គ្រឿង​ទេស ៖ អត្ថ​ប្រយោជន៍​មហា​សាល

គ្រឿង​ទេស​សម្រាប់​ផ្សំរស​ជាតិ​ចំណី​អាហារ​របស់​ខ្មែរ​យើង​មាន​ច្រើន​ប្រភេទ​ណាស់។ គ្រឿង​ទេស​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់​សុខ​ភាព ដែល​លោក​អ្នក​មួយ​ចំនួន​ច្រើន​តែមើល​រំលង។ ជួន​កាល​គ្រឿង​ទេស​ទាំង​នោះ​អាច​ជួយ​ឱ្យ​អាការ​រោគ​របស់​លោក​អ្នកជា​សះ​ស្បើយ​ដោយ​មិនដឹង​ខ្លួន​ទៀត​ផង។ តើ​គ្រឿង​ទេស​ទាំង​នោះ​មាន​ផល​ប្រយោជន៍​អ្វីខ្លះ​ទៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យលោក​អ្នក​ជ្រាប​កាន់តែ​ច្បាស់​អំពី​ផល​ប្រយោជន៍​នៃគ្រឿង​ទេស​មួយ​ចំនួន​ដែល​លោក​អ្នក​ជ្រើស​រើសយក​មក​បរិភោគ​ជារៀង​រាល់ថ្ងៃ​នោះ ទស្សនា​វដ្ដី សុខភាពយើង សូម​ចូល​ខ្លួន​មក​បម្រើ​លោក​អ្នក​អាន។

គ្រឿង​ទេស គឺសំដៅ​លើ​គ្រឿង​ផ្សំជា​ច្រើន​ប្រភេទ​ចូល​គ្នា សម្រាប់​ផ្សំ​គ្រឿង​អាហារ​ឱ្យកាន់​តែមាន​រសជាតិ​គួរឱ្យ​ចង់​ទទួល ទាន។ គ្រឿង​ទេស​របស់​ខ្មែរ​មាន​ច្រើន​ប្រភេទ ប៉ុន្ដែ​សម្រាប់​លេខ​នេះ​ទស្សនា​វដ្ដី សុខភាពយើង សូម​លើក​យក​មក​ជម្រាប​ជូន​លោក​អ្នកតែ​មួយ​ចំនួន​សិនតែ​ប៉ុណ្ណោះ។

1 . ល្មៀត ឬ​រមៀត រមៀត​មាន​គុណ​ប្រយោជន៍​ធ្វើឱ្យ​អាហារ​មាន​ពណ៌​លឿង​គួរឱ្យ​ចង់​ទទួល​ទាន និង​ជួយ​បំបាត់​ក្លិន​ឆ្អាប​របស់​អាហារ​ទៀត​ផង។ រមៀត​មាន​សារ​ធាតុ​គៀ​គុយ​ម៉ីន និង​សារ​ជាតិ​ប្រេង ដូចជា​ជាតិ​សេគី​ទែរ​ប៉ែន ទុយ​មេ​រ៉ូន ឌីអ៊ី​ដ្រូ​ទុយ​ម៉េ​រ៉ូន អាល់​ហ្វា​បែត​តាអាល់​ឡាតូន​សាង​ស្ស៊ី​ប៉េ​រ៉ែន គៀ​គុយ​ម៉ែន និង​ស៊ីម៉េ​អុល។ រមៀត​មាន​អានុ​ភាព​ជួយ​ទប់​ស្កាត់​បាក់​តេរី និង​មេរោគ​ផ្សិត​ជាច្រើន​ប្រភេទ​អាចធ្វើ​ជាថ្នាំ​សម្រាប់​ព្យាបាល​រលាក កន្ទួល​រមាស់ ចាំង​ថ្ងៃ ដោយ​យក​ល្មៀត​ស្រស់​មក​បុក​ពូត​យក​ទឹក​លាប​លើ ខ្លួន​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ជាង​នេះទៅ​ទៀត​គេអាច​ប្រើ​រមៀត​សម្រាប់​ព្យាបាល​ជម្ងឺ​មួយ​ចំនួន ដូចជា​រលាក​ក្រពះ​ជំនួយ​ដល់ ការ​រំលាយ​អាហារ ជម្ងឺ​រលាក​ថ្លើម​ការពារ​សារធាតុ​ពុល​ដែល​បំផ្លាញ​ថ្លើម កើត​លឿង រដូវ​មិន​ទៀង ឈឺ​ចាប់​នៅពេល​មាន​រដូវ ការ ធ្លាក់​ឈាម​ក្រោយ​ពេល​សម្រាល ខ្ទាំ ហើម ឈឺ​សន្លាក់​ចុកដៃ​ជើង​បូស​ព្យាបាល​អាការ​ហើម​ពោះ ប្រព័ន្ធ​រំលាយ​អាហារ​មិន​ប្រក្រតី ជា​ដើម។ សព្វថ្ងៃ​នេះ​ម្សៅ​រមៀត​ដែល​បុក​រួច​បាន​ក្លាយជា​គ្រឿង​សម្អាង​សម្រាប់​លាបនៅ​លើស្បែក​ឱ្យសាច់​សខ្ចី និង​ជួយថែ​ទាំ​សាច់ បាន​យ៉ាង​ល្អ។ លើស​ពីនេះ​ទៀត​រមៀត​ត្រូវបាន​គេយក​ទៅផលិត​ជាផលិត​ផលជា​ច្រើន​ទាំងក្នុង​រូបភាព​ជា​គ្រឿង​សម្អាង និង​ជា​ឱសថ។

2 . រំដេង ៖ រំដេង​មាន​រសជាតិ​ហិរ​ហាង តែ​មិន​មែន​ហិរ​ឆួល​ដូច​ម្ទេស​ទេ។ ផ្នែក​ដែល​យើង​យក​មកធ្វើ​ជា​អាហារ គឺ​មើម ចាស់​និង​មើម​ខ្ចី​របស់​វា។ ដើម​ខ្ចី និង​ផ្កា​របស់​វាអាច​យក​ធ្វើជា​អន្លក់​ជ្រលក់​ប្រហុក ឬ​ទឹក​គ្រឿង។ រំដេង​សម្បូរ​ដោយ​សារធាតុ​សំខាន់ មួយ​ចំនួន​ដូចជា​ផ្លាវ៉ូ​ណូ​អីដ​កាឡង់​ហ្សីន អាលី​នីន  កា​អំផេ​រីដ ស៊ី​នេ​អុល សាំង​ណង់ត៍ ដេរ​ម៉ទីល​ជា​ដើម។ សារ​ធាតុ​ទាំង​នេះ​មាន គុណ​ប្រយោជន៍​ផ្នែក​ឱសថ​ដូចជា​ជួយ​កាត់​បន្ថយ​អាការ​ពិបាក​រំលាយ​អាហារ ហើម​ពោះ ក្អួត ចុក​ឆ្អល់​ពោះ រាក ច្រាល​ខ្យល់ បណ្ដេញ ខ្យល់ បំប៉ន​សរីរាង្គ។ វេជ្ជ​សាស្ដ្រ​បច្ចុប្បន្ន​រក​ឃើញ​ថា​រំដេង​មាន​សារធាតុ​ប្រឆាំង​បាក់​តេរី​កម្រិត​ស្រាល និង​អាច​សម្លាប់​មេរោគ​ផ្សិត បាន។ ដូច្នេះ​ហើយគេ​យក​រំដេង​ទៅធ្វើ​ជា​ថ្នាំ​ព្យាបាល​ជម្ងឺ​សើ​ស្បែក​មួយ​ចំនួន ដូច​ជា​ស្រែង ភ្លឺជា​ដើម និង​អាច​មាន​អានុ​ភាព​កម្ចាត់ ស្លេស​បាន​ទៀត​ផង។ ការ​ទទួល​ទាន​រំដេង​ស្ងោ​ឬអាហារ​ដែលមាន​ផ្សំពី​រំដេង​ច្រើន​អាច​ជួយ​ព្យាបាល​ក្អក​សម្រាប់​អ្នក​មាន​ជម្ងឺ​ផ្ដាសាយ និង​ក្អក​ស្ងួត។

3 . ក្រូច​សើច មាន​ក្លិន​ក្រអូប​ប្រហើរ ជា​ពិសេស​នៅ​ស្លឹក និង​សម្បក​ផ្លែ។ រុក្ខ​ជាតិ​ក្រូច​សើច​មាន​ផ្ទុក​នូវ​សារ​ធាតុ​មួយ ចំនួន​ដូចជា​អាល់​កាឡូ​អ៊ីដ​ក្លុយ​កូស៊ីដ សៅ​នីន អាស៊ីដ​ស៊ីទ្រិច តាន​នីន​ជា​ដើម។ គេអាច​ប្រើ​ស្លឹក​ក្រូច​សើច ឬ​សម្បក​ផ្លែ​ក្រូច​សើច​លាយ​ជាមួយ​រុក្ខជាតិ​ផ្សេង​ទៀត​ដាំឱ្យ​ពុះ​ឆ្ពុង​យក​ចំហាយ និង​ក្លិន​របស់​វា​ដើម្បី​ជួយ​សម្រួល​ដល់​ផ្លូវ​ដក​ដង្ហើម ឈឺ​ក្បាល និង​បំបាត់​ក្លិន ខ្លួន​ជា​ពិសេស​សម្រាប់​ស្ដ្រី​ក្រោយ​ពេល​សម្រាល​កូន។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រូច​សើច​អាច​ប្រើ​សម្រាប់​ជា​ជំនួយ​ដល់​ការ​រំលាយ អាហារ​ឱ្យ​ទទួល​ទាន​បាយ​បាន​ឆ្ងាញ់​ព្យាបាល​អាការ​ក្អក​ស្លេស បញ្ចេញ​ញើស​បាន​ស្រួល និង​សម្រួល​ដល់​ការ​បញ្ចេញ​ទឹក​មូត្រ។ កម្រិត​នៃការ​ប្រើលោក​អ្នក​អាច​យក​ក្រូច​សើច​ចំនួន​៦ទៅ​១២​ក្រាម​ក្នុង​មួយ​ថ្ងៃ ដោយ​ស្ងោរ​ម្ងាស់​យក​ទឹក​ទទួល​ទានក៏​បាន។ បើមិន​ដូច្នោះ​ទេ អាច​យកវា​ទៅត្រាំ​ស្រា​ដោយ​ប្រើតែ​ឯង​ឬលាយ​ជាមួយ​រុក្ខជាតិ​ផ្សេង​ទៀត​មាន​គុណ​ប្រយោជន៍​ដូច​គ្នា។ គេ​និយម​ប្រើ​ស្លឹក និង​សម្បក ផ្លែ​ជា​គ្រឿង​ស្ល ដើម្បី​បំបាត់​ក្លិន​ឆ្អាប។

4 . ខ្ជាយ ខ្ជាយ​មាន​ក្លិន​ហិរ​ហាង​ស្រដៀង​នឹង​រំដេង​ដែរ តែវា​មាន​ក្លិន និង​រសជាតិ​ស្រាល​ជាង​បន្ដិច។ ខ្ជាយ​មាន​គុណ​ប្រយោជន៍​ប្រហាក់​ប្រហែល​នឹង​រមៀត។ ខ្ជាយ​ត្រូវ​បាន​ចាត់​ទុកថា​ជា​អាហារ ជាថ្នាំ​ប៉ូវ​កម្លាំង និង​ជួយ​ឱ្យ​អាយុ​វែង រហូត​មាន​អ្នក​ខ្លះ​បាន​ប្រដូច​ខ្ជាយ​ទៅនឹង​យិនស៊ិន​ទៀត​ផង។ ក្រៅពី​នេះ ខ្ជាយ​អាច​ជួយ​បង្កើន​សមត្ថ​ភាព​ផ្លូវភេទ និង​ជួយ​បំបាត់​ការឈឺ​ចាប់​រោយ​សាច់​ដុំ ទៀត​ផង។

5 . ស្លឹក​គ្រៃ ស្លឹក​គ្រៃជា​គ្រឿង​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​មុខ​ម្ហូប​ខ្មែរ ទោះបី​ជាមុខ​ម្ហូប​ប្រភេទ​ណា​ក៏​ដោយ មិន​ថាតែ​ស្លគ្រឿង ស្ល​ក្ដៅ ឬញាំ​ភ្លាអ្វី​ទេ សូម្បី​តែ​អាហារ​អាំង​ប្រភេទ​ខ្លះក៏​ត្រូវ​ការ​ស្លឹក​គ្រៃ​ដែរ។ ចំណែក​ឯគុណ​ប្រយោជន៍​ខាង​ផ្នែក​ឱសថ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ទូទៅ​នោះ គឺ​អាច​ជួយ​សម្រួល​ការ​ស្ទះ​ហើម​ពោះ បណ្ដេញ​ឈាម​រដូវ បញ្ចុះ​ទឹក​មូត្រ​ជា​ដើម។ តាម​ក្បួន តម្រា​បុរាណ​គេប្រើ​ស្លឹកគ្រៃ​ដាំលាយ​ទឹក​ទទួល​ទាន​ដើម្បី​ព្យាបាល​ការ​ក្អ្អួត​ចង្អោរ ជួយ​ឱ្យ​ដើរ​ខ្យល់​ស្រួល និង​ជួយ​បំបាត់​ការឈឺ​ពោះ។ ប្រេង​ក្រអូប​ដែលមាន​នៅនឹង​ស្លឹកគ្រៃ​អាច​ទប់​ស្កាត់​បាក់​តេរី និង​មេរោគ​ផ្សិត គេអាច​យកវា​ទៅ​កម្ចាត់​អង្គែរ​ដែល​មាននៅ​លើ​ស្បែក ក្បាល ហើយ​ត្រូវ​បាន​គេ​ផលិត​ជា​សាប៊ូ​កក់​សក់​និងទឹក​អប់។ ក្រៅ​ពី​នេះ គេ​អាចប្រើ​ជាថ្នាំ​កម្ចាត់​សត្វ​ល្អិត ដូច​ជាថ្នាំ​បាញ់​មូស​ជា​ដើម។

បណ្ដាំ​ផ្ញើ

គ្រឿង​ទេស​ទាំង៥​មុខ​ដែល​លើក​មក​ជម្រាប​ជូន​លោក​អ្នក​នៅពេល​នេះ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ នៅ​មាន​ជាច្រើន​រាប់​រយ​មុខ​ទៀត​ឯណោះ។ ដោយ​សារ​មិន​អាច​រៀប​រាប់​ជូនឱ្យ​អស់​ក្នុង​ពេល​តែមួយ​នោះ ទើប​ទស្សនា​វដ្ដី សុខភាព​ យើង សូម​ស្លេះត្រឹម​នេះ សិន​ហើយ​នឹង​លើក​មក​ជម្រាប​ជូន​លោក​អ្នកជា​បន្ដ​ទៀត​នៅលេខ​ក្រោយ។ សង្ឃឹម​ថាលោក​អ្នក​រង់ចាំ​អាន​ដោយ​ក្ដី​អនុ​គ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative