ទិវា​ពិភព​លោក​ប្រឆាំង​នឹង​ពល​កម្ម​កុមារ : ខ្ញុំ​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន ចុះ​អ្នក​វិញ?

ពល​កម្ម​កុមារ​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ សុវត្ថិភាព​រាងកាយ​ បញ្ញា​ និង​ស្មារតី​ប៉ុណ្ណោះ​ទេ​ ​វា​​ថែម​ទាំង​បាន​រារាំង​កុមារ​មិន​ឲ្យ​ទទួល​បាន​ការ​សិក្សា​អប់រំ​ថែមទៀត​ផង​។ ហើយ​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ ត្រូវទាមទារ​ឲ្យ​មាន​ការ​​ចូល​រួម​​យ៉ាង​សកម្ម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងឡាយនៅក្នុងប្រទេសកម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

​ជារៀង​រាល់ឆ្នាំ​នៅថ្ងៃ​ទី១២ ​ខែ​មិថុនា​ប្រជាជន​រាប់ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​រំលឹក​ដល់​ជីវិត​រស់​នៅ​ដ៏​អយុត្តិធម៌​ និង​រងការឈឺចាប់​របស់​កុមារ​ដែល​ចំណាយ​ពេលធ្វើការ​រាប់​ម៉ោង​ ដើម្បី​ធ្វើការ​នៅក្នុង​លក្ខ័ខណ្ឌ័​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ និង​តែងតែ​គម្រាមដល់​អាយុ​ជីវិត។ ការលុប​បំបាត់​ពលកម្ម​កុមារ​ក្នុងទម្រង់​ធ្ងន់ធ្ងរ​ ត្រូវ​ធ្វើឡើង​តាមរយៈ​ការ​រំដោះ​ពួកគេ​ឲ្យឃ្លាត​ឆ្ងាយ​ពី​ការងារ​ទាំងនេះ​ដូចជា​ផ្ដល់​សេវា​អប់រំ​ និង​ការបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាដើម។

នៅ​ថ្ងៃ​អង្គារ៍ ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២ ដែល​ត្រូវ​ជា​ទិវា​ពិភព​លោក​ប្រឆាំង​នឹង​ពល​កម្ម​កុមារ អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ សហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា បាន​រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ខួប​លើក​ទី១១ នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១២ ខែ​មិថុនា ក្នុង​ខេត្ត​ចំនួន​ពីរ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ចូលរួម​ក្នុង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ។ កម្មវិធីនេះ បាន​​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១២ ខែ​មិថុនា នាទី​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ក្រោម​ប្រធាន​បទ «ខ្ញុំ​បញ្ជូន​កូន​ទៅ​រៀន ចុះ​អ្នក​វិញ» ដែលធ្វើ​ការ​ដើរ​ដង្ហែ​ក្បួនដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​៥០០នាក់ ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ សិស្សសាលា អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ។ ​ការ​ដើរ​ក្បួននេះ​ ក៏មាន​នូវការ​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​នៅ​សួនច្បារ​នាគ​បាញ់​ទឹក​ខេត្ត​បាត់ដំបងផង​ដែរ​​ ដោយ​មាន​ការ​ច្រៀង​ចំរៀង​ស្តីពី​សិទ្ធិ​កុមារ ការ​សម្តែង​រឿង​ខ្លី និង​សំណួរ​ចម្លើយ​យក​រង្វាន់​ជា​ដើម។

ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​ជំរុញ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ដូចជា ឪពុក​ម្តាយ អាណាព្យាបាល យុវជន អ្នក​ជួល​កុមារ អាជ្ញាធរ​មូលដ្ឋាន និង​សាធារណៈ​ជន​ទូទៅ​ចូលរួម​ក្នុង​ការ​ទប់ស្កាត់ និង​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ។

បើយើងងាកមកមើលលើវិស័យអប់រំនៅកម្ពុជាវិញ យើងសង្កេតឃើញថា ការ​អប់រំនៅ​តែ​មានបញ្ហា​ប្រឈម​ដ៏ខ្លាំង​នៅឡើយ។ អង្គការ​យូណេស្កូ​កាលពីឆ្នាំ២០១១បាន​ប៉ាន់ប្រមាណថា មាន​កុមារ​កម្ពុជា​ប្រមាណ១៧ម៉ឺន​នាក់ មិនបាន​ចូលសាលា​រៀន។ នេះក៏​ដោយសារតែ​គ្រួសារ មាន​ជីវភាព​ទីទ័លក្រ មិនមាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលា។ ម្យ៉ាងវិញទៀត កុមារ​ក៏​ត្រូវ​ចូលរួម​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។ ទម្រង់​ពលកម្ម​កុមារ​នេះ វា​ជា​បញ្ហា​មួយ​ស្មុគស្មាញ​មួយទាមទារ​ឱ្យ​ការងារ​អន្តរក្រសួង​ និង​អន្តរ​វិស័យ​ ដើម្បី​ធ្វើ​ការងារ​នេះ។ ប្រទេស​​កម្ពុជា​កាលពី​ឆ្នាំ២០១១បាន រំពឹង​​ថា ខ្លួន​នឹង​អាច​លុប​បំបាត់​ពលកម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ​ឱ្យ​​អស់​នៅត្រឹម​ឆ្នាំ២០១៦ ​នាពេលខាងមុខ​នេះ។ មាន​កុមារ​ប្រមាណ​ជាង​៣១០.០០០​នាក់​អាយុ​ចន្លោះ​ ពី​៥ឆ្នាំ​ដល់​ក្រោម​១៧​ឆ្នាំ ​កំពុង​ធ្វើ​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូចជាធ្វើ​កម្មករ​លីសែង​ ឡឥដ្ឋ ​ស្រែអំបិល​ ឆេ្នរសមុទ្រ​ ពេស្យាចារ ​គ្រឿងញៀន​ និង​ការជួញដូរ​ជាដើម ​ដែល​សុទ្ធសឹង​ជា​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​របស់​ពួកគេ។ នេះ​បើយោង​តាម​របាយការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល​និង​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ​ (ILO)។

លោក ស័រ លីណែត មន្ត្រី​គម្រោង​នៃ​អង្គ​ការ​គាំ​ទ្រ​កុមារ និង​យុវជន បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌​មាន​របស់​គេហ​ទំព័រ សុខ​ភាព​កម្ពជា ថា ការ​ធ្វើ​ពល​កម្ម​លើ​កុមារ ត្រូវ​បាន​បែង​ចែក​ជា​ពីរ គឺ​ពលកម្ម​ទម្រង់​ធម្មតា និង​ពល​កម្ម​ទម្រង់​ធ្ងន់​ធ្ងរ។ ការ​ជួយ​ទុក្ខ​ធុរៈឪពុក​ម្តាយ​បន្តិច​បន្តួច ដូច​ជា​ការ​លាង​ចាន ដាំ​បាយ ឬ​ការ​ជួយ​កិច្ច​ការ​ងារ​ស្រាលៗ​នៅ​ពេល​ឪពុក​ម្តាយ​មាន​កិច្ចការ​រវល់​នោះ​វា​មិន​ជា​បញ្ហា​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​កុមារ​ជួយ​កិច្ចការ​ងារ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល​របស់​គាត់​ដោយ​ការ​ចំណាយ​ពេល​វេ​លា​ច្រើន ហើយ​មិន​បាន​ទទួល​ការ​អប់រំ​រៀន​សូត្រ គិត​តែ​ពី​ខំ​រក​ប្រាក់​ដើម្បី​ជួយ​ចិញ្ចឹម​គ្រួសារ​និង​ជា​ពិសេស​ការងារ​ដែល​មាន​ការ​ប៉ះពាល​ខ្លាំង​ទៅ​លើ​សុខភាព​របស់​កុមារ និង​អាយុ​ជីវិត​របស់​កុមារ​ជា​ដើម ដូច​ជា​កុមារ​ធ្វើ​ការ​នៅ​ឡ​ឥដ្ឋ​កុមារ​ធ្វើការ​នៅ​ក្នុង​វិស័យ​សំណង់ កុមារ​នេសាទ កុមារ​ធ្វើការ​នៅ​ចម្ការ​កៅ​ស៊ូ កុមារ​ធ្វើការ​នៅ​ស្រែ​អំបិល កុមារ​លី​សែង​និង​កុមារ​បម្រើ​ការ​តាម​ផ្ទះ​ជា​ដើម គឺ​សុទ្ធ​សឹង​តែ​ជា​ពល​កម្ម​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​ទៅ​លើ​កុមារ។ លោក​ស័រ លី​ណែត បាន​បន្ត​ថា ដើម្បី​ចូល​រួម​ចំណែក​ទប់​ស្កាត់ និង​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ការ​ធ្វើ​ពលកម្ម​លើ​កុមារ​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​នោះ វិធី​ដ៏​ល្អ​គឺ​មាន​តែ​អាណា​ព្យាបាល​កុមារ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច រាជ​រដ្ឋា​ភិបាល អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​ឡាយ ត្រូវ​រួម​គ្នា​គោរព​នូវ​មូល​ដ្ឋាន​សិទ្ធិ​របស់​កុមារ ជម្រុញ​និង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ទាំង​អត្ថ​ប្រយោជន៍ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​កុមារ​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​មូល។ ព្រោះ​ថា កុមារ​គឺជា​កោសិ​ការនៃ​សង្គម​ជាតិ កុមារ​គឺជា​ទំពាំង​ស្នង​ឬស្សី។ ប្រសិន​បើ​កុមារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​ជម្រុញ​ឲ្យ​កុមារ​បាន​បន្ត​ការ​សិក្សា​រៀន​សូត្រ​នោះ​ទេ នោះ​ធន​ធាន​មនុស្ស​នៃ​សង្គម​ជាតិ​នឹង​ត្រូវ​បាត់​បង់​ច្រើន​ផង​ដែរ។ ក្នុង​នាម​ជា​មន្ត្រី​ដែល​បម្រើ​ការ​នៅ​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​រូប លោក ស័រ លីណែត ក៏​បាន​ធ្វើ​ការ​សំណូម​ពរ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ជា​មាតា​បិតា​របស់​កុមារ​ទាំង​អស់ ត្រូវ​យល់​ដឹង​អំពី​កាត​ព្វកិច្ច​ជា​ឪពុក​ម្តាយ​និង​ត្រូវ​យល់​ដឹង​អំពី​ផល​ប្រយោជន៍ និង​គុណ​វិបត្តិ​នៃ​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​កុមារ​ និង​ជា​ពិសេស​ត្រូវ​បញ្ជូន​កុមារ​ឲ្យ​បាន​ចូល​សាលា​រៀន​សូត្រ​ដូច​កុមារ​ដទៃ​ផង​ដែរ។ ព្រោះ​ថា​អនាគត​របស់​កុមារ​នៅ​វែង​ឆ្ងាយ​ណាស់ បើ​សិន​ជា​លោក​អ្នក​ដែល​ជា​អាណា​ព្យា​បាល ឲ្យ​កូន​លោក​អ្នក​ទៅ​ធ្វើការ​ងារ​នៅ​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​រហូត​នោះ​ ថ្ងៃ​ក្រោយ​ជីវិត​ពួក​គេ​នឹង​នៅ​តែ​លំបាក​ជា​និច្ច​ជាក់​ជា​មិន​ខាន។ មួយ​វិញ​ទៀត រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជា​ពិសេស​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​តែ​មាន​ឆន្ទៈ​រួម​គ្នា​ដើម្បី​លុប​បំបាត់ និង​កាត់​បន្ថយ​ពល​កម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ ដោយ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​គ្រប់​លំដាប់​ថ្នាក់ ដោយ​ត្រូវ​រាយ​ការណ៍​ទៅ​កាន់​កង​កម្លាំង​មាន​សមត្ថកិច្ច​ចំពោះ​ជន​ទុច្ចរិត​ដែល​រំលោភ​បំពាន​លើ​កម្លាំង​ពល​កម្ម​លើ​កុមារ​និង​ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​បញ្ញាត្តិ​ស្តី​អំពី​ការ​រំលោភ​បំពាន​ពល​កម្ម​កុមារ​ឲ្យ​បាន​តឹង​រឹង​បំផុត ក្នុង​ន័យ​ប្តេជ្ញា​លុប​បំបាត់​ពល​កម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​ឲ្យ​អស់​នា​ឆ្នាំ​២០១៦​ខាង​មុខ​ជាមួយ​នឹង​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

លោក ស័រ លីណែត មន្ត្រីគំរោងនៃអង្គការគាំទ្រកុមារ និងយុវជន

រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​ដាក់​គោលដៅ​ថា​ ខ្លួន​នឹង​លុបបំបាត់​ទម្រង់​ការងារ​របស់​កុមារ​បែប​នេះ​ឲ្យអស់​នៅឆ្នាំ ២០១៦។ រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើការ​សង្រ្គោះ​កុមារទាំង​នោះ​ជា​បណ្ដើរៗ​ពី​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​នេះ​ដើម្បី​ឈាន​ដល់គោលដៅដែល​បាន​កំណត់​ទុក។ ពលកម្ម​កុមារ​ទម្រង់​ធ្ងន់ធ្ងរ​ត្រូវគេ​កត់​សម្គាល់​ឃើញថា​ ច្រើន​កើតមាន​ឡើង​លើ​គ្រួសារ​ដែលមាន​ជីវភាព​ទន់ខ្សោយ​ទាំង​ផ្នែក​សម្ភារៈ ​និង​ចំណេះដឹង។ កុមារ​ដែល​ស្ថិត​ក្នុង​ការងារ​បែបនេះ​ភាគ​ច្រើន​មិន​បាន​រៀន​សូត្រ​ពេញលេញ​នោះទេ។ ត្បិត​ពួកគេ​ត្រូវ​រួម​ចំណែក​ស្វែងរក​ថវិកា​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ កុមារ​ដែល​កំពុង​ស្ថិតក្នុង​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​ភាគច្រើន​មាន​នៅក្នុង​ខេត្ត​កំពត​ កែប បាត់ដំបង​ ក្រុង​ប៉ោយ​ប៉ែត ​ខេត្ត​ព្រះ​សីហនុ ​ហើយ​កុមារ​ភាគច្រើន​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​នេសាទ ការ​លីសែង​ទំនិញ​ ការដ្ឋាន​ផលិត​អំបិល ​​ឡឥដ្ឋ និង​កុមារ​កំពុង​បម្រើ​ការតាម​ផ្ទះ​ជា​ដើម។

អង្គការ​ពលកម្ម​អន្តរជាតិ​ ILO ​និង​អង្គការ​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការ​សហប្រជាជាតិ ​(យូនីសេហ្វ) បាន​ប៉ាន់​ស្មាន​ថា ប្រទេស​កម្ពុជា​នឹង​ត្រូវការ​ថវិកា​សរុប​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក ​ដើម្បី ​លុបបំបាត់​ពលកម្ម​កុមារទម្រង់​ធ្ងន់ធ្ងរ​ឲ្យអស់​នៅ​ឆ្នាំ ​២០១៦។ ថ្វីបើ​នៅក្នុង​ពេលនេះ​របាយការណ៍​ផ្លូវការ​បាន​វាយតម្លៃ​ថា​ មាន​កុមារ​កម្ពុជា​ចំនួន​ជាង​៣១០.០០០​នាក់​កំពុង​ស្ថិត​ក្នុង​ពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​ក៏ដោយ ក៏ប៉ុន្ដែ​តួលេខ​នេះ​គ្រាន់តែ​ជាការប៉ាន់​ប្រមាណ​ជាច្រើន​ឆ្នាំ​មកហើយ។ អង្គការ​ពលកម្ម​អន្ដរជាតិ​គ្រោងនឹង​ធ្វើការ​សិក្សា​មួយ​ថ្មីទៀត ​លើ​កុមារ​ធ្វើពលកម្ម​ទម្រង់​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដឹងពី​ចំនួន​ពិតប្រាកដ​របស់​ពួកគេ​ និង​ដើម្បី​ងាយ​ស្រួល​ក្នុងការ​រៀបចំ​យុទ្ធសាស្រ្ត​លុបបំបាត់​ទម្រង់​ពលកម្ម​កុមារ​បែបនេះ។ ​គម្រោងនេះ​នឹង​ត្រូវ​បញ្ចប់​ នៅ​ខែ​កក្កដា ឆ្នាំ ២០១២។ សូម​ប្រិយ​មិត្ត​អ្នក​អាន​ចូល​ទស្សនា​ផង​ដែរ​នូវ​អត្ថបទ​ដែល​គេហ​ទំព័រ សុខ​ភាព​កម្ពុជា ធ្លាប់​បាន​ចេញ​ផ្សាយ​ទាក់ទង​ទៅ​នឹង​ទិវា​ពល​កម្ម​កុមារ​ដែល​មាន​ចំណង​ជើង​ថា «ទិវា​ពល​កម្ម​កុមារ​លើក​ទី​៦៣ : បញ្ហា​សមធម៌​ សេវា​សង្គម និង​ការ​ថែ​ទាំ​កុមារ»។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative