ក្នុង​កំឡុង​៥ខែ​ដើម​ឆ្នាំ​២០១២​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រល័យ​ជីវិត​មនុស្ស​៩១១​នាក់

បញ្ហា​ចរាចរណ៍​នៅ​តែ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​រាជ​រដ្ឋាភិ​បាល​កម្ពុជា  អង្គការ​សង្គម​ស៊ីវិល​ រួម​ទាំង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ។ តើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ក្នុង​រយៈ​ពេល​៥​ខែ ដើម​ឆ្នាំ​នេះ មាន​​មនុស្ស​រង​របួស ពិ​ការ និង​ស្លាប់​ចំនួន​ប៉ុន្មាន​នាក់? តើ​ករណី​ទាំង​នោះ បណ្តល​មក​ពី​បញ្ហា​អ្វី?

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្រា​​គ្រោះថ្នាក់​ចរាចរណ៍៥​ខែដើម​ឆ្នាំ​២០១២ មាន​ជាង ២.០០០​ករណី និងបាន​សម្លាប់​មនុស្ស​ជាង៩០០​នាក់។ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ចំនួន​​​គ្រោះ​​ថ្នាក់​នេះ បណ្ដាល​មក​ពី​កត្តា​មនុស្ស​បើក​បរ​​លើស​ល្បឿន​ច្បាប់​បាន​​កំណត់​។

លោក ព្រាប ចាន់វិបុល នាយក​នៃ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​ដល់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឲ្យ​ដឹង​ថា គ្រោះ​​ថ្នាក់​ចរាចរណ៍​ទាំង​នោះ ភាគ​ច្រើន​កើត​ឡើង​ដោយសារ​តែ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់, ការ​សេព​គ្រឿង​ស្រវឹង និង​ការ​បើក​បរ​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ព្រាប ច័ន្ទ​វិបុល បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ទី​១១ ខែ​មិថុនា​ឆ្នាំ ២០១២​កន្លង​ទៅ​នេះ​ថា ក្នុង​កំឡុង​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១២​ ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​នេះ​ បាន​ថយ​ចុះ​តិចតួចបើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១១​នា​ពេល​កន្លង​ទៅ។ លោក ព្រាប ច័ន្ទវិបុល បាន​បន្ត​ថា ទោះ​បី​ករណី​គ្រោះថ្នាក់ និង​អត្រា​អ្នក​ស្លាប់​បាន​ថយ​ចុះក៏ដោយ ក៏​ប៉ុន្តែវា​នៅ​តែ​មាន​ការ​​ទាមទារ​​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ ​គោរព​ច្បាប់​ចរាចរណ៍ឲ្យ​បាន​ទាំង​គ្រប់គ្នា។ លោក​បញ្ជាក់​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង ៥០​ភាគរយ បណ្ដាល​មក​ពី​អ្នក​បើកបរ​មាន​ល្បឿន​លឿន និង​មិន​គោរព​សិទ្ធិ​អាទិភាព​ជាដើម។

ទាក់ទងទៅនឹង​បញ្ហា​នេះ លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​អត្រា​គ្រោះថ្នាក់​​ចរាចរណ៍​នៅមិន​ទាន់​ថយ​ចុះនោះ​ទេ ដែលទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ឲ្យ​ឃើញ​មូលហេតុ​ពិត ដែល​នាំ​ឲ្យ​កើត​មាន​​គ្រោះថ្នាក់​ចរាចរណ៍​ និង​ត្រូវមាន​វិធានការ​ទប់​ស្កាត់។ លោក​ស្នើ​ឲ្យ​​​ស្ថាប័ន​ជំនាញ មាន​ដូច​ជា​សមត្ថកិច្ច​ក្រសួង​​មហាផ្ទៃ និង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ជា​ដើម ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​មាន​ប្រសិទ្ធភាព។ នេះបើយោងតាមការ​ចេញផ្សាយរបស់គេហ​ទំព័រសារព័ត៌មានអាស៊ី​សេរី។

រីឯមន្ត្រី​អង្គការ​ជន​ពិការ​អន្តរជាតិបែលហ្ស៊ិក លោក សែម បញ្ញាវុឌ្ឍ បាន​រក​ឃើញ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នក​ស្លាប់​មិន​ទាន់​មាន​​សញ្ញា​ថយ​ចុះ​នៅឡើយទេក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​លោក​នៅមិន​ទាន់​បានបញ្ជាក់​អំពី​ទិន្នន័យ​ច្បាស់លាស់​នៅឡើយទេ។ ទោះ​ជា​យ៉ាង​ណា លោក បញ្ញាវុឌ្ឍ បានឲ្យ​ដឹងបន្ថែម​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុ​ជីវិត​​បង្ក​ដោយ​រថយន្ត​ បាន​កើន​ជាង១០០​នាក់ បើ​គិត​​ចាប់​ពី​ឆ្នាំ​២០០៩ មក​ដល់​ឆ្នាំ​២០១១កន្លងមក។ លោកបានបញ្ជាក់ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​នៅ​កម្ពុជា បណ្ដាល​មក​ពី​កត្តា​មនុស្ស​មិន​មែន​កត្តា​ធម្មជាតិ​នោះ​ទេ។

ដោយ​ឡែក​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​​បង្កើត​ផែនការ​សកម្មភាព​ជាតិ សុវត្ថិ​ភាព​​ចរាចរណ៍​រយៈ​ពេល១០​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០១១-​២០២០ ដើម្បី​​កាត់​បន្ថយ​អត្រា​ស្លាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​​ធ្លាក់​មក​ត្រឹម៥០​ភាគរយ នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រា​ស្លាប់​នាពេលកន្លង​មក។

បើ​តាម​របាយ​ការណ៍ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៩១១ នាក់​នៅ​ប្រទេសក​ម្ពុជា សម្រាប់ ៥​ខែ​ដើម​ឆ្នាំ ២០១២ នេះ។ ចំនួន​ខាង​លើ​នេះ​ដែរ គឺ​បាន​ធ្លាក់​ចុះ៣ ភាគ​រយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដដែល កាល​ពី​ឆ្នាំ​មុន ដែល​មាន​រហូត​ដល់ ៩៣៩នាក់​ឯ​ណោះ។ នៅ​ក្នុង​របាយ​ការណ៍​នោះ​ដែរ បាន​បង្ហាញ​ទៀត​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ប្រមាណ​ជា​២០៥៣​ករណី ចាប់​ពី​ខែ​មករា​ដល់​ខែ​ឧសភា​កន្លង​​ទៅ​នេះ ដែល​វា​បាន​ធ្លាក់​ចុះ​១៦​ភាគ​រយ កាល​ពី​ឆ្នាំ​មុន ដែល​មាន​រហូត​ដល់​ទៅ ២៤៥១​ករណី។ ជាង​នេះ​ទៅ​ទៀត​ចំពោះ​អ្នក​រង​របួស​វិញ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ គឺ​ពី​ចំនួន​៤២៩៣​នាក់ នៅ​៥ខែ​ដើម​ឆ្នាំ​២០១១ មក​នៅ​៣៥៤០នាក់ ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១២ នេះ។

សូម​ជម្រាប​ជូន​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​អាយុ​ជីវិត​មនុស្ស​១៨៩០​នាក់ នៅ​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​ ២០១១ កន្លង​ទៅ​នេះ។ សុវត្តិ​ភាព​ជា​ចម្បង យោគ​យល់​គ្នា​ផង ទើប​បំណង​បាន​សម្រេច!

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative