របៀប​ថែ​ទាំ​សក់​ស្ងួត

សក់​គឺជា​ទីទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពីអ្នក​ផង​ទាំង​ពួង ដែល​ចាំ​បាច់​ឱ្យ​លោក​អ្នក​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ថែ​ទាំ​សក់ឱ្យ​មាន សុខ​ភាព​ល្អ​ជា​ពិសេស​សម្រាប់​ស្ដ្រី។ សក់​ទន់​រលោង​ស្អាត មាន​ទម្ងន់ និង​មាន​សំណើម ជា​ចំណែក​មួយ​ជួយ​លើក​សម្រស់​ផ្ទៃ​មុខ ហើយ ក៏ជា​ក្ដី​ប៉ង​ប្រាថ្នា​ដែរ។ តែ​បើ​សក់​មិន​ល្អ ប្រាកដ​ជាធ្វើ​ឱ្យ​លោក​ស្រីអ្នក​នាង​កញ្ញា​មាន​សេចក្ដី​សុខ​មិន​ពេញ​លេញ​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កញ្ញា សោភា ម្ចាស់​ហាង​ម៉ាលីន​ណា បាន​បង្ហាញ​ពីវិធី​ព្យាបាល​សរសៃ​សក់​ស្ងួត​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ស្វែង​យល់​តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​ទស្សនា​វដ្ដី សុខ​ភាព​យើង។

សណ្ឋាន​សរសៃ​សក់​ស្ងួត

សរសៃ​សក់​ស្ងួត​សំដៅ​ដល់​សរសៃ​សក់​ដែល​គ្មាន​សំណើម គ្មាន​ទម្ងន់ បែក​ចុង និង​រឹង​ស្រួយ ហើយ​មាន​លក្ខណៈ​សំពោង និង​ប៉ោង។ សរសៃ​សក់​នីមួយៗ​រាង​គ្រើម ហើយ​ផុយ​ងាយ​បាក់។ នៅ​ពេល​ដែល​សិត​សក់​ម្ដងៗមាន​ការ​ទាក់​កណ្ដាញ់​ពិបាក​សិត ឬ​អាច​ធ្វើឱ្យ​សក់​ដាច់​កម្ទេច​ជ្រុះ​ច្រើន​ជា​ដើម។

មូល​ហេតុ​សរសៃ​សក់​ស្ងួត

សក់​ដែល​ស្ងួត​គឺ​បណ្ដាល​មកពី​អ៊ុត​សក់​ត្រង់ អ៊ុត​សក់​រួញ ដោយ​ប្រើ​ទឹក​ថ្នាំ​មិន​ល្អ រួម​ផ្សំ​មិន​បាន​អប់​សក់​តាម​កម្រិត ១ដង ក្នុង១​សបា្ដហ៍​ជា​បញ្ហា​ធ្វើឱ្យ​សក់​បាត់​បង់​សំណើម។ ចំពោះ​សក់​ដែល​រង​ការ​គាប ឬធ្វើ​ជា​ម៉ូត និង​លាប​ថ្នាំ​ពណ៌​ញឹក​ញាប់​ពេក ទាំង​នេះ​សុទ្ធ​តែជា​បច្ច័យ​ធ្វើឱ្យ​សរសៃ​សក់​ឆាប់​រឹង​ស្រួយ​ហើយ​ផុយ​គ្មាន​សំណើម។ ការ​ប្រើ​ចាហួយ​លាប​សក់ ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​សក់​ងាយ​បែក​ចុង​ឆាប់​រឹង​ស្រួយ​ដែរ។ ម្យ៉ាង​ទៀត​សរសៃ​សក់​ស្ងួត​បណ្ដាល​មក​ពីខ្វះ​ការ​ថែ​ទាំ ដូច​ជា​ការ​មិនកក់​សក់​រយៈ​ពេល​យូរ ឬកក់​សក់​ជា​រៀង​រាល់​ថ្ងៃ​ការ​ប្រើ​ប្រាស់​សាប៊ូ​មិន​ត្រូវ​ជាមួយ​សរសៃ​សក់ ជា​ហេតុ​ធ្វើឱ្យ​សរសៃ​សក់​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​ស្ងួត ឬ បែក​ចុង និង​ឆេះ។

របៀប​ថែ​ទាំ​សរ​សៃ​សក់​ស្ងួត

ចំពោះ​លោក​ស្រីអ្នក​នាង​កញ្ញា​ដែល​មាន​សរសៃ​សក់​ស្ងួត ត្រូវ​ព្យាបាល​សរសៃ​សក់​ដោយ​ជ្រើស​រើស​សាប៊ូ​ដែល​មាន​គុណ​ភាព​ហើយ​ត្រូវ​ជាមួយ​សរសៃ​សក់​ដោយ​រយៈ​ពេល​៣ថ្ងៃ​កក់​សក់​ម្ដង។ ក្រោយ​ពេល​កក់ ត្រូវ​ជូត​សក់​ឱ្យ​ស្ងួត ទើប​ប្រើ​ផលិត​ផល​ដែល​មាន​សារ​ធាតុ​ជួយ​បន្ទន់​សក់​មក​លាប​នៅ​លើ​សរសៃ​សក់ ដើម្បី​បន្ថែម​សំណើម​ដល់​សរសៃ​សក់។ ក្នុង​កំឡុង​ពេល​៥ថ្ងៃ​ឬ១​សប្ដាហ៍​ត្រូវ​អប់​សក់​១ដង​ជា​ប្រចាំ​ដោយ​ប្រើ​ថេរ​វេលា១៥​នាទី ហើយ​លោក​ស្រីអ្នក​នាង​កញ្ញា​មិន​ត្រូវ​គាប និង​ហាយ​ឡាយ​ពណ៌​សក់​ជាញឹក​ញាប់ ឡើយ។ លើស​ពីនេះ​ទៅ​ទៀត​ផ្លែ​ក្រូច​ពោធិ៍​សាត់​ក៏អាច​ជួយ​បន្ទន់​សរសៃ​សក់​ឱ្យ​ទន់​រលោង​ស្អាត​មាន​សំណើម​ដែរ ថែម​ទាំង​បាត់​អង្គែ ទៀត​ផង។ គ្រាន់​តែ​លោក​អ្នក​នាង​កញ្ញា​ចិត​ជា​ចំណិត​ហើយ​យក​ទៅ​ញី​នៅ​លើ​សរសៃ​សក់​ឱ្យ​សព្វ​ក្រោយ​ពេល​ដែល​កក់​សក់​ហើយ ដោយ​ទុក២​ឬ៣​នាទី សឹម​លាង​សម្អាត​សក់់​ឱ្យ​ស្អាត​វិញ។

វិធី​បង្ការ​កុំឱ្យ​សរសៃ​សក់​ស្ងួត

ដើម្បី​ការ​ពារ​សរ​សៃ​សក់់ឱ្យ​មាន​ទម្ងន់ ទន់​រលោង​ស្អាត និង​មាន​សំណើម​ជាប់​ជានិច្ច​នោះ លោក​ស្រី​អ្នក​នាង​កញ្ញា​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ថែទាំ​សរសៃ​សក់​ដោយ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​គុណ​ភាព​ហើយ​ត្រូវ​ជាមួយ​សរ​សៃ​សក់។ ត្រូវ​ប្រយ័ត្ន​ផលិត​ផល​ដែល​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​អាច​ធ្វើឱ្យ​សក់​ប្រឈម​មុខ​នឹង​ការ​ខូច​លើស​ដើម។ ចំពោះ​ចាហួយ លោក​ស្រី​អ្នក​នាង​កញ្ញា​មិន​ត្រូវ​យក​មក​លាប​នៅលើ​សរសៃ​សក់​ឡើយ ព្រោះ​វាធ្វើ​ឱ្យ​សក់​រឹង​ស្រួយ​ហើយ​ឆាប់​បែក​ចុង​នៅ​ពេល​លោក​ស្រី​អ្នក​នាង​កញ្ញា​ដើរ​ហាល ថ្ងៃ។ គប្បី​កុំឱ្យ​សក់​ទទួល​រង​នៅ​ការ​គាប​ឬ​លេង​ម៉ូត​សក់ និង​លាប​ថ្នាំ​ពណ៌​ញឹក​ញាប់​ពេក ព្រោះ​អាច​ធ្វើឱ្យ​សក់​ពុំមាន​សុខ​ភាព​ល្អ។

ដំបូ​ន្មាន​អ្នក​ជំនាញ

លោក​ស្រី​អ្នក​នាង​កញ្ញា​ដែល​មាន​សរសៃ​សក់​ស្ងួត គប្បី​ព្យាបាល​សក់​ឱ្យ​ទន់​រលោង​ស្អាត មាន​ទម្ងន់ និង​មាន​សំណើម​ឡើង វិញ។ ដោយ​ប្រតិ​បត្ដិ​តាម​ការ​រៀប​រាប់​ខាង​លើ​ជា​ប្រចាំ នោះ​សក់​លោក​ស្រី​អ្នក​នាង​កញ្ញា​ប្រាកដ​ជាមាន​សុខ​ភាពល្អ។ ប្រសិន​បើ​សក់​នៅតែ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​សូម​ទៅជួប​គ្រូ​ពេទ្យ​ជំនាញ​ឬអ្នក​ជំនាញ​ខាង​សរសៃ​សក់ ដើម្បី​ប្រឹក្សា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative