វះ​កាត់​កែ​ចង្កា

បច្ចុ​ប្បន្ន​នេះ បច្ចេក​វិទ្យា​កែ​សម្ជស្ស​ដូច​ជា​ការ​កែ​ចង្កា ធ្វើឱ្យ​ចង្កា​ស្រួច ឬ​ចង្កា​ព្រែក​ដើម្បី​ឱ្យ​សម​ទៅ​តាម​ទម្រង់​មុខ និង​ការ​តុប​តែង​ផ្សេងៗ​ទៀត​នៅ​លើ​ផ្ទៃ​មុខ​ដើម្បី​ឱ្យ​ស្រស់​ស្អាត​លើស​ពី​សម្រស់​ធម្ម​ជាតិ ត្រូវ​បាន​គេ​ពេញ​និយម។ សម្រស់​ជា​រឿង​មួយ​ដែល​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ជា​ចាំបាច់​សម្រាប់​មនុស្ស​ទូទៅ ជា​ពិសេស​ស្ដ្រី។ សម្រស់​ស្រស់​ស្អាត​ពិត​ជាធ្វើ​ឱ្យ​លោក​អ្នក​មាន​ភាព​រីក​រាយ និង​មាន​ការ​ទាក់​ទាញ​ចាប់​អារម្មណ៍​ពីអ្នក​ដទៃ​បាន។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បង្ហាញ​ពីវិធី​វះ​កាត់​កែ​ចង្កា​ជូន​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ដឹង ទស្ស​នា​វដ្ដី សុខភាពយើង បាន​ជួប​សម្ភាស​ជាមួយ​លោក​ស្រី សុ ផាន់ មុំ​ជា​ម្ចាស់​ហាង​មជ្ឈ​មណ្ឌល​ថែ​រក្សា​សម្ផស្ស​ដាវី អារី​យ៉ា។

ហេតុ​ផល​នៃ​ការ​វះ​កាត់​កែ​ចង្កា

ការ​វះ​កាត់​កែ​ចង្កា​គឺជា​ការ​វះ​កាត់​ធ្វើឱ្យ​ចង្កា​ខុស​ប្លែក​ពី​ចង្កា​មុន និង​ធ្វើឱ្យ​លោក​អ្នក​ដែល​មាន​មុខ​ធំ ចង្កា​ខ្លីទៅ​ជា​មាន​ចង្កា វែង​ស្រួច​និង​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​មុខ​វែង​ចង្កា​វែង​ទៅជា​ចង្កា​ព្រែក​វិញ ដើម្បី​ឱ្យ​សម​ទៅ​តាម​ទម្រង់​មុខ និង​បំពេញ​ទៅ​តាម​សេចក្ដី​ត្រូវ ការ​របស់​លោក​អ្នក​ដែល​ចង់​បាន​ភាព​ស្រស់​ស្អាត។

វិធី​វះ​កាត់​កែ​ចង្កា

មុន​ចាប់​ផ្ដើម​ធ្វើ​ការ​វះ​កាត់​កែ​ចង្កា លោក​អ្នក​ត្រូវ​លាង​សម្អាត​មុខឱ្យ​ស្អាត​ជាមុន​សិន ដើម្បី​កុំឱ្យ​មាន​ធូលី​ដីនៅ​ជាប់​នឹង ស្បែក​មុខ។ រួច​យក​សំឡី​ផ្ដិត​អាល់​កុល​បន្ដិច​មក​ជូត​សព្វ​ផ្ទៃ​មុខ ដើម្បី​កុំឱ្យ​មាន​មេ​រោគ​នៅ​ជាប់​កាន់​នឹង​ស្បែក​មុខ ជា​ពិសេស​ជូត​នៅ​ត្រង់​កន្លែង​ដែល​ត្រូវ​ធ្វើការ​វះ​កាត់​ឱ្យបាន​ស្អាត។ បន្ទាប់​មក​ទើប​ចាក់​ថ្នាំ​ស្ពឹក​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​ធ្វើ​ការ​វះ​កាត់​កែ ចង្កា។ ពេល​វះ​កាត់​រួច​ហើយ​ទើប​ដាក់​ខ្ទង់​សិប្ប​និម្មិត​ចូល​ទៅ​ខាង​ក្នុង​ចង្កា ហើយ​ត្រូវ​រៀប​ខ្ទង់​សិប្ប​និម្មិត​នោះ​ឱ្យ​សម​ទៅ​តាម​ទម្រង់ មុខ ជា​ខ្ទង់​សិប្ប​និម្មិត​ចង្កា​ស្រួច ឬ​ចង្កា​ព្រែក។ ពេល​តម្រៀប​រួច​រាល់​ហើយ​ទើប​យក​ម្ជុល និង​អំបោះ​មក​ដេរ​ឱ្យ​ជិត​វិញ។ ការ​វះ​កាត់​កែ ចង្កា គឺ​ចំណាយ​ពេល​វេលា​តែ២៥​នាទី​ប៉ុណ្ណោះ​រួច​រាល់​ជា​ស្ថាពរ។

អត្ថ​ប្រយោជន៍​នៃ​ការ​វះ​កាត់​កែ​ចង្កា

បន្ទាប់​ពីធ្វើ​ការ​វះ​កាត់​កែ​ចង្កា​ហើយ លោក​អ្នក​នឹង​បាន​ទទួល​អត្ថ​ប្រយោជន៍​ជា​ច្រើន។

  • ចង្កា​លោក​អ្នក​ស្អាត​ប្លែក​ពី​មុន
  • ចង្កា​ស្រួច ឬ​ចង្កា​ព្រែក​កាន់​តែ​ស្រស់​តាម​បែប​ធម្ម​ជាតិ
  • ជា​ពិសេស​ចង្កា​ស្អាត​ជួយ​លើក​សម្រស់​ទម្រង់​ផ្ទៃ​មុខ ធ្វើ​ឱ្យ​មាន​ការ​ទាក់​ទាញ​ចាប់​អារម្មណ៍​ពីអ្នក​ដទៃ​ទៀត​ផង។

ផល​ប៉ះ​ពាល់​នៃ​ការ​វះ​កាត់​កែ​ចង្កា

ការ​វះ​កាត់​កែ​ចង្កា​កម្រ​មាន​ផល​ប៉ះ​ពាល់​ណាស់ បើ​លោក​អ្នក​ជ្រើស​រើស​កន្លែង​ដែល​មាន​សេវា​កម្ម​ល្អ​ហើយ​មាន​ជំនាញ ច្បាស់​លាស់។ ផ្ទុយ​មក​វិញ​បើ​លោក​អ្នក​ជ្រើស​រើស​កន្លែង​ដែល​មិន​មាន​ជំនាញ​ពិត​ប្រាកដ នោះ​លោក​អ្នក​នឹង​ទទួល​ផល​វិបាក​ជា​ច្រើន​ដូច​ជាមាន​ការ​ឈឺ​ចាប់​នៅ​ពេល​ធ្វើ​ការ​វះ​កាត់ ធ្វើឱ្យ​ចង្កា​ហើម​ជាំ ឬ​ធ្វើឱ្យ​មាន​ខ្ទុះ​នៅ​ខាង​ក្នុង​ចង្កា ហើយ​អាច​ឈាន​ទៅ​ដល់​ការ​ប៉ះ ពាល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។

ដំបូ​ន្នាន​អ្នក​ជំនាញ

បើ​លោក​អ្នក​ចង់​កែ​ចង្កា​ឱ្យ​ស្រួច ឬ​ព្រែក​ស្អាត​តាម​បែប​ធម្ម​ជាតិ លោក​អ្នក​ត្រូវ​ជ្រើស​រើស​កន្លែង​ណា​ដែល​មាន​សេវា​កម្ម​ល្អ​និង​មាន​វិជ្ជា​ជីវៈ​ពិត​ប្រាកដ ដើម្បី​ចៀស​វាង​មាន​ផល​អាក្រក់​កើត​ឡើង​នៅ​ពេល​ធ្វើ​ការ​វះ​កាត់​កែ​ចង្កា។ អ្វី​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ​នេះ គ្រាន់​តែ​ជា​ចំណេះ​ដឹង​សម្រាប់​លោក​អ្នក​ពិចារ​ណា​តែ​ប៉ុណ្ណោះ។ សូម​លោក​អ្នក​ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថា​ល្អ​ត្រឹម​ត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative