បញ្ហា​អតិ​ផរ​ណា​នៅ​កម្ពុជា

ការ​ហក់​ឡើង​នូវ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​គ្រប់​ប្រភេទ ជា​ការ​ បំផ្លាញ​នូវ​ សេដ្ឋ​កិច្ច​ជាតិ​ និង​ ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ ប៉ុន្ដែ​ការ​ចលា​ចល​នូវ​ទំនិញ ពិសេស​ តម្លៃ​អង្ករ ប្រេង​ឥន្ធនៈ និង​ឧស្ម័ន កន្លង​មក​ថ្មីៗ​នេះ​ហាក់​មាន​ភាព​ធូរ​ស្រាល ជាង​មុន បន្ទាប់​ពីតម្លៃ​ទំនិញ​លើទី​ផ្សារ​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​តម្លៃ​បន្ដិច​ម្ដងៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​កម្ពុជា​នៅតែ​ជួប​បញ្ហា អតិ​ផរ​ណា​នៅ​ឡើយ ហើយ​បញ្ហា​នេះ​បាន​និង​កំពុង​ធ្វើឱ្យ​ប្រជា​ពល​រដ្ឋ​ត្រដរ​ខ្យល់​យ៉ាង​ខ្លាំង​ជា​ពិសេស​អ្នក​ក្រ។ ទន្ទឹម​នឹង​ភាព សុទិដ្ឋិ​និយម​ពីការ​ហក់​ឡើង​នូវ​សេដ្ឋ​កិច្ច​របស់​ប្រទេស ការ​ហូរ​ចូល​នូវ​វិនិ​យោគិន​ការឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​បាន​និង​កំពុង​ក្លាយ ជា​កង្វល់​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ហើយ​វាក្លាយ​ជា​ចលករ​ដ៏​សំខាន់​បំផ្លាញ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ។

 នៅ​ពេល​នេះ ទស្ស​នា​វដ្ដី សុខភាពយើង​សូម​លើក​យក​បញ្ហា​មួយ​ចំនួន​មក​បង្ហាញ​ជូន​លោក​អ្នកឱ្យ​បាន​ជ្រាប​អំពី​អ្វី​ដែល កំពុង​តែ​ប្រឈម​មុខ​ទាក់​ទង​នឹង​សេដ្ឋ​កិច្ច​សង្គម។

កំណើន​សេដ្ឋ​កិច្ច តែ​នៅ​ជួប​បញ្ហា

ការហក់​ឡើង​សេដ្ឋ​កិច្ច​មាន​កំណើន​ពីរ​ខ្ទង់​ជាប់​គ្នា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី២ បន្ទាប់​ពី​មហា​យក្ស​អាស៊ី គឺ​ប្រទេស​ចិន​ដែល​មាន​កំណើន​សេដ្ឋ​កិច្ចដ៏​ឆាប់​រហ័ស។ ប៉ុន្ដែ​បន្ទាប់​ពីឆ្នាំ​ដ៏មាន​ហុង​ស៊ុយ​កន្លង​ផុត​ទៅ ឆ្នាំ​នេះ កម្លាំង​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កម្ពុជា​ហាក់​បាន​ទ្រោម​ចុះ​បន្ដិច​វិញ​ដោយ​បាន​ធ្លាក់ពី​កម្រិត​ពីរ​ខ្ទង់​មក​ត្រឹម​មួយ​ខ្ទង់​វិញ។

បញ្ហា​អតិ​ផរ​ណា​នៅ​កម្ពុជា

តម្លៃ​ទំនិញ​នៅ​លើទី​ផ្សារ​គ្រប់​ប្រភេទ​ឡើង​ថ្លៃ​ទាំង​អស់ ដែល​ធ្វើឱ្យ​កើត​មានក្ដី​ព្រួយ​បារម្ភ​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ព្រោះ ប្រាក់​ចំណូល​មិន​អាច​បំពេញ​គ្រប់​លើការ​ចំណាយ​បាន។ ប្រភេទ​ទំនិញ​ចាំ​បាច់​មួយ​ចំនួន​ដែល​ត្រូវ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​អង្ករ ប្រេង ឧស្ម័ន​ជា​ដើម បាន​នឹង​កំពុង​បង្ក​នូវ​បញ្ហា​នៅ​កម្ពុជា ព្រោះ​ប្រជា​ពល​រដ្ឋ​គ្មាន​រំពឹង​ថា​តម្លៃ​ទំនិញ​នឹង​អាច​ចុះមក​វិញ​ឡើយ។

រីឯ​បញ្ហា​អង្ករ​វិញ​ទោះ​ជា​តម្លៃ​អង្ករ​បាន​ឡើង​ដល់​កម្រិត​ឯកត្ដ​កម្ម​ក្ដី ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​និន្នា​ការ​នេះ​មិន​មាន​ការ ធ្លាក់​ចុះ​វិញ​ងាយៗ​ឡើយ ដោយ​ហេតុ​ផល​ចំនួន​ពីរ។ ទី១​ទំនិញ​នៅ​ស្រុក​ខ្មែរ​តែ​ឡើង​ហើយ​មិន​ងាយ​ចុះ​វិញ​ទេ​និង​ទី២​និន្នា​ការ​ពិភព លោក​កំពុង​មាន​កង្វះ​ខាត​អង្ករ​សម្រាប់​ផ្គត់​ផ្គង់​អ្នក​ប្រើ​ប្រាស់។ តារាង​តម្លៃ​អង្ករ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​មាន​តម្លៃ ចាប់​ពី២.២០០​រៀលទៅ​៤.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

បើ​តាម​ការ​ឱ្យដឹង​ពី​លោក ភូ ភុយ ប្រធាន​សមា​គម​សម្ព័ន្ធ​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​អង្ករ​មាន​គុណ​ភាព​ល្អ​តម្លៃ​របស់​វាមាន​ការ​កើន​ឡើង​២០០ដុល្លារ​ក្នុង​មួយ​តោន បើ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​មុន។ លោក​បញ្ជាក់​ថា​កម្ពុជា​មិន​មាន ការ​ខ្វះ​ខាត​អង្ករ​ទេ ហើយ​លោក​បន្ទោស​ថា តម្លៃ​អង្ករ​បាន​កើន​ឡើង​ទូ​ទាំង​ពិភព​លោក​ដែល​ជា​ចលករ​ជំរុញ​ឱ្យ​តម្លៃ​អង្ករ​ក្នុង​ស្រុក មាន​ការ​កើន​ឡើង។ ការ​ឡើង​ថ្លៃ​ទំនិញ​លើទី​ផ្សារ​សព្វ​បែប​យ៉ាង​ត្រូវ​បាន​គេ​បន្ទោស​ទៅលើ​តម្លៃ​សាំង​ឡើង​ថ្លៃ​មិន​ចេះ​ឈប់​ឈរ។ បញ្ហា​អតិ​ផរ​ណា​នៅ​កម្ពុជា​មួយ​ភាគ​អាច​បណ្ដាល​មកពី​ប្រទេស​យើង​កំពុង​មាន​ព្រឹត្ដិ​ការណ៍​បោះ​ឆ្នោត​សកល​ផង​នោះ។

ផល​ប៉ះ​ពាល់​នៃ​អតិ​ផរ​ណា

ទោះ​ជា​អតិ​ផរ​ណា​មាន​ការ​កើន​ឡើង​គួរឱ្យ​ខ្លាច​ក៏​ដោយ ក៏​លោក​បណ្ឌិត សុខ ស៊ីណាសេដ្ឋ​វិទូ​ឯក​រាជ្យ​បាន​មាន​ប្រសាសន៍ ថា ស្ថាន​ភាព​នេះ​មិន​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​រយៈ​ពេល​វែង​ទេ តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ពិសេស​អង្ករ​វានឹង​មាន​ភាព​ធូរ​ស្រាល​ឡើង​វិញ បើ​សិន រដ្ឋា​ភិបាល​ប្រកាស​ផ្អាក​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ជិត​ខាង​វិញ។ កម្ពុជា​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​នៅតែ​ទទួល​រង​ផល​ច្រើន​ពីការ ឡើង​ថ្លៃ​អង្ករ។ នៅ​ក្នុង​ពិភព​លោក​ទោះ​បីជា​មាន​ការ​កើន​ឡើង​នៃ​ម្ហូប​អាហារ​ជា​ទូទៅ​នឹង​ជះ​ឥទ្ធិ​ពល​ដល់​អ្នក​ងាយ​រង​គ្រោះ​បំផុត ពិសេស​អ្នក​ក្រីក្រ​នៅទី​ក្រុង និង​អ្នក​គ្មាន​ដីកម្ម​សិទ្ធ​ក្ដី។ ទោះ​ជា​មាន​ការ​ខិត​ខំប្រឹង​ប្រែង​ពីរដ្ឋា​ភិបាល ដើម្បី​បញ្ចុះ​ថ្លៃ​អង្ករ​លើទី​ផ្សារ​ក្ដី ប៉ុន្ដែ​តម្លៃ​ប្រេង​ឥន្ធនៈ​មិន​បាន​ធ្លាក់​ចុះ​ទេ ហើយ​ប្រហែល​ជា​បន្ដ​ឡើង​ថ្លៃត​ទៅ​ទៀត​ព្រោះ​ទីផ្សារ​ប្រេង​ពិភព​លោក​ឡើង​ថ្លៃ។

ទំនិញ​នៅលើ​ទីផ្សារ​ឡើង​ថ្លៃ​បាន​បង្ក​នូវ​បញ្ហា​ជា​ច្រើន ដូចជា​ភាព​អត់​ឃ្លាន ការ​លួច​ប្លន់ កាប់​សម្លាប់​គ្នា​ដើម្បី​រស់​ព្រោះប្រាក់​ចំណូល​មិន​អាច​បំពេញ​អ្វី​ដែល​ត្រូវ​ការ​ចាំបាច់​សម្រាប់​បំពេញ​ជីវ​ភាព​ជា​រៀង​រាល់​ថ្ងៃ​បាន។ បាន​ន័យ​ថាអ្នក​ក្រកាន់​តែ​ក្រ​ជា​ពិសេស​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ក្រោម​២០០០០​រៀល​ក្នុង​មួយ​ថ្ងៃ។

ក្រសួង​ផែន​ការ​បាន​លាក់​មិន​បញ្ចេញ​ព័ត៌​មាន​អំពី​បញ្ហា​អតិ​ផរ​ណា​ក្នុង​ប្រទេស ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បើ ទោះ​បាន​បញ្ចេញ​អតិផរ​ណា​កាល​ពីខែ​មករា​បាន​កើន​ឡើង​ដល់​១៨.៧០​ភាគ​រយ​ហើយ​ក៏​ដោយ។

តើ​ត្រូវ​ទប់​ស្កាត់​បញ្ហា​អតិផរ​ណា​បែប​ណា?

ដោយ​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​នៃ​អតិ​ផរណា​ក្នុង​ប្រទេស រដ្ឋា​ភិ​បាល​មាន​វិធាន​ការណ៍​នានា​មួយ​ចំនួន​ដូចជា​ការ​ទប់​ស្កាត់ ការនាំ​ចេញ​អង្ករ ការ​ប្រកាស​ឧបត្ថម្ភ​ធន ការ​រក្សា​ជំហរ​សារ​ពើពន្ធ​ដ៏​ប្រុង​ប្រយ័ត្ន​គាំពារ​ការ​ចំណាយ​ជា​អាទិ​ភាព​ជា​ដើម។ ការ​ទាក់ ទាញ​វិនិ​យោ​គិន ដើម្បី​ដាក់​ទុន​វិនិ​យោគ​មាន​ការ​លំបាក​ដែល​យើង​ត្រូវ​ក្នុង​ការ​ប្រណាំង​ប្រជែង​ទាក់​ទាញ​វិនិ​យោគិន​ជាមួយ​ប្រទេស ដទៃ។ នេះជា​អនុសាសន៍​របស់​ក្រុម​បេសក​កម្ម​នៃមូល​និធិ​រូបិយ​ប័ណ្ណ​អន្ដរ​ជាតិ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative