ខាត់​ស្បែក និង​បក​ស្បែក ធ្វើឱ្យ​ស្បែក​ស្ដើង

ស្បែក​ដែល​ធម្មជាតិ​បាន​ផ្ដល់ឱ្យ​លោក​អ្នក​គ្រប់​គ្នា​តាំង​ពីកំណើត គឺជា​ស្បែក​ល្អ​ណាស់ មិនថា​តែ​ស្បែកស ស្បែក​ខ្មៅ ឬ​ស្បែក​លឿង​ឡើយ។ ស្បែក​គឺជា​របាំង​ការពារ​សរីរៈ​ខាង​ក្នុង​រាង​កាយ និងជា​របង​ទប់​ទល់​នូវ​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ។ ប៉ុន្ដែ​សម្រាប់​ស្ដ្រី​ដែល​មាន សម្បុរ​ខ្មៅ​តែងតូច​ចិត្ដនឹង​សម្បុរ​ខ្លួន​ឯង ហើយ​ក៏ធ្វើ​ការកែ​សម្រស់​ស្បែក​ឱ្យមាន​សម្បុរស ជា​ហេតុធ្វើ​ឱ្យស្បែក​ស្ដើង និង​ពិបាក​ថែ​ទាំ ស្បែក​ហើយ​ថែម​ទាំង​បង្កឱ្យ​មាន​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រធាន​បទស្ដី​ពី​ស្បែក​ស្ដើង និង​ផល​ប៉ះ​ពាល់ ត្រូវ​បាន​បក​ស្រាយ​​​បំភ្លឺ​ជូន​មិត្ដ​អ្នក​អាន​ដោយ​លោក​វេជ្ជ​បណ្ឌិត ម៉ី ស៊ី​ថាច អ្នក​ឯក​ទេស​ជម្ងឺ​សើ​ស្បែក និង​កាម​រោគ​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ តាម​រយៈ​ការធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនា​វដ្ដី សុខភាពយើង។

មូល​ហេតុ​ស្បែក​ស្ដើង

កត្ដា​ដែល​ធ្វើឱ្យ​ស្បែក​ស្ដើង​បណ្ដាល​មកពី​មូល​ហេតុ​ជាច្រើន​យ៉ាង ដូច​ជាការ​បក​ស្បែក ខាត់​ស្បែក ការប្រើ​ប្រាស់​ឡេ ឬ​ឱសថ​មួយ​ចំនួន។

  • បក​ស្បែក ៖ ការ​បក​ស្បែក​ញឹក​ញាប់​ច្រើន​ដងក្នុង​១ឆ្នាំ ជា​ហេតុ​ធ្វើឱ្យ​ស្បែក​ស្ដើង ព្រោះ​តែការ​បាត់​បង់់​នូវ​កោ​សិកា​ស្បែក​ស្រទាប់​ខាង​ក្រៅ។
  • ការ​ប្រើ​ប្រាស់​ក្រែម ៖ ការ​ប្រើ​ប្រាស់​ក្រែម​ដូច​ឡេ​ដែល​មាន​ប្រភព​មិន​ច្បាស់​លាស់ ដែល​មាន​សារ​ធាតុ​កាត់​លាប​នៅ​លើ ស្បែក​ធ្វើឱ្យ​ស្បែក​ស្ដើង បណ្ដាល​ឱ្យ​កោសិ​កា​ស្បែក​ស្រទាប់​ខាង​ក្រៅ​ត្រូវ​បាត់​បង់ ហើយ​នៅ​សល់តែ​កោសិ​កា​ស្បែក​ស្រទាប់​ខាង​ក្នុង។
  • ខាត់​ស្បែក ៖ ការ​ជ្រើស​រើស​ផលិត​ផល​គីមី​យក​មក​ខាត់​ស្បែក​ជា​ប្រចាំ បណ្ដាល​ឱ្យងាប់​កោ​សិ​កា​ស្បែក​ខាង​ក្រៅ។
  • ការប្រើប្រាស់ឱសថមួយចំនួន ដើម្បី​ព្យាបាល​ជម្ងឺ ដូច​ជា​ជម្ងឺ​ហឺត ច្រមុះ ឬ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​ជា​ដើម ដែល​ចាំ​បាច់​ត្រូវ​ប្រើ​ឱសថ​មួយ​ចំនួន​ក្នុង​រយៈ​ពេល​វែង​បណ្ដាល​ឱ្យ​ស្បែក​ស្ដើង។

ផល​ប៉ះ​ពាល់​នៃ​ស្បែក​ស្ដើង

ស្បែក​ស្ដើង​ពិបាក​ក្នុង​ការ​ថែទាំ​ណាស់ ហើយ​បង្កឱ្យ​មាន​ផល​វិបាក​ច្រើន គឺ​ស្បែក​ឆាប់​យារ​ជ្រីវ​ជ្រួញ ឆាប់​មាន​ប្រតិ​កម្ម​ឆាប់​ចេញ​កន្ទួល​រមាស់ និង​ងាយ​ទទួល​រងពី​កម្ដៅ​ព្រះ​អាទិត្យ ដូច​ជាធ្វើ​ឱ្យ​ស្បែក​រលាក​ដោយ​កម្ដៅ​ថ្ងៃ ហើយ​ធ្វើ ឱ្យ​ស្បែក​ទៅ​ជា មហា​រីក​ស្បែក​ដោយ​សារ​ស្រទាប់​ស្បែក​ខាង​ក្រៅ​វិវត្ដន៍​ទៅជា​ស្បែក​គ្រើម បន្ទាប់​មកក៏​ក្លាយ​ទៅ ជា​មហា​រីក​ស្បែក។ មហា​រីក​ស្បែក គឺជា​មហារីក​មួយ​ដែល​គ្រោះ​ថ្នាក់​វាអាច​ធ្វើឱ្យ​មាន​កូន​កណ្ដុរ​នៅ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខ្លួន តាំង​ពី​សួត ស្រោម​ខួរ ថ្លើម​ជា​ដើម។ ម្យ៉ាង​ទៀត​ធ្វើឱ្យ​មាន​ការ​ប្រែ​ប្រួល​នៃ​ប្រជ្រុយ​មាន​ន័យ​ថាមាន​ការ​ប៉ះ​ទង្គិច​កោសិ​កា​ស្រទាប់​ក្នុង បណ្ដាល​ឱ្យ​ប្រជ្រុយ​មាន​ការ​ប្រែ ប្រួល ដែលពី​មុន​ប្រជ្រុយ​ជា​កោសិ​កា​តូច​ហើយ​ក៏បំបែក​ទៅជា​កោសិ​កា​ធំ​ដែល​បំបែក​ខ្លួន​ទៅ​ជាមី​តូស​ច្រើន រួច​វិវត្ដន៍​ទៅជា​មហា​រីក បាន។

ប្រការ​គួរ​ប្រតិ​បត្ដិ​ដើម្បី​ចៀស​វាង​ស្បែក​ស្ដើង

មិន​មែន​ឱ្យតែ​ស្បែក​ស ទើប​ហៅថា​ស្បែក​ស្អាត​នោះ​ទេ ការ​យល់​ឃើញ​បែប​នេះមិន​ត្រឹម​ត្រូវ​ឡើយ។ ស្បែក​ស្អាត​អាច​កើត​មានមិន​ថា​ស្បែក​មាន​សម្បុរ​ណា​ទេ។ ស្បែក​ដែល​ធម្មជាតិ​បាន​ផ្ដល់​ឱ្យ គឺជា​ស្បែក​ល្អណាស់​សម្រាប់​មនុស្ស​គ្រប់​រូប មិន​ថាជា​ស្បែក​ស ស្បែក​ខ្មៅ​ឬ​ស្បែក​លឿង​ឡើយ។ ហេតុ​នេះ​ដើម្បី​ចៀស​វាង​ស្បែក​ស្ដើង សុភាព​នារី​មិន​ត្រូវ​គិត​គូរ​ទៅ​លើ​វិធី​គ្រប់​បែប​យ៉ាង ដែល​ធ្វើ ឱ្យ​ស្បែក​ស​ស្ដើង​ទេ​ព្រោះ​សុភាព​នារី​ជ្រាប​ហើយ​ថា ស្បែក​ស្ដើង​បង្ក​ឱ្យមាន​ផល​វិបាក​ច្រើន។ ប្រសិន​បើ​សុភាព​នារី​ទាំង​ឡាយ​ចង់​ធ្វើ ការ​បក​ស្បែ​ សូមកុំ​បក​ស្បែក​ញឹក​ញាប់​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ​ព្រោះ​ឆាប់​ធ្វើឱ្យ​ស្បែក​មាន​ប្រតិ​កម្ម  ហើយ​កុំប្រើ​ក្រែម​ដែល​មាន​ប្រភព មិន​ច្បាស់​លាស់។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

ស្បែក​ខ្មៅ​ក្ដី ស​ក្ដី លឿង​ក្ដី មិន​សំខាន់​ទេ។ សំខាន់​ឱ្យតែ​ស្បែក​នោះ​រលោង​ម៉ត់ និង​មាន​ជាតិ​សំណើម​បាន​ហើយ។ ស្បែក​ដែល​ធម្មជាតិ​បាន​ផ្ដល់ឱ្យ​ពី​កំណើត​ជាការ​គ្រប់​គ្រាន់​ហើយ។ ប្រសិន​ធ្វើការ​កែ​សម្រស់​ស្បែក សូម​កុំធ្វើ​ឱ្យ​ហួស​ហេតុ និង​ហួស​កម្រិត ពេក​ព្រោះ​អាចនាំ​ឱ្យមាន​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative