ខ្ញុំ​មាន​ក្រួស​ក្នុង​ប្រមាត់

ប្រមាត់​គឺជា​សរីរៈ​មួយ​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​បញ្ចេញ​រស​ទឹក​ប្រមាត់​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការ នៃការ​រំលាយ​អាហារ​របស់​ប្រព័ន្ធ​រំលាយ​អាហារ។ ប៉ុន្ដែ​នៅពេល​ដែល​សារធាតុ​មួយ​ចំនួន​ដែល​មាននៅក្នុង​ទឹកប្រមាត់​មាន​បញ្ហា ឬបង្ក ឱ្យ​កើត​មាន​នូវដុំ​ក្រួស​នៅក្នុង​ថង់​ប្រមាត់​នោះ វានឹង​អាច​ចោទ​ជា​បញ្ហា​មកលើ​សុខ​ភាព​និងធ្វើ​ឱ្យមាន​ផល​លំបាក​ជាក់ជា​មិន​ខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ប្រធាន​បទ​នេះ លោក​វេជ្ជ​បណ្ឌិត លាង ហ៊ត់​អ្នកឯក​ទេស​ខាងវះ​កាត់​ពោះវៀន​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុ​មាលា​បាន ចូល​រួមធ្វើ​ការ​បក​ស្រាយ​យ៉ាង​លម្អិត ដើម្បី​ចែក​ជូន​ដល់​ប្រិយ​មិត្ដ​អ្នក​អាន​និងបង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ទុក​គ្រាន់​ជាការ​បង្កើន​នូវ ការយល់​ដឹង​បន្ថែម។

ក្រួស​ក្នុង​ប្រមាត់ ជា​អ្វី?

ក្រួស​ក្នុង​ប្រមាត់​គឺជា​វត្ដ​មាន​របស់​គ្រាប់​ក្រួស​មួយ​ឬ​ច្រើន ដែល​មាននៅ​ក្នុងថង់​នៃ​ទឹក​ប្រមាត់។ គ្រាប់​ក្រួស​ទាំង​នេះ​មិន មែន​ជា​គ្រាប់​ក្រួស​រឹង(ថ្ម​ក្រួស)​មិន​អាច​ចុច​បំបែក​បាន​នោះ​ទេ​វាគ្រាន់​តែជា​ក្រួស​ដែល​កើត​ឡើង​ពីកំណក​នៃ​សារ​ធាតុ​ផ្សេងៗ​ដែល មាន​នៅក្នុង​ថង់នៃ​ទឹក​ប្រមាត់​តែ​ប៉ុណ្ណោះ។ ជា​ទូទៅ​គេ​តែងតែ​សង្កេត​ឃើញ​ថា​ជម្ងឺ​ប្រភេទ​នេះ​ច្រើន​កើតមាន​ទៅលើ​មនុស្ស​ស្រី​ច្រើន ជាង​បុរស។

រោគ​សញ្ញា​ជម្ងឺ​ក្រួស​ក្នុង​ប្រមាត់

គេអាច​ធ្វើការ​សន្និ​ដ្ឋាន​ថា អ្នក​ជម្ងឺ​មាន​កើត​ជម្ងឺ​ក្រួស​ក្នុង​ប្រមាត់​ទៅ​បាន​នោះ​គឺ​អាស្រ័យ​ទៅលើ​រោគ​សញ្ញា​ជាក់​លាក់​មួយ ចំនួន។

  • អ្នក​ជម្ងឺ​មាន​អារម្មណ៍​ថា ហូប​បាយ​មិន​បាន សម្រាន្ដ​មិន​លក់ និង​មាន​ក្អួត​ចង្អោរ
  • មាន​អាការ​ឈឺ​ចុក​ចាប់​នៅផ្នែក​ខាង​ស្ដាំ​ក្រោម​ឆ្អឹង​ជំនីរ​(ចំណុច​ត្រង់​ថ្លើម)។ បន្ទាប់​មកអ្នក​ជម្ងឺ​ចាប់​ផ្ដើម​ឈឺរាល​ដាល ចាប់​ពីផ្នែក​ខាង​ក្រោម​នៃឆ្អឹង​ជំនីរ​ស្ដាំ​រហូត​មក​ដល់​ស្មា​ខាង​ស្ដាំ។
  • អ្នក​ជម្ងឺ​មាន​ចេញ​លឿង​នៅលើ​រាង​កាយ ដូចជា​ប្រែ​ពណ៌​ស្បែក គ្រាប់​ភ្នែក​និងទឹក​នោម​ទៅជា​ពណ៌​លឿង​ចាស់។ លើស​ពីនេះ​ទៅ​ទៀត អ្នក​ជម្ងឺ​អាច​មាន​ការ​ឈឺចុក​ចាប់​ខ្លាំង ដែល​ជាសញ្ញា​បញ្ជាក់​ប្រាប់ពី​ភាព​ធ្ងន់ធ្ងរ​នៃការ​រីក​រាល​ដាល​នៃ​ជម្ងឺ​ដែល តម្រូវ​ឱ្យ​បញ្ជូន​អ្នក​ជម្ងឺ​ទៅកាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​នូវ​រាល់​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​អាចកើត​មាន​ជាយ​ថា​ហេតុ។

ចំណុច​សំខាន់​ដែល​អាច​ដឹង​ថា អ្នក​ជម្ងឺ​មាន​គ្រាប់​ក្រួស​ក្នុង​ថង់​ប្រមាត់​បានឬ​អត់​នោះ​គឺអ្នក​ជម្ងឺត្រូវ​ទៅថត​ឆ្លុះ​មើល​ដោយ ម៉ាស៊ីន​អេកូ​សាស្ដ្រ ដើម្បី​ឱ្យដឹង​ច្បាស់​ថាមាន​កើត​ដុំក្រួស​ឬ​អត់ តើ​ដុំ​ក្រួស​នោះ​តូចឬ​ធំ មាន​រូបរាង​យ៉ាង​ដូច​ម្ដេច។

មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​ក្រួស​ក្នុង​ប្រមាត់

បើតាម​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​កត់​ចំណាំ​គេអាច​សន្មត​បានថា​ជម្ងឺ​ក្រួស​ក្នុង​ប្រមាត់​នេះអាច​កកើត​ឡើង​បាន​បណ្ដាល មកពី​មូល​ហេតុ​ចំនួន​៣ធំៗ។

  • មូលហេតុទី១ បណ្ដាល​មកពី​ការ​កើន​ឡើង​នៃ​សារ​ធាតុ​ជាតិ​ខ្លាញ់​(កូលេស​ស្ដេ​រ៉ូល)​ហើយ​កក​នៅក្នុង​ថង់​ទឹក​ប្រមាត់។ ការ​កក​នៃជាតិ​ខ្លាញ់​នេះ អាច​បង្កឱ្យ​កើត​មាន​ក្រួស​នៅក្នុង​ប្រមាត់។
  • មូលហេតុទី២ បណ្ដាល​មកពី​សារ​ធាតុ​ម្យ៉ាង​ដែល​មាននៅ​ក្នុងទឹក​ប្រមាត់​ស្រាប់​ដែលគេ​ឱ្យ​ឈ្មោះ​ថា“ពេច​ម៉ង់​ទែរ”។ នៅ​ក្នុង​ពេច​ម៉ង់​ទែរ មាន​សារ​ធាតុ​មួយ​ចំនួន​ដូច​ជា​សារ​ធាតុ​កាល​ស្យូម សូដ្យូម គ្រីស​ស្ដូរ​ជា​ដើម។ នៅ​ពេល​ដែល​សារ​ធាតុ​ទាំង​អស់ នោះ​(ពេច​ម៉ង់​ទែរ)​កក វា​នឹង​ក្លាយ​ទៅជា​គ្រាប់​ក្រួស​នៅ​ក្នុង​ប្រមាត់។
  • មូលហេតុទី៣ អាច​បណ្ដាល​មកពី​ពពួក​មេ​រោគ និង​សត្វ​ល្អិត​មួយ​ចំនួន ដូច​ជា​ពពួក​ព្រូន​ជា​ដើម។ គ្រាប់​ក្រួស​ក្នុង​ប្រមាត់ អាច​កើត​ដោយ​សារ​កម្ទេច​កម្ទី ឬ​កាក​សំណល់​នៃ​ពពួក​សត្វ​ល្អិត​ដែល​ស្លាប់​ដោយ​សារ​ការ​បញ្ចេញ​នៃ​ទឹក​ប្រមាត់។

វិធី​សាស្ដ្រ​ក្នុងការ​ព្យាបាល

សម្រាប់​វិធី​សាស្ដ្រ​នៃ​ការ​ព្យាបាល អ្នក​ជំនាញ​អាច​មាន​ជម្រើស​ផ្សេងៗ​ទៅតាម​សភាព​ជាក់​ស្ដែង​នៃអ្នក​ជម្ងឺ។ ចំពោះ​ការ ព្យាបាល​ជម្ងឺ​ប្រភេទ​នេះ​មាន​២​វិធី​សាស្ដ្រ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​សាស្ដ្រ​ទី១ ៖ នៅ​ពេល​ពិនិត្យ​មើល​ទៅ ឃើញ​ថាមាន​គ្រាប់​ក្រួស​នៅក្នុង​ថង់​ប្រមាត់​ហើយ​ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យមាន​ការ រលាក​ថង់​ប្រមាត់ ឬមិន​បាន​ផ្ដល់​ផល​លំបាក​ទៅដល់​អ្នក​ជម្ងឺ​ទេ នោះគេ​មិន​ចាំ​បាច់​ធ្វើការ​វះកាត់​ឡើយ។ គេគ្រាន់​តែធ្វើ​ការ​ព្យាបាល ដោយ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​ពពួក​ថ្នាំ​ផ្សះ(ពពួក​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច)ជា​ការ​ស្រេច។ នៅក្នុង​ករណី​ដែល​អ្នក​ជម្ងឺ​ចេះ​តែ​ក្អួត​ចង្អោរ គេអាច​ប្រើ​ទុយោ​ស៊ក​បញ្ចូល​តាម​ច្រមុះ​ទៅក្នុង​ក្រពះ​(សុង)​ដើម្បី​បង្ហូរ​ទឹក​ប្រមាត់​ដែល​ស្ទះ​ចេញ​មក​ក្រៅ។

វិធី​សាស្ដ្រ​ទី២ ៖ នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា ក្រោយ​ពីបាន​ធ្វើការ​ព្យា​បាល​ដោយ​ប្រើថ្នាំ​ពុំមាន​ប្រសិទ្ធ​ភាព​ហើយ​ចេះ តែផ្ដល់​ផល​លំបាក​ដល់​អ្នក​ជម្ងឺ​ម្ដង​ហើយ​ម្ដង​ទៀត​នោះគឺ​មាន​តែវិធី​សាស្ដ្រ​វះកាត់​មួយ​គត់​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ជម្ងឺ។

ក្នុង​ពេល​បច្ចុប្បន្ន​ភាព​នេះ នៅ​តាម​បណ្ដា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​លើ​ពិភព​លោក​ដែល​មាន​បច្ចេក​ទេស​ខ្ពស់​ទំនើប នោះ​គេអាច​ធ្វើការ​វះកាត់​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្ដិ​(វះ​កាត់​ដោយ​ម៉ាស៊ីន​សឺរីយូ​ស្កូប​ពី)ជំនួស​វិធី​សាស្ដ្រ​វះ​កាត់​ដោយ​ដៃ​ផ្ទាល់ ដែល​វិធី សាស្ដ្រ​បែប​នេះមិន​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មាន​ការ​ឈឺ​ចាប់​ឡើយ។

ផល​ប៉ះ​ពាល់​ក្រោយ​ពេល​កើត​ក្រួស​ក្នុង​ប្រមាត់

នៅពេល​ដែល​កើត​មាន​ជម្ងឺ​ក្រួស​ក្នុង​ប្រមាត់​អាច​បណ្ដាល​ឱ្យមាន​ផល​លំបាក​និងការ​ប៉ះពាល់​មួយ​ចំនួន​ទៅលើ​ប្រព័ន្ធ​សរីរៈ ផ្នែក​ខាង​ក្នុង។ វាអាច​បណ្ដាល​ឱ្យ​រលាក​ប្រមាត់ រលាក​ផ្លូវ​ដែល​ទឹក​ប្រមាត់​ហូរ​ឆ្លង​កាត់​លើស​ពីនេះ​ទៅទៀត​វាអាច​បណ្ដាល​ឱ្យអ្នក ជម្ងឺ​កើត​នូវ​ជម្ងឺ​បូស​ប្រមាត់​មួយ​បន្ថែម​ពីលើ​មួយ​ទៀត ដែល​នាំឱ្យ​មាន​ការ​លំបាក​នៅក្នុង​ការ​ព្យាបាល។

វិធី​បង្ការ​ជម្ងឺ​ក្រួស​ក្នុង​ប្រមាត់

ឆ្លង​កាត់​តាម​ការ​បក​ស្រាយ​យ៉ាង​លម្អិត អំពី​បញ្ហា​ដែល​បង្ក​ឱ្យកើត​មាន​ក្រួស​ក្នុង​ប្រមាត់​យើង​អាច​ប្រើប្រាស់​វិធី​បញ្ចៀស ការ​ឆ្លង​មួយ​ចំនួន។ ប្រការ​ដែល​ត្រូវ​ប្រតិបត្ដិ​គឺត្រូវ​ចៀស​វាង ឬកាត់​បន្ថយ​នូវ​ការ​បរិភោគ​អាហារ​ទាំង​ឡាយ​ណា​ដែល​សម្បូរ​ទៅ ដោយ​ជាតិ​ខ្លាញ់​ច្រើន។ ម្យ៉ាង​វិញ​ទៀត​យើង​ដឹង​ហើយ​ថា ពពួក​មេរោគ​ពពួក​សត្វ​ល្អិត​មួយ​ចំនួន​អាចធ្វើ​ឱ្យមាន​ការ​រលាក​ប្រមាត់ និង បង្ក​ឱ្យ​កើត​នូវ​គ្រាប់​ក្រួស ដូច្នេះ​ត្រូវ​យក ចិត្ដ​ទុក​ដាក់​ទៅលើ​ការ​ជម្រុះ​ចោល​នូវ​ពពួក​មេរោគ​ចង្រៃ​ទាំង​នោះ​ទៅតាម​វេជ្ជ​បញ្ជា​ឱ្យ​បាន ត្រឹម​ត្រូវ ហើយ​ត្រូវមាន​អនាម័យ​ទាំង​ការ​រស់​នៅ ទាំង​ការ​បរិភោគ​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​ទើប​ជាប្រការ​មួយ​ដែល​ប្រសើរ​បំផុត។

ដំបូ​ន្មាន​អ្នក​ជំនាញ

ប្រសិន​បើ​លោក​អ្នក​សង្កេត​ឃើញ​ថា មាន​អាការ​ដូច​ដែល​បាន​ជម្រាប​ជូន​នៅ​ខាង​លើ​នេះ​ចាំបាច់​ត្រូវ​ទៅ​ទទួល​ការ​ពិនិត្យ​ពី មណ្ឌល​សុខ​ភាព​ណា​មួយ ឬ​ទៅជួប​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ ដើម្បី​រក​ដំណោះ​ស្រាយ​ទើប​ជាការ​ប្រសើរ។ ចៀស​វាង​ការ​ប្រើ ប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ ដែល​ជា​ប្រការ​មួយ​ដែល​អាច​ធ្វើឱ្យ​ជម្ងឺ​រឹតតែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នាំឱ្យ​មាន​ផល​អាក្រក់​ដល់ សុខ​ភាព​របស់​លោក​អ្នក​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Google Analytics Alternative