រ​បេង​ឆ្អឹង

ជម្ងឺ​របេង​នៅតែ​ជា​ជម្ងឺ​មួយ​ដែល​មាន​គ្រោះ​ថ្នាក់​សម្រាប់​ប្រជា​ជន​កម្ពុជា។ តាម​របាយ​ការណ៍​បាន​បង្ហាញ​ថា​នៅ​កម្ពុជា​យើង​ប្រជា​ជន​ប្រមាណ​២ភាគ​៣មាន​ផ្ទុក​មេរោគ​របេង​ដែល​តួលេខ​នេះ​ស្មើ​នឹង​៦៤% នៃ​ប្រជា​ជន​ទាំង​អស់។ ក៏ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក ដែល​បាន​ឆ្លង​មេរោគ​ទាំង​នេះមាន​ប្រមាណ​តែ៥-១០%​ប៉ុណ្ណោះ​ដែល​អាច​វិវត្ដ​ទៅជា​ជម្ងឺ​របេង​ក្នុងមួយ​ជីវិត​របស់​ពួក​គេ។ ជម្ងឺ​របេង មាន​ពីរ​ប្រភេទ គឺ​របេង​សួត និង​របេង​ក្រៅ​សួត។ ក៏ប៉ុន្ដែ​វា​បណ្ដាល​មក​ពី​មេរោគ​តែ​មួយ​ដូច​គ្នា​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម​ពី មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ អត្រា​អាំង​ស៊ីដង់​នៃជម្ងឺ​របេង​ថ្មីសម្រាប់​ប្រទេស​កម្ពុជា​មាន​ចំនួន​២២៥​ក្នុងចំណោម​១០០.០០០ នាក់។ កម្ពុជា​ជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ទាំង​២២នៅ​លើ​ពិភព​លោក​ដែល​មាន​ចំនួន​អ្នក​ផ្ទុក​មេ​រោគ​របេង​ខ្ពស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ក្នុង​លេខ​នេះ ទស្សនា​វដ្ដី សុខភាពយើង សូម​លើក​យក​ជម្ងឺ​របេង​ឆ្អឹង​មក​ជម្រាប​ជូន​ដោយ​មាន​លោក​វេជ្ជ​បណ្ឌិត​ឡេង ឆេង​ឡាយ មន្ដ្រី​បច្ចេក​ទេស​ផ្នែក​វេជ្ជ​សាស្ដ្រ​នៃ​គម្រោង​កម្ចាត់​រោគ​របស់​អង្គ​ការ្ញី​ជៅ អម​កម្ម​វិធី​ជាតិ​កម្ចាត់​រោគ​របេង​ជាអ្នក​ផ្ដល់ ប្រឹក្សា។

ជម្ងឺ​របេង​ឆ្អឹង ជា​អ្វី? 

របេង​ឆ្អឹង​ជា​ប្រភេទ​ជម្ងឺ​មួយ​បណ្ដាល​មកពី​មេ​រោគ​របេង​មាន​ឈ្មោះ​ថា​បេកា​(បាស៊ី​ដឹ​កុក) ដែល​កើត​នៅលើ​ឆ្អឹង​ខ្នង​ឬ​ឆ្អឹង សន្លាក់​ណា​មួយ​នៃ​រាង​កាយ​មនុស្ស។ ជម្ងឺ​របេង​ឆ្អឹង​មិន​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​នោះ​ទេ។ វាអាច​ឆ្លង​ក្នុង​ករណី​ដែល​អ្នក​ជម្ងឺ​របេង​ឆ្អឹង​កើត ជម្ងឺ​របេង​សួត​រួម​ផ្សំ​ជាមួយ​ដែរ។ ឯការ​ឆ្លង​ក៏ឆ្លង​តែ​មេរោគ​ដែល​បណ្ដាល​ឱ្យកើត​ជម្ងឺ​របេង​សួត​តែ​ប៉ុណ្ណោះ​ចំពោះ​របេង​ឆ្អឹង​ជាការ​វិវត្ដ របស់​មេ​រោគ​របេង​សួត​ដែល​ចូល​វាយ​លុក​ឆ្អឹង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំនៃ​ឆ្អឹង​ចុះ​ខ្សោយ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ឆ្អឹង រឹង​មាំ ជម្ងឺ​របេង​មិន​អាច​វិវត្ដ​ទៅជា​ជម្ងឺ​របេង​ឆ្អឹង​បាន​នោះ​ទេ។

រោគ​សញ្ញា​នៃ​ជម្ងឺ​របេង​ឆ្អឹង

រោគ​សញ្ញា​នៃ​ជម្ងឺ​របេង​ឆ្អឹង​ពុំមាន​អាការ​បណ្ដាល​ឱ្យ​អ្នក​ជម្ងឺ​ក្អក​ដូច​ជម្ងឺ​របេង​សួត​នោះ​ទេ​ដោយ​គ្រាន់​តែអ្នក​ជម្ងឺ​ឈឺ​នៅ​ត្រង់​សន្លាក់​ឆ្អឹង​ណា​មួយ ឬ​នៅ​ឆ្អឹង​ខ្នង​ដែល​មេរោគ​បេកា​ទៅ​ទំនៅ​តែ​ប៉ុណ្ណោះ។ រីឯ​រោគ​សញ្ញា​ទូទៅ​មាន​ដូច​ជា​អ្នក​ជម្ងឺ​ក្ដៅ​ខ្លួន​ស្រៀវ ស្រាញ​នៅ​ពេល​ល្ងាច ឬ​យប់ អស់​កម្លាំង បែក​ញើស ស្រក​ទម្ងន់ ញ៉ាំ​បាយ​មិន​បាន​ជា​ដើម។ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​មនុស្ស​ម្នាក់ នោះ​កើត​ជម្ងឺ​របេង​ឆ្អឹង ឬ​អត់​នោះ​មាន​តែ​វិធី​ម្យ៉ាង​ប៉ុណ្ណោះ​គឺត្រូវ​ច្រឹប​ឆ្អឹង​កន្លែង​ដែល​ឈឺ​នោះ​ទៅ​ធ្វើ​តេស្ដ​រក​មេ​រោគ។ ក៏​ប៉ុន្ដែ​ការ ធ្វើ​បែប​នេះ​មាន​ការ​លំបាក ដោយ​សារ​ការ​ធ្វើតេស្ដ​បែប​ជា​លិកា​វិទ្យា​មិន​សូវ​សម្បូរ​បែប។ ដូច្នេះ​នៅ​មាន​វិធី​ផ្សេង​ទៀត ដោយ​ធ្វើ រោគ​វិនិច្ឆ័យ​តាម​រយៈ​ការ​ថត​កាំ​រស្មី​អ៊ិច ដើម្បី​ឱ្យ​ឃើញ​ពីភាព​មិន​ប្រក្រតី​របស់​ឆ្អឹង​សន្លាក់ ឬឆ្អឹង​ខ្នង​ដូច​ជា​មាន​ការ​ស៊ី​ដាច់​សន្លាក់ ឬគម​ខ្នង​ជា​ដើម។

មូល​ហេតុ​បណ្ដាល​ឱ្យ​កើត​របេង​ឆ្អឹង

បេកា ឬ​បាស៊ី​ដឹកុក​ជា​មេរោគ​របេង​នៅ​ពេល​ដែល​វា​ឆ្លង​ចេញ​ពី​មនុស្ស​ម្នាក់​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​តាម រយៈ​ការ​ដក​ដង្ហើម វា​បញ្ជ្រាប​ខ្លួន​តាម​ចរន្ដ​សរសៃ​ឈាម​នៅក្នុង​ខ្លួន​ទៅ​កន្លែង​ផ្សេងៗ។ នៅ​ពេល​ដែល​ផ្នែក​ណា​មួយ​នៃឆ្អឹង​ចុះ​ខ្សោយ នោះ​មេរោគ​របេង​នឹង​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​បង្ក​ជម្ងឺ​នៅ​ឆ្អឹង​កន្លែង​នោះ​តែ​ម្ដង។

វិធី​ព្យាបាល​ជម្ងឺ​របេង​ឆ្អឹង

ការ​ព្យាបាល​ជម្ងឺ​របេង​ឆ្អឹង​មិន​ខុស​គ្នាពី​ការ​ព្យាបាល​ជម្ងឺ​របេង​សួត ឬ​របេង​ក្រៅ​សួត​ដទៃ​ទៀត​នោះ​ទេ​ព្រោះ​វា​បណ្ដាល​មក ពី​មេរោគ​បេកា​ដូ​ចគ្នា គ្រាន់​តែ​រូប​មន្ដ​ខុស​គ្នា​បន្ដិច​បន្ដួច​យោង​ទៅ​តាម​ស្ថាន​ភាព​នៃ​ជម្ងឺ​ធ្ងន់ ឬ​ស្រាល។ ដើម្បី​ព្យាបាល​ជម្ងឺ​របេង​ឆ្អឹង​ឱ្យ បាន​ជា​សះ​ស្បើយ គេត្រូវ​ចំណាយ​ពេល​វេលា​តែ៦​ខែ​ប៉ុណ្ណោះ​ដោយ​ប្រើ​ប្រាស់​ថ្នាំទៅ​តាម​វេជ្ជ​បញ្ជា​ពោល​គឺ​អនុវត្ដ​ដូតស៍ ដើម្បី​កុំឱ្យ​មេ រោគ​របេង​មាន​ការ​ស៊ាំ​នឹង​ថ្នាំ។

ការ​ថែ​ទាំ​អ្នក​ជម្ងឺ​របេង​ឆ្អឹង

ជា​ទូទៅ​អ្នក​ជម្ងឺ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ជាចាំ​បាច់​ណាស់ ហេតុ​នេះ​ហើយ​សមា​ជិក​គ្រួសារ​ឬអ្នក​ស្និទ្ធ​នឹង​អ្នក​ជម្ងឺ​ត្រូវ​តែ យល់​ដឹង ហើយ​ជំរុញ​ឱ្យអ្នក​ជម្ងឺ​ធ្វើ​ការ​ព្យាបាល​ឱ្យ​បាន​ឆាប់​រហ័ស។ មាន​វិធី​ម្យ៉ាង​ដែល​មាន​ប្រសិទ្ធ​ភាព​គឺឱ្យ​អ្នក​ជម្ងឺ​លេប​ថ្នាំ​ឱ្យ​បាន ទៀង​ទាត់ ដោយ​សមាជិក​គ្រួសារ​ត្រូវ​ធ្វើការ​រម្លឹក​រាល់​ថ្ងៃ​ចៀស​វាង​ខក​ខាន​ពុំបាន​លេប​ថ្នាំ​ដែល​បណ្ដាល​ឱ្យ​មេរោគ​របេង​ស៊ាំ​នឹង​ថ្នាំ ពិបាក​ព្យាបាល ចំណាយ​លុយ​ច្រើន និង​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ទៀត​ផង។

វិធី​បង្ការ​ជម្ងឺ​របេង​ឆ្អឹង

នៅ​ពេល​យើង​ដឹងថា​មាន​នរណា​ម្នាក់​កើត​ជម្ងឺ​របេង យើង​ត្រូវនាំ​ជន​នោះ​ទៅ​ស្រាវ​ជ្រាវ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​ដើម្បី កុំឱ្យ​ជម្ងឺ​នោះ​ឆ្លង​ទៅ​អ្នក​ដទៃ។ ម្យ៉ាង​ទៀត​ត្រូវឱ្យ​ជន​នោះ​ពាក់​ម៉ាស ឬ​និយាយ​ដោយ​យក​កន្សែង​ខ្ទប់​មាត់​ព្រោះ​ក្នុង​ការ​និយាយ ឬក្អក​ម្ដងៗ​មាន​មេរោគ​រាប់​ពាន់​បាន​សាយ​ភាយ អណ្ដែត​ក្នុង​បរិយាកាស​ជា​ហេតុ​បណ្ដាល​ឱ្យអ្នក​ដទៃ​អាច​ឆ្លង​មេរោគ​នោះ​បាន​ដោយ ងាយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​វិបាក​របស់​ជម្ងឺ​របេង​ឆ្អឹង

ជា​ការ​ពិត​ណាស់​មិនថា​ឡើយ​ចំពោះ​តែជម្ងឺ​របេង​ឆ្អឹង​នោះ​ទេ ដែល​បង្ក​ផល​វិបាក​សម្រាប់​សង្គម គ្រួសារ និង​ខ្លួន​ឯង​សូម្បី​តែ ជម្ងឺ​ដទៃ​ផ្សេង​ទៀត​ក៏មាន​ផល​វិបាក​ដូច​គ្នា​ដែរ។

1. ចំពោះ​ខ្លួន​ឯង អ្នក​ឆ្លង​រោគ​របេង​អាច​ក្លាយ​ទៅជា​មនុស្ស​ពិការ​ដោយ​សារ​តែ​ខូច​សន្លាក់​ឬខូច​ឆ្អឹង​ដែល​បណ្ដាល​ឱ្យ​ធ្វើ កិច្ច​ការ​អ្វី​មិន​បាន។ នៅ​ពេល​នោះ​ហើយ​ដែល​បញ្ហា​ផ្លូវចិត្ដ​កើត​មាន​ឡើង​ចំពោះ​អ្នក​ជម្ងឺ។ អ្នក​ជម្ងឺ​អាច​ខូច​ចិត្ដ​និង​គិត​ច្រើន​ដោយ​សារ តែ​ភាព​ពិការ​របស់​ខ្លួន ដែល​បណ្ដាល​មកពី​ជម្ងឺ​របេង​ឆ្អឹង។

2. ចំពោះ​គ្រួសារ បើ​កាល​ណា​បុគ្គល​ម្នាក់​នៅក្នុង​គ្រួសារ​ធ្វើការ​អ្វី​លែង​កើត នោះ​ប្រាក់​ចំណូល​និង​កម្លាំង​ពល​កម្មក៏​ត្រូវ ថម​ថយ​ទៅ​តាម​នោះ​ដែរ។ ហើយ​ម្យ៉ាង​ទៀត​គ្រួសារ​ត្រូវ​ខាត​បង់​ថវិកា​សម្រាប់​ព្យាបាល​ជម្ងឺ​របេង​ឆ្អឹង​នោះ​ទៀត​ផង។

 3. ចំពោះ​សង្គម​ជាតិ ទន្ទឹម​នឹង​គ្រួសារ​ត្រូវ​បាត់​បង់នូវ​កម្លាំង​ពលកម្ម ហើយ​ខាត​បង់​ចំណូល​ថវិកា​នោះ​សង្គម​ជាតិ​ទាំង មូល​ក៏​ទទួល​រង​នូវ​ការ​ប៉ះ​ពាល់​ផង​ដែរ ព្រោះ​មនុស្ស​ជា​កម្លាំង​ផលិត​កម្ម​របស់​សង្គម។ បើ​កាល​ណា​នៅ​ក្នុង​សង្គម​មាន​មនុស្ស​ពិការ​ច្រើន នោះ​កម្លាំង​ផលិត​កម្ម​របស់​សង្គម​ក៏ត្រូវ​ថយ​ចុះ ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​យើង​ទាំង​អស់​ថា ប្រសិន​បើមាន​រោគ​សញ្ញា​ដូច​ជា​ក្ដៅ​ខ្លួន ឬ​ស្រៀវ​ស្រាញ​ជា ពិសេស​នៅ​ពេល​ល្ងាច ជួន​ស្រក​គីឡូ ឈឺ​ចាប់​នៅ​ត្រង់​ឆ្អឹង​ខ្នង ឬ​ឆ្អឹង​សន្លាក់​ផ្សេងៗ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ឱ្យ​ដឹង​ថា ខ្លួន​មាន​ជម្ងឺ​របេង​ឆ្អឹង ឬអត់ ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative