​ពល​រដ្ឋ

  • ប្រជា​ពល​រដ្ឋ​ត្រូវ​រៀប​ចំទី​កន្លែង​ស្ដុក​សំណល់​រឹង ឬ​សម្រាម​បណ្ដោះ​អាសន្ន​ឱ្យ​បាន​សម​ស្រប និង​មាន​របៀប​មិន​បង្ក​បញ្ហា ប៉ះ​ពាល់​ទៅដល់​ចរាចរណ៍ សុខ​ភាព​សាធារណៈ សោ​ភ័ណ​ភាព និង​សណ្ដាប់​ធ្នាប់​សង្គម។
  • មិន​ត្រូវ​បោះ​ចោល​នូវ​សម្រាម​រឹង រាវ នៅ​តាម​ទី​ប្រជុំ​ជន ទី​សាធារណៈ ផ្សារ កន្លែង​កម្សាន្ដ​តំបន់​ប្រភព​ទឹក​ប្រើ​ប្រាស់ និង​តាម​ប្រព័ន្ធ​លូទឹក​ស្អុយ​នោះ​ទេ។
  • មុន​ពេល​ចោល​សម្រាម គប្បី​ត្រូវ​បែង​ចែក​ឱ្យ​បាន​ជាមុន ដូច​ជា​ប្រភេទ​សម្រាម​ចេញ​ពី​មន្ទីរ​ពេទ្យ​និង​សម្រាម​ចេញ​ពី លំនៅ​ដ្ឋាន ព្រោះ​សម្រាម​ចេញ​ពីមន្ទីរ​ពេទ្យ​អាច​ម្លង​មេរោគ និង​ជម្ងឺ​បាន។

2 . ភារ​កិច្ច​របស់​អង្គ​ភាព​ទទួល​បន្ទុក​ផ្នែក​គ្រប់​គ្រង​សម្រាម

អង្គ​ភាព​ត្រូវ​រៀប​ចំ​ដាក់​ស្លាក​សញ្ញា​ហាម​ឃាត់​ការ​បោះ​ចោល​សម្រាម​រាយ​ប៉ាយ ទុក​ដាក់​សំណល់​រឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ គ្រប់​ទី​កន្លែង ដូចជា​តំបន់​ទីប្រជុំ​ជន ទី​សាធារណៈ រោង​ចក្រ សហ​គ្រាស​ជា​ដើម។ ចំពោះ​ទីលាន​ចាក់​សម្រាម​ត្រូវ​យក​ចិត្ដ​ទុក​ដាក់ ប្រតិ​បត្ដិ​ការ​គ្រប់​គ្រង​ទីលាន​ឱ្យ​បាន​ល្អ ចៀស​វាង​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ឡើង​ដោយ​យក​ចិត្ដ​ទុក​ដាក់​នូវ​ចំណុច​មួយ​ចំនួន​ដូច ខាង​ក្រោម ៖

  • លើក​ទំនប់​ព័ទ្ធ​ជុំវិញ​ទី​លាន​ចាក់​សម្រាម ដើម្បី​ការពារ​ទឹក​ជំនន់​ហូរ​ចូល​ទី​លាន​និង​ហូរ​ចេញ​វិញ​ដោយ​នាំ​សារ​ធាតុ​បំពុល ទៅ​ជា​មួយ ដែល​ធ្វើឱ្យ​មាន​ការ​ពុល​ដល់​ទឹក​លើ​ដី និង​ក្រោម​ដី។
  • រៀប​ចំ​ផ្លូវ​ទី​លាន​ដែល​អាច​ចូល​ចាក់​បាន​គ្រប់​រដូវ​និង​បាត​រណ្ដៅ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ការពារ​មិន​ឱ្យ​មាន​ការហូរ​ជ្រាប​ទឹក​សម្អុយ​ចូល​ក្នុ​ងដី។
  • ត្រូវ​ធ្វើការ​លុប​ចោល​សម្រាម​ដែល​ចាក់​រួច ដើម្បី​ការ​ពារ​ការ​ជះ​ក្លិន​ស្អុយ​ចេញ​មក​ក្រៅ និង​សត្វ​ល្អិត
  • ត្រូវ​ប្រើ​ប្រាស់​ឡ​ទំនើប ក្នុង​ការ​ដុត​បំផ្លាញ​សម្រាម​ឱ្យ​មាន​លក្ខណៈ​បច្ចេក​ទេស​ច្បាស់​លាស់ និង​ចំណុះ​សម​ល្មម​ដើម្បី​កុំឱ្យ សាយ​ភាយ​ក្លិន និង​ចម្លង​មេរោគ។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

ដើម្បី​ធានា​ឱ្យ​បាន​នូវ​បរិស្ថាន​ល្អ សុខ​ភាព​ល្អ និង​ជីវ​ភាព​រស់​នៅ​ប្រសើរ​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើការ​ជួយ​ថែ​រក្សា​នូវ​អនាម័យ​ទាំង​អស់​គ្នា។ ទោះ​បីជា​នៅ​តាម​លំនៅ​ដ្ឋាន កន្លែង​ធ្វើ​ការ រោង​ចក្រ ឬ​សហ​គ្រាស​ក្ដី គប្បី​មាន​ធុង​សម្រាម​ឬ​កន្លែង​ស្ដុក សម្រាម​ឱ្យបាន​សមរម្យ ងាយ​ស្រួល​ប្រមូល។ ចំពោះ​ផ្នែក​បម្រើ​សេវា​កម្ម​ប្រមូល​វិញ​គប្បី​ប្រមូល​សម្រាម​ឱ្យបាន​ទៀង​ទាត់។ ចៀស​វាង​ទុក​យូរ​ជា​ហេតុ​ធ្វើមាន​ការ​រាយ​ប៉ាយ ដែល​បង្កឱ្យ​មាន​ការ​ចម្លង​មេរោគ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Google Analytics Alternative