ទូច ស្រី​លក្ខណ៍ គួររំលែកពេលវេលា

កញ្ញា ទូច ស្រី​លក្ខណ៍ ជា​តារា​ចម្រៀង​មួយ​ដួង​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ស្រី​លក្ខណ៍ ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងតែ​ពីឆ្នាំ​២០០៣​មក​ម្ល៉េះ ដោយ​ភាព​វៃ​ឆ្លាត រូប​សម្រស់​ស្រស់​ស្អាត និង​ទេព​កោសល្យ​ដ៏​ប៉ិន ប្រសប់​របស់​កញ្ញា ទើប​ធ្វើឱ្យ​កញ្ញា​ទទួល​បាន​ជោគ​ជ័យ​គួរជា​ទី​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ទស្ស​និក​ជន​ជា​ច្រើន​បាន ស្គាល់​កញ្ញា ស្រី​លក្ខណ៍ ទាំង​នៅ​ក្នុង ទាំង​ក្រៅ​ប្រទេស។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នា​វដ្ដី សុខ​ភាព​យើង បាន​ធ្វើ​ការ​សម្ភាសន៍​ជាមួយ​កញ្ញា ទូច ស្រី​លក្ខណ៍ ដែល​ជា​តារា​ចម្រៀង​មួយ​ដួង​កំពុង​រះ​យ៉ាង ភ្លឺ​ចិញ្ចែង​ចិញ្ចាច​នោះ អំពី​ការ​ថែ​រក្សា​សម្រស់​ក៏ដូច​ជា​សុខ​ភាព​របស់​កញ្ញា​ផ្ទាល់ ថា​តើ​កញ្ញា​មាន​វិធី​សាស្ដ្រ​អ្វី​ខ្លះ​បាន​ជារូប​សម្ផស្ស និង​រូបរាង​ដ៏​តូច​ច្រឡឹង​របស់​កញ្ញា​ស្រស់​ស្អាត​បែប​នេះ។

ប្រវត្ដិ​មុន​ពេល​ចូល​សិល្បៈ

មុន​ពេល​ចូល​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ កញ្ញា ទូច ស្រី​លក្ខណ៍ គឺជា​សិស្ស​រៀន​នៅក្នុង​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី ហើយ​ក៏ជា​បេក្ខ នារី​ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​មួយ​ផ្នែក​ចម្រៀង​បុរាណ ប្រចាំ​រាជ​ធានី​ភ្នំពេញ​កាល​ពីឆ្នាំ​២០០១។ នៅ​ឆ្នាំ​២០០២ ដោយ​ហេតុ​តែ មាន​ចិត្ដ​ស្រឡាញ់ និង​មាន​និស្ស័យ​ផ្នែក​សិល្បៈ​តាំងពី​កុមារ កញ្ញា ទូច ស្រី​លក្ខណ៍ បាន​សម្រេច​ចិត្ដ​ចូល​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ បន្ទាប់​ពី​កញ្ញា ទូច ស្រី​នាង ដែល​ត្រូវ​ជា​បង​ស្រី​បង្កើត​សម្រេច​ចិត្ដ​បោះ​បង់​អាជីព​ជា​អ្នក​សិល្បៈ។ ដំណើរ​ឈាន​ចូល​ក្នុង​ពិភព​សិល្បៈ ដំបូង​នៅ​ក្នុង​ផលិត​កម្ម KH Promotion តាម​រយៈ​ការ​ថត​សម្ដែង​ត្រឹម​តែពីរ​បទ​ប៉ុណ្ណោះ គួប​ផ្សំ​ជាមួយ​ទេព​កោសល្យ​ពី​កំណើត ផង​នោះ កញ្ញា ទូច ស្រី​លក្ខណ៍ ត្រូវ​បាន​ទស្ស​និក​ជន​ជា​ច្រើន​ពេញ​ចិត្ដ​ស្រឡាញ់ និង​សរសើរ​ថាពិត​ជា​មាន​ទេព​កោ​សល្យ​មែន ទាំង ក្បាច់​រាំ និង​សម្លេង ហើយ​ក៏​ទទួល​បាន​នូវ​ភាព​ល្បី​ឈ្មោះ​បោះ​សម្លេង រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

វិធី​ថែ​រក្សា​សម្រស់

កញ្ញា​ជា​តារា​ចម្រៀង​មួយ​រូប​ដែល​មាន​ការ​មមា​ញឹក​ច្រើន ដូច​នេះ​ហើយ​កញ្ញា​មិនសូវ​ជា​មាន​ពេល​វេលា​សម្រាប់​ថែ​រក្សា សម្រស់​ប៉ុន្មាន​ទេ។ ស្រី​លក្ខណ៍​ជាអ្នក​សិល្បៈ​ត្រូវ​ការ​តុប​តែង​ខ្លួន​ច្រើន​នៅ​ពេល​ដែល​ឡើង​ឆាក ក៏​ដូច​ជា​ពេល​ដែល​ត្រូវ​ថត​ម្ដងៗ ដូច្នេះ កញ្ញា​ត្រូវ​តែ​តុប​តែង​ខ្លួន​ឱ្យ​ចូល​ទៅនឹង​កម្ម​វិធី​នីមួយៗ។ នៅ​ពេល​នេះ​យើង​មក​មើល​ពី​អាថ៌​កំបាំង​ក្នុង​ការ​ថែ​រក្សា​សម្រស់​របស់​ស្រី លក្ខណ៍​វិញ​ម្ដង។

  • ការ​ថែ​រក្សា​សក់ ៖ ស្រី​លក្ខណ៍​មាន​ការ​ថែ​រក្សា​សក់​ដូច​ជាគេ​ឯង​ដែរ​ទេ គឺ​កញ្ញា​តែង​តែ​កក់​សក់​ពីរ​ថ្ងៃ​ម្ដង ឬ​មួយ សប្ដាហ៍​៣ដង។ ពេល​ដែល​កញ្ញា​កក់​សក់ កញ្ញា​តែង​តែ​អប់​សក់​ជាមួយ​នឹង​ថ្នាំ​អប់​សក់​ជា​ប្រចាំ ដើម្បី​ឱ្យ​សក់​មាន​ភាព​ទន់​រលោង​ភ្លឺ និង​មាន​ទម្ងន់។ លើស​ពីនេះ​ទៅ​ទៀត​គឺវា​ធ្វើឱ្យ​សក់​ស្រី​លក្ខណ៍​មិន​ជំពាក់ រលាស់​ដូច​ធម្មជាតិ។ កញ្ញា​មិន​សូវ​ជា​គាប​វាជា​ញឹក​ញាប់ ប៉ុន្មាន​ទេ លើក​លែង​តែ​ពេល​ចេញ​ទៅ​សម្ដែង។
  • ការ​ថែ​រក្សា​ភ្នែក ៖ ស្រី​លក្ខណ៍​គិត​ថា ភ្នែក​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ការ​សម្លឹង​មើល​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន។ កញ្ញា​តែង តែ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​រៀង​រាល់​ខែ ដើម្បី​ឱ្យ​ពេទ្យ​ពិនិត្យ​មើល​ស្ថាន​ភាព​កែវ​ភ្នែក ព្រោះ​ភ្នែក​កញ្ញា​ភាគ​ច្រើន​ត្រូវ​នឹង​ពន្លឺ នៅ​ពេល ​ដែល​ឡើង​ទៅ​សម្ដែង​នៅ​លើ​ឆាក និង​ពេល​ដែល​កញ្ញា​ចេញ​ថត។ ដូច​នេះ​ការ​ទៅ​ពិនិត្យ​ភ្នែក​ជា​ប្រការ​សំខាន់​បំផុត​ក្នុង​ការ​ថែ​រក្សា ភ្នែក។
  • ការ​ថែ​រក្សា​រោម​ភ្នែក ចិញ្ចើម បបូរ​មាត់ ៖ ពេល​ឡើង​កម្ម​វិធី​ម្ដងៗ ស្រី​លក្ខណ៍​តែង​តែ​ប្រើ​រោម​ភ្នែក​ជំនួយ​ដោយ​សារ តែ​កញ្ញា​គិត​ថា ការ​ប្រើ​ប្រាស់​រោម​ភ្នែក​របស់​យើង​ញឹក​ញាប់​ពេក​នោះ អាច​ធ្វើ​ឱ្យ​វា​ជ្រុះ​ច្រើន ហើយ​ម្យ៉ាង​ទៀត​រោម​ភ្នែក​មិន​ងាយ នឹង​ដុះ​មក​វិញ​ដូច​ដើម​ទេ។ ចំពោះ​ចិញ្ចើម​វិញ​នោះ កញ្ញា​មិន​សូវ​ចូល​ចិត្ដ​កោរ​ទេ ដោយ​សារ​តែ​រោម​ចិញ្ចើម​របស់​កញ្ញា​មាន​រាង​ល្មម ទៅ​ហើយ ដូច្នេះ​ពេល​ដែល​កញ្ញា​ឡើង​ឆាក​ម្ដងៗកញ្ញា​គ្រាន់​តែ​គូស​ពីលើ​ចិញ្ចើម​នោះ​ជា​ការ​ស្រេច​ទៅ​ហើយ។ មួយ​ទៀត​នោះ គឺ​បបូរ មាត់​កញ្ញា​ជា​ទូទៅ​ចូល​ចិត្ដ​លាប​ក្រែម​រលោងៗ ដើម្បី​កុំឱ្យ​បបូរ​មាត់​ស្ងួត​ក្រៀម ដែល​មើល​ទៅវា​មិន​សូវ​ស្អាត។
  • ការ​ថែ​រក្សា​ធ្មេញ ៖ ជា​ទូទៅ​ការ​ថែ​រក្សា​ធ្មេញ​គឺវា​សំខាន់​ណាស់​ចំពោះ​អ្នក​សិល្បៈ​គ្រប់ៗ​រូប។ ចំពោះ​ស្រី​លក្ខណ៍​វិញ ជា ញឹក​ញាប់​នាង​តែង​តែទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​មើល​ធ្មេញ​នៅ​ពេល​ដែល​នាង​ទំនេរ​ពី​ការងារ ជួន​កាល​អាច​មួយ​សប្ដាហ៍​ម្ដង ពេល​ខ្លះ​ក៏​អាច មួយ​ខែពីរ​ដង ទៅ​តាម​ពេល​វេលា​ទំនេរ​របស់​នាង។
  • ការ​ថែ​រក្សា​ស្បែក​មុខ ៖ ចំណែក​ឯខាង​ផ្ទៃមុខ​វិញ​នោះ ជានិច្ច​ជា​កាល​កញ្ញា​តែង​ប្រើ​ផលិត​ផល​ការ​ពារ​ស្បែក​មុខ។  ជា​ធម្មតា​នៅ​ពេល​មុន​ចូល​ដំណេក កញ្ញា​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​សម្អាត​ផ្ទៃមុខ ហើយ​ទុក​រយៈ​ពេល​ប្រហែល​ជា​៥នាទី។ បន្ទាប់​មក​ទៀត​កញ្ញា​យក​ផ្លែ​ត្រសក់​មក​បិទពី​លើ​មុខ​ទុក​ប្រមាណ​ជា១៥​នាទី ទើប​ធ្វើការ​លាង​មុខ​នឹង​សាប៊ូ​ជាការ​ស្រេច។ នៅ​ពេល​ដែល​កញ្ញា ឡើង​ទៅ​កម្ម​វិធី​អ្វី​មួយ​នោះ​ភាគ​ច្រើន​នាង​មិនសូវ​តុប​តែង​មុខ​ប៉ុន្មាន​ទេ កញ្ញា​ចូល​ចិត្ដ​លេង​ភ្នែក​ច្រើន​ជាង។
  • ការ​ថែ​រក្សា​ស្បែក​ខ្លួន ៖ ជា​ទូទៅ​ស្រី​លក្ខណ៍​ប្រើ​ផលិត​ផល​ការ​ពារ​ស្បែក​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការ​ថែ​សម្រស់​ស្បែក​ដង ខ្លួន​នាង។ នៅ​ពេល​ដែល​កញ្ញា​ធ្វើ​ការ​សម្អាត​ខ្លួន​ហើយ កញ្ញា​តែង​តែ​ប្រើ​ផលិត​ផល​ការ​ពារ​ស្បែក​លាប​ខ្លួន​ជានិច្ច។ ចំណែក​ឯនៅ​ពេល ដែល​កញ្ញា​ចេញ​ថត​វិញ​នោះ​កញ្ញា​ក៏​ប្រើ​ប្រាស់​ឡេ​សម្រាប់​ការ​ពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ។
  • ការ​ថែ​រក្សា​ក្រចក​ដៃ​ជើង៖ ស្រី​លក្ខណ៍​ជានិច្ច​កាល​មិន​សូវ​ចូល​ចិត្ដ​លាប​ថ្នាំ​ក្រចក​ប៉ុន្មាន​ទេ។ នៅ​ពេល​ដែល​នាង​ចេញ​ទៅ សម្ដែង​ឬ​ពេល​ដែល​ឡើង​ឆាក ទើប​នាង​តុប​តែង​ក្រចក ជា​ពិសេស​នោះ​ពេល​ដែល​កញ្ញា​ចេញ​ថត។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​កាយ

ជា​រៀង​រាល់​ថ្ងៃ ស្រី​លក្ខណ៍​មិន​ដែល​ភ្លេច​ធ្វើ​លំហាត់​ប្រាណ​ឡើយ បើ​កញ្ញា​មិន​បាន​ចេញ​ទៅ​ហាត់​នៅ​ខាង​ក្រៅ​ទេ​នោះ គឺ​កញ្ញា​តែង​តែ​ចាក់​ជា​បទ​ភ្លេង​ហើយ​ធ្វើ​ការ​រាំ បើ​មាន​ពេល​វេលា​គ្រប់​គ្រាន់​នោះ​គឺមួយ​ថ្ងៃ​កញ្ញា​ហាត់១​ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ។ ការ​ហាត់​ប្រាណ​នោះ​ធ្វើឱ្យ​កញ្ញា​មាន​សុខ​ភាព​ល្អ និង​រក្សា​រាង​នាង​ស្អាត​រហូត។ ចំពោះ​ចំណី​អាហារ​វិញ កញ្ញា​មិន​ចោល​អាហារ​ពេល​ព្រឹក ទេ​ភាគ​ច្រើន​នៅ​ពេល​អាហារ​ពេល​ថ្ងៃ​នាង​មិន​សូវ​ជា​ញ៉ាំ​បាយ​ច្រើន​ទេ ប៉ុន្ដែ​ញ៉ាំជា​បន្លែ​ច្រើន​ជាង។

បំណង​សម្រាប់​ថ្ងៃ​អនា​គត

បំណង​របស់​ស្រី​លក្ខណ៍​នៅ​ពេល​អនាគត​នោះ គឺ​នាង​ចង់​ប្រកប​របរ​រក​ស៊ី​មួយ​កន្លែង ដោយ​បើក​ជា​ភោជ​នីយ​ដ្ឋាន​មួយ​ដែល​កញ្ញា​នឹង​រៀប​ចំវា​នៅ​ពេល​ដែល​កញ្ញា​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់។

បណ្ដាំ​ផ្ញើ

ស្ដ្រី​តាំង​ឡាយ​ក៏ដូច​ជា​បុរស​ផង​ដែរ ត្រូវ​ចេះ​ថែ​រក្សា​សម្រស់ និង​សុខ​ភាព​ជា​ចម្បង ព្រោះ​បើ​យើង​មាន​សុខ​ភាព​ល្អ​នោះ​យើង​នឹង​មាន​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិត​របស់​យើង។ ដូច្នេះ​ទោះ​ជា​មមា​ញឹក​នឹង​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ គួរ​គប្បី​រំលែក​ពេល​វេលា​ដើម្បី សុខ​ភាព​និង​សម្រស់​ស្រស់​ស្អាត​របស់​យើង លោក​អ្នក​ត្រូវតែ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ចំពោះ​រឿង​សសនេះ។

ការ​រៀប​រាប់​ខាង​លើ​នេះ ជា​ការ​អនុវត្ដន៍​មួយ​របស់​កញ្ញា ទូច ស្រី​ល័ក្ខណ៍​ផ្ទាល់។ ដូច្នេះ​បើ​លោក​អ្នក​គិត​ថា ចំណុច​ណា​មួយ​ដែល​លោក​អ្នក​អាច​ទទួល​យក​បាន ឬអាច​អនុវត្ដ​បាន​នោះ លោក​អ្នក​គួរតែ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សុខ​ភាព និង​សម្រស់​ស្រស់​ស្អាត​ជា រៀង​រហូត​របស់​លោក​អ្នក។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ទូច ស្រី​លក្ខណ៍
  • អាយុ ៖ ២៤ឆ្នាំ
  • កម្ពស់ ៖ ១,៦០ម៉ែត្រ
  • ទម្ងន់ ៖ ៤៥​គីឡូ​ក្រាម
  • ទំហំទាំងបី ៖ ៣៤ ២៦ ៣៤
  • បងប្អូន ៖ ៥​នាក់(ជា​កូន​ទី៤)
  • កម្រិតវប្បធម៌ ៖ ចប់​ថ្នាក់​ទី៩
  • អាជីពបច្ចុប្បន្ន ៖ ជា​តារា​ចម្រៀង និង​សម្ដែង
  • ទីកន្លែងកំណើត ៖ ទី​ក្រុង​ភ្នំពេញ
  • ស្ថានភាពគ្រួសារ ៖ រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative