អ្នកជម្ងឺផ្លូវចិត្ដកើនឡើងគួរឱ្យបារម្ភ

សង្គ្រាម ភាព​អត់​ឃ្លាន ភាព​ក្រីក្រ និង​គ្រោះ​មហន្ដ​រាយ​ធម្ម​ជាតិ ទាំង​នេះពិត​ជាបាន​ផ្ដល់​នូវ​មរតក​ជម្ងឺ​ផ្លូវ​ចិត្ដ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់។ បើទោះ​បីជា​សង្គ្រាម​បាន​បញ្ចប់ ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​ទៅហើយ​ក្ដី ក៏​កម្អែល​ជម្ងឺ​ទាំង​នេះ​នៅតែ​ទាមតោង​រួមរឹត​ជីវិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ដដែល។ ហេតុ​នេះហើយ​ទើប​មាន​ការ​បង្កើន​នូវ​ចំនួន​មជ្ឈ​មណ្ឌល​ផ្ដល់​សេវា​ព្យាបាល​ជម្ងឺផ្លូវ​ចិត្ដ​ស្ទើរ​នៅគ្រប់​មណ្ឌល​សុខ​ភាព​បង្អែក​ទូទាំង​ខេត្ដ​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្ដែ​ទន្ទឹម​នឹងការ​កើន​ឡើង​នេះ ចំនួន អ្នកជម្ងឺ​ផ្លូវចិត្ដ​ក៏មាន​ការកើន​ឡើង​ផង​ដែរ ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាង​ក្រោម​នេះជា​របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​សម្រាប់​កម្មវិធី​សុខ​ភាព​ផ្លូវចិត្ដ​នៅ​កម្ពុជា ស្ដី​ពីចំនួន​អ្នក​ជម្ងឺ​ផ្លូវចិត្ដ នៅ​ទូទាំង​ប្រទេស​ដែល​ទស្សនា​វដ្ដី សុខភាព​​​យើង ទទួល​បាន​ដោយ​មាន​លោក​វេជ្ជ​បណ្ឌិត ឈិត សុផល ជាអ្នក​ផ្ដល់​ប្រឹក្សា​លម្អិត។

ស្ថិតិ​អ្នក​ជម្ងឺ និង​សេវា​សុខ​ភាព​ផ្លូវ​ចិត្ដ

  •  កំណើនចំនួនសេវាសុខភាពផ្លូវចិត្ដ

តាម​របាយ​ការណ៍​បង្ហាញ​ថា នៅឆ្នាំ​១៩៩៨​ចំនួន​សេវា​ផ្ដល់​ការ​ព្យាបាល​ជម្ងឺ​ផ្លូវ​ចិត្ដ​មាន​ត្រឹម​តែ៥​កន្លែង​ប៉ុណ្ណោះ ដោយ​អ្នក​ជម្ងឺ​ផ្លូវចិត្ដ​មាន​៥៩១នាក់។ ចំនួន​នេះ​មាន​ការកើន​ឡើង​ជា​លំដាប់ ដូចជា​នៅឆ្នាំ​២០០១​សេវា​សុខ​ភាព​ផ្លូវចិត្ដ​មាន​ចំនួន​១៦​កន្លែង​ហើយ​ទទួល​បានអ្នក​ជម្ងឺ​៤១៥៨​នាក់។ នៅឆ្នាំ​២០០៥​មាន៣៥​កន្លែង ហើយ​មាន​អ្នក​ជម្ងឺ​ចំនួន​៨.៧៩៥​នាក់។ ហើយ​នៅឆ្នាំ​២០០៦​ចំនួន​សេវា​សុខ​ភាព​ផ្លូវចិត្ដ​មាន​រហូត​ដល់​៤៨​កន្លែង រីឯ​អ្នក​ជម្ងឺ​មានដល់​ទៅ១០១១០​នាក់។ ចំណែក​ឯនៅ​ឆ្នាំ​២០០៧​វិញ មជ្ឈ​មណ្ឌល​ផ្ដល់សេវា​សុខភាព​ផ្លូវ​ចិត្ដ​មាន​ការ​កើន​ឡើង​ខ្ពស់​រហូត​ដល់​៦១​កន្លែង។

  •  ស្ថិតិអ្នកជម្ងឺផ្លូវចិត្ដថ្មីប្រចាំឆ្នាំ

អ្នក​ជម្ងឺ​ផ្លូវចិត្ដ​ទាំង​អស់​ដែល​មជ្ឈ​មណ្ឌល​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ​បាន​ធ្វើស្ថិតិ​ក្នុង​រយៈ​ពេល​១២ឆ្នាំ​កន្លង​មក​នេះ មាន​ចំនួន​៥១៦២២​នាក់ មាន​ស្ដ្រី៦៩% និង​បុរស​៣១%។ ក្នុង​នោះ​ផងដែរ​មាន​១.៦៤២​នាក់​បណ្ដាល​មកពី​ការប្រើ​ប្រាស់​សារ​ធាតុ​សកម្ម លើ​ប្រព័ន្ធ​ប្រសាទ​ដោយ​មាន​ស្ដ្រី​១២% និង​បុរស​៨៨%​ផង​ដែរ។ ហើយ​សារ​ធាតុ​ដែល​សកម្ម​លើ​ប្រព័ន្ធ​ប្រសាទ​មាន​ដូចជា​ថ្នាំ​ញៀន ចំនួន​២៥% ជាតិស្រវឹង​មាន​ចំនួន​៦៤,៦%​និង​សារ​ជាតិ​ផ្សេងៗ​ទៀត​(ថ្នាំ​ងុយ​ដេក​ជាដើម)​ចំនួន​១០,៤%។

មូល​ហេតុ​នាំឱ្យ​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ដ​កើន​ឡើង

គេសង្កេត​ឃើញ​ថាពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អត្រា​អ្នក​ជម្ងឺ​ផ្លូវចិត្ដ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ដោយ​មណ្ឌល​ផ្ដល់​សេវា​សុខ​ភាព​ផ្លូវ​ចិត្ដ​មាន​ការកើន​ឡើង​ផង​ដែរ។ គេ​រំពឹង​ថា ចំនួន​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ដ​នឹង​មាន​ការ​ថយ​ចុះ​នៅ​ក្រោយ​ពេល​ដែល​មណ្ឌល​ផ្ដល់​សេវា​ត្រូវ​បាន​បង្កើត​ឡើង​គ្រប់​ខេត្ដ​ក្រុង​នៅ​ទូទាំង​ប្រទេស​នោះ។ ហេតុ​ផល​នេះ​ហើយ​ដែល​គេអាច​សន្និ​ដ្ឋាន​បាន​ថា កាល​ណា​មណ្ឌល​ផ្ដល់​សេវា​បង្កើត ឡើង​កាន់តែ​ច្រើន​នោះ​អ្នក​ជម្ងឺផ្លូវ​ចិត្ដក៏​មាន​អត្រា​កាន់តែ​ច្រើន​ផង​ដែរ។ ព្រោះ​កាល​ពីឆ្នាំ​១៩៩៨ មណ្ឌល​ផ្ដល់​សេវា​មាន​ចំនួន​៥កន្លែង គេធ្វើ​ស្ថិតិ​ទៅ​ឃើញ​ថា​មាន​អ្នក​ជម្ងឺ​ត្រឹម​តែ៥៩១​នាក់​ប៉ុណ្ណោះ។ ផ្ទុយ​ទៅវិញ​នៅឆ្នាំ​២០០៦​មាន​មណ្ឌល​ផ្ដល់​សេវា​ចំនួន​៤៨​កន្លែង ដែល​ទទួល​បានអ្នក​ជម្ងឺ​សរុប​១០១១០​នាក់។ កាល​ណា​មណ្ឌល​ផ្ដល់​សេវា​មាន​ចំនួន​តិច អ្នកជម្ងឺ​ផ្លូវចិត្ដ​ទាំង​អស់​មិន​សុទ្ធតែ​មាន​លទ្ធភាព មក​ពិគ្រោះ​ព្យាបាល​បាន​ទូលំ​ទូលាយ​គ្រប់​គ្នា​នោះ​ទេ​ប្រាកដ​ជាបាន​ពិគ្រោះ​ព្យាបាល​ចំពោះ​តែអ្នក​ដែលនៅ​ជុំវិញ​មណ្ឌល​នោះ ឬអ្នក ដែល​មាន​ទ្រព្យ​ធូធារ​ប៉ុណ្ណោះ។ សួរថា​ចុះ​ចំពោះ​អ្នក​ដែល​រស់នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល​ឬអ្នក​ក្រីក្រ​វិញ​នោះ តើពួក​គេអាច​មក​កាន់ កន្លែង​ផ្ដល់​សេវា​ដោយ​វិធី​ណា? ដូច្នេះ​មណ្ឌល​ផ្ដល់​សេវា​សុខ​ភាព​ផ្លូវចិត្ដ​ត្រូវ​បាន​បង្កើត​ឡើង​កាន់តែ​ច្រើន​ទៅៗ ដែល​កាន់តែ​ផ្ដល់​ភាព ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​នៅគ្រប់​ទី​កន្លែង​ដែល​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ។ រយៈ​ពេល​១២​ឆ្នាំនេះ​មជ្ឈ​មណ្ឌល​ជាតិ​សម្រាប់​សុខ​ភាព​ផ្លូវ​ចិត្ដ ប្រមូល​អ្នក​ជម្ងឺ​សរុប​បាន​ត្រឹមតែ​៥១៦២២​ប៉ុណ្ណោះ ដែល​តួលេខ​នេះ​ខុស​គ្នា​ឆ្ងាយពី​តួលេខ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក ដែល​បង្ហាញ​ថាក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​មាន​១០%​កើត​ជម្ងឺ​ផ្លូវ​ចិត្ដ។ ហើយ​គេ​រំពឹង​ថា ចំនួន​អ្នកជម្ងឺ​ផ្លូវចិត្ដ​នឹង​កើន​បន្ថែម​ទៀត​នៅ​ពេល​ដែល​ចំនួន​មណ្ឌល​ផ្ដល់​សេវា​ត្រូវ​បាន​បង្កើន​ផង​នោះ។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

សូម​កុំឱ្យ​មាន​ការ​រើស​អើង​ចំពោះ​អ្នក​ជម្ងឺ​ផ្លូវចិត្ដ ហើយ​មេត្ដា​ជួយ​លើក​ទឹក​ចិត្ដ និង​ជំរុញ​ជន​នោះឱ្យ​ទៅធ្វើ​ការ​ព្យាបាល​ជា បន្ទាន់​ព្រោះ​ជម្ងឺ​ផ្លូវ​ចិត្ដ​អាច​ព្យាបាល​ជា​សះ​ស្បើយ។ ហើយ​ម្យ៉ាង​ទៀត​មណ្ឌល​ផ្ដល់​សេវា​ព្យាបាល​ក៏មាន​ស្ទើរ​តែ​ទូទាំង​ប្រទេស​ផង​ដែរ​ដែល​កាន់​តែផ្ដល់​ភាព​ងាយ​ស្រួល​ក្នុងការ​ព្យាបាល​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative