មហា​រីក​ក្រពះ ៖ មូល​ហេតុ និង​វិធី​ព្យាបាល

មហា​រីក​ក្រពះ​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​ហើយ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ជម្ងឺ​នេះ​អាច​បង្ក​ឱ្យ​បាត់​បង់​ជីវិត​បាន ប្រសិន​បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ អ្នក​ដែល​បាន​កើត​ជម្ងឺ​នេះ​ដោយ​សារ​តែ​បុគ្គល​នោះ​រស់ នៅ​ដោយ​គ្មាន​អនាម័យ។ ដូច​នេះ​លោក​អ្នក​ត្រូវ​យក​ចិត្ដទុក​ដាក់​ក្នុង​ការរស់​នៅឱ្យ​មាន​អនាម័យ​ក៏ដូច​ជាបង្ការ​ដើម្បី​ចៀស​វាង​ពី ជម្ងឺ​មហា​រីក​ក្រពះ​ផង​ដែរ។ ការ​ពឹង​ផ្អែក​ទៅលើ​ការ​ការ​ពារ​ជាមុន​គឺធ្វើឱ្យ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត អ៊ុង ចក្រា​វុធ ប្រធាន​ផ្នែក​ថ្លើម ក្រពះ និង​ពោះ​វៀន​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​មាន​វត្ដ​មាន​មក​បក​ស្រាយ បំភ្លឺ​អំពី​ជម្ងឺ​មហារីក​ក្រពះ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ជ្រាប តាម​រយៈ​ទស្សនា​វដ្ដី សុខភាពយើង។

មហា​រីក​ក្រពះ ជា​អ្វី?

មហា​រីក​ក្រពះ​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​មាន​ដំបៅ​មហា​រីក​ដុះ​នៅ​ក្នុង​ក្រពះ។ នៅពេល​ដែល​ដំបៅ​នៅក្នុង​ក្រពះ​កាន់​តែរីក​ធំ បន្ដិច​ម្ដងៗ ហើយ​ចេះតែ​រីក​រាល​ដាល​ធ្វើឱ្យ​មាន​ដំបៅ​ក្រពះ​រ៉ាំរ៉ៃ រួច​ក្លាយ​ទៅជា​ជម្ងឺ​មហា​រីក​ក្រពះ។

មូល​ហេតុ​បង្ក​មហា​រីក​ក្រពះ

មូល​ហេតុ​ដែល​ធ្វើឱ្យ​លោក​អ្នក​មាន​កើត​ជម្ងឺ​មហា​រីក​ក្រពះ គឺ​ដោយ​សារតែ​ដំបៅ​រ៉ាំរ៉ៃ​នៅ​ក្នុង​ក្រពះ​ដែល​ដំបៅ​នេះចេះ​តែ វិវត្ដន៍​បន្ដិច​ម្ដងៗ​ក្លាយ​ទៅជា​ដំបៅ​មហារីក។ ដំបៅ​នេះ​បណ្ដាល​មកពី​កត្ដា​ជា​ច្រើន​ក្នុង​នោះ​មាន​មូល​ហេតុ​មួយគឺ​មេរោគ​ម្យ៉ាង​នៅក្នុង ក្រពះ ដែល​មេរោគ​នោះ​មាន​ឈ្មោះ​ថា អេលី​កូប៉ាក់​ទែ​ពី​ឡូរី។ មេរោគ​នេះនៅ​ក្នុង​ក្រពះ​យូរៗ​ទៅធ្វើ​ឱ្យ​ក្រពះ​ទៅជា​រលាក ដែល​ការ រលាក​ក្រពះ​ដំបូង​គឺជា​ការ​រលាក​តូច​ឈាន​ទៅរក​ការ​រលាក​រ៉ាំរ៉ៃ​ហើយ​បណ្ដាល​ឱ្យ​ក្រពះ​ក្លាយ​ជា​មហារីក។ មាន​មូល​ហេតុ​មួយ​ទៀត ដែល​ស្ថិត​ក្នុងការ​ស្រាវ​ជ្រាវ​នៅ​ឡើយ ដោយ​សង្ស័យ​ទៅលើ​ចំណី​អាហារ​ដែល​មិន​ស្អាត​ឬអាហារ​ដែល​មាន​ជាតិ​គីមី​ក៏អាច​បង្ក​ឱ្យកើត ជម្ងឺ​មហារីក​ក្រពះ​នេះ​បាន​ដែរ។

រោគ​សញ្ញា​មហា​រីក​ក្រពះ

មហា​រីក​ក្រពះ​ស្ដែង​ចេញ​ជា​រូបភាព​យ៉ាង​ច្រើន​ដែល​អាច​ឱ្យ​យើង​ដឹង​បាន។

  •      មាន​អាការ​ឈឺ​ពោះ ឬ​ឆ្អល់​ពោះ​នៅចុង​ដង្ហើម
  •      ទទួល​ទាន​អាហារ​មិន​សូវ​បាន ដោយ​សារ​ក្រពះ​កិន​រំលាយ​អាហារ​មិន​បាន​ល្អ
  •      ចេះតែ​ក្អួត​ញឹក​ញាប់
  •      ធុំ​អាហារ ដូច​ជាធុំ​ជាតិ​សាច់​ជាដើម
  •      មាន​ការស្រក​ទម្ងន់
  •      ជួន​កាល​មានការ​ក្អួត​ឈាម​តាម​មាត់​ជាដើម
  •      អ្នក​ជម្ងឺ​ខ្លះពុំ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​នេះ​ទេ តែ​គេអាច​ដឹង​បាន​ដោយ​ការ​ឆ្លុះក្រពះ។

វិធី​ព្យាបាល​មហា​រីក​ក្រពះ

លោក​អ្នក​បាន​ជ្រាប​មក​ហើយ​ថា ជម្ងឺ​មហា​រីក​ក្រពះ​វា​លេច​ចេញ​ជា​រូប​ភាព​ច្រើន​យ៉ាង​ដែល​អាច​ឱ្យលោក​អ្នក​សម្គាល់​បាន ថាជា​ជម្ងឺ​មហា​រីក​ក្រពះ។ អ្នក​ដែល​មាន​រោគ​សញ្ញា​នេះ ហើយ​ដឹង​ថាខ្លួន​ឯង​កើត​សូម​រួស​រាន់​រហ័ស​មក​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើការ ព្យាបាល​ត្រឹម​ត្រូវ​និង​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ការ​ព្យាបាល​គឺមាន​ប្រសិទ្ធ​ភាព​ខ្ពស់ឱ្យ​ជាសះ​ស្បើយ​ដោយ​គ្រូ​ពេទ្យ​ជំនាញ​ច្បាស់ លាស់​តាម​រយៈ​ការ​ធ្វើ​ការ​ព្យាបាល​វះ​កាត់ និង​ដោយ​ចាក់​ថ្នាំ​គីមី​ឬ​ព្យាបាល​ដោយ​ប្រើវិធី​សាស្ដ្រ​ឬ​បច្ចេក​ទេស​ផ្សេង​ទៀត។ ដោយ ឡែក​ប្រសិន​បើ​លោក​អ្នកកើត​ជម្ងឺ​មហា​រីក​ក្រពះ​ហើយ​មិនបាន​មកធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេល​វេលា​ទេនោះ ជម្ងឺ​នេះ​អាច​បង្ក​ឱ្យ លោក​អ្នក​បាត់​បង់​ជីវិត​បាន។ បើ​ដំបៅ​នៅក្នុង​ក្រពះ​កាន់​តែ​ធំ​ការ​ព្យាបាល​មានតែ​ការវះ​កាត់​តែ​ប៉ុណ្ណោះ ប្រសិន​បើអាច​ធ្វើ​ទៅ​បាន។ ជួន​កាល​មិន​អាច​ធ្វើការ​វះកាត់​បាន​ឡើយ​ដោយ​សារតែ​មហារីក​ក្រពះ​កាន់តែ​រីករាល​ដាល​ទៅ​សរីរាង្គ​ផ្សេងៗ​ទៀត​នៅក្នុង​ខ្លួន។ ដូច នេះ​វិធី​ព្យាបាល​ជម្ងឺ​មហា​រីក​ក្រពះ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​បំផុត​គឺ​ពឹង​ផ្អែក​ទៅលើ​ការ​ការ​ពារ​ជាមុន ជាវិធី​ដែល​មាន​ប្រសិទ្ធ​ភាព ខ្ពស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​បង្ការ​ជម្ងឺ​មហា​រីក​ក្រពះ

មហា​រីក​ក្រពះ​អាច​ធ្វើការ​ទប់​ស្កាត់​ជាមុន​បាន ដោយ​គ្រាន់​តែ​លោក​អ្នក​មិន​ត្រូវ​ជក់​បារី មិន​ត្រូវ​ទទួល​ទាន​ស្រា​ឬថ្នាំ​ពេទ្យ ដែល​គ្មាន​វេជ្ជ​បញ្ជា​ត្រឹមត្រូវ ដែល​ជា​ភ្នាក់​ងារ​បង្កឱ្យ​មាន​ដំបៅ​ក្រពះ។ ម្យ៉ាង​ទៀត​លោក​អ្នក​ត្រូវ​រស់​នៅឱ្យ​មាន​អនា​ម័យ​​មិន​ត្រូវ ទទួល​ទាន​អាហារ​បន្លែ​ដែល​លាង​មិន​ស្អាត ឬ​អាហារ​ផ្អូម​ឡើយ​។ ការ​ចៀស​វាង​ទទួល​ទាន​អាហារ​ខាង​លើ​នេះ​ក៏ដូច​ជា​ចៀស​វាង​កុំឱ្យ មាន​មេ​រោគ​អេលី​កូប៉ាក់​ទែពី​ឡូរី​នៅ​ក្នុង​ខ្លួន​ដែរ ព្រោះ​មេរោគ​នេះ​ឆ្លង​តាម​រយៈ​ចំណី​អាហារ​មិន​ស្អាត​ទឹក​ឆៅមិន​បាន​ដាំឱ្យ​ពុះ​ជាដើម។ លោក​អ្នកត្រូវ​ប្រញាប់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួប​គ្រូ​ពេទ្យ​ធ្វើការ​ឆ្លុះ​ក្រពះ​ប្រសិន​បើលោក​អ្នក​សង្ស័យ​ថាមាន​ជម្ងឺ​មហារីក​ក្រពះ ព្រោះ​ជម្ងឺ​នេះជួន​កាល​មិន​មាន​រោគ​សញ្ញា​ពិសេស​ណា​មួយ​ឡើយ។

ផល​ប៉ះ​ពាល់​របស់​ជម្ងឺ​មហា​រីក​ក្រពះ

ជម្ងឺ​មហារីក​ក្រពះ​បង្ក​ឱ្យ​លោក​អ្នក​មាន​ផល​ពិបាក​យ៉ាង​ធ្ងន់​ធ្ងរទៅ​លើ​សេដ្ឋ​កិច្ច​គ្រួសារ ព្រោះ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​មាន​ជម្ងឺ ពិត​ជាធ្វើ​ឱ្យ​អស់​ថវិកា​ច្រើន​ក្នុង​ការ​ចំណាយ​ព្យាបាល។ ជាពិសេស​បើអ្នក​ជម្ងឺ​ដែល​ត្រូវជា​មេគ្រួសារ​ទទួល​បន្ទុក ទៀត​នោះ សង្គម​គ្រួសារ​ពិតជា​មាន​ការ​លំបាក ហើយ​បាត់​បង់​នូវ​ការងារ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​រួច​ហើយ​ធ្វើឱ្យ​បាត់​បង់​ចំណូល គ្រួសារ។ ជា​ពិសេស​អាច​ជះ​ឥទ្ធិ​ពល​ទៅដល់​កូន ដូច​ជាធ្វើ​ឱ្យ​រំខាន​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​កូន​ដោយ​សារ​ទទួល​រង​បន្ទុក​ជំនួស អាណា​ព្យាបាល​ដែល​មាន​ជម្ងឺ។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

លោក​អ្នក​ត្រូវ​រស់នៅ​ឱ្យ​មាន​អនាម័យ ដើម្បី​ចៀស​វាង​មាន​មេរោគ​អេលី​កូប៉ាក់​ទែ​ពី​ឡូរី​នៅ​ក្នុង​ក្រពះ​បង្កឱ្យ​មាន​ជម្ងឺ​មហា រីក​ក្រពះ​ក៏ដូច​ជា​ចៀស​វាង​មិនឱ្យ​មាន​ជម្ងឺ​ផ្សេង​ទៀត​ដែរ ដូច​ជា​រាក​រូស ឬ​ជម្ងឺ​ផ្សេងៗ​ទៀត។ ព្រោះ​ជម្ងឺ​នេះ​ឆ្លង​តាម​រយៈ​ការ​រស់​នៅ គ្មាន​អនាម័យ និង​ចំណី​អាហារ​មិន​ស្អាត។ លោក​អ្នក​ត្រូវ​ប្រញាប់​មក​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួប​គ្រួពេទ្យ​ដែល​មាន​ឯក​ទេស​ពិត​ប្រាកដ ធ្វើ​ការ​វិភាគ​ឱ្យបាន​ច្បាស់​លាស់ គួរ​ព្យាបាល​តាម​របៀប​ណា​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

បណ្ដាំ​ផ្ញើ ៖ នៅ​លេខ​ក្រោយៗ​ទៀត ទស្សនា​វដ្ដី សុខភាពយើង នឹង​បន្ដ​លើក​យក​ជម្ងឺ​មហា​រីក​ផ្លូវ​រំលាយ​អាហារ​ដទៃ​ទៀត​មក​ជម្រាប​ជូន​ជាបន្ដ​បន្ទាប់​ទៅ​ទៀត ដូចជា​មហា​រីក​បំពង់​អាហារ មហា​រីក​ពោះ​វៀន​ធំ​ជា​ដើម។ សូម​រង់ចាំ​អាន​ដោយ​អនុគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Google Analytics Alternative