ពុលបន្លែ និង​ផ្លែឈើ​នៅ​ខេត្តស្វាយរៀង​មួយករណី​ទៀតហើយ!

ករណីពុលអាហារបានកើតឡើង​​ជាញឹក​ញាប់​​ដែលតែងតែ​​​ប្រទះឃើញ​​នៅតាម​​បណ្តា​​សារ​ព័ត៌មាន​​​ដែល​​ បាន​​​ចេញ​ផ្សាយ​​នៅក្នុង​​ប្រទេស​​កម្ពុជា។ ករណី​ពុលមី ពុលទឹ​ក​ក្រូច ពុល​បន្លែ​ស្ពៃក្តោប និងករណីពុលជា ច្រើនផ្សេងទៀតត្រូវបានអ្នកសារព័ត៌មាន​យក​មកចុះផ្សាយព្រោង ព្រាតនៅតាម​ បណ្តាសារព័ ត៌មាន​ ផ្សេងៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​ប៉ុន្មានថ្ងៃ​មុននេះ គេហទំព័រ​សុខភាព​កម្ពុជា បានលើក​យកនូវ​ព័ត៌មាន​មួយ​ដែលទាក់ទង​ទៅនឹង​ការពុល​របស់​ប្រជាជន​នៅ​ខេត្តស្វាយរៀង​ជិត​១០០នាក់​រួចមក​ហើយ។ ឥឡូវនេះ បើតាម​​សារ​ព័ត៌មាន​​កោះសន្តិ​ភាព​ បានឲ្យ​​ដឹងថា មានប្រជាពលរដ្ឋ​១៦នាក់​បានពុល​ផ្លែឈើ​វិញម្តង។ នេះគឺ​ជាការ​ពុល​ដូច​បណ្តាក់​វេនគ្នា​ស្ទើរតែ​គ្រប់​ខេត្តក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។

ប្រជា​ពល​រដ្ឋ​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ចំនួន​១៦​នាក់​ត្រូវ​បាន​គ្រូ​ពេទ្យ​អះអាងថា​បាន​ពុល​បន្លែផ្លែ​ឈើ ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ប្រតិបត្តិជីភូ​ ខេត្ត​ស្វាយរៀង​ជាបន្ត​បន្ទាប់ ។ នេះជាលើក​ទី២​ហើយ​បន្ទាប់ពី​មនុស្ស​​ប្រុស​ស្រីក្មេង​ចាស់ចំនួន៩៧នាក់ បានជួបនូវ​ហេតុ​ការណ៍​ពុល​បន្លែ ផ្លែឈើ​ដូចគ្នា​នេះ​ដែរកាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ។

ដោយ​ឡែក​ការពុលលើកទី២​នេះបាន​កើត​ឡើង​នៅថ្ងៃ​ទី៧ មិថុនា​នៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយ​​​រៀង​។ ប្រជា​ពល​រដ្ឋ​រង​គ្រោះ​បាន​ប្រាប់​ថា ពួកគាត់​បាន​ទិញ​បន្លែ និងផ្លែឈើពីផ្សារ​កំពង់រោទ៍យក​មក​បរិភោគ។​ នៅពេល​យក​មក​ដល់​ផ្ទះកូនៗ បាន​នាំគ្នា​ហូបផ្លែ​សាវម៉ាវ នៅ២០នាទី​ក្រោយ​មក​ពួកគេ​ក៏មាន​អាការៈ​ក្អួតចង្អោរ និងចុក​ពោះ ។ លុះដាំស្ល​ឆ្អិន នៅ​វេលា​ម៉ោង​១០​ព្រឹកក៏​នាំគ្នា​ហូបបាយ​ស្រាប់​តែកើត​រោគ​វិលមុខ ក្អួត​ចង្អោរ និង​រាករូស​តែ​ម្តង​ក៏ប្រញាប់​ប្រញាល់នាំ​កូន​មកសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។

លោក​អធិការ​នគរបាល ស្រុក​កំពង់​រោទ៍​បាន​ប្រាប់តាម​ទូរស័ព្ទ​ថា ប្រជា​ពលរដ្ឋ​១៦​នាក់ នេះពុលបន្លែ​ស្ពៃ​ក្រញ៉ាញ់ ឬស្ពៃ​ខ្មៅ​។ រីឯ​គ្រូ​ពេទ្យ​មាន​ប្រសាសន៍​ថា តាមការ​សន្និដ្ឋាន​បន្លែ និងផ្លែ​ឈើ ដែល​ប្រជា​ពលរដ្ឋ​ទិញ​យក​មក​បរិភោគ​នេះ ទំនងជា​ទើប​តែបាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិតរួច ត្រូវម្ចាស់​បន្លែ​ផ្លែ​ឈើ​ដក ឬបេះ​យកមក​លក់ ហើយ​ដោយ​ប្រជា​ពលរដ្ឋ​ខ្វះការ​យល់ដឹងពី​អនាម័យ​ផង​ទើប​បណ្តាល​ឱ្យ​ពុល។ ដូច្នេះសូម​ប្រជា​ពលរដ្ឋ​មានអនាម័យ​ខ្ពស់​ក្នុងការ​ទទួលទាន ពិសេស​ត្រូវ​លាង​បន្លែ​ផ្លែឈើ​ដែល​ទិញមក​ពីផ្សារឱ្យ​បានស្អាត​មុនបរិភោគ  ។

ប្រជា​ពល​រដ្ឋបានរិះគន់ថា​ នេះមក​ពី​ការ​ធ្វេស​ប្រហែស​របស់​មន្រ្តីមិនបាន​ត្រួត​ពិនិត្យ​បន្លែ​ផ្លែឈើ​ដែលឈ្មួញ​នាំចូល​មកពីប្រទេស​វៀតណាម ចូលតាម​ច្រកទ្វារ​អន្តរជាតិ តែពួក​គេបែរជាអង្គុយ​រាប់​តែក្បាល​រថយន្ត និងម៉ូតូ​យក​លុយ​ប៉ុណ្ណោះ បើគ្មាន​លុយគឺ​ចាប់ មានលុយ​បិទ​ភ្នែក ដែល​ទាំងនេះ​ជា​មូលហេតុ។ ដូច្នេះ​ប្រជាពលរដ្ឋយល់ថា​គួរតែ​ពិនិត្យ​ឡើងវិញ​ផង​ចំពោះករណី​ខាងលើ៕

ការលាង​សម្អាត បន្លែ ផ្លែឈើ និងចំណី​អាហារផ្សេងៗ គឺជា​រឿង​ចាំបាច់​ដែលមិន​អាច​ខ្វះបាន។ ប៉ុន្តែ​បើម្ហូប​អាហារ​មានសារធាតុ​ពុល​ច្រើននោះ ទោះបី​ជាការ​លាងសម្អាត​ឲ្យល្អស្អាត និងច្រើនដង​យ៉ាងណា​ក៏ដោយ​ក៏ ជាតិ​ថ្នាំពុល​ខ្លាំង​មួយចំនួនដែលតោង​ជាប់​នៅក្នុង​បន្លែ ផ្លែឈើ​ទាំងនោះ នៅ​សេសសល់​សារធាតុ​ពុល​មួយចំនួន​ខ្លះផង​ដែរ នៅពេល​ដែល​លោកអ្នកបរិ​ភោគ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ប្រុងប្រយ័ត្ន​នៅពេល​ទិញបន្លែ ផ្លែឈើ​បរិភោគ កុំឲ្យ​ឃើញថា ស្រស់ គ្មានដង្កូវចោះ គិតថាល្អ​ទាំងស្រុង​ឲ្យសោះ ព្រោះវា​អាចមាន​សារធាតុពុល​មួយចំនួន​ដែលលោក​អ្នក​មិនអាច​ដឹងមុន​បាន៕

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ​ ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative