ប្រែ​ប្រួល​សុដន់​ពេល​មាន​ផ្ទៃ​ពោះ

នៅ​ពេល​ដែល​ស្ដ្រី​គ្រប់​រូប​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ សារ​ពាង្គ​កាយ​របស់​ស្ដ្រី​ត្រូវ​មាន​អាការ​ផ្លាស់​ប្ដូរ ដូចជា​មាន​ការ​ចាញ់ ក្អួត ចង្អោរ​ធុំក្លិន​អាហារ​មិន​ចង់​ញ៉ាំ តែបើ​សិន​ជា​ញ៉ាំ​បានគឺ​ញ៉ាំ​រើស​ចំណី​ជា​ដើម។ យ៉ាង​ណា​មិញ ក្រៅ​ពីការ​ផ្លាស់​ប្ដូរ​នូវ​អាការ​ទាំង​នេះ​ក៏នៅ​មាន​ការ​ប្រែ​ប្រួល​នៅលើ​សុដន់​ផង​ដែរ តែពុំ​បាន​ធ្វើឱ្យ​ស្ដ្រី​មាន​ផល​វិបាក​អ្វី​ទេ។ សុដន់​របស់​ស្ដ្រី​ត្រូវ​តែ​មាន​ការ​ប្រែ​ប្រួល​នៅ ពេល​មាន​ផ្ទៃ​ពោះ​នេះជា​សភាព​ធម្មតា​របស់​ស្ដ្រី​ដែល​ធម្ម​ជាតិ​បាន​ផ្ដល់​ឱ្យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

ទស្ស​នា​វដ្ដី សុខភាពយើង សូម​លើក​យក​ប្រធាន​បទ​ស្ដីពី​ការ​ប្រែ​ប្រួល​សុដន់​ពេល​មាន​ផ្ទៃ​ពោះ មកជូន​ប្រិយ​មិត្ដ​អ្នក​អានឱ្យ បាន​ជ្រាប​តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រា​ចារ្យ​វេជ្ជ​បណ្ឌិត លៀង ច័ន្ទ​រិទ្ធ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀត។

សភាព​សុដន់​ពេល​មាន​ផ្ទៃ​ពោះ

ស្ដ្រី​គ្រប់​រូបមិន​ថា​ជាតិ​សាសន៍​ណា​ទេ នៅ​ពេល​ដែល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ សារ​ពាង្គ​កាយ​របស់​ស្ដ្រីត្រូវ​តែមាន​ការ​ប្រែ​ប្រួល​​ពី​លក្ខណៈ​ធម្ម​ជាតិ​ដែល​បាន​ផ្ដល់​ឱ្យ ដោយ​សារ​ការ​បម្រែ​បម្រួល​អ័រ​ម៉ូន​នៅក្នុង​ខ្លួន។ នៅ​ពេល​នោះ​ដែរ ក៏មាន​ការ​ប្រែ​ប្រួល នៅ​លើ​សុដន់​របស់​ស្ដ្រី​បន្ដិច​ម្ដងៗ​ដែរ​ដែល​ចេះ​តែ​វិវត្ដន៍​ទៅតាម​អាយុ​កាល​របស់​ទារក​នៅ​ក្នុង​ផ្ទៃ។ កាល​ដែល​ស្ដ្រី​មិន​ទាន់​មាន​ផ្ទៃ​ពោះ សុដន់​របស់​ស្ដ្រីពុំ​មាន​ការ​រីក​សរសៃ​គ្មាន​ចេញ​កន្ទួល​តូចៗ ឬ​រង្វង់​ក្បាល​សុដន់​មាន​ពណ៌​ក្រហម​ព្រឿង និង​ពុំមាន​អារម្មណ៍​សង្កៀរ​សុដន់ ហើយ​សុដន់​ពុំបាន​ឡើងធំ​តឹង​ឡើយ។ ប៉ុន្ដែ​អំឡុង​ពេល​ស្ដ្រីមាន​ផ្ទៃពោះ សុដន់​ត្រូវ​មាន​ការ​ប្រែ​ប្រួល​ជា​ខ្លាំង។

  • សុដន់ និង​ចុង​សុដន់ មាន​ការ​រីកធំ​ឡើង​បន្ដិច​ម្ដងៗ ហើយ​តឹង​រហូត​ខុស​ពី​ធម្មតា
  • សុដន់​មាន​ការ​សង្កៀរ​តិចៗ នៅ​ពេល​យក​ដៃ​ច្របាច់​សុដន់ ប៉ុន្ដែ​វាមិន​បង្កឱ្យ​មាន​ការ​ឈឺ​ចុក​ចាប់​អ្វី​ឡើយ
  • ក្បាល​សុដន់ និង​រង្វង់​ជុំវិញ​ក្បាល​សុដន់​ទៅជា​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត
  • មាន​ចេញ​សរសៃ​ពណ៌​ខៀវ​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក​សុដន់ មាន​ការ​រីក​មាឌ
  • មាន​ចេញ​កន្ទួល​តូចៗ នៅ​ជុំវិញ​រង្វង់​ក្បាល​សុដន់
  • នៅ​ពេល​ទារក​មាន​អាយុ​កាល​ជិត​គ្រប់​ខែដែល​ត្រូវ​កើត សុដន់​ស្ដ្រី​មាន​ចេញ​ទឹក​ពណ៌​សពី​រន្ធ​ក្បាល​សុដន់ ដែល​ហៅ​ថា​ទឹក​ដោះ​ដំបូង​របស់​ម្ដាយ ដោយ​សារ​មាន​ការ​បម្រែ​បម្រួល​ក្រពេញ​អ័រម៉ូន​មួយ​ចំនួន បាន​បំពេញ​តួនាទី និង​ជំរុញ​សុដន់​ឱ្យ​បញ្ចេញ ទឹក​ដោះ។

ប្រការ​គួរ​ប្រតិ​បត្ដិ​ពេល​មាន​ផ្ទៃ​ពោះ

ទោះ​បីជា​មាន​ការ​ប្រែ​ប្រួល​នៅ​លើ​សារ​ពាង្គ​កាយ ឬមាន​អាការ​បែប​ណាក៏​ដោយ ប្រការ​ដែល​ល្អ​ប្រសើរ​ស្ដ្រី​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​រៀង​រាល់​ខែជា​ប្រចាំ ដើម្បី​ពិនិត្យ​ផ្ទៃ​ពោះ និង​ការ​បម្រែ​បម្រួល​ផ្សេងៗ​ទៀត​នៅលើ​រាង​កាយ ដូច​ជាការ​ប្រែ​ប្រួល​សុដន់ ជា​ដើម។ ម្យ៉ាង​ទៀត​ស្ដ្រីត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជីវ​ជាតិ និង​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេ​អ៊ីនឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ ទ្រទ្រង់​រាង​កាយ​មាំមួន។ ចៀស​វាង​មិន​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន ឬ​ផ្អែម​ពេក សុរា ឬ​បារី​ឡើយ ព្រោះ​នាំ​ឱ្យ​មាន​ផល ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ មិន​ត្រូវធ្វើ​កិច្ចការ​ណា​ដែល​ធ្ងន់​ធ្ងរ​និង​មិនត្រូវ​ទទួល​តែ​ភាព​ហត់​នឿយ​ខ្លាំង​ពេក​ទេ។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

ការ​ប្រែ​ប្រួល​នៅលើ​សុដន់​ដែល​បាន​រៀប​រាប់​ជួន​ខាង​លើ គឺជា​ការ​ប្រែ​ប្រួល​ទូទៅ​គ្រប់​ស្ដ្រី​ទាំង​អស់ នៅ​ពេល​មាន​ផ្ទៃ​ពោះ។ ដូច​នេះស្ដ្រី​កុំបារម្ភ​ចំពោះ​ការ​បម្រែ​បម្រួល​សុដន់។ ប៉ុន្ដែ​ប្រសិន​បើ​មាន​អាការ​ណា​មួយ ដែល​ស្ដ្រី​គិត​ថាមាន​បញ្ហា ព្រោះ​ជា​អាការ​ផ្លាស់​ប្ដូរ​ចម្លែក​ខុស​ពី​សភាព​ធម្មតា ដែល​ស្ដ្រី​ទូទៅ​មិន​ធ្លាប់​កើត​មាន​ពេល​មាន​ផ្ទៃ​ពោះ សូម​រួស​រាន់​ទៅកាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ជួប គ្រូ​ពេទ្យ​ជំនាញ​ធ្វើការ​ពិនិត្យ​សុខ​ភាព​និង​វិនិច្ឆ័យ​អាការ​នោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative