ជម្ងឺ​បាក់​ស្បាត

នៅក្នុង​សង្គម​ខ្មែរ គេ​សង្កេត​ឃើញ​ជម្ងឺ​បាក់​ស្បាត​កើត​មាន​នៅលើ​មនុស្ស​គ្រប់​ភេទ​គ្រប់​វ័យ។ អ្នក​ដែល​បាន​កើត​ជម្ងឺ​នេះ ពុំបាន​ចាប់​អារម្មណ៍​ពី​អាការ​ដែល​ស្ដែង​ចេញ​មក​ឡើយ។ ម្យ៉ាង​ទៀត​អ្នក​ជម្ងឺ​តែង​ជួប​ព្រឹត្ដិ​ការណ៍​ឬរូបភាព​ដែល​មិន​អាច​ទទួល​យក បាន ហើយ​បណ្ដាល​ឱ្យមាន​ការ​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរ​ទៅ​ដល់់​ផ្លូវ​ចិត្ដ។ ទោះបី​ជា​ស្ថាន​ភាព​នោះ​បាន​កើត​ឡើង​យូរ​ហើយ​ក៏ដោយ ប៉ុន្ដែ​រូប​ភាព នោះវា​ដិត​ដាម​នៅក្នុង​អារម្មណ៍​អ្នក​ជម្ងឺ​ជានិច្ច ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​ចេះ​តែ​នឹក​ឃើញ​ហើយ​មាន​អារម្មណ៍​ខ្លាច​ជួប​ស្ថាន​ភាព​ដូច​នេះ ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខ​នេះ ទស្សនា​វដ្ដី សុខភាពយើង​សូម​លើក​យក​ជម្ងឺ​បាក់​ស្បាត​មក​បង្ហាញ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យបាន​ជ្រាប តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត យឹម សុបុត្រា អ្នក​ឯក​ទេស​ជម្ងឺ​ផ្លូវ​ចិត្ដ​នៅមន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀត។

ជម្ងឺ​បាក់​ស្បាត ជា​អ្វី?

បាក់​ស្បាត គឺជា​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ដ​ដោយ​សារ​ការ​គំរាម​កំហែង​ពី​បុគ្គល​ណា​មួយ​មក​លើ​ខ្លួន​ឬដោយ​ជួប​ព្រឹត្ដិ​ការណ៍​ធ្ងន់ធ្ងរ ណា​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​តក់​ស្លុត។ ស្ថាន​ភាព​នេះនៅ​តែដក់​ជាប់​មកលើ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​បណ្ដាល​ឱ្យកត្ដា​ចិត្ដ​សាស្ដ្រ របស់​អ្នក​ជម្ងឺ​មាន​សភាព​មិន​ប្រក្រតី​ជា​ច្រើន​ខែ​ឆ្នាំ និង​បន្ដឱ្យ​អ្នក​ជម្ងឺ​ចេះតែ​មាន​អារម្មណ៍​ខ្លាច ឆាប់​ភ័យ​ដោយ​គ្មាន​ហេតុ​ផល។

មូល​ហេតុ​បង្ក​ជម្ងឺ​បាក់​ស្បាត

ជម្ងឺ​បាក់​ស្បាត​បាន​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​មាន​នៅ​ក្នុងសង្គម​និង​ក្នុង​ក្រុម​គ្រួសារ​ដូច​ខាង​ក្រោម។

1 . ការ​គំរាម​កំហែង នៅក្នុង​ផ្ទះ​មួយ​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ស្ដុក​ស្ដម្ភ ត្រូវ​បាន​ចោរ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​ហើយ​គំរាម កំហែង​បាញ់​សម្លាប់​ប្ដី ដោយ​ឱ្យ​ប្រពន្ធ​ប្រគល់​មាស​ប្រាក់​ទៅ​ឱ្យ​វា។ ដូច​នេះប្ដី​ប្រពន្ធ​ដែល​ជួប​នូវ​ព្រឹត្ដិ​ការណ៍​នេះ​ធ្វើឱ្យ​មាន​ការភ័យ ខ្លាច​រហូត​បាក់​ស្បាត ដោយ​មិន​ចង់​ជួប​ស្ថាន​ភាព​បែប​នេះ​ទៀត។

2 . ការចាប់​ជំរិត បុគ្គល​ដែល​រួច​ខ្លួន​មក​វិញ ក្រោយ​ពីត្រូវ​បាន​គេ​ចាប់​យក​ទៅ​ឃុំ​ទុក ដើម្បី​ជំរិត​យក​លុយ​ឬ​ទាម​ទារ​ដោះ ដូរ​នូវ​របស់​មាន​តម្លៃ​ផ្សេង​ទៀត​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។ ស្ថាន​ភាព​នេះបាន​ធ្វើឱ្យ​ជនរង​គ្រោះ​មាន​ការតក់​ស្លុត​ភ័យ​រន្ធត់​បង្ក​ឱ្យ​មាន ជម្ងឺ​បាក់​ស្បាត។

3 . ការ​ទទួល​រងនូវ​អំពើ​ហិង្សា​ចាប់​រំលោភ​ផ្លូវ​ភេទ ស្ដ្រីដែលត្រូវគេវាយដំលើរាងកាយ​និង​ចាប់​បង្ខំ​រំលោភ​ផ្លូវ​ភេទ បន្ទាប់​ពីបាន​ទទួល​ទារុណ​កម្ម​នេះ​ហើយ បាន​ធ្វើឱ្យ​ស្ដ្រី​រង​គ្រោះ​មាន​ភាព​តក់​ស្លុត បង្កឱ្យ​មាន​ជម្ងឺ​បាក់​ស្បាត​ឬភ័យ​ខ្លាច​ជួប​ប្រទះ​នូវ​រូប ភាព​នេះ​កើត​ឡើង​មក​លើខ្លួន​ម្ដង​ទៀត។

4 . ព្រឹត្ដិ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ធំៗ ឡាន​នឹង​ឡាន​បុក​គ្នា​ធ្ងន់​ធ្ងរ។ មនុស្ស​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដ​បាន​ខ្ទាត​ចេញ ពីក្នុង​ឡាន ដេក​ស្លាប់​នៅ​លើ​ថ្នល់ ហើយ​មាន​ឈាម​ពេញ​ខ្លួន។ ស្ថាន​ភាព​នេះបាន​ធ្វើឱ្យ​បុគ្គល​ដែល​នៅក្នុង​ហេតុ​ការណ៍​នោះ​មាន ការ​តក់​ស្លុត ចេះតែ​មាន​អារម្មណ៍​ខ្លាច ធ្វើឱ្យ​មាន​ជម្ងឺ​បាក់​ស្បាត​ដោយមិន​ហ៊ាន​ធ្វើ​ដំណើរ​តាម​រថយន្ដ​ទៀត។

5 . សង្គ្រាម ៖ យុទ្ធ​ជន​ធ្វើ​ទាហាន​ច្បាំង​ក្នុង​សមរ​ភូមិ​ទទួល​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​រំសេវ ឬ​មីន​បាន​ធ្វើឱ្យ​ពិការ​ជើង ម្ខាង ឬ​ទាំង​ពីរ។ ហេតុ​ការណ៍​អាក្រក់​នេះធ្វើ​ឱ្យ​យុទ្ធ​ជន​គ្រោះ​ថ្នាក់​នោះ​មាន​ការ​បាក់​ស្បាត។ ជួន​កាល​បុគ្គល​ដែល​បាន​ឃើញ​មិត្ដ​ភក្ដិ ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​គ្នា ដោយ​សារ​ត្រូវ​គ្រាប់​កាំ​ភ្លើង ឬជាន់​មីន​ជា​ដើម។ ស្ថាន​ភាព​នេះធ្វើ​ឱ្យ​បុគ្គល​ដែល​ឃើញ​នោះ មាន​ការ​តក់ ស្លុត រន្ធត់ និង​បង្ក​ឱ្យ​មាន​ជម្ងឺ​បាក់​ស្បាត​ដែរ។

6 . របប​វាល​ពិឃាត​(១៩៧៥-១៩៧៩) នៅ​ក្នុង​រយៈ​ពេល​នេះ​គឺ​ព្រឹត្ដិ​ការណ៍​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​គ្រប់​រូប​បាន ដឹង​ឮ និង​ឃើញ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​មក​ដល់​សព្វ​ថ្ងៃ​ប្រហែល​វ័យ​៣៥​ឆ្នាំ​ឡើង​ទៅ​ទទួល​នូវ​ភាព​តក់​ស្លុត​ពី​សំណាក់​របប​នេះ យ៉ាង​រន្ធត់ ដោយ​ការ​គំរាម​សម្លាប់ ឬ​បង្អត់​អាហារ បង្ខំ​ធ្វើ​ការ​ងារ​ធ្ងន់​ធ្ងរ គ្មាន​ពេល​សម្រាក​ឈឺ​ថ្កាត់​គ្មាន​ថ្នាំ​សង្កូវ។ល។ ទាំង​នេះ ក៏ជា​មូល​ហេតុ​ជាក់​ស្ដែង​ដែល​ប្រជាជន​ខ្មែរ​យើង​បាន​ឆ្លង​កាត់​ព្រម​ទាំង​បណ្ដាល​ឱ្យ​បុគ្គល​មួយ​ចំនួន​មក​ទល់​ពេល​នេះ​មាន​ជម្ងឺ​បាក់ ស្បាត។

រោគ​សញ្ញា​ជម្ងឺ​បាក់​ស្បាត

បុគ្គល​ដែល​មាន​ជម្ងឺ​បាក់​ស្បាត គឺ​អាស្រ័យ​ដោយ​បុគ្គល​នោះ​បាន​ឆ្លង​កាត់​នូវ​ព្រឹត្ដិ​ការណ៍​សាហាវ​ដែល​ធ្វើឱ្យ​មាន​ការ​ភ័យ រន្ធត់​តក់​ស្លុត​ណា​មួយ ដែល​លេច​ចេញ​ជា​សញ្ញា​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។

1 . រោគ​សញ្ញា​ផ្លូវ​ចិត្ដ ឆាប់​ភ័យ ឆាប់​រន្ធត់​តក់​ស្លុត ធ្លាប់​ជា​មនុស្ស​ដែល​មាន​ភាព​ចង​ចាំ​ល្អ​បែរទៅ​ជា​មនុស្ស​ឆាប់​វង្វេង វង្វាន់ ឆាប់​ភ្លេច ឆាប់​ភ្ញាក់​ផ្អើល ឆាប់​មួម៉ៅ​ឡេះ​ឡះ ផ្លាស់​ប្ដូរ​អាកប្ប​កិរិយា​ពី​សុភាព​រាបសារ​ទៅជា​ឆាប់​ឆេវ​ឆាវ​ឆាប់​ខឹង មាន​អារម្មណ៍​ស្ពឹក​ខ្លួន ដូច​ជា​ពិការ​មួយ​ចំហៀង​ខ្លួន មាន​អារម្មណ៍​ទុក្ខ​សោក ចេះ​តែ​កើត​ទុក្ខ​សម័យ​នឹក​សុបិន​ឃើញ​នូវ​រូប​ភាព ឬ​ព្រឹត្ដិ​ការណ៍​ស្រស់ៗ ដែល​បាន​ឆ្លង​កាត់ ជា​ហេតុ​ធ្វើឱ្យ​មាន​ភ័យ​ខ្លាច​មួយ​រំពេច។

2 . រោគ​សញ្ញា​ផ្លូវ​កាយ ញ័រ​ដើម​ទ្រូង ញ័រ​ដៃ​ជើង អស់​កម្លាំង​ល្ហិត​ល្ហៃ ស្រវាំង​ភ្នែក​មើល​អ្វីឃើញ​តែ​រាង​ព្រិលៗ​វិល​មុខ គេង​មិន​លក់ ចេះតែ​ធេង​ធោង​រសាប់​រសល់ បែក​ញើស​ពេញ​ខ្លួន ត្រជាក់​ចុង​ដៃ​ជើង ឆ្អល់​ពោះ ញ៉ាំ​អ្វី​មិន​បាន​ឈឺ​ក្បាល ចុក​ចាប់​ពេញ រាង​កាយ និង​ធ្វើឱ្យ​អ្នក​ជម្ងឺ​អាច​ក្អួត​ចង្អោរ​ជា​ដើម។

ផល​វិបាក​នៃ​ជម្ងឺ​បាក់​ស្បាត

អ្នក​ដែល​មាន​ជម្ងឺ​បាក់​ស្បាត គឺជា​អ្នក​ដែល​ចេញ​ប្រឡូក​ការងារ​ក្រៅ​ច្រើន​ជាង​គេ​ហើយក៏​ជួប​ព្រឹត្ដិ​ការណ៍​ច្រើន​ជាង​គេ​ដែរ។ ពេល​បុគ្គល​នោះ​ឆ្លង​កាត់​នូវ​ព្រឹត្ដិ​ការណ៍​ធ្ងន់ធ្ងរ​ណា​មួយ ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​ការ​ភ័យ​ខ្លាច រន្ធត់​តក់​ស្លុត​រហូត​មាន​ជម្ងឺ​បាក់ ស្បាត។ បែប​នេះ​បណ្ដាល​ឱ្យមាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​ទៅលើ​ផ្នែក​ផ្លូវ​ចិត្ដ និង​ផ្លូវ​កាយ ដូចជា​ឈឺ​ក្បាល វិល​មុខ​ញ៉ាំអ្វី​មិន​បាន ធ្វើឱ្យ​រាង​កាយ​ស្គម​ស្គាំង មាន​ជម្ងឺ​ក្រពះ មាន​ជម្ងឺ​ថប់​អារម្មណ៍ មាន​ស្មារតី និង​អារម្មណ៍​មិន​ល្អ ឆាប់​ឆេវ​ឆាវ​ខឹង​ដោយ​គ្មាន​ហេតុ​ផល គ្មាន​សីល​ធម៌​ក្នុង​ខ្លួន​ជា​ដើម។ មិនតែ​ប៉ុណ្ណោះ ធ្វើឱ្យ​ឆាប់​វង្វេង ចង​ចាំអ្វី​មិន​បាន​ល្អ​ធ្លាក់​ចុះនូវ​កិច្ច​ការ​ប្រកប​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ ឬកិច្ច​ការ​សង្គម ប្ដូរ​ឥរិយា​បថ​សុភាព​រាបសារ​ទៅជា​ព្រហើន​កោង​កាច និង​ទៅជា​អ្នក​សេព​សុរា​ឬជក់​ថ្នាំ​ញៀន​ជាដើម។

វិធី​កាត់​បន្ថយ​ជម្ងឺ​បាក់​ស្បាត

បុគ្គល​មាន​ជម្ងឺ​បាក់​ស្បាត​ដោយ​ជួប​ប្រទះ​នូវ​ហេតុ​ការណ៍​ជាក់​ស្ដែង​ធ្ងន់​ធ្ងរ​ត្រូវ​ចេះ​និយាយ​រឿង​ដែល​ឆ្លង​កាត់​នេះ​ប្រាប់​ទៅ មិត្ដ ឬអ្នក​ជាទី​ស្រឡាញ់ ដើម្បី​រំសាយ​ភាព​ដិត​ដាម​ចង​ចាំ​នៅ​ខួរ​ក្បាល​ហើយ​ចៀស​វាង​បៀម​ទុក្ខ​ម្នាក់​ឯង​នាំឱ្យ​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ។ ឧទា​ហរណ៍ នារី​ម្នាក់​ត្រូវ​គេ​ចាប់​រំលោភ​ផ្លូវ​ភេទ ហើយ​វាយ​ដំ​រាង​កាយ។ នារី​នេះ​មិន​និយាយ​ប្រាប់​នរណា​ម្នាក់​ឡើយ​ព្រោះ​ខ្មាស​អៀន សុខ​ចិត្ដ​សម្ងំ​បៀម​ទុក្ខ​រឿង​អាស្រូវ​នេះ​ម្នាក់​ឯង។ ការ​ធ្វើ​បែប​នេះ​មិន​ល្អ​ទេ​ព្រោះ​អាច​ឱ្យ​នារី​រង​គ្រោះ​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ ហើយ​ត្រូវ​គិត​ថា នេះ​មិន​មែន​ជាកំហុស​របស់​ខ្លួន​ទេ។ ម្យ៉ាង​ទៀត​ត្រូវ​គិត​ថា រឿង​អតីត​កាល​គ្រាន់​តែជា​ការ​យល់​សប្ដិ​មិន​មែន​ជាការ​ពិត​ទេ។ ទន្ទឹម​នឹង នោះ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ថ្ងៃ​នេះ​គឺជា​ថ្ងៃ​នេះ មិន​មែន​ជាថ្ងៃ​មុន​ឡើយ។ ម្យ៉ាង​ទៀត​ត្រូវ​ធ្វើ​សម្មា​ធិ ឬទៅ​វត្ដ​អារាម​ស្ដាប់​លោក​ទេស​នា ដើម្បី​លុប​បំបាត់​រឿង​អាក្រក់​ដែល​ជួប​ប្រទះ​បន្ដិច​ម្ដង។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

ការជួប​នូវ​ហេតុ​ការណ៍​ធ្ងន់ធ្ងរ​ដែល​នាំឱ្យ​មាន​ភាព​តក់​ស្លុត បង្ក​ឱ្យមាន​ជម្ងឺ​បាក់​ស្បាត​សូម​កុំ​បណ្ដែត​បណ្ដោយ​និង​ចេះតែ​សម្ងំ បៀម​ទុក្ខ​រឿង​អាក្រក់​ដែល​ជួប​ប្រទះ​តែម្នាក់​ឯង ព្រោះ​អាចឱ្យ​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ​ធ្ងន់​ធ្ងរ។ លោក​អ្នកគួរ​ប្រាប់​ទៅកាន់​មិត្ដ ឬអ្នក​ជាទី ស្រឡាញ់ ឬអ្នក​ជំនាញ​ណា​មួយ ដែល​គិតថា​ផ្ដល់​ប្រយោជន៍​ចំពោះ​លោក​អ្នក​ដើម្បី​រំសាយ​រូបភាព​អាក្រក់​នោះ​បន្ដិច​ម្ដងៗ កុំឱ្យ​ដក់ ជាប់​ក្នុង​សអារម្មណ៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Google Analytics Alternative