ខ្ញុំ​តឹង​ច្រមុះ

ច្រមុះ​មាន​តួនាទី​សម្រាប់​ហិត​ក្លិន និង​សម្រាប់​ដក​ដង្ហើម​ចូល​ទៅក្នុង​សួត​របស់​មនុស្ស​យើង។ វាមាន​តួនាទី​យ៉ាង​សំខាន់ បំផុត​ក្នុង​ការធ្វើ​ឱ្យខ្យល់​ដង្ហើម​ដែល​ដក​ចូល​នោះ​ទៅ​ជា​ខ្យល់​ម្យ៉ាង​ដែល​មាន​សំណើម និង​ជា​ខ្យល់​ក្ដៅ​ល្មម​សម្រាប់​ការ​រស់​នៅ​របស់ យើង។ ច្រមុះ​ជា​ញាណ​មួយ​ដែល​អាច​សម្រួល​ដល់​ការ​ដក​ដង្ហើម ពេល​តឹង​ច្រមុះ​នោះ​លោក​អ្នកនឹង​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ជាក់​ជាមិន ខាន​ឡើយ។ ច្រមុះ​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​យ៉ាង ដែល​យើង​គួរតែ​ដឹងឱ្យ​បាន​ច្រើន​ជាង​នេះ​តទៅ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដូច្នេះ​ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​ទៅទៀត​នោះ ទស្សនា​វដ្ដី សុខភាព​​ យើង បាន​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ប្រាក់ ស៊ីថា​អ្នក​ឯក​ទេស​ត្រចៀក ច្រមុះ បំពង់​ក នៃ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង បាន​ធ្វើការ​បក​ស្រាយ​ចម្ងល់​របស់​មិត្ដ​អ្នក​អាន​ដូច​តទៅ​នេះ។

ការ​តឹង​ច្រមុះ

ច្រមុះ​ជា​សរី​រាង្គ​មួយ​ដែល​អាច​ធ្វើឱ្យ​មនុស្ស​យើង​ដក​ដង្ហើម និង​អាច​ស្រង់​នូវ​ក្លិន​ទាំង​ឡាយ​បានក៏​ដោយ​សារ​តែ​ច្រមុះ​ដែរ។ ដូច្នេះ​ច្រមុះ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​មនុស្ស​យើង។ ច្រមុះ​មាន​ចែក​ចេញ​ជារន្ធ​ពីរ គឺរន្ធ​ខាង​ឆ្វេង និង​រន្ធ​ខាង​ស្ដាំ ហើយ​នៅ​ក្នុង​ច្រមុះ​មាន​សាច់ពី​ធម្មជាតិ​ដែល​ស្ថិត​នៅផ្នែក​ខាង​លើ ផ្នែក​កណ្ដាល និង​ផ្នែក​ខាង​ក្រោម។ ដុំសាច់​ទាំង​នោះ​មាន​នាទី​សំខាន់​សម្រាប់​ការ ដក​ដង្ហើម​របស់​មនុស្ស​យើង​ដោយ​វាជួយ​ធ្វើយ៉ាង​ណា ឱ្យ​ខ្យល់​ដែល​ចូលទៅ​ក្នុងសួត​មាន​សភាព​ស្អាត បរិសុទ្ធ និង​មាន​ជាតិ​សើម ក្ដៅ​ល្មម​ថែម​ទៀត​ផង។

តឹង​ច្រមុះ​ជា​រោគ​សញ្ញា​មួយ​របស់​ជម្ងឺ​ជាច្រើន ដែល​វាធ្វើ​ឱ្យ​លោក​អ្នក​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ចេញ និង​ចូល​ជា​ដើម។ អ្នក​ជម្ងឺ​ភាគ​ច្រើន​មាន​អាការ​តឹង​ច្រមុះ​ដោយ​មាន​មូល​ហេតុ​ស្រាល និង​មាន​អ្នកជម្ងឺ​មួយ​ចំនួន​ទៀត​នោះ​ដែល​មាន​សភាព​តឹង​ច្រមុះ​ដោយ មាន​មូល​ហេតុ​ធ្ងន់ធ្ងរ​តែ​ករណី​នេះ​មាន​ចំនួន​តិច​ទេ។

មូល​ហេតុ​នៃ​ការ​តឹង​ច្រមុះ

ការ​តឹង​ច្រមុះ​មាន​មូល​ហេតុ​ជាច្រើន​យ៉ាង​ដែល​បង​ប្អូន​យើង​បាន​ជួប​ប្រទះ ហើយ​ជម្ងឺ​តឹង​ច្រមុះ​នេះ​បណ្ដាល​មកពី​កត្ដា​ជា​ច្រើន​យ៉ាង​ដូច​ខាង​ក្រោម​នេះ។

  •   វៀច​ឆ្អឹង​ច្រមុះ
  •   ឫស​ដូង​ច្រមុះ
  •  ដុះ​ដុំ​សាច់​ក្នុង​ច្រមុះ
  •   របេង​ច្រមុះ
  •   រីក​សាច់​អាដេ​ណូ​អ៊ីត(សាច់​កូ​ណេ)
  •   មាន​របស់​អ្វី​មួយ​ចូល​ក្នុង​រន្ធ​ច្រមុះ
  •   រលាក​ផ្លូវ​ដង្ហើម​លើ
  •   រលាក​ស៊ី​នីស​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ
  •   រលាក​ដោយ​អាលែក​ស៊ី ឬ​មិន​មែន​អាលែក​ស៊ី
  •   ការ​ប្រើ​ប្រាស់​ថ្នាំ​បន្ដក់​ច្រមុះ​ច្រើន​ពេក។
  •   តឹង​ច្រមុះ​ដោយ​ការ​ប្រើ​ថ្នាំ​លេប​ប្រភេទ​ខ្លះ

កត្ដា​ទាំង​អស់​ខាង​លើ​នេះ សុទ្ធ​តែធ្វើ​ឱ្យអ្នក​ជម្ងឺ​មាន​អាការ​តឹង​ច្រមុះ។

រោគ​វិនិច្ឆ័យ​ចំពោះ​ការ​តឹង​ច្រមុះ

ពេល​ដែល​លោក​អ្នក​មាន​បញ្ហា​តឹង​ច្រមុះ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ផ្សេងៗ លោក​អ្នកគួរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ធ្វើរោគ​វិនិច្ឆ័យ​ឱ្យបាន​ត្រឹម​ត្រូវ។ ប្រវត្ដិ​ជម្ងឺ​ជា​កត្ដា​មួយ​សំខាន់​ក្នុង​ការ​ធ្វើ​រោគ​វិ​និច្ឆ័យ។

  • ការ​ពិនិត្យ​ប្រវត្ដិ​ជម្ងឺ ៖មានន័យថាជាការសាកសួរទៅកាន់អ្នកជម្ងឺអំពីអាការខ្លះៗ ដែល​គាត់​មិន​ស្រួល​ក្នុង​ខ្លួន ដូច​ជា​ការ តឹង​ច្រមុះ​គាត់​តឹង​ទាំង​សង​ខាង ឬតែ​ម្ខាង រយៈ​ពេល​ថ្មីៗ ឬក៏​មាន​រយៈ​ពេល​យូរ។ រីឯ​ការ​វិវត្ដន៍​នៃ​ជម្ងឺ​កាន់​តែ​ខ្លាំង​ឡើងៗ ឬម្ដង​តឹង ម្ដង​ធូរ ច្រមុះ​រឹត​តែ​តឹង​ឡើង​ឬតឹង​ច្រមុះ​ហើយ​មាន​ការ​ហៀរ​សម្បោរ មាន​កណ្ដាស់​ជាដើម។ ចំណែក​ឯអ្នក​ជម្ងឺ​មួយ​ចំនួន​តឹង​ច្រមុះ ហើយ​ស្រាប់​តែ​មាន​ឈាម​ច្រមុះ​ទៀត​ករណី​នេះវា​អាច​ជាជម្ងឺ​ធ្ងន់ ដែល​ត្រូវធ្វើ​ការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេលា។ មួយ​វិញ​ទៀត នោះ តឹង​ច្រមុះ​ដែល​មាន​អាការ​ស្រវាំង​ភ្នែក លៀន​ភ្នែក​មាន​ឈឺ​ក្បាល ឈឺ​មុខ ហើម​មុខ​ជាដើម នេះ​ក៏ជា​អាការ​ធ្ងន់​ធ្ងរ​ដែរ។ បើ​មាន កើត​អំបៅ​អំបែក​ក្នុង​ត្រចៀក ឬក៏​អាច​ឡើង​កូន​កណ្ដុរ​-ក​ជា​ដើម​ក៏ត្រូវ​សួរ​អ្នក​ជម្ងឺ​ផង​ដែរ។ ការ​ជក់​បារី និង​ការ​ធ្លាប់​បាន​វះ​កាត់​ក៏ជា ប្រវត្ដិ​ដែល​ត្រូវ​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ។
  • ការ​ពិនិត្យ​ផ្ទាល់​ទៅលើ​ច្រមុះ ពេទ្យ​ត្រូវ​ប្រើ​ឧប​ករណ៍​ម្យ៉ាង​ដើម្បី​បើក​មើល​ច្រមុះ ឬអាច​ថត​អង់​ដូស្កុប ដើម្បី​មើល​រឹត តែ​ច្បាស់​ទើប​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ និង​ឈាន​ទៅដល់​ការ​ព្យាបាល​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ។

វិធី​ព្យាបាល​តឹង​ច្រមុះ

ការ​ព្យាបាល​ធ្វើទៅ​តាម​រោគ​វិនិច្ឆ័យ​នីមួយៗ និង​ទៅ​តាម​កម្រិត​នៃ​ជម្ងឺ​មួយៗ​ផង​ដែរ។ បើ​អ្នក​ជម្ងឺ​មាន​ដុះ​សាច់​ក្នុង​ច្រមុះ​យើង​ធ្វើការ​ព្យាបាល​ដោយ​កាត់​សាច់​ដុះ​នោះ​ចេញ។ មួយ​វិញ​ទៀត​នោះ​បើអ្នក​ជម្ងឺ​កើត​ឫស​ដូង​ច្រមុះ​ត្រូវ​កាត់​ឫស​ដូង​នោះ​ចេញ។ បើ​មាន​ដុំសាច់​ក្នុង​ច្រមុះ​ត្រូវ​កាត់​ដុំ​សាច់​នោះ​ចេញ ព្រោះ​ជា​បញ្ហា​មួយ​ដែល​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មាន​អាការ​តឹង​ច្រមុះ​ផង​ដែរ។

មាន​អ្នក​ជម្ងឺ​មួយ​ចំនួន​ទៀត​ដែរ ដែល​គាត់​មាន​ការ​តឹង​ច្រមុះ​ដោយ​សារ​តែ​គាត់​មាន​កើត​របេង​ច្រមុះ នោះ​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំទៅ​តាម​ប្រភេទ​នៃជម្ងឺ​នីមួយៗ​ដែល​អ្នក​ជម្ងឺ​បាន​កើត​មាន​ឡើង។ មាន​អ្នក​ខ្លះ​ទៀត​នោះ​គាត់​មាន​ការ​រលាក​ផ្លូវ ដង្ហើម​លើ​នោះ​ការ​ព្យាបាល​ធ្វើ​យ៉ាង​ណាឱ្យ​ផ្លូវ​ដង្ហើម​របស់​គាត់​មាន​សភាព​ធម្មតា​វិញ នោះ​ការ​តឹង​ច្រមុះ​របស់​គាត់​នឹង​អាច​ធូរ​ស្រាល បាន​ជាក់​ជាមិន​ខាន​ឡើយ។ មាន​មួយ​ចំនួន​ទៀត​នោះ​ច្រមុះ​គាត់​មាន​ខ្ទុះក៏​ធ្វើឱ្យ​ច្រមុះ​គាត់​តឹង​បាន​ដែរ។ វាមាន​ច្រើន​ករណី ដែល​អាច​ធ្វើឱ្យ​លោក​អ្នកជា​អ្នក​ជម្ងឺ​អាច​ជាសះ​ស្បើយ​បាន​ដោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ បើ​លោក​អ្នក​មក​រក​ពេទ្យ​ឯក​ទេស​ដើម្បី​ធ្វើការ​ព្យា​បាល ឱ្យ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​នោះ។

ប្រការ​គួរ​ប្រតិ​បត្ដិ

បើ​លោក​អ្នក​មាន​បញ្ហា​តឹង​ច្រមុះ មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំអ្វី​មួយ​ដែល​មិន​មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ​ដោយ​ចេះ​តែ​ទិញ​នៅ​តាម ទីផ្សារ​ឬទី​កន្លែង​ដែល​មិន​គួរឱ្យ​ទុក​ចិត្ដ​បាន​នោះ​ទេ។ ចំពោះ​កុមារ​វិញ​នោះ មិន​ត្រូវឱ្យ​វា​លេង​របស់​អ្វីមួយ​ដែល​អាច​បង្ក​ឱ្យ​ចូល​ទៅ​ក្នុង ច្រមុះ​ហើយ​ធ្វើឱ្យ​ច្រមុះ​កុមារ​មាន​ធុំក្លិន និង​អាច​ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​អាការ​តឹង​ច្រមុះ ហើយ​វាមិន​អាច​ជា​សះ​ស្បើយ​បានទេ បើ​មិន យក​វាចេញ​វិញ​នោះ។ អ្នក​ជម្ងឺ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ថ្នាំជា​ច្រើន នៅ​តែ​មិន​អាច​ធ្វើឱ្យ​អាការ​តឹង​ច្រមុះ​នោះ​ស្រាក​ស្រាន្ដ​ឡើយ កត្ដា ទាំង​នេះ​ទាមទារ​ឱ្យអ្នក​ជម្ងឺ​មកកាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ដើម្បី​កុំឱ្យ​ប្រើ​ថវិកា​អស់​ច្រើន​ជាដើម។ ចំពោះ​ស្ដ្រី​ដែល​គាត់​បាន​ប្រើ ប្រាស់​ថ្នាំ​ពន្យារ​កំណើត ហើយ​ស្រាប់​តែ​មាន​អាការ​តឹង​ច្រមុះ​កើត​ឡើង​ស្ដ្រីគួរ​តែ​ឈប់​ប្រើថ្នាំ​នោះ ហើយ​ជ្រើស​រើស​ប្រើថ្នាំ​ពន្យារ កំណើត​ណា​ផ្សេង​វិញ ដូច្នេះ​ការ​តឹង​ច្រមុះ​នោះ​នឹង​បាត់​ទៅ​វិញ​ហើយ។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

សូម​លោក​អ្នក​ដែល​មាន​ការ​តឹង​ច្រមុះ ត្រូវ​ប្រញាប់​ទៅកាន់​មន្ទីរ​ពេទ្យឬ​ជួប​គ្រូ​ពេទ្យ​ដែល​ឯក​ទេស​ផ្នែក​ត្រចៀក ច្រមុះ បំពង់​ក​ចៀស​វាង​ការ​ប្រើ​ថ្នាំ​ខុស គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ អាច​បណ្ដាល​ឱ្យ​ខូច​សុខ​ភាព និង​ចំណាយ​ថវិកា​អស់​ច្រើន​ឥត​ប្រយោជន៍​ទៀត ផង។ ការ​តឹង​ច្រមុះ​សុទ្ធ​តែមាន​មូល​ហេតុ​របស់​វា ហើយ​បើធ្វើ​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា​ទេ​នោះ វា​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់ សុខ​ភាព​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative