វិធី​៦​យ៉ាង​ជួយ​ឱ្យ​ការ​រស់​នៅ​បាន​ល្អ​ប្រសើរ

នរណា​ម្នាក់​ក៏ចង់​ឱ្យ​ជីវិត​របស់​ខ្លួន​រស់​នៅ​ក្នុង​លក្ខណៈ​រុង​រឿង សេចក្ដី​សុខ និង​ សុភ​មង្គល​ដែរ។ ការ​រស់​នៅ​ជា​ប្រចាំ​របស់​មនុស្ស ម្នាក់​ទាម​ទារ​ឱ្យ មាន​ការ​ចេះ​បែង​ ចែក​ជីវិត​ឱ្យ​បាន​ត្រឹម​ត្រូវ ទើប​ការ​រស់​នៅ​មាន​ភាព​ល្អ​ប្រសើរ​បាន។ ឆាក​ជីវិត​របស់​ មនុស្ស​យើង​មាន រយៈ​ពេល​ខ្លី​ណាស់ បើ​លោក​អ្នក​មិន​ចេះ​រៀប​ចំ​ជីវិត លោក​អ្នក​នឹង​ ស្ដាយ​ក្រោយ​ជា​មិន​ខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជា​ជំនួយ​ដល់​ការ​រៀប​ចំ​ជីវិត​របស់​លោក​អ្នក​ទាំង​អស់​គ្នា ទស្ស​នា​វដ្ដី សុខភាពយើងសូម​រួម​ចំណែក​ផ្ដល់​នូវ​គំនិត​ខ្លះៗ​ដល់ លោក​អ្នក។ យើង​ខ្ញុំ​សង្ឃឹម​ថា​លោក​អ្នក​នឹង​អាច​ជ្រើស​រើស​យក​ចំណុច​ណា​មួយ​ក្នុង​ចំណោម​ចំណុច​ទាំង​អស់​នេះ​មក​ប្រើ​ប្រាស់ ដើម្បី ទុក​ជា​ទុន​ក្នុង​ការ​កសាង​ជីវិត​ឱ្យ​ល្អ​ប្រសើរ។

ស្ថាន​ភាព​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​របស់​លោក​អ្នក​បាន​ជំរុញ​ឱ្យ​ជួប​នឹង​ភាព​តឹង​តែង​ស្មុគ​ស្មាញ​ស្ទើរ​ដោះ​ស្រាយ​មិន​រួច។ ទាំង​នេះ ក៏​ព្រោះ​តែ​លោក​អ្នក​មាន​ជីវិត​ជា​មនុស្ស​ដែល​តែង​តែ​ទាម​ទារ​រក​សុភ​មង្គល​ឱ្យ​ខ្លួន​ឯង ចង់​មាន​ចង់​បាន​និង​ការ​លោភ​លន់​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ បញ្ហា​ទាំង​នេះ​បាន​ជំរុញ​ឱ្យ​លោក​អ្នក​ជួប​រឿង​រ៉ាវ​ជា​ច្រើន ដែល​ត្រូវ​ប្រឡង​ប្រជែង​យក​ឈ្នះ។ វិធី​ខាង​ក្រោម​នេះ​នឹង អាច​ជួយ​សម្រួល​ដល់​លោក​អ្នក​បាន។ ប្រសិន​បើ​លោក​អ្នក​អនុវត្ដ​តាម​អ្វី​ដែល​មាន​នៅទី​នេះ​លោក​អ្នក​នឹង​ជួប​នូវ​អ្វី​ដែល​លោក​អ្នក​ចង់ បាន។

1 . វិធី​ទី១ បំភ្លេច​រឿង​អតីត​កាល ៖ ការ​រស់​នៅ​មិន​មែន​សម្រាប់​ខ្លួន​ឯង​តែ​ម្នាក់​នោះ​ទេ។ ជា​ការ​ងាយ​ទេ​បើ​រវល់​គិត​តែ​ពី​ខ្លួន​ឯង យើង​នឹង​មាន​បញ្ហា​ជា​ច្រើន​ដែល​ធ្វើឱ្យ​ពិបាក​ចិត្ដ​នាំឱ្យ​អនុ​វត្ដ​សេច​ក្ដីប៉ង​ប្រាថ្នា​របស់​យើង​មិន​បាន​ពេញ​លេញ។ បើ​សិន​ចេះ​តែ​ងាក​ទៅ រក​អតីត​កាល ហើយ​ខ្វល់​ខ្វាយ​នឹង​វា​ពេក​នឹង​ធ្វើឱ្យ​យើង​ចេះ​តែ​ស្ដាយ​ក្រោយ មាន​វិប្បដិ​សារី​ឥត​ឈប់​ឈរ។ យក​ល្អ​បំផុត​គឺ​គួរ​តែ កសាង​នូវ​បច្ចុ​ប្បន្ន​កាល​មួយ​ដ៏ល្អ​ប្រសើរ វា​នឹង​ប្រែ​ក្លាយ​អនា​គត​ត្រចះ​ត្រចង់។ ប្រការ​នោះ​នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ជាក់​ស្ដែង​ជា​ទី មោ​ទនៈ។

2 . វិធី​ទី​២ កុំរង​ចាំ​ព្រេង​វាសនា ៖ ត្រូវ​តែ​មាន​សកម្ម​ភាព​រស់​រវើក​ជា​និច្ច មិន​ត្រូវ​អង្គុយ​ត្អូញ​ត្អែរ​ពី​វាសនា​អភ័ព្វ​ឬការ​បាត់​បង់​របស់ ខ្លួន​ឡើយ ឬ​មួយ​ក៏​រង់​ចាំ​ឱកាស​ល្អ ដែល​សង្ឃឹម​ថា​នឹង​មក​ដល់​នោះ​ទេ។ ល្អ​បំផុត​គឺត្រូវ​ដាក់​ផែន​ការ​ក្នុង​រង្វង់​សមត្ថ​ភាព​របស់​ខ្លួន ដូច​ជា នៅ​ក្នុង​វិជ្ជា​ជីវៈ​ដែល​យើង​បាន​ជ្រើស​រើស​ជា​ដើម ដោយ​ការ​យល់​ច្បាស់​នឹង​មាន​ការ​ជ្រើស​រើស​ហ្មត់​ចត់​នោះ​យើង​អាច​បណ្ដាក់​ទុន ពង្រឹង​ពង្រីក​បង្កើន​សមត្ថ​ភាព​ជំនាញ និង​បង្កើន​ភាព​សម្បូរ​នូវ​បទ​ពិសោធន៍។ ក្នុង​ដំណើរ​សកម្ម​ភាព​និង​ការ​សិក្សា បង្កើន​នូវ​ការ​ច្នៃ ប្រឌិត​កែ​លម្អ នោះ​យើង​នឹង​រក​ឃើញ​ប្រភព​រីក​រាយ ជំនក់​ចិត្ដ​នឹង​ជោគ​ជ័យ​ក្នុង​ការ​ងារ។ ទាំង​អស់​នេះ​ជា​ប្រភព​សុ​ភ​មង្គល ដែល​នឹង ជួយ​បំពេញ​ដល់​អ្វី​ដែល​យើង​បាន​ចំណាយ។ ជំនក់​ចិត្ដ​នេះ​ផ្សា​ភ្ជាប់​ជាមួយ​យើង​រហូត​ដល់​ពេល​ណា​មួយ យើង​ត្រូវ​ទៅ​ណា​ឆ្ងាយ​មួយ រយៈ វា​នឹង​ធ្វើឱ្យ​យើង​មិន​ស្រណុក​ក្នុង​ចិត្ដ​ឡើយ​អន្ទះ​អន្ទែង​ចង់​តែ​ត្រឡប់​មក​ធ្វើការ​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . វិធី​ទី៣ ជឿ​ជាក់​លើ​ខ្លួន​ឯង ៖ ត្រូវ​ជឿ​ជាក់​លើ​កម្លាំង​ឆន្ទៈ​របស់​ខ្លួន​ឯង។ មហា​បុរស​អាច​ធ្វើឱ្យ​ប្រវត្ដិ​សាស្ដ្រ​ប្រែ​ប្រួល​បាន។ ចំពោះ​ឆន្ទៈ​ដ៏​ក្លៀវ​ក្លា​របស់​យើង អាច​ធ្វើឱ្យ​អនា​គត​របស់​យើង​ប្រែ​ប្រួល​បាន​ដែរ។ ហេតុ​នេះ​ឆន្ទៈ​នោះ​ត្រូវ​មាន​ទិស​ដៅ​ត្រឹម​ត្រូវ យើង ត្រូវ​ចាំ​ថា កម្ជិល និង​កំសាក នឹង​ធ្វើឱ្យ​យើង​ដើរ​បញ្ច្រាស​នឹង​គោល​ដៅ​ដែល​បាន​កំណត់​ហើយ។ សេចក្ដី​ព្យាយាម​ក្លាហាន​អង់​អាច​គួប ផ្សំ​នឹង​កម្លាំង​ឆន្ទៈ ជួយ​ឱ្យ​យើង​ពុះ​ពារ​ឆ្លង​កាត់​រាល់​ការ​លំបាក​និង​ឧបសគ្គ​សម្រេច​បាន​នូវ​ជោគ​ជ័យ​ដូច​បំណង​ប្រាថ្នា។

4 . វិធី​ទី៤ ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ ការ​ស្មោះ​ត្រង់ និង​ពាក្យ​សន្យា​នឹង​អ្នក​ដទៃ​ព្រម​ទាំង​ចំពោះ​ខ្លួន​ឯង។ មិន​ត្រូវ​ឱ្យគេ​អស់​សង្ឃឹម នឹង​ខ្លួន​យើង​ទេ។ ជា​ធម្មតា​ក៏មិន​ងាយ​អនុវត្ដ​បាន​ដែរ ពេល​ដែល​មាន​មូល​ហេតុ​អូស​ទាញ​ជា​ច្រើន​ជ្រៀត​ចូ​ជួន​កាល​អាច​ធ្វើឱ្យ​យើង រក្សា​ពាក្យ​សន្យា​មិន​បាន។ ប្រការ​នេះ​ត្រូវ​បង្ខំ​ឱ្យ​យើង​ត្រូវ​គិត​ពិចារ​ណា​ឱ្យបាន​ហ្មត់​ចត់មុន​ពេល​សន្យា​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់។

5 . វិធី​ទី៥ ហ៊ាន​ទទួល​ខុស​ត្រូវ ជីវិត​របស់​មនុស្ស​យើង​សំខាន់​ណាស់ ការ​ដែល​ហ៊ាន​ទទួល​ខុស​ត្រូវ​នូវអ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ​ឱ្យ គ្មាន​ការ​គេច​វេស ហើយ​ច្រាន​ដំណួល​នេះ​ទៅឱ្យ​អ្នក​ដទៃ​នៅ​ពេល​នោះ​លោក​អ្នក​នឹង​បាត់​បង់​នូវ​តម្លៃ​ជា​មនុស្ស​ថ្លៃថ្នូរ​អ្នក​ដទៃ​នឹង មើល​ងាយ​លោក​អ្នក​ទៅ​តាម​នោះ​ដែរ។

6 . វិធី​ទី៦ មាន​ការ​តស៊ូ និង​តាំង​ចិត្ដ គ្រប់​យ៉ាង​ដែល​កើត​មាន​ចំពោះ​អ្នក​ដទៃ ដូច​ជា​អ្នក​មាន​បុណ្យ​សក្ដិ មាន​លុយ​មាន​អំណាច មាន​កិត្ដិ​យស​ក្នុង​សង្គម សុទ្ធ​តែជា​ពន្លឺ​ដែល​នាំ​លោក​អ្នក​ទៅ​រក​ភាព​ជោគ​ជ័យ​ដូច​អ្នក​ទាំង​នោះ ព្រោ​ថា​អ្នក​ទាំង​នោះ​ខិត​ខំ ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ទើប​អាច​មាន​ថ្ងៃ​នេះ​បាន។ ហេតុ​នេះ​លោក​អ្នក​ត្រូវ​មាន​ការ​តាំង​ចិត្ដ​និង​ត្រូវ​ធ្វើឱ្យ​បាន​ដូច​អ្នក​ទាំង​នេះ ទើប​អាច ជំរុញ​ឱ្យ​លោក​អ្នក​មាន​ការ​តស៊ូ​ជាមួយ​ការ​តាំង​ចិត្ដ​មួយ​យ៉ាង​ពិត​ប្រាកដ។

បណ្ដាំ​ផ្ញើ

វិធី​ទាំង​៦យ៉ាង​ដែល​បាន​ជម្រាប​ជូន​ខាង​លើ​នេះ គ្រាន់​តែជា​ចំណុច​មួយៗ​ប៉ុណ្ណោះ​តែបើ​សិន​លោក​អ្នក​អាច​អនុវត្ដ​បាន​នោះ លោក​អ្នក​នឹង​រក​ឃើញ​ប្រភព​សុភ​មង្គល​ក្នុង​ជីវិត​បាន។ សូម​លោក​អ្នក​អាន​ទទួល​បាន​នូវ​ជោគ​ជ័យ​សម្រាប់​ជីវិត​ប្រកប​ដោយ សុភ​មង្គល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative