យំ​ជួយ​បំបាត់​ទុក្ខ

មនុស្ស​មួយ​ចំនួន​តែងតែ​យំ​សោក​ដើម្បី​រំសាយ​ទុក្ខ​ដែល​មាន​ក្នុង​ខ្លួនគេ​ឱ្យចេញ​មក​ក្រៅ និង​ដើម្បីឱ្យ​ធូរ​ស្រាល​ក្នុង​ចិត្ដ ក្នុង អារម្មណ៍។ ភាគ​ច្រើន​ជា​នារី​ដែល​ជ្រើស​រើស​យក​ការ​យំនេះ​ធ្វើជា​មធ្យោ​បាយ​ដោះ​ស្រាយ​បញ្ហា​ដំបូង​បំផុត​មក​រំសាយ​នូវ​អារម្មណ៍ ដែល​ធុញ​ថប់​រឿង​មន្ទិល​សង្ស័យ​វិបត្ដិ​នានា ភាព​កង្វល់​ក្នុងចិត្ដ រឿង​ដែល​គិត​ដល់​ទាំង​ឡាយ​ដែល​កើត​ឡើង និង​រឿង​ពិបាក​ក្នុងការ ដោះ​ស្រាយ​មួយ​ចំនួន​នៅក្នុង​ជីវិត​របស់​គេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់ ទស្សនា​វដ្ដី សុខភាពយើង សូម​ធ្វើការ​សម្ភាសន៍​ជាមួយ​លោក​ស្រី​វេជ្ជបណ្ឌិត ចក ធីតា ឯក​ទេស​វិកល​វិទ្យា​និង​ជាអនុ​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខ​ភាព​ផ្លូវ​ចិត្ដ នៃ​ក្រសួង​សុខា​ភិបាល​បាន​ធ្វើការ​បក​ស្រាយ​អំពី​ប្រធាន​បទ យំ​ជួយ​បំបាត់​ទុក្ខ​និង​ពី​មូល​ហេតុ​មួយ​ចំនួន​ជូន​មិត្ដអ្នក​អាន​ឱ្យបាន​ជ្រាប​កាន់​តែ​ច្បាស់។

អ្នក​ណា​យំ​បំបាត់​ទុក្ខ?

អ្នក​ណា​ក៏អាច​យំបាន​ដែរ មិនថា​ជានារី បុរស​ចាស់ ឬក៏​ក្មេង​ឡើយ គ្រាន់​តែការ​យំនោះ​មាន​ភាព​ខុសៗ​គ្នាតែ​ប៉ុណ្ណោះ។

  • អ្នក​ដែល​មាន​ការ​បែក​បាក់​គ្នា គូស្នេហ៍​ដែល​ធ្លាប់តែ​ស្រឡាញ់​គ្នា ល្អូក​ល្អិន​នឹងគ្នា នៅថ្ងៃ​មួយ​ស្រាប់​តែគេ​ទាំង​ពីរ​នាក់​ត្រូវ​បែក​បាក់​គ្នា។ ពេល​នោះគឺ​គេ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ធ្វើឱ្យ​គេអស់​សង្ឃឹម ហើយ​គិតតែ​ពីយំ​ដំបូង​គេ​បង្អស់ បន្ទាប់ពីដោះ ស្រាយបញ្ហា។
  • អ្នក​ដែល​មាន​បញ្ហា​ក្នុង​គ្រួសារ ឪពុក​ម្ដាយ​ប្រដៅ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ឱ្យ​ប្រតិ​បត្ដិ​តែ​អំពើ​ល្អ តែ​មាន​កូន​មួយ​ចំនួន​មិន​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ពួក​គាត់​ឡើយ គាត់​មាន​ការ​ពិបាក​ចិត្ដ​នឹង​ពួក​កូន​រហូត​បង្ហូរ​ទឹក​ភ្នែក ដើម្បី​ឱ្យ​កូន​ឈប់​ប្រព្រឹត្ដ​អំពើ ឧបាយ​មុខ​អស់​ទាំង​នោះ។
  • អ្នក​ប្រឈម​មុខ​ការ​ងារ​ច្រើន លោក​អ្នក​មាន​បញ្ហា​ជាច្រើន​ដោះ​ស្រាយ ជាការ​ពិត​នៅ​កន្លែង​ធ្វើការ​លោក​អ្នក​មាន​ការ​ស្មុគ​ស្មាញ​ណាស់​លោក​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវអ្វីៗ​ជា​ច្រើន ដែល​ពេល​នោះ​អារម្មណ៍​របស់​លោក​អ្នក​តាន​តឹង​ពិបាក​ដោះ​ស្រាយ​បំផុត។ ពេល​ខ្លះត្រូវ​ប្រធាន​ស្ដី​បន្ទោស​ឱ្យ​ដោយ​កំហុស​អ្វី​មួយ ឬ​កំហុស​ធ្ងន់​ធ្ងរ​ត្រូវ​គេ​ដេញ​ចេញ​ពី​ការ​ងារ​ជា​ដើម។ បុគ្គល​នោះ​បាន​បាត់​បង់ ការ​ងារ​ហើយ​ទប់​ចិត្ដ​មិន​បាន​ធ្វើឱ្យ​យំនៅ​មុខ​គេឯង​ទៀត​ផង។
  • បរិយា​កាស​សង្គម ប្រជា​ពលរដ្ឋ​មាន​គ្រោះ​ថ្នាក់​អគ្គី​ភ័យ​កើត​ឡើង ផ្ទះ​របស់​ពួក​គាត់​ត្រូវ​បំផ្លាញ​អស់ ពេល​នោះ​គាត់​គ្មាន អ្វី​ទៀត​ទេ​ក្រៅពី​សម្បក​ខ្លួន​តែ​ប៉ុណ្ណោះ គាត់​មាន​ការ​ឈឺ​ចាប់ និង​ពិបាក​ចិត្ដ​ខ្លាំង​ណាស់ នេះ​ជា​វិបត្ដិ​មួយ​ដែល​ធ្វើឱ្យ​គាត់​យំ​ក្នុង​ការ​សោក​ស្ដាយ​របស់​របរ​ដែល​ខិតខំ​រក​ដោយ​កម្លាំង​ញើស​ឈាម ពេល​នេះត្រូវ​បាត់​បង់​អស់​គ្មាន​សល់ និង​ពេល​ខ្លះ​មាន​បាត់​បង់​សមាជិក គ្រួសារ​ណា​ម្នាក់​ទៀត​ផង​នោះ។

មូល​ហេតុ​នៃយំ​បំបាត់​ទុក្ខ

បើ​យើង​ពិនិត្យ​មើល​ទៅ​លើ​សង្គម​រស់​នៅ​ប្រចាំ​ថ្ងៃ យើង​តែង​តែជួប​ប្រទះ​ស្ទើរ​តែ​គ្រប់​រឿង ដែល​មនុស្ស​ជាច្រើន​ជ្រើស​រើស យក​វិធី​នេះ។ ប៉ុន្ដែ​ពេល​ខ្លះអ្នក​ដែល​យំមិន​មែន​មកពី​គេមាន​ទុក្ខ​លំបាក​អ្វី​នោះ​ទេ តែ​មកពី​គេ​រំភើប​នឹង​សាច់​រឿង​អ្វីមួយ​ខ្លាំង​ពេក​ក៏​អាច​ធ្វើឱ្យ​ទឹក​ភ្នែក​របស់​គេហូរ​ចុះ​មក​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។ នេះ​ជាការ​យំ​ដែរ តែ​កើត​ឡើង​ពីការ​សប្បាយ​ទៅ​វិញ។

យំ​ពេល​មើល​កុន​មួយ​ដែល​ជា​រឿង​កម្សត់ ពេល​នោះ​ធ្វើ​ឱ្យទឹក​ភ្នែកហូរ​ដោយ​ឯក​ឯង ដោយ​សារ​សាច់​រឿង​កម្សត់​ធ្វើឱ្យ​ទប់​ទឹក​ភ្នែក​មិន​បាន។

  • ក្មេង​ម្នាក់​ដែល​រៀន​ពេញ​មួយ​ឆ្នាំ ហើយ​ពេល​ប្រឡង​ធ្លាក់​ពេល​នោះ​អារម្មណ៍​គេ​ស្មុគ​ស្មាញ​ណាស់ ពិបាក​ចិត្ដ ខ្មាស​មិត្ដ​ភក្ដិ​មាន​អារម្មណ៍​តូច​ចិត្ដ នេះ​ជាកត្ដា​មួយ​ធ្វើឱ្យ​គេ​អាច​យំ​ដើម្បី​ចិត្ដ​ធូរ​ស្រាល​ឡើង​វិញ។
  • ពេល​ខ្លះ​យើង​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ ដូចជា​ហេតុ​ការណ៍​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​គ្រួសារ សាលា​រៀន ជា​ដើម​ដែល​ធ្វើឱ្យ​លោក​អ្នក​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ ជួន​កាល​ក៏​អាច​ធ្វើ​ឱ្យ​លោក​អ្នកយំ​បាន​ដែរ។
  • មនុស្ស​ភាគ​ច្រើន​មាន​អារម្មណ៍​តាន​តឹង មួម៉ៅ ពេល​នោះ​លោក​អ្នក​អាច​រក​អ្នក​ដែល​ខ្លួន​ទុក​ចិត្ដ​ជាមិត្ដ​ភក្ដិ ជាអ្នក​ធ្វើ​ការ ជាមួយ​ដើម្បី​ប្រឹក្សា​នឹង​ពួក​គេ​ក្នុង​ដំណោះ​ស្រាយ​របស់​លោក​អ្នក។ ពេល​ខ្លះគេ​ក៏អាច​ឱ្យ​ចិត្ដ​របស់​លោក​អ្នក​ស្ងប់​បាន​មួយ​កម្រិត​ដែរ។
  • អ្នក​ដែល​ពិបាក​បំផុត ដូចជា​គ្រួសារ​ត្រូវ​បាត់​បង់ ពេល​នោះគេ​គិតអ្វី​មិន​ឃើញ​ឡើយ​ក្រៅតែ​ពីការ​យំ​យែក សោក​ស្ដាយ​អាណិត​អាសូរ​ចំពោះ​អ្នក​រង​គ្រោះ​នោះ។

ផល​ប៉ះ​ពាល់ និង​ប្រការ​គួរ​ចៀស​វាង

យំមាន​ផល​ប៉ះ​ពាល់​តិច​តួច ផ្ទុយ​ទៅ​វិញ​បើ​លោក​អ្នក​យំ​រហូត​មិន​ហូប​បាយ មិន​ហូប​ទឹក ឬមិន​គេង វា​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ជួន​កាល​បណ្ដាល​ឱ្យមាន​ជម្ងឺ​ទៀត​ផង។

ពេល​លោក​អ្នក​ពិបាក​ចិត្ដ​ខ្លាំង​ឬនៅ​ពេល​ជួបតែ​រឿង​ដែល​ដោះ​ស្រាយ​មិន​ចេញ លោក​អ្នក​គួរតែ​ពិចារ​ណាឱ្យ​បាន​ល្អិត​ល្អន់​និងមិន​ត្រូវគិត​ខ្លីចង់​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់​ជីវិត និង​បញ្ហា​ផ្សេងៗ​ដោយ​ខ្លួន​ឯង​នោះ​ទេ។

ដំបូ​ន្មាន​អ្នក​ជំនាញ

តាម​ទំនៀម​ទម្លាប់​ខ្មែរ ពេល​យើង​យំ​ដោយ​ពិបាក​ចិត្ដ​ខ្លាំង គេ​នឹង​ប្រាប់​យើង​ថា“ឈប់​យំ​ទៅ កុំ​យំ​អី”។ ប៉ុន្ដែ​បើតាម​ចិត្ដ​វិទ្យា​គេតម្រូវ​ឱ្យយំ​ចេញ​មក​ក្រៅឱ្យ​អស់ ទើប​ធ្វើឱ្យ​អារម្មណ៍​ធូរ​ស្រាល កុំទុក​ផ្ដុំវា​កាន់​តែច្រើន​ឱ្យ​សោះ វាបង្ក​ឱ្យមាន​ភាព​តានតឹង​ចិត្ដ កាន់តែ​ធ្ងន់​ធ្ងរ។ បើមាន​ចម្ងល់​ចំពោះ​រឿង​អ្វីមួយ លោក​អ្នកគួរ​តែមាន​អ្នក​ពិគ្រោះ​យោបល់ ឬ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ណា​ម្នាក់ ឬអ្នក ណា​ដែល​លោក​អ្នក​ទុក​ចិត្ដ​រៀបរាប់​នូវអ្វីៗ​ដែល​ជា​បញ្ហា​លំបាក​ក្នុង​អារម្មណ៍​របស់​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative