បុណ្យភ្ជុំបិណ្ឌ ៖ ពិធីសាសនាព្រះពុទ្ធ

បុណ្យភ្ជុំ​បិណ្ឌ គឺជា​ពិធី​បុណ្យ​មួយ​ដែល​ធំជាង​គេនៅក្នុង​ចំណោម​ពិធី​បុណ្យ​ទាំងអស់​ចំពោះអ្នក​កាន់​ព្រះពុទ្ធ​សាស​នា។ ជារៀង​រាល់​​ឆ្នាំ នៅ​ពេល​ដល់ថ្ងៃ​ខែដែល​ត្រូវ​ប្រារឰ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូន​ចៅ សាច់​ញាតិ​សន្ដាន​ទាំង​អស់ ទោះ​នៅ​ទីជិត ឬទី ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅជួប​ជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូប​​អាហារ បាយ​សម្ល ចង្ហាន់​យក​ទៅប្រគេន​ព្រះសង្ឃ​ដែល​ គង់នៅ​វត្ដ​អារាម។ ទាំងនេះ​គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើត​ៗគ្នា។ យ៉ាង​ណា​ម៉ិញ ក៏នៅ​មានបង​ប្អូន​មួយ​ចំនួន​មិន​បាន​ជ្រាប​​ច្បាស់ អំពី​ប្រវត្ដិ​នៃពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះនៅ​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យកាន់​តែ​ជ្រាប​ច្បាស់ ទស្ស​នាវដ្ដី សុខភាព​យើង សូម​លើក​យក​តំណាល​រឿង​ខ្លះៗ នៃ​ប្រវត្ដិ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះមក ជម្រាប​ជូន ក្រោម​​ការបក​ស្រាយ​របស់​ព្រឹទ្ធា​ចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ។

ប្រវត្ដិ​បុណ្យ​ភ្ជុំ​បិណ្ឌ

បើតាម​តម្រា​ចារតាម​ប្រវ​ត្ដិ​សាស្ដ្រ​នៃ​ប្រទេស​កម្ពុជា​យើង បាន​បង្ហាញ​ថា ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​គឺកើត​មានតាំង​ពី​បុរាណ​កាល មក​ម្ល៉េះ។ ប៉ុន្ដែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិនហៅ​ថាបុណ្យ​ភ្ជុំទេ ដោយ​នៅក្នុង​ពិធី​នេះគេ​មានបែង​ចែកចេញ​ជាពីរ​ថ្នាក់។ ថ្នាក់ ដំបូង គឺគេ​ចាប់​ផ្ដើ​មធ្វើ​ចាប់ពី​ថ្ងៃ១​រោច​រហូត​ដល់ថ្ងៃ​១៤រោច​ជាវា​រកភត្ដ​(ភត្ដធ្វើ​តាមថ្ងៃ​)ជា​បន្ដ​បន្ទាប់។ ចំណែក​មួយ​ថ្នាក់​ទៀត​គេ ធ្វើនៅ​ថ្ងៃ១៥​រោច ដែល​គេហៅ​ថាបុណ្យភ្ជុំ។ ពិធី​បុណ្យ​ទាំងពីរ​ថ្នាក់នេះ បច្ចុប្បន្ន​ត្រូវបាន​យើងបូក​បញ្ចូល​គ្នា ហើយ​ហៅកាត់​ថា​ពិធី បុណ្យ​បិណ្ឌ​ភ្ជុំនេះ​ឯង។

មូល​​ហេតុ​ដែល​​ប្រារ​ឰ​​ពិធី​​បុណ្យ​​ភ្ជុំ

កាលពី​សម័យ​បុរាណ​កាល គេធ្វើ​ពិធី​បុណ្យ​នេះគឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃ​ភត្ដ ទំនុក​បម្រុង​ព្រះសង្ឃ​ដែលគង់​ចាំ​វស្សាក្នុង​វត្ដ រយៈពេល​៣ខែ ចាប់​តាំងពីថ្ងៃ​ចូលវ​ស្សារ​ហូតដល់​ថ្ងៃចេញ​វស្សា។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារថា ដោយ​នៅក្នុង​រដូវ​វស្សា មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ រលឹម​ពព្រិច ធ្វើឱ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេលធ្វើ​គោច​របិណ្ឌ​បាត។ ហេតុដូ​ច្នេះ ទើប​បណ្ដា​ពុទ្ធ បរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្​គង់​​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់ថ្ងៃ​ចេញ​វស្សា។ ម្យ៉ាង​វិញ​ទៀត នៅក្នុង​ពិធី​បុណ្យ​នេះគឺ​ធ្វើ ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេត​ជន​ញាតិ និងញាតិ​ទាំង៧​សណ្ដាន ព្រមទាំង​តំណញាតិ​ច្រើន​មហា​កប្ប​នោះផង​ដែរ តាម រយៈ​អនុភាព​នៃសង្ឃ​គតាទ​ក្ខិណា​ទាន ដែល​រស់​រង​ទុក្ខ​វេទ​នា កើតជា​ប្រេតមាន​កម្ម​ពៀរ ជាប់​ទោស​ធ្ងន់ រងក​ម្មក្រហល់​ក្រហាយ អត់ឃ្លាន​ទាំងអស់​នោះ បានរួច​ផុតពី​ក្ដី​លំបាក​សោក​សៅ។

រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ចាប់តាំង​ពី​សម័យ​បុរាណ​កាល​រហូត​មកដល់​បច្ចុប្បន្ន​នេះ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គេតែង​តែប្រារឰ​នៅក្នុង​រដូវ​វស្សា ព្រោះ​នៅ ក្នុង​រដូវ​នេះ ពពួក​ប្រេត​អាចមាន​ឱកាស​ច្រើនក្នុង​ការ​ស្វែងរក​ចំណី​អាហារ​ជាង​រដូវ​ផ្សេងៗ​ទាំង​អស់។ ម្យ៉ាង​វិញ​ទៀត​នៅក្នុង​វស្សាន រដូវ​អាហារ​របស់​ពួក​ប្រេត ដូចជា​ភក់​ជ្រាំ ស្លេស្ម៍ កំ​ហាក សាក​សព ដែល​កាក​សំណល់​អសោចិ៍ សម្បូរ​នៅក្នុង​ខែភ្លៀង​ផ្គរ​ពព្រិច។ នៅ ក្នុង​រដូវ​បុណ្យភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃនេះ មាន​ពពួក​បេត​ជន(ពួកប្រេត​)សាច់​ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​តំណញាតិ​ច្រើន មហា​កប្ប ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ​ពេលជា​ច្រើន​ខែមក​ហើយ​នោះ ត្រូវបាន​រួចផុត​ពីការ​ឃុំឃាំង អនុញ្ញាត​ឱ្យមក​ស្វែងរក​សាច់ ញាតិ​នៅតាម​វត្ដ​អារាម​ផ្សេងៗ ដែល​នាំ​យក​ចំណី​អាហារ​ផ្សេងៗ​មក​ឧទ្ទិស​កុសល​ឱ្យខ្លួន។ ម្យ៉ាង​វិញ​ទៀត បើតាម​សម្ដី​ចាស់ៗបុរាណ និយាយ​តៗ​គ្នាថា ក្នុងរយៈ​ពេល​១៥ថ្ងៃ បើ​ពពួក​បេតជន​ទាំង​អស់​នោះដើរ​ស្វែង​​រកញាតិ​ចំនួន៧​វត្ដនៅ​តែមិន​ឃើញ​នោះ ពពួក​ប្រេត ទាំងអស់​នោះនឹង​ស្រែក​យំ​ទន្ដ្រាំ​ជើង ព្រោះ​តែ​ការ​ខក​បំណង និងភាព​ស្រែក​ឃ្លាន​ក្រហល់​ក្រហាយ​ក្នុងចិត្ដ។ ជាពិសេស​ពពួក​បេតជន ទាំងអស់​នោះនឹង​ជេរ ដាក់​បណ្ដា​សាដល់​សាច់​ញាតិ កូន​ចៅជា​មិន​ខាន។

ការ​ប្រារឰ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំនេះ បុរាណា​ចារ្យរាជ​បណ្ឌិត​ខ្មែរយើង​បានរៀប​ចំរយៈ​ពេល១៥​ថ្ងៃ ដោយ​ចាប់គិត​ពីថ្ងៃ​ទី០១​រោច​ដល់ ថ្ងៃទី​១៥​រោច ខែ​ភទ្រ​បទ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិ​សកុ​សល​ទៅដល់​បេត​ជនញាតិ​ដែល​បាន​ស្លាប់​ទៅ។

នៅក្នុង​រយៈពេល​១៤ថ្ងៃ​នៃការ​កាន់​បិណ្ឌ ឬដាក់​បិណ្ឌ​នេះ ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ដទាំង​អស់ ជា​ពិសេស​ក្រុម​នីមួយៗ​ដែល បាន​រៀប​ចំ​​ជា​ក្រុម​ដោយ​លោកតា​អាចារ្យ​ចាត់ចែង​នោះ ត្រូវ​បែងចែក​ចេញ​៣ឬ៤​ក្រុម​តូចៗ ដើម្បី​រៀបចំ​ធ្វើ​យាគូ ឬធ្វើ​ភត្ដា​ហារជា ៣ទៅ​៤ឆ្នាំង ស្មើនឹង​៣​ទៅ​៤មុខ​ម្ហូប។ ពេល​ទូងស្គរ​ចំណាំ​វស្សា អ្នកនៅ​ក្នុង​ក្រុមវេន​នីមួយៗ​ត្រូវចាប់​ផ្ដើម​ធ្វើ​ចង្ហាន់ ហើយ​យាយ​តា ចាស់ៗ​ក្នុង​ក្រុម​វេន ត្រូវ​ជ្រើស​រើស​យក​ផ្ទះណា​មួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ បាយ​បត្ដបូរ។ រៀបចំ​រួចហើយ ត្រូវនាំ​គ្នា ទៅវត្ដ​ស្ដាប់​លោក​សូត្រ​ថ្វាយបង្គំ​ធម៌​សុខោ និង​ធម៌បរាភវ​សូត្រ។ ចំណែក​ឯកូន​ចៅដែល​នៅផ្ទះ ត្រូវនាំ​គ្នាខិត​ខំដុត​ដៃដុត​ជើង​បបរ ឬស្លស្លុក​តាមមុខ​ម្ហូបនី​មួយៗដោយ​ឡែក​ពី​គ្នា។ លុះដល់​ពេលព្រឹក​ព្រាង​អរុណោទ័​យ ត្រូវនាំ​គ្នារៀប​ចំខ្លួន កណ្ដៀត យួរ​ កាន់ ទូល​រែក ចង្ហាន់​ទៅវត្ដ។

នៅក្នុង​វត្ដ លោកតា​អាចារ្យ​ត្រូវរៀប​ចំពិធី​រាប់បាត្រ​នៅលើ​ឧបដ្ឋាន​សាលា។ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន ត្រូវនាំ ពុទ្ធ​បរិស័ទ​វេរ​ចង្ហាន់ ប្រគេន​ព្រះសង្ឃ វេរ​បាយ​បត្ដ​បូរ។ល។ លុះដល់​ពេល​ព្រះសង្ឃ​ធ្វើបត្ដា​នុមោទន​គាថា​ចប់ មេវេនក្រុម​នីមួយៗ​ត្រូវ រៀប​ចំម្ហូប​អាហារ ចំណី​ចូលគំ​នាប់ជូន​លោកតា​អាចារ្យ​វត្ដ ព្រមទាំង​ចាត់ចែង​ភោជនា​ហារទទួល​ភ្ញៀវដែល​អញ្ជើញ​ទៅបុណ្យ​នៅក្នុង ថ្ងៃវេន​របស់ខ្លួន​នោះផង​ដែរ។

សូម​បញ្ជាក់​ដែរថា ក្នុងថ្ងៃ​បុណ្យ​ភ្ជុំ មាន​រៀបចំ​កញ្ចប់​ចតុប្ប​ច្ច័យ​(ស៊ង)​ប្រគេន​គ្រប់​ភិក្ខុ​សាម​ណេរ។ ឯគណៈ​កម្មការ​វត្ដ បាន​ចាត់ចែង​នំ​អន្សម នំគម និង​បាយ​បត្ដ​បូរឱ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាម​ណេរ​តាម​ចំណែក សម្រាប់​ធ្វើ​ចង្ហាន់​នៅព្រឹក​ថ្ងៃ បន្ទាប់។ ម្យ៉ាង​វិញ​ទៀត ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ កាលពី​សម័យ​បុរាណ​មានលេង​ល្បែង​ប្រណាំង​ក្របី សេះ ចាប់ពី​២-៣គូ ទៅតាម​តំបន់ រៀងៗ​ខ្លួន ដើម្បី​អបអរ​នៅក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។ លើសពី​នេះទៅ​ទៀត ក្របី សេះ និង​របស់​ដែលត្រូវ​ប្រកួត គេបាន​តុបតែង លំអ​ដោយ​លាប​ប្រេង លាប​ពណ៌ រលើប​រលោង មានពាក់​ប្រឡៅ កណ្ដឹង ត្រដោក ឬចង្ក្រង​ជាដើម។ កន្លែង​ខ្លះទៀត​មានលេង​ល្បែង ផ្សេងៗ​ខុសពី​នេះ។ ប៉ុន្ដែ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ ទំនៀម​ទម្លាប់​នេះចេះ​តែបាត់ៗ រួញ​ថយបន្ដិច​ម្ដងៗ សាសនា​កាន់តែ​កន្លង​វែង ទៅ នាំឱ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែបាត់​បង់​ច្រើន​ណាស់ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative