អាថ៌​កំបាំង​សុភ​មង្គល​គូ​ស្នេហ៍

បុរស និង​ស្ដ្រី មាន​ជីវិត​រស់​នៅ​ដើម្បី​យល់​ចិត្ដ​យល់​ថ្លើម​គ្នា ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្ដែ​ជា​ប្រចាំ​ថ្ងៃ​ពួក​គេ​ទាំង​ពីរ នាក់​បៀម​លេប​ទៅ​ដោយ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ដ ទំនាស់​ទាស់​ទែង​គ្នា ការ​មិន​ចុះ​សម្រុង​គ្នា ការមិន​យល់​ចិត្ដ​គ្នា​និង​ការ​នឿយ​ណាយ ទាំង​កាយ​ចិត្ដ​រៀងៗ​ខ្លួន។ រឿង​រ៉ាវ​ទាំង​នេះជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ពួកគេ​ទាំងពីរ​និង​រំខាន​ជីវិត​គូ​ស្នេហ៍​បុរស​ស្ដ្រី​នេះ​ទៀត ផង។ តើពួក​គាត់​ត្រូវ​មាន​វិធី​សាស្ដ្រ​ឬ​មធ្យោ​បាយ​បែប​ណា​ខ្លះ ដើម្បី​ឆ្លង​ទៅ​ដល់​ត្រើយ​សុភមង្គល?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុង​រឿង​រ៉ាវ​ស្នេហា មិន​ត្រូវ​សំចៃ​កម្លាំង​ឡើយ ហើយ​ត្រូវ​ចេះ​ធ្វើឬ​ផ្ដល់​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ច្រើន​ដោយ​មិន​ត្រូវ​គិត ទៅ​ដល់​ការ​ផ្ដល់​គ្រប់​គ្រាន់​ឬការ​តប​ស្នង​ជា​គុណ​ស្រ័យ​នោះ​ឡើយ។ នៅ​ក្នុង​សង្គម​គ្រួសារ​ខ្មែរ​យើង​ស្ដ្រី​អនុវត្ដ​បាន​ប្រសើរ​ណាស់ តែ បុរស​វិញ​ទេ​ដែល​ព្រងើយ​កន្ដើយ​ធ្វើមិន​ដឹងមិន​ឮនូវ​រឿង​យក​ចិត្ដ​ទុក​ដាក់​នេះ។ ស្ដ្រី​ច្រើន​តែចេះ​ថ្នាក់​ថ្នម​បមបី​ស្វាមី​ឬគូ​ស្នេហ៍ ដុស ក្អែល​ឱ្យ​ប្ដី ឬ​ជួន​កាល​ម៉ាស្សា​ខ្លួនឬ​ច្របាច់​ដៃ​ច្របាច់​ជើង​ឱ្យប្ដី​ទៀត​ផង​បែប​នេះ​ជាអ្វី​មួយ​ដែល​ប្រកប​ទៅ​ដោយ​សុ​ភមង្គល​រវាង​គ្នា។ រីឯ​បុរស​ខ្មែរ​វិញ​ក៏គួរ​ធ្វើ​អំពើ​ទាំង​នេះ​ដល់​ភរិយា​ឬស្ដ្រី​ជាគូ​ស្នេហ៍​វិញ​ផង​ដែរ។ បើ​បែប​នេះ​មែន​ពួក​គាត់​ទាំង​ពីរ​ទាំង​បុរស​ទាំង​ស្ដ្រី​នឹង លែង​គិត​អំពី​ការ​បែក​បាក់​គ្នា ហើយ​ត្រើយ​សុភ​មង្គល​នៅ​ជិត​បង្កើយ។ តែ​សូម​កុំ​ច្រឡំ​ការ​ថ្នាក់​ថ្នម​គ្នា​ដើម្បី​សេចក្ដី​សុខ​ផ្លូវ​ភេទ ឬ​សុភ​មង្គល​គ្រួសារ និង​បញ្ហា​យែន​ឌ័រ។

សូម​សម្ដែង​ចំណង់​កាម​ឱ្យ​ដល់​កម្រិត​ខ្ពស់ និង​ខ្លាំង​ក្លា

តើ​លោក​ស្រី​អ្នក​នាង​ធ្លាប់​ស្រមៃ​ទេ​ថា លោក​ស្រីអ្នក​នាង​កំពុង​តែនៅ​កម្សាន្ដ​ជាមួយ​គូ​ស្នេហ៍​ពេល​សម្រាក​ចុង​សប្ដាហ៍​ដើម្បី ធ្វើ​បុណ្យ​ខួប​អាពាហ៍​ពិពាហ៍? ឬក៏​ស្លៀក​ពាក់​សម្លៀក​បំពាក់​ឬរ៉ូប​ពណ៌​ក្រហម​ដ៏​សិច​ស៊ី​ពេល​រាត្រី​ស្រមោល​ស​ពេល​ល្ងាច​ថ្ងៃ​បុណ្យ សង្សារ? លោក​ស្រី​អ្នក​នាង​មិន​ត្រូវ​រង់​ចាំឱ្យ​គូ​ស្នេហ៍​ប្ដីឬ​ប្រពន្ធ​របស់​លោក​អ្នក​ដឹង​អំពី​ចំណង់​កាម​តាម​ការ​ទស្សន៍​ទាយ​នោះ​ទេ ៖ មាន តែ​លោក​អ្នក​បញ្ចេញ​វាទេ​ទើប​គេ​ដឹង! បែប​នេះ​កាត់​បន្ថយ​បាន​នូវការ​មាន​គំនិត​អកុសល គុំ​គួន​ឬចាំ​មើល​បំណាំ​សិន។ គូ​ស្វាមី​ភរិយា ភាគ​ច្រើន​ចង់​បង្កើត​បរិយា​កាស​សប្បាយ​រីករាយ និង​មាន​សុភ​មង្គល​ប៉ុន្ដែ​ពួក​គាត់​មិន​មាន​គំនិត​ទាល់​តែ​សោះ។ នៅ​ក្នុង​ក្រប​ខ័ណ្ឌ រឿង​រ៉ាវ​ផ្លូវ​ភេទ គឺ​ដូច​តែ​គ្នាទេ​បើ​សិន​ជា​លោក​ស្រីអ្នក​នាង​មិន​និយាយ​ចេញ​ឱ្យ​ច្បាស់​ប្រាប់​ដៃគូ​នូវ​អ្វី​ដែល​លោក​ស្រី​អ្នក​នាង​ចូល​ចិត្ដ នូវ​អ្វី​ដែល​លោក​ស្រី​អ្នក​នាង​ចង់​ឱ្យ​គាត់​ធ្វើ​ចំពោះ​ខ្លួន​និង​នូវអ្វី​ដែល​លោក​ស្រី​អ្នក​នាង​មិន​ចូល​ចិត្ដ ឬ​របៀប​ដែល​លោក​ស្រី​អ្នក​នាង​មិន ចូល​ចិត្ដ​នោះ​គាត់​ពិតជា​មិន​អាច​ទស្សន៍​ទាយ​ដោយ​ខ្លួន​គាត់​ម្នាក់​ឯង​នោះ​ទេ។ សូម​សាក​សួរ​ទៅ​កាន់​គាត់ ដោយ​សម្ដី​សម្ដៅ​រម្យ​ទម ផ្អែម​ល្ហែម តែ​ច្បាស់ៗ ដោយ​គ្មាន​ការ​លាក់​លៀម​នោះ​គាត់​នឹង​ផ្ដល់​ជូន​លោក​ស្រី​អ្នក​នាង​វិញ​នូវ​ការ​ពេញ​ចិត្ដ​ពេញ​ថ្លើម​ជា​អតិ​បរិមា ជាក់​ជា​មិន​ខាន​ឡើយ។

សូម​ចំណាយ​ពេល​នៅ​ជា​មួយ​គ្នា

ការ​ងារ ការ​មើល​ថែ​ទាំ​កូន ការ​មើល​ទូរ​ទស្សន៍ ចំណាយ​ចាយ​វាយ​នេះ ចំ​ណាយ​នោះ។ល។​តើ​គ្រួសារ​ឬប្ដី​ប្រពន្ធ​ភាគ​ច្រើន ពិតជា​វិលវល់​ក្ន្នុង​រឿង​ទាំង​នេះ​មែន​ឬ? ជា​រៀង​រាល់ថ្ងៃ សូម​គ្រប់​គ្រង​ឱ្យ​បាន​នូវ​ជីវិត​គូ​ស្រករ​ជា​អាទិ​ទុក​ពេល​វេលា​ស្គាល់​គ្នា​ទៅ​វិញ ទៅ​មក និង​ពេល​វេលា​សម​រម្យ​មួយ​សម្រាប់​ការ​នែប​និត្យ​គ្នា ដែល​មិន​ត្រូវ​និយាយ​ពី​រឿង​ការ​ងារ​រឿង​លុយ​កាក់ និង​រឿង​អប់រំ​កូន​ចៅ នោះ​ឡើយ។ ម្នាក់​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​នឹង​ម្នាក់​ទៀត ជា​ពិសេស​អំពី​អារម្មណ៍​និង​អំពី​អ្វី​ដែល​ម្នាក់ៗ​ចង់​និយាយ​រៀប​រាប់​ប្រាប់។

ការ​ផ្ដល់​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក​នេះ ជា​ឱសថ​ទិព្វ​មួយ​ជួយ​សណ្ដំ​ឱ្យស្ដ្រី​ជាដៃ​គូមាន​អារម្មណ៍​ថាខ្លួន​ស្ថិត​នៅ​ក្នុង​កែវ​ភ្នែក​របស់ ស្វាមី ឬ​បុរស​ជា​ដៃ​គូ​នោះ។ ព្រោះ​ថា​ពេល​វេលា​ចំនួន​១៥​នាទី​ជួន​កាល​មាន​តម្លៃ​សម្រាប់​ពេញ​មួយ​ជីវិត​សម្រាប់​គូ​ស្នេហ៍​របស់ លោក​ស្រី​អ្នក​នាង ជា​ពិសេស​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​គ្នា ឬពេល​នៅ​លើ​គ្រែ​ជាមួយ​គ្នា​ជា​ដើម។

មិន​ត្រូវ​សម្រេច​ចិត្ដ​បែប​អាត្មា​និយម​ឡើយ

គ្រប់​ប្រធាន​បទ​សំខាន់ៗ​ទាំង​អស់ រាល់​ការ​សម្រេច​ចិត្ដ​ចុង​ក្រោយ​មិន​អាច​ជាកម្ម​សិទ្ធិ​របស់​សមា​ជិក​គ្រួសារ​ណា​ម្នាក់​នោះ​ទេ ប៉ុន្ដែ​ជាការ​យក​ចិត្ដ​ទុក​ដាក់​រួម​គ្នា ជា​ពិសេស​តាម​រយៈ​កិច្ច​ទំនាក់​ទំនង​និង​កិច្ច​ព្រម​ព្រៀង​ដែល​កើត​ចេញ​ពីភាគី​ទាំងពីរ​ដោយ​ក្ដី សោ​មនស្ស។ សមា​ជិក​គ្រួសារ​ឬប្ដី​ប្រពន្ធ​ដែល​ជាគូ​ស្នេហ៍​ត្រូវ​មាន​ភាព​ស្មើ​ភាព ការ​ជជែក​គ្នា​ស្មើ​ភាព​ការ​ស្ដាប់​គ្នាស្មើ​ភាព និង​សម្ដី សម្ដៅ​គោរព​គ្នាទៅ​វិញ​ទៅមក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មិន​ត្រូវ​បំភ្លេច​រឿង​រ៉ាវ​លើ​គ្រែ​ក្នុង​គ្រួសារ​ឡើយ

មិនមាន​ដៃគូ​ណា​ដែល​នៅ​គង់​វង្ស ដោយ​គ្មាន​ជីវ​ភាព​ផ្លូវ​ភេទ​ពេញ​ចិត្ដ​ពេញ​ថ្លើម​នោះ​ទេ។ នៅ​ក្នុង​រឿង​រ៉ាវ​ទាំង​នេះ​រហូត មក​ដល់​សព្វ​ថ្ងៃមិន​ទាន់​មាន​ក្បួន​ខ្នាត​ឬមាត្រ​ដ្ឋាន​សម្រាប់​គោរព​ធ្វើតាម​នោះ​ទេ​ជា​ពិសេស​ចំពោះ​ចំនួន​ដងនៃ​កិច្ច​ទំនាក់​ទំនង​រួម​ភេទ និង​រយៈ​ពេល​ប្រតិ​បត្ដិ​ការ​ផ្លូវ​ភេទ​នោះ​ទេ។ អ្វីដែល​សំខាន់​បំផុត​គឺពេល​គូស្នេហ៍​ទាំងពីរ​ឡើងលើ​គ្រែជា​មួយ​គ្នា​ម្នាក់ៗ​ទទួល​បាន សុភ​មង្គល​ផ្ទាល់​ខ្លួន​រៀងៗ​ខ្លួន។ សូម​គិតគូរ​ទៅ​ដល់​ពេល​វេលា ទំនើង​ចិត្ដ និង​ការ​រៀបចំ​ខ្លួន​ជា​ដើម​ជានិច្ច​ជាកាល​មិន​សូវ​ជា​ស្រួល​ធ្វើ នោះ​ទេ ប៉ុន្ដែ​វាជា​ភារៈ​កិច្ច។ នៅក្នុង​រឿង​លើ​គ្រែ មិន​ត្រូវ​រឹត​ត្បិត​ចំពោះ​ការ​បបោស​អង្អែល​និង​ការ​ថើប​ថ្នាក់​ថ្នម​នោះ​ទេ ហើយ​សូម ផ្លាស់​ប្ដូរ​ការ​តុប​តែង និង​ក្បាច់​រួមភេទ​ឱ្យបាន​ញឹក​ញាប់​ផង​ដែរ។ ព្រោះ​ថា​ដើម្បី​ឱ្យ​ជីវភាព​ផ្លូវ​ភេទ​ប្រកប​ទៅ​ដោយ​ក្ដី​សោ​មនស្ស សប្បាយ​រីករាយ ត្រូវ​ចេះ​ស្ដាប់​គូ​ស្នេហ៍ សួរ​គាត់ ពោល​ពាក្យ​ខ្សឹប​ផ្អែម​ល្ហែម​ស្ដាប់​កាមា​រម្មណ៍ និង​ចំណង់​កាម​របស់​ខ្លួន​ជាដើម។

បណ្ដាំ​ផ្ញើ ៖ ដៃគូ​ស្នេហ៍​ជាប្ដី​ប្រពន្ធ​ហើយ​ក្ដី មិន​ត្រូវ​ភ្លេច​ខ្លួន​រហូត​ដល់​ភ្លេច​គិត​ទៅដល់​ការ​ប្រលោម​ស្នេហ៍​គ្នាជា​ថ្មីនោះ​ឡើយ។ ការ​បន្ដ​លួង​លោម​ស្នេហ៍ គឺជា​មធ្យោ​បាយ​ជួយ​បន្ថែម​ភាព​ផ្អែម​ល្ហែម​ដល់​ជីវិតលើ​គ្រែក៏​ដូចជា​ជីវិត​គ្រួសារ​របស់​គូជីវិត។ ទស្ស​នាវដ្ដី សុខភាពយើង នឹង​បន្ដ​លើក​យក​សុភ​មង្គល​គ្រួសារ​មក​ជម្រាប​ជូន​នៅ​ពេល​ក្រោយៗ​ទៀត។

ដោយ ៖ វេជ្ជ. លី ចេង​ហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative