អត្រា​ជម្ងឺ​គ្រុន​ឈាម​ចុះ​ទាប​ជាង​ឆ្នាំ​មុន

ជម្ងឺ​គ្រុន​ឈាម​ជា​ជម្ងឺ​កាច​សាហាវ​មួយ ដែល​ធ្វើឱ្យ​ មាតា​បិតា​ ទាំង​ឡាយ​មាន​ ការ​ព្រួយ​ បារម្ភ​ជាខ្លាំង​ពី​សុខ​ភាព​កូនៗ​របស់ ពួក​គាត់ នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ។ ជម្ងឺ​គ្រុន​ ឈាម​ អាច​សម្លាប់​ក្មេង​បាន​ក្នុង​រយៈ​ពេល​មួយ​ដ៏ខ្លី​បំផុត​ប្រសិន​បើ​ពុំ​មាន​ការ​ជួយ សង្គ្រោះ​បាន​ទាន់​ពេល​វេលា​នោះ​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នា​វដ្ដី សុខភាពយើង បាន​ជួប​សម្ភាស​ជា​មួយ​លោក ង៉ាន់ ច័ន្ទ​ថា​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រឆាំង​ជម្ងឺ​គ្រុន​ឈាម អំពី​ស្ថាន​ភាព​ជម្ងឺ​គ្រុន​ឈាម​ដោយ​បាន​ផ្ដល់​បទ​សម្ភាសន៍​ដូច​តទៅ​នេះ។

មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​អត្រា​ជម្ងឺ​គ្រុន​ឈាម​ធ្លាក់​ចុះ

សព្វ​ថ្ងៃ​មាតា​បិតា អាណា​ព្យា​បាល​ជា​ច្រើន​មាន​ការ​យល់​ដឹង​ពី​បញ្ហា​ជម្ងឺ​គ្រុន​ឈាម​ច្រើន​ដោយ​សារ​តែ​មាន​ការ​ផ្សព្វ​ផ្សាយ ពី​សំណាក់​ក្រសួង​សុខា​ភិបាល​គ្រប់​ទិស​ទី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ក្រសួង​សុខា​ភិបាល​បាន​ចុះ​ណែ​នាំ​ពល​រដ្ឋ​ឱ្យ​យល់​ដឹង​ពីជម្ងឺ​គ្រុន ឈាម ណែ​នាំ​ឱ្យ​មាតា​បិតា​សម្អាត​គេហ​ដ្ឋាន​ដែល​នៅ​ជុំវិញ​ខ្លួន​ឱ្យបាន​ស្អាត​ល្អ​ជានិច្ច​បំបាត់​ដង្កូវ​ទឹក​តាម​ទី​កន្លែង​ដែល​មាន​ទឹក​ដក់ ថែម​ទាំង​ផ្ដល់​ថ្នាំ​អាល់​បែត​ជូន​ប្រជា​ពល​រដ្ឋ​តាម​គេហ​ដ្ឋាន មាន​បាញ់​ថ្នាំ​កម្ចាត់​មូស​នៅ​រដូវ​ភ្លៀង​ធ្លាក់។ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន សហ​ការណ៍​ជាមួយ​ក្រសួង​សុខា​ភិបាល និង​ការ​យល់​ដឹង​របស់​ពួក​គាត់​ធ្វើឱ្យ​កម្រិត​នៃ​អត្រា​ជម្ងឺ​គ្រុន​ឈាម​នេះ​មាន​ការ​ចុះ​ទាប​ជាង​ឆ្នាំ មុន បើ​គិត​រយៈ​ពេល​៦ខែ​ដំបូង​នៃ​ដើម​ឆ្នាំ​នេះ។ កាល​ពីឆ្នាំ​មុន​យើង​មាន​កុមារ​ដែល​កើត​ជម្ងឺ​គ្រុន​ឈាម​រហូត​ដល់​ជាងពីរ​ម៉ឺន​នាក់ ប៉ុន្ដែ​រហូត​មក​ពេល​នេះ​ខាង​មន្ទីរ​ពេទ្យ​បាន​ទទួល​កុមារ​ដែល​កើត​ជម្ងឺ​គ្រុន​ឈាម​តែជាង​ពីរ​ពាន់​នាក់​តែ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ២០០៨​នេះ អត្រា​កុមារ​ដែល​ទទួល​មរណៈ​ភាព​ដោយ​ជម្ងឺ​គ្រុន​ឈាម​មាន​ចំនួន​២៤​នាក់​ស្មើ​នឹង១.២​ភាគ​រយ​ដូច​ជាឆ្នាំ​មុន​ដដែល ដោយ​សារ​តែ​អាណា ព្យាបាល​បញ្ជូន​កុមារ​មក​កាន់​មន្ទីរ​ពេទ្យ​មិន​ទាន់​ពេល​វេលា​ឬ​បញ្ជូន​មក​តែ​ជម្ងឺ​មាន​សភាព​ធ្ងន់​ធ្ងរ​ទៅ​ហើយ។ ប្រជា​ពល​រដ្ឋ​មាន​ការ ចេះ​ដឹង​ច្រើន​អំពី​បញ្ហា​នេះ​ប៉ុន្ដែ​ក៏នៅ​មាន​ចំណុច​មួយ​ចំនួន​អាច​នឹង​ខ្វះ​ខាត ការ​មិន​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​មួយ​ចំនួន​ផង​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​យើង​នៅ​មាន​មោទន​ភាព​ដែរ​ព្រោះ​អត្រា​ជម្ងឺ​គ្រុន​ឈាម​នៅ​ឆ្នាំ​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ច្រើន។

ប្រការ​គួរ​ប្រតិ​បត្ដិ​ចំពោះ​មាតា​បិតា

អាណា​ព្យាបាល​ទាំង​ឡាយ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេងៗ​នៅ​ក្នុង​រដូវ​ភ្លៀង។ លោក​អ្នក​បាន​ដឹង​ហើយ​ថា​ជម្ងឺ​គ្រុន​ឈាម​វា ឆ្លង​មក​កាន់​កុមារ​បាន​តាម​រយៈ​មូស​ខ្លា​ញី ដែល​វាជា​ភ្នាក់​ងារ​ចម្លង​តែ​មួយ​គត់​ចំពោះ​កុមារ។ ដូច្នេះ​ការ​សម្រាក​គ្រប់​ពេល​វេលា​ទាំង អស់​ចាំបាច់​ត្រូវ​ដាក់​មុង​ជានិច្ច មិន​ថាជា​ពេល​ថ្ងៃ ឬ​ពេល​យប់​ទេ។ ផ្ទះ​ត្រូវ​មាន​ពន្លឺ​គ្រប់​គ្រាន់​មិន​ត្រូវឱ្យ​ក្មេង​ទៅ​លេង​កន្លែង​ដែល​ងងឹត មិន​សូវ​មាន​ពន្លឺ​នោះ​ទេ ព្រោះ​ពពួក​មូស​ខ្លា​ស្ថិត​នៅ​តែ​ទី​ងងឹត​តែ​ប៉ុណ្ណោះ។ ជុំវិញ​ផ្ទះ​ត្រូវ​ស្អាត​ជានិច្ច មិន​ត្រូវ​មាន​ស្មៅ ឬ​ព្រៃ​ដុះ​ស៊ុប ទ្រុប​ទេ ត្រូវ​លាង​សម្អាត​ពាង អាង​ទឹក​ឱ្យ​បាន​ញឹក​ញាប់​ចៀស​វាង​មាន​ដង្កូវ​ទឹក​រស់​នៅ​ឬក៏​ដាក់​ថ្នាំ​អាល់​បែត​សម្លាប់​ដង្កូវ​ទឹក ហើយ ត្រូវ​គ្រប​ពាង​ទឹក​ជា​ប្រចាំ។ បំផ្លាញ​ជម្រក​មូស​ខ្លា ទី​កន្លែង​ណា​ដែល​មាន​ទឹក​ដក់​ត្រូវ​តែ​លុប​បំបាត់​ចោល ព្រោះ​វត្ថុ​ទាំង​នោះ​អាច​បង្ក​ឱ្យ មាន​មូស​ខ្លា​បាន។

បើ​ក្មេង​ដែល​មាន​អាយុ​ក្រោម​៥ឆ្នាំ មាន​អាការ​ក្ដៅ​ខ្លួន​ខ្លាំង​មាតា​បិតា​គួរតែ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​កម្ដៅ​ប្រភេទ​ប៉ារ៉ា​សេតា​មុល  ចៀស​វាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​អា​ស្ពី​រីន។ ប្រសិន​បើ​អាការ​ក្ដៅ​ខ្លួន​របស់​កុមារ​មិន​បាន​ធូរ​ស្រាល​ទេ​ត្រូវ​ប្រញាប់​នាំយក​កុមារ​ទៅ កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដោយ​សារ​តែ​ជម្ងឺ​គ្រុន​ឈាម។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

មាតា​បិតា​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ក្មេងៗ ជា​ពិសេស​នោះ​គឺនៅ​រដូវ​ភ្លៀង​ធ្លាក់​បើគេ​មាន​អាការ​ក្ដៅ​ខ្លួន​ខុស​ពី​ប្រក្រតី​ត្រូវ ប្រើ​ថ្នាំ​ប៉ារ៉ា​សេតា​មុល ចៀស​វាង​ការ​ប្រី​ប្រាស់​ថ្នាំ​អាស្ពីរីន។ បើ​មិន​មាន​ការ​ធូរ​ស្រាល​ទេ​ត្រូវ​នាំ​កុមារ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួយ សង្គ្រោះ​ឱ្យ​ទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative