អាហារ​ហួស​ពេល​កំណត់​អាច​បង្ក​ជម្ងឺ

ចំណី​អាហារ​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ទ្រទ្រង់​រាង​កាយ​របស់​មនុស្ស​គ្រប់​រូប។ ចំណី​អាហារ​អាច​ជួយ​ធ្វើឱ្យ​លោក​អ្នកមាន​សុខ​ភាព​ល្អមាន​សម្រស់​ស្រស់​ថ្លា​និង​មាន​កម្លាំង​ខ្លាំង​ក្លា​ខណៈ​ណា​ដែល​លោក​អ្នក​បរិ​ភោគ​អាហារ​មាន​កាល​កំណត់​កម្រិត​ច្បាស់ លាស់​ត្រឹម​ត្រូវ ហើយ​អាហារ​ទាំង​នោះ​ប្រកប​ទៅ​ដោយ​គុណ​ភាព។ តែ​ផ្ទុយ​ ទៅ​វិញ​ ប្រសិន​បើ​យើង​បរិភោគ​អាហារ​ដែល​គ្មាន​គុណ ភាព ហួស​ពេល​កំណត់​ ប្រើ​ប្រាស់នោះ​ វានឹង​អាច​បណ្ដាល​ឱ្យ​កើត​មាន​ជម្ងឺ​ផ្សេងៗ​និង​ធ្វើឱ្យ​ប្រព័ន្ធ​សរី​រាង្គ​កាយ​ធ្លាក់​ចុះ​ មិន​ ខាន។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

អាហារ​ហួស​ពេល​កំណត់ គឺជា​ប្រធាន​បទ​មួយ​ដែល​ទស្សនា​វដ្ដី សុខភាពយើងលើក​យក​មក​ធ្វើការ​បក​ស្រាយ​នៅ​ក្នុង​លេខ ថ្មី​នេះ ដោយ​មាន​ការ​ចូល​រួម​បក​ស្រាយ​ពី​លោក លឹម រតនៈ អនុ​ប្រធាន​នាយក​ដ្ឋាន​ឱសថ ចំណី​អាហារ​បរិក្ខារ​ពេទ្យ និង​គ្រឿង សម្អាង​នៃ​ក្រសួង​សុខា​ភិបាល។

អាហារ​ហួស​ពេល​កំណត់​ជា​អ្វី?

អាហារ​ហួស​ពេល​កំណត់ គឺជា​ប្រភេទ​ចំណី​អាហារ​ដែល​ហួស​កាល​បរិច្ឆេទ​ក្នុង​ការ​ប្រើ​ប្រាស់​ហួស​ពេល​កំណត់​ក្នុង​ការ ថែ​រក្សា​ទុក និង​មាន​ការ​ប្រែ​ប្រួល​គុណ​ភាព ក្លិន និង​រស​ជាតិ​នៃ​អាហារ។

ប្រភេទ​អាហារ​ហួស​ពេល​កំណត់

ចំណី​អាហារ​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ​មាន​ច្រើន​ប្រភេទ​ណាស់​តែនៅ​ពេល​នេះ​យើង​ខ្ញុំសូម​ធ្វើការ​បែង​ចែក​អាហារ​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​អាហារ​ផលិត​ភ្លាមៗ ឬ​អាហារ​ដែល​ចម្អិន​បរិភោគ​ប្រចាំ​ថ្ងៃ និង​ប្រភេទ​អាហារ​ដែល​ធ្វើ​ការ​វេច​ខ្ចប់​ឬច្រក​ក្នុង​កំប៉ុង ដើម្បី​រក្សា​ទុក​គុណ​ភាព​ក្នុង​រយៈ​ពេល​យូរ។

  • ប្រភេទ​អាហារ​ផលិត​ភ្លាមៗ ចំពោះ​អាហារ​ប្រភេទ​នេះ លោក​អ្នក​អាច​ធ្វើ​ការ​សម្គាល់​បាន​ដោយ​ងាយ​បំផុត​តាម​រយៈ ការ​មើល​ដោយ​ភ្នែក​ផ្ទាល់ និង​ការ​ហិត​ក្លិន។ ជា​ឧទា​ហរណ៍ អាហារ​ហួស​ពេល​កំណត់​មាន​ក្លិន​ជូរ ផ្អូម​មាន​ដុះផ្សិត​ផ្អួរ​តូចៗ និង​មាន​ការ ប្រែ​ពណ៌​ខុស​ពី​ធម្មតា​ជា​ដើម។
  • ប្រភេទ​អាហារ​ធ្វើ​ការ​វិច​ខ្ចប់ ជា​ប្រភេទ​អាហារ​ដែល​គេ​យក​វត្ថុ​ធាតុ​ដើម​ទៅ​បញ្ចូល​ក្នុង​រោង​ចក្រ​ដើម្បី​ផលិត​ចេញ​ជា ប្រភេទ​អាហារ​ស្ងួត ឬ​អាហារ​មាន​ជាតិ​ទឹក ហើយ​អាច​រក្សា​រស​ជាតិ​នៅ​ក្នុង​កញ្ចប់ និង​កំប៉ុង​បាន​រយៈ​ពេល​យូរ។ យើង​អាច​ដឹង​ថា​ជា​អាហារ​ហួស​ពេល​កំណត់​ដោយ​ពិនិត្យ​មើល​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ ដែល​មាន​សរសេរ​នៅ​លើ​សម្បក​កញ្ចប់​និង​សម្បក​កំប៉ុង។

ផល​ប៉ះ​ពាល់​នៃ​អាហារ​ហួស​ពេល​កំណត់

ការ​ពុល​ចំណី​អាហារ​មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​បរិភោគ​អាហារ​ដែល​មាន​សារ​ធាតុ​គីមី​ពុល​ប៉ុណ្ណោះ​ទេ​តែវា​ក៏​អាច​កើត​មាន​ឡើង​ដោយ​សារ​ការ​បរិ​ភោគ​អាហារ​ដែល​ហួស​កាល​កំណត់​ផង​ដែរ។

  • ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព ការ​បរិ​ភោគ​អាហារ​ដែល​ហួស​ឬគ្មាន​កាល​កំណត់​នូវ​ពេល​វេលា​ច្បាស់​លាស់​អាច​បង្ក​ឱ្យ​មាន នូវ​ជម្ងឺ​ផ្សេងៗ ដូច​ជា​ជម្ងឺ​រាក ក្អួត ចុក​ពោះ គ្រុន​ពោះ​វៀន ឈឺ​ក្រពះ រលាក​ប្រព័ន្ធ​រំលាយ​អាហារ​ឬជម្ងឺ​មហា​រីក។ គ្រោះ​ថ្នាក់​ដែល បង្ក​ឡើង​ក្រោយ​ពីការ​បរិភោគ​អាហារ​ទាំង​អស់​នេះ​ហើយ​គឺជា​ហេតុ​ផល​ដែល​គួរ​តែ​ធ្វើ​ការ​ពិចារ​ណាមុន​នឹង​សម្រេច​ចិត្ដ​ទិញ​ចំណី អាហារ​យក​មក​បរិភោគ។
  • ផល​ប៉ះ​ពាល់​ដល់​សង្គម គិត​មក​ដល់​ពេល​បច្ចុ​ប្បន្ន​នេះ​អាហារ​ហួស​ពេល​កំណត់​នៅតែ​ជា​បញ្ហា​យ៉ាង​ស្មុគ​ស្មាញ​និង​កំពុង ធ្វើ​ចរាចរ​នៅ​ក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឍន៍។ អាហារ​ហួស​ពេល​កំណត់​មិន​ត្រឹម​តែធ្វើ​ឱ្យ​មាន​ជម្ងឺ​ប៉ុណ្ណោះ​ទេ​តែវា​ក៏ធ្វើ​ឱ្យ​មាន​ការ​ខាត​បង់ នូវ​ថវិកា ពេល​វេលា ឬអាច​បាត់​បង់​នូវ​អាយុ​ជីវិត​ថែម​ទៀត​ផង​ប្រសិន​បើធ្វើ​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។

វិធាន​ការ​ទប់​ស្កាត់​ចរា​ចរណ៍​អាហារ​ហួស​កាល​កំណត់

ដើម្បី​ទប់​ស្កាត់​កុំឱ្យ​មាន​នូវ​ប្រភេទ​អាហារ​ហួស​ពេល​កំណត់​ចរាចរណ៍​នៅលើ​ទីផ្សារ​នោះ​គឺ​ត្រូវ​មាន​ការ​សហ​ការណ៍​រវាង ក្រសួង​សុខា​ភិបាល និង​ក្រសួង​ពាណិជ្ជ​កម្ម​ជា​ពិសេស​ផ្នែក​កាំកុង​ត្រូល​ត្រូវ​ពិនិត្យ​ការ​នាំចូល​នូវ​ចំណី​អាហារ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ទាំង​គុណ​ភាព ទាំង​អនាម័យ​ឱ្យ​បាន​តឹង​រ៉ឹង ហ្មត់​ចត់ ដើម្បី​ការ​ពារ​និង​លុប​បំបាត់​ប្រភេទ​អាហារ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ប៉ះ​ពាល់​សុខ ភាព​របស់​ប្រជា​ពល​រដ្ឋ​ទាំង​មូល។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

សូម​បង​ប្អូន​អាជីវ​ករ​ទាំង​អស់​ចូល​រួម​ស្វែង​យល់​ពីការ​ណែ​នាំ​លើ​បញ្ហា​សុវត្ថិ​ភាព​ចំណី​អាហារ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ដូច ជា​ទូរ​ទស្សន៍ វិទ្យុ ឯក​សារ ឬការ​អប់រំ​ផ្ទាល់​ពី​ភ្នាក់​ងារ​បុគ្គ​លិក​ក្រសួង​សុខា​ភិបាល ឬ​អង្គ​ការ​ដែល​ពាក់​ព័ន្ធ។ ជា​ពិសេស​ចំពោះ​អតិថិ​ជន ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ពិនិត្យ​មើល​គុណ​ភាព​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ មុន​នឹង​ទិញ​យក​មក​ទទួល​ទាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative