វិធី​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា

ស្បែក​ស ទន់ ភ្លឺ​រលោង គឺជា​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប ជា​ពិសេស​ចំពោះ​សុភាព​នារី។ មាន​ស្ដ្រី​មួយ​ចំនួន​បាន ចំណាយ​ពេល​វេលា និង​ប្រាក់​ជា​ច្រើន​ក្នុងការ​ខំ​ប្រឹង​ស្វះ​ស្វែង​រក​ការ​ព្យាបាល និង​ដំណោះ​ស្រាយ​ច្រើន​យ៉ាង​ធ្វើឱ្យ​ស្បែក​មាន​សភាព ទន់ រលោង ហើយ​ភ្លឺ។ ប៉ុន្ដែ​ការ​ចំណាយ​ទាំង​អស់​នោះ​ទទួល​លទ្ធ​ផល​ត្រឡប់​មក​វិញ ខ្លះ​បាន​សម្រេច​ខ្លះ​ទៀត​មិន​បាន​សម្រេច។ តើ​មាន​វិធី​សាស្ដ្រ​ណា​ខ្លះ អាច​ធ្វើឱ្យ​ស្បែក​មាន​សភាព​ភ្លឺ​រលោង ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​វេលា​និង​ប្រាក់​ច្រើន​នោះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​អស់​ចម្ងល់ និង​ចំណាយ​ថវិកា​តិច​ក្នុង​ការ​កែខៃ​បញ្ហា​ស្បែក​ស្ងួត​ពី​ស្ងួត​មក​ឱ្យមាន​សភាព​ភ្លឺ​រលោង​នោះ​លោក​ស្រី លី​ណា នាយិកា​មន្ទីរ​ព្យាបាល​សម្ផស្ស​អន្ដរ​ជាតិ​អាស៊ី បាន​បក​ស្រាយ​យ៉ាង​ច្បាស់​នៅលើ​ទំព័រ​ទស្សនា​វដ្ដី សុខភាពយើងដើម្បី​ចែក​ជូន ដល់​បង​ប្អូនជា​ស្ដ្រី ជា​ពិសេស​អ្នក​ដែល​ចង់​មាន​ស្បែក​ភ្លឺ​រលោង​ទុក​គ្រាន់​ជាការ​ជ្រាប។

មូល​ហេតុ​ស្បែក​ស្ងួត

មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​ស្បែក​ស្ងួត មិន​ភ្លឺ​រលោង គឺ​បណ្ដាល​មកពី​កត្ដា​ពីរ​យ៉ាង។ កត្ដា​ទី១​គឺ​បណ្ដាល​មកពី​ធម្ម​ជាតិ ដូច​ជាត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ប៉ះ​ពាល់​ជាមួយ​អាកាស​ធាតុ​ក្ដៅ​ស្ងួត ឬ​បណ្ដាល​មកពី​ការ​អំណោយ​ទានពី​ធម្ម​ជាតិ​នៃ​ស្បែក។ កត្ដា​ទី២ អាចបណ្ដាល​មកពី​សកម្ម​ភាព​របស់​យើង​ផ្ទាល់ ដោយ​ការ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ខាត់​ស្បែក​ដែល​ពុំមាន​គុណ​ភាព​ត្រឹម​ត្រូវ​ការ​ប្រើ​ប្រាស់ នូវ​គ្រឿង​សម្អាង​ជំនួយ​ស្បែក​ចម្រុះ ដោយ​ពុំបាន​ធ្វើការ​វិភាគ​ទៅលើ​សុខ​ភាព និង​ប្រភេទ​នៃ​ស្បែក​ឬប្រើ​ផលិត​ផល​ខាត់​ស្បែក ដែល សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីត​កាត់​ស្បែក​ច្រើន និង​កង្វះ​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ។ មួយ​វិញ​ទៀត​នោះ​អាច​បណ្ដាល​មក​ពីការ​ថែ​រក្សា មិន​បាន​ត្រឹម​ត្រូវ ឬ​អាច​មកពី​ការ​ប្រើ​ប្រាស់​ឡេ មិន​ត្រូវ​ទៅ​តាម​ស្ដង់​ដា​របស់​ស្បែក​ជា​ដើម។

វិធី​ព្យាបាល​ស្បែក​ឱ្យភ្លឺ​ថ្លា

ជា​ទូទៅ​ស្បែក​នៅលើ​ដង​ខ្លួន​របស់​មនុស្ស​មាន​ច្រើន​ស្រទាប់។ ស្រទាប់​ក្រៅ​អាច​មាន​សំណើម​ភ្លឺ​រលោង​ទៅបាន​គឺ​អាស្រ័យ ទៅ​លើ​សារ​ធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​រាង​កាយ​​ ដែល​បានមក​ពីការ​បរិ​ភោគ​នូវ​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​ជា​ពិសេស​ជាតិ​ទឹក និង​វីតា​មីន​មួយ​ចំនួន។

ដើម្បី​កែខៃ​នូវ​បញ្ហា​ស្បែក​ស្ងួត​នេះឱ្យ​ប្រែ​ក្លាយ​ទៅជា​ស្បែក​ដែល​មាន​សភាព​សម៉ដ្ឋ​ភ្លឺ​រលោង​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើ កត្ដា​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ៖

  • ចាំ​បាច់​ត្រូវ​បរិ​ភោគ​ទឹក​ឱ្យ​បាន​ច្រើន ចាប់​ពី២​ទៅ៣​លីត្រ​ក្នុង​មួយ​ថ្ងៃ
  • ព្យាយាម​បរិភោគ​ទឹក​ផ្លែ​ឈើ​ឱ្យ​មាន​ច្រើន ដែល​មាន​ដូចជា​ទឹក​សណ្ដែក ឪ​ឡឹក ត្រសក់ ឬ​ប៉ោម
  • ចៀស​វាង​ការ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​សម្អាង​ផ្សេងៗ​ដែល​ពុំមាន​គុណ​ភាព​ត្រឹម​ត្រូវ
  • បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​(វីតា​មិន A E B1 B12)ជា​ដើម
  • ប្រើ​នូវ​ផលិត​ផល​ណា​ដែល​ត្រូវ​ជាមួយ​នឹង​សុខ​ភាព​ស្បែក
  • ចៀស​វាង​ធ្វើការ​បក​ស្បែក​នៅ​តាម​ទី​កន្លែង​ដែល​គ្មាន​ជំនាញ និង​គ្មាន​បទ​ពិសោធន៍​ច្បាស់​លាស់
  • ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដើម្បី​ត្រួត​ពិនិត្យ​ស្បែក និង​ជ្រើស​រើស​ប្រភេទ​ផលិត​ផល​ប្រើ​ប្រាស់។

បណ្ដាំ​អ្នក​ជំនាញ

ការ​ប្រើ​ផលិត​ផល​មិន​មែន​ចេះតែ​ប្រើ​នោះ​ទេ ទាម​ទារ​ឱ្យអ្នក​ដែល​មាន​ស្បែក​ស្រអាប់​ទៅ​ពិនិត្យ​ស្បែក​ឱ្យបាន​ត្រឹម​ត្រូវ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ផលិត​ផល​ឱ្យ​ត្រូវ​ទៅនឹង​ស្បែក ហើយ​និង​ងាយ​ទទួល​បាន​ប្រសិទ្ធ​ភាព​ផង​ដែរ។ ស្បែក​ជា​សម្រស់​ទាក់ ទាញ​មួយ​របស់​មនុស្ស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Google Analytics Alternative