ជម្ងឺ​ដុំ​ស្រោម​ខួរ​ក្បាល

ខួរ​ក្បាល​គឺជា​សរីរាង្គ​មួយ​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​បំផុត​នៅក្នុង​ការ​គ្រប់​គ្រង​និង​បញ្ជា​ទៅដល់​បណ្ដុំ​នៃ​ប្រព័ន្ធ​ប្រសាទ  របស់​មនុស្ស​ឱ្យមាន​សកម្ម​ភាព។ ទន្ទឹម​នឹង​នោះ​ផង​ដែរ ប្រសិន​បើ​ខួរ​ក្បាល​មាន​បញ្ហា​ឬមាន​អ្វីមួយ​មក​ប៉ះទង្គិច​នោះ​វាពិត​ជា​អាច​បង្ក ឱ្យ​មាន​ផល​លំបាក​ជា​ច្រើន​ដល់​សុខ​ភាព និង​ការ​រស់​នៅ។ ជា​ពិសេស​អាច​បណ្ដាល​អ្នក​ជម្ងឺ​ពិបាក​នឹង​ថែរក្សា​អាយុ​ជីវិត​ថែម​ទៀត​ផង ប្រសិន​បើពុំ​មាន​ដំណោះ​ស្រាយ និង​ទទួល​ការ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​ទេ​នោះ។ មាន​មនុស្ស​ភាគ​ច្រើន​មាន​ការ​យល់​ថា​ជម្ងឺ​ដុំ ស្រោម​ខួរ​ក្បាល គឺ​គ្រាន់​តែជា​បូស​មួយ​ដែល​កើត​នៅ​លើ​ក្បាល​តែ​ប៉ុណ្ណោះ។ នេះជា​ការមួយ​ដែល​យល់​ខុស​ទាំង​ស្រុង។  

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យមាន​ការ​យល់​ដឹងឱ្យ​កាន់តែ​ច្បាស់​ពីផល​វិបាក ដែល​ទទួល​បាន​មកពី​ជម្ងឺ​ដុំ​ស្រោម​ខួរ​ក្បាល​លោក​វេជ្ជ​បណ្ឌិត​ហែម សុគន្ធា អ្នក​ឯក​ទេស​វះ​កាត់​ប្រព័ន្ធ​ប្រសាទ នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​នឹង​បក​ស្រាយ​ជូន​លោក​អ្នក​តាម​រយៈ​ទំព័រ​នៃ​ទស្សនា​វដ្ដី សុខ​​ ភាព​​យើង។

ជម្ងឺ​ដុំ​ស្រោម​ខួរ​ក្បាល ជា​អ្វី?

ជម្ងឺ​ដុំខួរ​ក្បាល​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន​ដែល​មាន​ពេល​ខ្លះជម្ងឺ​ដុំខួរ​ក្បាលនេះ​អាច​មាន​នៅក្នុង​បណ្ដុំ​នៃខួរ​ក្បាល និង មាន​ពេល​ខ្លះ​ទៀត​ជម្ងឺ​នេះ ក៏អាច​មាន​លេច​ចេញ​នៅលើ​ស្រោម​ខួរ​ក្បាល​ទៅ​វិញ។ ចំពោះ​ប្រភេទ​ជម្ងឺ​ដុំខួរ​ក្បាល​ដែល​មាន​នៅ​លើ ស្រោម​ខួរនោះ គេក៏​អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា“មេ​ណាំង​ស្យូម”។ ជាទូទៅ​គេតែង​តែ​សង្កេត​ឃើញ​ជាញឹក​ញាប់​ថា ចំពោះ​ប្រភេទ ជម្ងឺ​ដុំខួរ​ក្បាល​ដែល​មាន​នៅលើ​ស្រោម​ខួរ​ក្បាល​នេះ​គឺមាន​អត្រា​ចាប់​ពី១៥%​ទៅ២០​%នៃ​ដុំខួរ​ក្បាល។

រោគ​សញ្ញា​ជម្ងឺ​ដុំ​ស្រោម​ខួរ​ក្បាល

ចំពោះ​រោគ​សញ្ញា​នៅ​ដំណាក់​កាល​ដំបូង មាន​មួយ​ភាគ​បីនៃ​ជម្ងឺ​នេះពុំ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ដំណាក់​កាល​កាន់​តែ ធ្ងន់​ធ្ងរ​ទើប​គេ​ឃើញ​មាន​រោគ​សញ្ញា ដូច​ជាអ្នក​ជម្ងឺ​មាន​អាការ​ឈឺ​ក្បាល ក្អួត​ចង្អោរ បាត់​បង់​ស្មារតី​ជាដើម។ រោគ​សញ្ញា​ធ្ងន់ ឬ​ស្រាល អាស្រ័យ​ទៅលើ​កន្លែង​ដែល​ដុះដុំ​សាច់​នោះ​ធ្វើការ​វិវត្ដន៍។ បើដុំ​នោះ​កាន់​តែធំ​ឡើងៗ​វាអាច​ស៊ី​ទម្លុះ​ឆ្អឹង​ក្បាល ហើយ​ពក​ចេញ​មក ក្រោម​ស្បែក​ក្បាល​ឃើញ​ចេញ​មក​ខាង​ក្រៅ​ផ្ទាល់​តែ​ម្ដង​មាន​សភាព​ដូចជា​បូស​ដែល​កើត​ឡើង​នៅលើ​ក្បាល​អ៊‌ីចឹង។ គេ​ប្រទះ​ឃើញ មាន​ដុំពក​នៅលើ​ក្បាល​នេះ ដែល​បណ្ដាល​មក​ពី​ដុំ​មេណាំង​ស្យូម​នេះ​តែ​ម្ដង​ដែល​ធ្វើឱ្យ​យើង​អាច​ឃើញ​វា​ដោយ​ភ្នែក​ទទេ​បាន ដោយ មិន​ចាំបាច់​ធ្វើការ​ថត​អេកូ​សាស្ដ្រ​ទេ។

មូល​ហេតុ​បង្ក​ជម្ងឺ​ដុំ​ស្រោម​ខួរ​ក្បាល

បើតាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ចំពោះ​ប្រភេទ​ជម្ងឺ​ដុំ​ស្រោម​ខួរ​ក្បាល ឬ​មេណាំង​ស្យូម​នេះ​នៅ​មិន​ទាន់ ដឹង​ថា អាច​បណ្ដាល​មកពី​មូល​ហេតុ​អ្វី​ច្បាស់​លាស់​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្ដែ​បើតាម​ការ​សង្កេត​មើល​របស់​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន កត់​សម្គាល់​ថា ជម្ងឺ​នេះ​ច្រើន​មាន​កើត​ឡើង​ទៅលើ​ស្ដ្រី​ដែល​មាន​ជម្ងឺ​ដុំ​ដោះ​និង​មាន​ការ​វិវត្ដន៍​រីករាល​ដាល​លឿន​នៅ​ពេល​ដែល​ស្ដ្រី កំពុង​មាន​គភ៌ ពីព្រោះ​ជម្ងឺ​ប្រភេទ​នេះវា​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​អ័រម៉ូន​របស់​ស្ដ្រី។

ផល​វិបាក​ក្រោយ​ពេល​កើត​ជម្ងឺ​ដុំស្រោម​ខួរ​ក្បាល

នៅក្នុង​ខណៈ​ពេល​ដែល​អ្នក​ជម្ងឺ​មិន​ទាន់​មាន​ការ​ព្យាបាល​ឱ្យរួច​ចាក​ផុតពី​ជម្ងឺ​នេះ​ទេ​នោះដុំ​ដែល​ដុះលើ​ស្រោម​ខួរ​នឹង​មាន ការរីក​ធំ​ឡើងៗ​សង្កត់​ទៅលើ​ខួរ​ក្បាល​តែ​ម្ដង ដែល​ជា​ហេតុ​ធ្វើឱ្យ​អ្នក​ជម្ងឺ​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ជា​ខ្លាំង។ ជា​ពិសេស​វាអាច​បណ្ដាល ឱ្យ​អ្នក​ជម្ងឺ​បាត់​បង់​អាយុ​ជីវិត​បាន​ថែម​ទៀត​ផង ដែល​ជា​ប្រការ​មួយ​តម្រូវ​ឱ្យ​អ្នក​ជម្ងឺ​ត្រូវ​ទទួល​ការ​ពិនិត្យ​និង​ព្យាបាល​ឱ្យទាន់​ពេល វេលា និង​ត្រឹម​ត្រូវ។

វិធី​សាស្ដ្រ​ក្នុង​ការ​ព្យាបាល​ដុំ​ស្រោម​ខួរ​ក្បាល

នៅក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មាន​អ្នក​កើត​ជម្ងឺ​ដុំខួរ​ក្បាល​នេះ ភាគ​ច្រើន​ជាស្ដ្រី​ដែល​មាន​ភាគ​រយ​ច្រើន​ជាង​បុរស។ ការ ព្យាបាល​មាន​ប្រសិទ្ធ​ភាព​ទៅបាន​នោះ ទាល់តែ​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ថាន​ភាព​នៃការ​រីក​រាល​ដាល​នៃដុំ​ខួរ​ក្បាល​នោះ​សិន​ដោយ​ថត អេកូ​សាស្ដ្រ ទើប​ធ្វើ​ការ​ព្យាបាល​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជម្ងឺ​បាន។ ការធ្វើ​រោគ​វិនិច្ឆ័យ​មុន​ព្យាបាល​ដោយ​យក​អ្នក​ជម្ងឺ ទៅ​ពិនិត្យ​រោគ​សញ្ញា តាម​រយៈ​ការ​ថត​កាំ​រស្មី​អ៊ិច និង​ពិនិត្យ​មើល​ឆ្អឹង​ក្បាល​តាម​រយៈការ​ថត​អេកូ​សាស្ដ្រ។

ការ​ព្យាបាល​ដុំ​មេ​ណាំង​ស្យូម​នេះគឺ​មាន​តែវិធី​វះ​កាត់​មួយ​គត់​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​បាន​ហើយ​ភាគ​រយ នៃការ​ជា​សះ​ស្បើយ​នោះក៏​មាន​ឱកាស​ច្រើន​ណាស់​ដែរ​អ្វី​ដែល​សំខាន់​នោះគឺ​អ្នក​ជម្ងឺ​ត្រូវទៅ​កាន់​មន្ទីរ​ពេទ្យ​ឱ្យ​ទាន់​ពេល​វេលា។ ប៉ុន្ដែ អត្រា​នៃការ​លាប់​រោគ​ឡើង​វិញ​មាន​កម្រិត​ខ្ពស់​ផង​ដែរ​បើអ្នក​ជម្ងឺវះ​កាត់​ហើយ​មិន​បាន​ប្រើថ្នាំ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ និង​ធ្វើអ្វី មួយ​ដែល​អាច​ប៉ះ​ពាល់​ទៅដល់​កន្លែង​ដែល​ទើប​នឹង​ធ្វើការ​វះ​កាត់​នោះ។

ប្រការ​គួរ​ចៀស​វាង

ពេល​ដែល​លោក​អ្នក​ឃើញ​ដុំពក​នៅ​លើ​ក្បាល ត្រូវ​ចៀស​វាង​ធ្វើការ​ព្យាបាល​ដោយ​ខ្លួន​ឯង​ព្រោះវា​អាច​ជា​ករណី​ធ្ងន់​ធ្ងរ មួយ​បាន បើគ្មាន​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ។ វាអាច​ហូរ​ឈាម​ចូល​ក្នុង​ខួរ​ក្បាល​ដុំសាច់​នោះអាច​សង្កត់​ខួរ​ក្បាល​បង្ក​គ្រោះ ថ្នាក់​បាន​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។ មួយ​វិញ​ទៀត​មិន​ត្រូវ​សាក​ល្បង​ធ្វើការ​វះកាត់​ទេ​គួរតែ​ពិនិត្យ​ឱ្យបាន​ត្រឹម​ត្រូវ​ជាមុន​សិន ត្រូវ ថត​កាំ​រស្មី​អ៊ិច មើល​ពី​លលាដ៍​ក្បាល​សិន​ទើប​ធ្វើការ​វះ​កាត់​ជា​ក្រោយ។ ហើយ​ត្រូវ​ជ្រើស​រើស​គ្រូ​ពេទ្យ​ណា​ដែល​មាន​ជំនាញ និង បទ​ពិសោធ​ត្រឹម​ត្រូវ​ទើប​មាន​សំណាង​ល្អ។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

ប្រសិន​បើ​លោក​អ្នក​មាន​អាការ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ គួរ​គប្បី​ប្រញាប់​ប្រញាល់​ទៅកាន់​មន្ទីរ​ពេទ្យ​ជួប​ជាមួយ​អ្នក ឯក​ទេស ឬ​គ្រូ ពេទ្យ​ជំនាញ​ជា​បន្ទាន់។ លោក​អ្នក​ទទួល​បាន​ការ​ពិគ្រោះ​ពិនិត្យ​ដោយ​កាំរស្មី​អ៊ិច​ថតឆ្លុះ​មើល​ពី​លលាដ៍​ក្បាល ដើម្បី​ឱ្យ ដឹង​ច្បាស់​ថា វាពិត​ជា​ជម្ងឺ​ដុំខួរ​ក្បាល​មែន ឬ​មិន​មែន ទើប​ជាការ​ប្រសើរ។ ការ​ដឹង​ច្បាស់​ពី​លក្ខណៈ​និង​ប្រភេទ​នៃ​ជម្ងឺ គឺជា​មធ្យោ​បាយ ដ៏ល្អ​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​អាយុ​ជីវិត​របស់​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Google Analytics Alternative