ទឹកស្អុយប៉ះពាល់សុខភាព

ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​មក​ បណ្ដាប្​រជាជាតិ​នៅ​លើ ពិភព​លោក​បាន​ចាប់​ផ្ដើម យក​ចិត្ដទុក​ដាក់​ ពី បញ្ហា​បំពុល​បរិ​ស្ថាន ។ វាអាច​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​ជីវិត​មនុស្ស សត្វ រុក្ខ​ជាតិ និង​ជីវៈចម្រុះ ដែល បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី​ពុល​រាប់​ម៉ឺន ប្រភេទ និងការ​បញ្ចេញ​សំណល់ គ្រប់​ប្រភេទ​ដែល​មាន ផ្ទុកជាតិ ពុល​ចូលទៅ​ក្នុង​បរិស្ថាន​(ទឹក ដី ខ្យល់)។ ទន្ទឹម​នឹងនេះ​ដែរ វាធ្វើ​ឱ្យ ជីវិត​មនុស្ស និង​សត្វរង​នូវ​ការ ប៉ះ​ពាល់ ជាច្រើន​ប្រភេទ​ដល់​សុខ​ភាព រួមទាំង​អ្នក​ប្រតិបត្ដិ​ផ្ទាល់ និង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ កន្លែង គ្រោះ ថ្នាក់​នោះថែម​ទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាព​យើង បាន​ជួបជា​មួយ​លោក ភិន រ៉ាឌី ប្រធាន​ការិយា​ល័យ​គ្រប់គ្រង​គុណ​ភាពទឹក និងដី នៃ​នាយក​ដ្ឋាន ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន ដើម្បី​សុំការ​បក​ស្រាយ​ពី​ផល​ប៉ះពាល់​ដោយ​សារ​ទឹក​ស្អុយ ឬគេ​អាចហៅ​ម្យ៉ាង​ទៀត បានថា​ជា​សំណល់​រាវ ជូន​ប្រិយ​មិត្ដអ្នក​អាន​ទាំងអស់​ឱ្យ​ជ្រាប​ជាព័ត៌​មានដូច​តទៅ​នេះ។

ទឹក​សម្អុយ​(ទឹកលូ)

ទឹក​សម្អុយ​គឺជា​បរិមាណទឹ​កដែល​ត្រូវ​បានគេ​ផ្គត់ផ្គង់​ដ៏មាន​សារៈ​សំខាន់​ចំពោះ​ស​ហគមន៍ ក្រោយ​ពីវា​ត្រូវ​បាន​គេប្​រើប្រាស់ ក្នុង​គោល​បំណង​ផ្សេងៗ​ក្នុង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ សំណល់​រាវអាច​ប្រៀប​ប្រដូច​ជា​ល្បាយ​នៃ​សូលុយ​ស្យុ​ង​មួយ​ដែល​មាន សមាស​ធាតុ​បន្សំ​របស់​វាមាន​ផ្ទុកទៅ​ដោយ​សារធាតុ​ផ្សេងៗ។

  • សារធាតុ​សរីរាង្គ​ដែល​អាច​បង្កើត​ជា​ឧស្ម័ន និង​ដែលមាន​ក្លិន​ស្អុយ​ជាខ្លាំងពពួក​មេរោគ​បង្ក​ជម្ងឺ និង​ពពួក​មីក្រូ​សរីរាង្គ​ផ្សេងៗ ដែលអាច​រស់នៅក្នុង​ខ្លួន​មនុស្សសារធាតុ​ចិញ្ចឹម​ដែល​អាច​ធ្វើឱ្យ​ពពួក​រុក្ខ​ជាតិ​ក្នុ​ងទឹ​កដុះលូត​លាស់​ច្រើន និងមាន​ផ្ទុក​សារ​ធាតុគី​មីពុល​ផ្សេង​ៗ​ទៀត។

ផល​វិបាក​នៃទឹក​ស្អុយ

ជាធម្មតា​ពាក្យថា​ទឹកស្អុយ​គឺមាន​ក្លិន ហើយក្លិន​នេះធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​មនុស្ស ធ្វើឱ្យ​មនុស្ស​មិនឃ្លាន​ចំណីអាហារ ធ្វើឱ្យ​ទន់​ខ្សោយ​ក្នុង​ការដក​ដង្ហើម ការឆ្អើម​ចង់ក្អួត ក្អួត​ចង្អោរ និងការបង្ក​ឱ្យមាន​វិបត្ដិដល់​ខួរក្បាល​ជាដើម។

1 . ផលប៉ះ​ពាល់​ដល់​សោភ័ណ​ភាព អាចនាំ​ឱ្យមាន​ការថយ​ចុះនូវ​មោទន​ភាព​របស់​បុគ្គល និង​សហគមន៍​បានទៀត​ផង ហើយ​នឹងអាច​មាន​ផលរំខាន​រវាង​មនុស្ស​និង​មនុស្ស គ្មាន​ការលើក​ទឹកចិត្ដ​វិនិ​យោគ ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​សង្គម និង​ស្ថាន​ភាព ជាច្រើន​ប្រភេទ​ទៀត។

2 . ផល​ប៉ះពាល់​ដល់​សុខ​ភាព ទឹក​ស្អុយ​មាន​ផល​ប៉ះពាល់​ជាច្រើន​ទៅដល់​មនុស្ស សត្វ និង​រុក្ខជាតិ បើតាម​ការ​ស្រាវ​ជ្រាវ និង​អង្កេត​មក​ដល់​សព្វថ្ងៃនេះ។ មេរោគ​ដែលនៅ​ក្នុងទឹក​សម្អុយ​មាន​ច្រើន ជាពពួក​មេរោគ​ដែលអាច​ធ្វើឱ្យ​មនុស្ស​យើងកើត​ជម្ងឺ​ថ្លើម ដោយ​សារ​តែ​បរិភោគ​ក្ដាម ខ្យង និងរស់នៅ​កន្លែងដែល​បង្ហូរទឹក​សម្អុយ​ចូល។ មានប្រភេទ​វីរុស និងបាក់​តេរីមួយចំនួន​ទៀត​ដែល​បង្ក ជម្ងឺទៅ​ដល់​មនុស្ស​សត្វ ដូច​ជាពពួកអង់គីឡូ​ស្ដូមីយ៉ាស់(Ankylostomiase) ដោយ​ឆ្លងតាម​ស្បែក ដោយ​ដ​ង្កូវចូលតាម​ស្បែក នៅ ពេលដែល​យើង​ងូត​ទឹក​មិន​ស្អាត​ជា​ដើម។

ម្យ៉ាងវិញ​​ទៀតចំពោះ​ពួកប៉ារ៉ា​ស៊ីត មានដូច​ជាពួកព្រូន តេនញ៉ា ឬអៀន ឆ្លងមក​មនុស្ស​តាមរយៈ​ម្ហូប​អាហារ បន្លែឆៅ ដែលប្រើប្រាស់​ទឹកមិន​ស្អាត និងពពួក​អាម៉ីបដែល​អាចធ្វើ​ឱ្យមនុស្ស​មានការ​រាក​រូស ថែមទាំង​អាចធ្វើ​ឱ្យមាន​ដំបៅ​ថ្លើម ដែលជា ជម្ងឺមួយ​ប្រភេទច្រើន​កើតមាន​នៅ​ស្រុកក្ដៅ ដែលមិនសូវមាន​អនាម័យ​ល្អ។ គេបានរក​ឃើញ​មាន​ប្រមាណ​៥០%នៅ​ប្រទេស​ក្ដៅ និង ប្រមាណ​១០%នៅ​ប្រទេស​ត្រជាក់។ ក្នុង​នោះ​​ផងដែរ ទឹកខ្លះ​​ក៏អាច​​បង្ក​​ជម្រក​ឱ្យ​សត្វ​មូស​ដែល​ជា​ភ្នាក់​ងារ​មួយ​ចម្លង​​ជម្ងឺ​​គ្រុន​​ចាញ់ និង ជម្ងឺ​​គ្រុន​ឈាម​​បាន​​ទៀត​​ផង។

3 . ផលប៉ះ​ពាល់ទៅ​ដល់គុណ​ភាពទឹក សារធាតុ​ពុលដែល​មាននៅក្នុ​ងទឹកស្អុ​យនោះ វាមិនបង្ក​គ្រោះថ្នាក់ដល់​មនុស្ស​​សត្វ ភ្លាមៗទេ ប៉ុន្ដែវានឹងបង្កជា​ជម្ងឺ​រ៉ាំរ៉ៃ ដែល​មានដូចជា​មហារីក រលាក​ថ្លើម រលាក​ស្បែក នៅពេល​ដែល​បានឆ្លង​ចាប់ពី​១០ទៅ២០​ឆ្នាំ ក្រោយ។

កត្ដាជាច្រើនខាងលើនេះធ្វើឱ្យមានផលប៉ះពាល់ទៅដល់ភាពក្រីក្ររបស់មនុស្ស ដែលរស់នៅជួបនឹងបញ្ហាអស់ទាំងនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុបង្កការបំពុលទឹក

មានមូល​ហេតុមួយ​ចំនួន​ដែលធ្វើ​ឱ្យទឹក​មានជាតិ​ពុល មិនអាច​យកទៅ​ប្រើប្រាស់​បាន និងថែម​ទាំង​ធ្វើ​ឱ្យ​មាន​សារ​​ធាតុ​ពុល ក្នុង​ទឹក បាត់បង់​ជីវ​​​ចម្រុះក្នុង​​ទឹក ប៉ះ​ពាល់​សុខភាព​មនុស្ស​ បាត់បង់​ធនធាន​សម្រាប់​ប្រើ​ប្រាស់។ កត្ដា​​ទាំង​​នេះ​គឺ​បណ្ដាល​មកពី​កត្ដា ធម្មជាតិ និង​កត្ដា​មនុស្ស​ផ្ទាល់​តែម្ដង។

ជាតិ​បំពុលដែលមាន​នៅក្នុង​ទឹកស្អុយ​ចែកចេញ​ជា៤ប្រភេទ​ធំៗ ដូចតទៅនេះ។

  • ភ្នាក់ងារចម្លងជម្ងឺ
  • សារជាតិចិញ្ចឹម និងសារជាតិសរីរាង្គពុកផុយរលួយ
  • ភ្នាក់ងាររូប(ក្លិន ពណ៌…)
  • សារជាតិគីមីពុល(សំណល់ទឹកលូមិនសូវមានជាតិគីមីច្រើនទេ)។

ក្រៅពីនេះ​ទៀត គ្រោះ​មហន្ដ​រាយ​ដោយ​ធម្ម​ជាតិ​កម្រ​ផ្សេងៗក៏ជា​កត្ដា​បំពុល​ទឹកផង​ដែរ។

ទឹក​សម្អុយ​ប៉ះពាល់​សុខភាព​មនុស្ស និង​សត្វ

ទោះបីជាមាន​ផលប៉ះ​ពាល់តិច ឬច្រើន​យ៉ាងណាក៏​ដោយ នៅពេល​ដែល​បរិស្ថាន(ទឹក ដី ខ្យល់)ត្រូវបាន​បំពុល​(មាន​ជាតិ ពុល ជាតិ​កខ្វក់ និង​មេរោគ) ការប៉ះ​ពាល់ទៅលើ​សុខភាព​មនុស្ស និង​សត្វ តែងតែ​កើតមានដោយ​​ចៀសមិ​ន​ផុតទេ។ ពីព្រោះ​​ទាំង មនុស្ស និង​ស​ត្វ គឺបាន​​ប្រា​ស្រ័យ​​ទាក់​ទង​នឹង​​បរិស្ថាន​​នោះ ជា​អាទិផឹក​ទឹក ដក​ដង្ហើម ហូបត្រី​ចាប់ពីក្នុងទឹក និង​ហូប​បន្លែ​ដែលដាំ​លើដី។ ដូចនេះ​​ភាពគ្រោះ​​ថ្នាក់​​អាច​កើត​មានទៅ​តាមក​ម្រិត​ជាតិ​ពុល និង​រយៈពេល​ទទួល​ជាតិ​ពុលយូរ​ប៉ុណ្ណា​(១ខែ ១ឆ្នាំ ឬ៥ឆ្នាំ)។

ការបំផ្លាញដល់ជីវៈចម្រុះមានន័យថាកាលណាបរិស្ថានត្រូវបំពុលដោយសារជាតិគីមី សំណល់គ្រោះថ្នាក់ដែលមាននៅក្នុង ទឹក នឹង​ធ្វើ​ឱ្យ ជីវៈចម្រុះមួយចំនួនក្នុងមជ្ឈដ្ឋានបរិស្ថាន​នោះត្រូវ​ថយចុះ ​ឬអាច​បាត់បង់​ទាំងស្រុង​ក៏អាច​ថា​បាន។ ជា​ឧទាហ​រណ៍ ការ កំពប់​​ប្រេង​ដោយ​ការ​ក្រឡាប់​នាវា​ដឹក​ជញ្ជូន​ក្នុង​ទន្លេ​មួយ បានធ្វើឱ្យ​ត្រី​ងាប់ និង​រុក្ខជាតិ​តូចៗ​តាមមាត់​ស្ទឹងក៏​ត្រូវបាន​ងាប់​ដែរ ថែម ទាំងធ្វើ​ឱ្យ​ទឹកក​ខ្វក់ មាន​សារ​ជាតិ​គីមី ដែល​មិ​នអាច​ឱ្យ​មនុស្ស​ប្រើប្រាស់​បាន។

ទឹកសម្អុយជាភ្នាក់ងារចម្លងជម្ងឺ

ភ្នាក់ងារចម្លងជម្ងឺ គឺសំដៅលើការរស់នៅ និងជីវិតរស់នៅក្នុងទឹករបស់ពពួកមីក្រូសរីរាង្គ ដែលអាចបង្កឱ្យមានផលប៉ះពាល់ ផ្ទាល់​ទៅលើ​គុណភាពទឹក។ ផលប៉ះពាល់ដ៏​ធំបំផុត​នោះគឺ ការ​ចម្លង​ជម្ងឺ​ដោយពួ​កមីក្រូ​សរីរាង្គ​មួយ​ចំនួន​នៅក្នុង​ទឹកទៅ​កាន់​មជ្ឈ​ដ្ឋាន ដទៃ​ទៀត ដូច​​ជា​ទៅមនុស្ស​សត្វ​ដែល​ប្រើ​ប្រាស់​ទឹកនោះជា​ដើម។ ភ្នាក់ងារ​ចម្លង​ជម្ងឺ​សំខាន់ៗមា​នពួកបាក់​តេរី ពួក​មី​ក្រុប ពួកវី​រុស ពួក​ប៉ារ៉ា​ស៊ីត ផ្សិត និង​ពពួក​​ប្រូតូសូ​អែរ។ ពពួក​មេរោគ​បង្ក​ជម្ងឺ​ទាំង​នេះមានប្​រភពមក​ពីលាមក​មនុស្ស សត្វ សំណល់​រាវតាម​ផ្ទះ សម្បែង ទីក្រុង សណ្ឋា​គារ ភោជនីយ​ដ្ឋាន និ​ងរោង​ចក្រ​ផលិ​តម្ហូប​អាហារ​ជាដើម។ ជម្ងឺ​មួយចំនួន​ដែលប​ណ្ដាលមក​ពីទឹក​លូ ឬទឹកស្អុយ មាន​ដូច​ជា​ជម្ងឺ​សើ​ស្បែក​​នៅ​លើរាង​កាយ និងនៅ​លើផ្ទៃ​មុខ។

ដំបូន្មានអ្នកជំនាញ

មនុស្សយើងគ្រប់រូបសុទ្ធតែបានដឹងហើយថា ការបំពុលបរិស្ថានមានផលប៉ះពាល់ទៅដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ទាំងអស់ ហើយនរណាជាអ្នកធ្វើឱ្យបរិស្ថានមានជាតិពុល គឺជាទង្វើរបស់មនុស្សយើងនេះឯង។ ដូច្នេះយើង​ត្រូវជួយ​សម្អាត​គ្នាទើប​ធ្វើ ឱ្យ​បរិស្ថាន​យើង​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ​បាន។ ម្យ៉ាង​វិញទៀត អ្នក​គ្រប់គ្នា​គួរតែ​ចៀស​វាងការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​ទឹក សម្អុយ ឬ​សំណល់​រឹងគ្រប់​​ប្រភេទ ទើប​មិន​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​សុខ​ភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative