ចំណី​អាហារ​សម្រាប់​អ្នក​លើស​ឈាម

ធម្មតា​អ្នក​កើត​ជម្ងឺ​លើស​ឈាម​តែង​តែ​មាន​ប្រការ​គួរ​ប្រតិ​បត្ដិ​ជា​ច្រើន​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន ដូច​ជា​ចំណី​អាហារ​ការ​រស់ នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម។ ពួក​គាត់​ត្រូវ​តែ​គិត​ហើយ​គិត​ទៀត​ពី​សុខ​ភាព​របស់​គាត់ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គាត់​ពិចារ​ណា​ថា​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទើប​អាច​ធ្វើឱ្យ​ជីវិត​គាត់​រស់​បាន​យូរ​អង្វែង​នោះ។ ដូច្នេះ​លោក​អ្នក​គួរតែ​យល់​ដឹង​ចំពោះ​របប​ចំណី​អាហារ​របស់​ខ្លួន​ដើម្បី​រក្សា សុខ​ភាព​ឱ្យ​រឹង​មាំ​បាន​យូរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នា​វដ្ដី សុខភាពយើង បាន​លើក​យក​ប្រធាន​បទ​មួយ​ដែល​ទាក់​ទិន​ទៅ​នឹង​ចំណី​អាហារ​របស់​អ្នក​លើស​ឈាម​ដែល​ជា ការ​បក​ស្រាយ​របស់​លោក​វេជ្ជ​បណ្ឌិត ទូច ឃុន ឯក​ទេស​ជម្ងឺ​ទឹក​នោម​ផ្អែម និង​ជម្ងឺ​ទូ​ទៅ​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ។

អ្នក​ជម្ងឺ​លើស​ឈាម​ត្រូវ​បរិ​ភោគ​ចំណី​អាហារ​បែប​ណា?

ជាតិ​អំបិល​ជា​រស​ជាតិ​មួយ​ដែល​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ អំបិល​ក៏​អាច​បណ្ដាល​ឱ្យ​លោក​អ្នក មាន​ផល​ពិបាក​ដែរ បើ​លោក​អ្នក​បរិ​ភោគ​វា​មិន​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​អំបិល​គឺមាន​សារ​ជាតិ​ដែល​សំខាន់​ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត មនុស្ស​យើង​ប្រចាំ​ថ្ងៃ។ អំបិល​វាមាន​តួនាទី​ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ជា​លិកា​របស់​មនុស្ស​និង​មាន​តួនា​ទី​ពិសេស​មួយ​គឺធ្វើ​ឱ្យ​សាច់​ដុំ កន្ដ្រាក់ គឺ​នៅ​ត្រង់​សាច់​ដុំ​បេះ​ដូង។ អំបិល​មាន​តួ​នាទី​មួយ​ទៀត​ដែល​មាន​សារៈ​សំខាន់​ផង​ដែរ​ដោយ​វា​ជួយ​សម្រួល​សរសៃ​ប្រសាទ របស់​មនុស្ស​យើង​ឱ្យ​មាន​ដំណើរ​ការ​ល្អ។

ជា​ទូទៅ​មនុស្ស​យើង​មាន​តម្រូវ​ការ​អំបិល​ប្រហែល​ជា២ក្រាម​ក្នុង​មួយ​ថ្ងៃ។ របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ​ត្រូវ​មាន​លំនឹង​ជានិច្ច។ មាន​លំនឹង​នោះ​គឺ​មាន​ន័យ​ថា​ចំណី​អាហារ​ដែល​អ្នក​បរិ​ភោគ​ជា​រៀង​រាល់​ថ្ងៃ​ត្រូវឱ្យ​មាន​រស​ជាតិ​សម​ល្មម​ទៅ​តាម មុខ​ម្ហូប​នីមួយៗ គឺ​មិន​ត្រូវ​ឱ្យមាន​រស​ជាតិ​ប្រៃ​ពេក និង​មិន​ត្រូវឱ្យ​មាន​រស​ជាតិ​សាប​ពេក​នោះ​ទេ។ ព្រោះ​ថា​បើ​អាហារ​មាន​ជាតិ​ប្រៃ ពេក ឬ​អាហារ​មាន​ជាតិ​សាប​ពេក​នោះ វា​នឹង​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ចរន្ដ​ឈាម​ដែល​ធ្វើ​ចលនា​នៅ​ក្នុង​ខ្លួន។

អាហារ​ដែល​អ្នក​លើស​ឈាម​មិន​គួរ​បរិភោគ

អាហារ​ដែល​អ្នក​ជម្ងឺ​លើស​ឈាម​មិន​គួរ​បរិភាគ​នោះ គឺ​ចៀស​វាង​អាហារ​ណា​ដែល​មាន​រស​ជាតិ​ប្រៃ​ពេក។ ចំណី​អាហារ ទាំង​ឡាយ​ត្រូវ​តែ​មាន​រស​ជាតិ​ល្មម ទើប​អាច​ចៀស​ផុតពី​ជម្ងឺ​លើស​ឈាម​បាន។ មួយ​វិញ​ទៀត​នោះ​គឺ​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់ ច្រើន​ក៏​គួរ​តែ​ចៀស​វាង​ផង​ដែរ។ ទម្លាប់​របស់​ខ្មែរ​យើង​តែង​តែ​ចូល​ចិត្ដ​បរិភោគ​ទឹក​ត្រជាក់​ក្រោយ​ពេល​ដែល​បរិ​ភោគ​ចំណី​អាហារ​រួច។ នេះ​ជា​ប្រការ​ដែល​មិន​ល្អ​សម្រាប់​សុខ​ភាព​យើង​ទេ​ព្រោះ​ទឹក​ត្រជាក់​អាច​ធ្វើឱ្យ​កាក​សំណល់​ដែល​នៅ​ក្នុង​សារ​ពាង្គ​កាយ​ដែល​ក្រពះ​បាន រំលាយ​រួច​នោះ​ក្លាយ​ទៅ​ជា​សារ​ជាតិ​ម្យ៉ាង​រាង​ខាប់ៗ​ដែល​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​នៅ​ក្នុង​សរី​រាង្គ​កាយ​នៅ​ថ្ងៃ​ក្រោយ​បាន។ សព្វ ថ្ងៃ​នេះ​មាន​លោក​អ្នក​ភាគ​ច្រើន​ចូល​ចិត្ដ​បរិ​ភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រៃ ដែល​ជា​ហេតុ​ធ្វើឱ្យ​លោក​អ្នក​ប្រឈម​មុខ​នឹង ជម្ងឺ​លើស​ឈាម​ដែល​ភាគ​ច្រើន​នៅ​ពេល​មាន​អាយុ​ចាប់​ពី៤០​ឆ្នាំ​ឡើង​ទៅ។

ប្រការ​ដែល​អ្នក​លើស​ឈាម​គួរ​ប្រតិបត្ដិ

បើ​លោក​អ្នក​អាច​មាន​ពេល​វេលា​គ្រប់​គ្រាន់​នោះ​លោក​អ្នក​គួរតែ​ធ្វើការ​ហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់​ជា​រៀង​រាល់​ថ្ងៃ។ គួរ តែ​ធ្វើ​លំហាត់​ប្រាណ​ដោយ​ដើរ​ឱ្យបាន​៣០នាទី​ក្នុង​មួយ​ថ្ងៃ យ៉ាង​ហោច​ណាស់​៥ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ធ្វើ​ឱ្យ​ចលនា​ឈាម​រត់​បាន​ល្អ ជា​ប្រក្រតី។ វិធី​នេះ​គឺល្អ​បំផុត​ក្នុង​ការ​ធ្វើឱ្យ​កម្រិត​ឈាម​របស់​លោក​អ្នក​នៅ​ថេរ​វាអាច​ធ្វើឱ្យ​លោក​អ្នក​មិន​មាន​អាការ​ផ្សេងៗ​ដែល បណ្ដាល​មកពី​ជម្ងឺ​លើស​ឈាម​បាន និង​អាច​ធ្វើឱ្យ​លោក​អ្នក​មាន​ការ​ធូរ​ស្រាល​បាន​ច្រើន​ហើយ​ថែម​ទាំង​អាច​ធ្វើឱ្យ​សុខ​ភាព​ល្អ និង​មិន សូវ​មាន​ការ​ឈឺ​ថ្កាត់​ទៀត​ផង។ លោក​អ្នក​គួរតែ​បរិភោគ​ចំណី​អាហារ​ណា​ដែល​មាន​រស​ជាតិ​ល្មម មិន​សាប​ពេក និង​មិន​ប្រៃ​ពេក។ សូម កុំ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើន​ព្រោះ​សារ​ជាតិ​ខ្លាញ់​មិន​ថែម​ទាំង​អាច​បណ្ដាល​ឱ្យ​លោក​អ្នក​មាន​ជម្ងឺ​លើស ឈាម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ធ្វើឱ្យ​លោក​អ្នក​ធាត់​សរី​រាង្គ​កាយ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើន​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន មិនថា​នៅ​ទីក្រុង ឬក៏​នៅ​ជន​បទ​ទេ​តែង​តែ​មាន​ចំណូល​ចិត្ដ​បរិភោគ​ចំណី​អាហារ​ដែល​រស ជាតិ​ប្រៃ ជា​ពិសេស​ម្ហូប​អាហារ​ខ្មែរ ដូច​ជា​ប្រហុក ផ្អក ត្រី​ប្រឡាក់​ងៀត អំបិល ប៊ី​ចេង ទឹក​ត្រី​ទឹក​ជ្រលក់​ជា​ដើម។ ចំពោះ​ចំណី អាហារ​សមុទ្រ ឬ​ចំណី​អាហារ​ណា​ដែល​ទាម​ទារ​ឱ្យ​មាន​ទឹក​ជ្រលក់​ដែល​អាហារ​ទាំង​នោះ​សុទ្ធ​តែប្រើ​នូវ​បរិ​មាណ​ជាតិ​ប្រៃ​(អំបិល) ច្រើន។

ប្រសិន​បើ​លោក​អ្នក​បរិ​ភោគ​ចំណី​អាហារ​ណា​ដែល​មាន​រស​ជាតិ​ប្រៃ មិន​ត្រូវ​បរិ​ភោគ​វា​ក្នុង​បរិ​មាណ​ច្រើន​ពេក​ទេ​បើ​លោក អ្នក​ចាំ​បាច់​ត្រូវ​តែ​ញ៉ាំ​វា​ដោយ​ខាន​មិន​បាន​នោះ គួរ​តែ​បរិ​ភោគ​ក្នុង​បរិ​មាណ​មួយ​តិច​តួច​បាន​ហើយ។

ដំបូ​ន្មាន​អ្នក​ជំនាញ

សូម​អ្នក​ជម្ងឺ​ដែល​លើស​ឈាម​ចៀស​វាង​ការ​បរិ​ភោគ​អាហារ​ដែល​មាន​រស​ជាតិ​ប្រៃ​ខ្លាំង​និង​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ ខ្លាញ់​ច្រើន។ ប្រសិន​បើ​លោក​អ្នក​មាន​ពេល​ទំនេរ​គួរតែ​ព្យាយាម​ធ្វើការ​ហាត់​ប្រាណ​ដើម្បី​ឱ្យ​កម្រិត​ឈាម​ក្នុង​ខ្លួន​លោក​អ្នក​មាន​ចលនា ល្អ។ ប្រសិន​បើ​លោក​អ្នក​អាច​អនុ​វត្ដ​កត្ដា​ខាង​លើ​នោះ​បាន​កម្រិត​នៃ​ជម្ងឺ​លើស​ឈាម​ក៏មាន​ការ​ចុះ​ថយ​ផង​ដែរ។ បើ​លោក​អ្នក​ចង់ បរិ​ភោគ​ចំណី​អាហារ​ដែល​មាន​ជាតិ​ប្រៃ ត្រូវ​បរិ​ភោគ​បន្ដិច​បន្ដួច​បាន​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative