កុមារ​កង្វះអាហា​​​​រូបត្ថម្ភ និង​អ្វីដែល​លោក​ឪពុក អ្នក​ម្តាយ​គួរ​យល់​ដឹង

 ​ការខ្វះ​អាហារូបត្ថម្ភជា​សកល គឺជា​បុព្វហេតុ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​កុមារ​ប្រមាណ​៣៥​ភាគរយក្រោម​អាយុ​៥​ឆ្នាំ​បាន​ស្លាប់​បាត់​បង់​ជីវិត។ ​ក្នុង​ប្រទេស​កម្ពុជា​ ការ​ខ្វះ​អាហារូបត្ថម្ភ បាន​ប៉ះពាល់​ដល់​កុមារ​ជា​ច្រើន​ក្រោម​អាយុ​​៥​ឆ្នាំ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ការ​ផ្តល់​អាហារ​ដែល​មាន​ជាតិ​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ ​និងបណ្តាល​មក​ពី​​អត្រា​ខ្ពស់​​នៃ​ជម្ងឺឆ្លង ​ព្រមទាំង​ការ​អនុវត្ត​ការផ្តល់​អាហារ​​មិនបានសម​ស្រប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​វិបាក​នៃ​ការ​ខ្វះ​អាហារូបត្ថម្ភ​មាន​សមភាព​ធ្ងន់​ធ្ងរដែល វា​គឺជាបុព្វ​ហេតុ​មួយ​ក្នុង​ចំណោម​បុព្វហេតុ​សំខាន់​ៗ​ដែល​បណ្តាល​ឲ្យ​ កុមារ​ស្លាប់​ និង​មាន​ជម្ងឺផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​​លទ្ធ​ផល​របស់​វា​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​កុមារ​នោះ​រហូត​ដល់​ពេញ​វ័យ ​ហើយ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​រាង​កាយ​ និង​ផ្នែក​ស្មារតី​ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ពួក​គេ​មាន​លក្ខណៈ​ខ្សោយ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឱ កាស​​ទទួល​​បាន​​ការ​​ងារ​ផ្សេងៗ​​នៅ​​ក្នុង​ជីវិត​របស់​​ពួក​​គេ​។ នេះ​បើ​យោង​តាម​គេ​ហ​ទំព័រ​សារ​ព័ត៌​មានភ្នំពេញប៉ុស្តិ៍បានចេញផ្សាយ។

គេហ​ទំព័រ​នេះ​បាន​បន្ត​ថា ផល​​ប៉ះ​​​ពាល់​​បណ្តាល​មក​ពីការ​ខ្វះ​អាហារូបត្ថម្ភ ដែល​អាច​មើល​ឃើញ ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ទូទាំង​ប្រទេស​កម្ពុជា​។​ កុមារ​អាយុ​៥​ឆ្នាំ ឬ​ក្រោម​៥​ឆ្នាំ​ប្រហែល​៤០​ភាគរយ គឺ​មាន​រូប​រាង​តូច​បើ​ធៀប​នឹង​អាយុ​របស់​ខ្លួន ​ហើយ​២៨​ភាគរយ​មាន​ទម្ងន់​ក្រោម​អាយុ​។ ស្រ្តី​កម្ពុជា​ក៏​មាន​ភាព​ងាយ​ទទួល​រង​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ​នេះ​ដូច​គ្នានេះផង​ដែរ​ គឺ​មាន​ចំនួន​១៩​ភាគរយ ​ចន្លោះ​ពី​អាយុ​១៥​ឆ្នាំ​ដល់​៤៩​ឆ្នាំ​ ដែលមាន​រូបរាង​ស្គម​ខ្លាំង​។ ទាំងនេះ​ជា​ស្ថាន​ភាព​មួយ​ដែល​បង្កើន​នូវ​ហានិភ័យ​ក្នុង​អំឡុង​ពេល​​សម្រាល​កូន ​ហើយ​នេះក៏​អាច​បណ្តាល​ឲ្យ​ទារក​របស់​ពួក​គេ​មាន​ទម្ងន់​មិន​គ្រប់គ្រាន់។

ទោះបី​ជា​យុទ្ធនាការ​ផ្សេងៗ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ជម្រុញ​​ឲ្យ​មាន​ការ​បំបៅ​ដោះ​កូន​ក៏​ដោយ ក៏​កម្រិត​​នៃ​ការ​អនុវត្ត​ក្នុង​ការ​ផ្តល់​អាហារ​បំពេញ​បន្ថែម​នៅ​មានកម្រិត​ទាប​ខ្លាំង ហើយ​នៅ​តែ​ជា​កត្តា​សំខាន់​មួយ​រួម​ចំណែក​ដល់​អត្រា​ខ្ពស់​នៃ​ការ​ខ្វះ​ អាហារូបត្ថម្ភ​ក្នុង​ប្រទេស​កម្ពុជា​។ ​ការ​យល់​ដឹង​សម​ស្រប​នៃ​​​របៀប​ផ្តល់​អាហារ​បំពេញ​បន្ថែម​ដល់​កុមារ​ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ ​ជា​ពិសេសសម្រាប់កុមារ​ពី​អាយុ​៦​ខែដល់​២៤​ខែ​។ អាហារ​បំពេញ​បន្ថែម​កម្រ​ផ្តល់​ឲ្យ​ត្រឹមត្រូវ​ក្នុង​វ័យ​អាយុ​៦​ខែ​។ ក្នុង​ករណី​ជា​ច្រើន​បំផុត ម្តាយ​ចាប់​ផ្តើម​ផ្តាច់​ដោះ​នៅ​ពេល​ទារក​បាន​អាយុ​៤​ខែ ហើយ​ម្តាយ​ខ្លះ​រង់ចាំ​ដល់​អាយុ​ច្រើន​ជាង​៦​ខែ​។ បញ្ហា​អាហារ​បំពេញ​បន្ថែម​ជា​ធម្មតា គឺ​ការ​ខ្វះ​ប្រូតេអ៊ីន ខ្លាញ់ ​វីតាមីន និង​ជាតិ​ខនិជ។

ម្តាយ និង​អ្នក​មើល​ថែរក្សា​កូន មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ធានា​ថា ​កុមារ​បាន​ទទួល​នូវ​ការ​ផ្តល់​អាហារ​បំពេញ​បន្ថែម​សមស្រប (​ដោយ​មាន​ការ​ផ្តោត​ទៅ​លើ​ប្រភេទ​នៃ​គ្រឿង​ផ្សំ​ផ្សេង​ៗ និង​កម្រិត​ខាប់​​ល្មម​នៃ​បបរ​សម្រាប់​ទារក)។ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការងារ​នេះ​វា​ត្រូវ​ការ​បង្កើត​នូវ​យុទ្ធ​សាស្រ្ត​ទំនាក់​ទំនង​ជាតិ​ដែល​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ជម្រុញផ្សព្វផ្សាយ​នូវ​ការ​អនុវត្ត​នៃ​ការ​ផ្តល់​អាហារ​បំពេញ​បន្ថែម​សមស្រប​ក្នុង​ប្រទេស​កម្ពុជា។

តើ​ស្រ្តី​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ផ្តល់​អាហារូបត្ថម្ភ​ប្រសើរ​ឡើង​?

វាជារឿង​សំខាន់ណាស់​សម្រាប់​ស្រ្តី​ក្នុង​ការ​យល់​ដឹង​ថា ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កូន​ខ្លួន គឺ​អាស្រ័យ​លើ​អាហារូបត្ថម្ភ​របស់​ខ្លួន​ជា​មុន​ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​សម្រាល​កូន​ ពី​ព្រោះ​​ថា​អាហារូបត្ថម្ភ​របស់​ខ្លួន​មាន​ផល​ប៉ះពាល់​លើ​អាហារូបត្ថម្ភ​របស់​កូន​​។ នៅ​ពេល​សង្ស័យ​ថា មាន​ផ្ទៃ​ពោះ វា​ជា​ការ​សំខាន់​សម្រាប់​ស្រ្តី​ត្រូវ​ទៅ​ពិនិត្យ​មើល​ថា​តើ​ខ្លួន​​ មាន​ផ្ទៃ​ពោះ​ឬ​អត់​ឲ្យ​បាន​ឆាប់​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​។ ​នៅ​ពេល​ដឹង​ថា មាន​ផ្ទៃ​ពោះ​ ​ស្រ្តី​គួរ​​តែ​ហូប​ឲ្យ​បាន​ច្រើន​ជាង​​មុន ​ទទួល​ទាន​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ថ្នាំ​​មាន​ជាតិ​ដែក និង​ចាប់​ផ្តើម​តាម​ដាន​ទម្ងន់​របស់​ខ្លួន​។

ការ​ខ្វះខាត​ជាតិ​ដែក និង​ស័ង្កសី ​គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​បារម្ភ​របស់​វិស័យ​សុខា​ភិបាល​​សាធារណៈ​ក្នុង​​ប្រទេស​កម្ពុជា​។ ​ហើយ​សម្រាប់​ស្រ្តីមួយ​ចំនួន ​ការលេបថ្នាំ​ជីវជាតិ​ដែក​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ត្រឡប់​មក​វិញ​ដូច​ជា ការ​ក្អួត​ចង្អោរ​ ​ឬ​លាមក​ពណ៌​ខ្មៅ។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ផល​ប៉ះ​ពាល់​នេះ​អាច​ត្រូវ​បានកាត់​បន្ថយ​ ​តាម​រយៈ​​ការ​លេប​ថ្នាំ​នៅ​ពេល​យប់​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច​​។ ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ស្រ្តី​ត្រូវ​ការ​ប្រហែល​៤០០​កាឡូរី​​ បន្ថែម​ជា​រៀង​រាល់​ថ្ងៃ។ ​នេះ​គឺ​ប្រហែល​ស្មើ​ទៅ​នឹង​ចំនួន​បន្ថែម​មួយ​ដង​ទៀត​ក្នុង​មួយ​ថ្ងៃ​ៗ​។ ​​ជា​ការ​ល្អ ​ការ​ឡើង​ទម្ងន់​ត្រូវ​តែ​ថ្លឹង​ថ្លែង​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​។ ​មិន​មាន​វិធាន​ច្បាស់​លាស់​ណា​សម្រាប់​ការ​ឡើង​ទម្ងន់នោះ​ទេ​​ក្នុង​អំឡុង​ ពេល​រយៈ​ពេល៣​ខែ​ដំបូង​​ ដោយ​សារលក្ខណៈខុស​ៗគ្នា​នៃ​បុគ្គល​​ម្នាក់​ៗ​ ប៉ុន្តែ​ក្នុង​អំឡុង​ក្រោយ​​រយៈពេល​៦​ខែ​ ​​វិធាន​ទូទៅ​មួយ​គឺថា​​ ស្រ្តី​ម្នាក់​គួរ​​ឡើង​ទម្ងន់​យ៉ាង​ហោច​ណាស់​​មួយ​គីឡូ​​ក្នុង​មួយ​ខែ ​​។ សម្រាប់​​រយៈ​ពេល​​មាន​ផ្ទៃ​ពោះ​ទាំង​មូល​ គឺ​​វា​ជា​ធម្មតា​ឡើង​ទម្ងន់​ពី​៨​ទៅ​១២​គីឡូ​។

បន្ទាប់​ពី​ឆ្លង​ទន្លេ​ ​ម្តាយ​ត្រូវ​តែ​ចាប់​​ផ្តើម​បំបៅ​ដោះ​កូន​ភ្លាម ​បន្ត​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​ទោះ​បី​ជា​ម្តាយ​មួយ​ចំនួនជឿ​ថា​ ​ខ្លួន​មិន​អាចបំបៅ​​ដោះកូន​បាន​ ​ឬ​មិន​មាន​ទឹកដោះ​គ្រប់គ្រាន់​ ​នេះ​គឺជា​ករណី​កម្រ​ណាស់​។ ​ប្រសិន​បើ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ត្រឹម​ត្រូវ​ ស្ទើរ​គ្រប់​ម្តាយ​ទាំង​អស់​ គឺ​មាន​​ទឹក​ដោះ​គ្រប់គ្រាន់។ រហូត​ដល់​រយៈ​ពេល៦​ខែ កូន​​ត្រូវ​ការតែ​ទឹក​ដោះ​សម្រាប់​អាហារូបត្ថម្ភ​ល្អ​។ ត្រូវចៀស​វាង​ការ​ផ្តល់​ទឹក​តែ ទឹក ​ឬ​ភេសជ្ជៈ និង​អាហារ​ផ្សេង​ៗ​ ​និង​ចៀស​វាង​ផង​ដែរ​នូវ​មេរោគ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​ទារក​ឈឺ​។ ​នេះ​ គឺជា​ឥរិយាបថ​ដ៏សំខាន់​សម្រាប់​ផ្តល់​នូវ​​អាហារូបត្ថម្ភ​ល្អ​មួយ​ដល់​កុមារ​ពីព្រោះ​វា​ជួយកាត់​បន្ថយជម្ងឺ​ ហើយ​ទឹក​ដោះ​មាន​នូវ​សារជាតិ​សុខភាព​ជា​ច្រើន​ដែល​មិនមាន​នៅ​ក្នុង​ម្សៅទឹក​ដោះ​គោ។ ​ក្នុង​ប្រទេស​កម្ពុជា​ ​ច្បាប់​ឆ្នាំ​២០០៥​ស្តីពីការ​ផ្សព្វផ្សាយ​ទីផ្សារ​នៃ​ផលិត​ផល​​សម្រាប់​ការ​ផ្តល់​អាហារ​ដល់​ទារក និង​​កុមារ​​ បាន​ហាម​ប្រាម​ចំពោះ​អាហារ​ផលិត​សម្រាប់​ទារក។ ​ច្បាប់នេះ​មិន​​តែង​តែ​ត្រូវ​បាន​អនុវត្ត​តាម​ទេ​​។ ​វា​សំខាន់​សម្រាប់​ម្តាយ​ត្រូវ​ដឹង​ថា ​ទឹក​ដោះ​ម្តាយ​គឺ​ល្អ​បំផុត ហើយ​ការ​​ផ្តល់​ផលិត​ផល​សម្រាប់​ទារក​ទៅ​ទារក​គឺជា​ការ​បង្ក​ឲ្យ​មាននូវ​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​មុន​អាយុ​៥​ឆ្នាំ ​​និង​ការ​វិវឌ្ឍនូវ​ជម្ងឺ​រ៉ាំរ៉ៃ​​ ដូច​ជា​ការ​ឆាប់​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​ក្រោយ​ពេញ​វ័យ​។

​បន្ទាប់​ពី​អាយុ​៦​ខែ អាហារ​បន្ថែមគឺ​ត្រូវ​ការ​ ​ប៉ុន្តែ​​ម្តាយ​គួរ​តែ​បន្ត​ផ្តល់​​ការ​បំបៅ​ដោះ​រហូត​ដល់​កូន​បាន​អាយុ​២​ឆ្នាំ​។ នៅ​ពេល​អាហារ​បន្ថែម​ត្រូវ​បាន​ចាប់​ផ្តើម​ផ្តល់​ឲ្យ​នៅ​អាយុ​៦​ខែ​ ​វា​សំខាន់​ណាស់​សម្រាប់​ឪពុក​ម្តាយ​ត្រូវ​ដឹង​ថា ​បាយ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អាហារូបត្ថម្ភ​ទេ​។ អាហារ​ផ្សេង​ៗ​ ដូចជា​ត្រី ស៊ុត សាច់ ប្រេង ​បន្លែ ​​និង​ផ្លែ​ឈើ គួរ​តែ​ត្រូវ​បាន​ផ្តល់​ឲ្យ​បន្ថែម​ដើម្បី​ធានា​ថា កូន​នោះ​ទទួល​បានកាឡូរី វីតាមីន សារជាតិ​ខនិជ ដែល​ពួក​គេ​ត្រូវ​ការ​​សម្រាប់​អាហារូប​ឧត្ថម្ភ​ល្អ​មួយ​។

កូន​ដែល​មាន​អាយុ​ច្រើន​ជាង​៦​ខែ​​ទទួល​បាន​អាហារ​បំពេញ​បន្ថែម​តិច​តួច​ពេក ​ ឬ​មិន​ត្រឹម​ត្រូវ​​ គឺដោយ​សារ​​ឪពុក​ម្តាយ​ខ្វះ​ការ​យល់​ដឹង ​ឬ​មិន​អាច​លៃ​លក​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​បាន។ ​ភាព​ខ្វះ​ខាត​នៅ​ពី​ក្រោយ​ដែល​យើង​មិន​ដឹង​នេះ​ គឺជា​ទម្រង់​នៃ​ការ​ខ្វះ​អាហារូបត្ថម្ភ​ ​​ហើយ​វា​ជា​ហានិភ័យ​ដល់​កុមារ​។

ទោះ​បី​ជា​កុមារ​ភាគ​ច្រើន​ ឥឡូវ​នេះ​ទទួល​បាន​ការ​ផ្តល់​នូវ​វីតាមីន​ប្រភេទA (ដែល​កើន​ឡើង​ពី​២៩​ភាគ​រយ ក្នុង​ឆ្នាំ​២០០០ ដល់​៧១​ភាគរយ​ក្នុង​ឆ្នាំ​២០១០)ក៏ដោយ ក៏​កុមារ​ដែល​មិន​ទទួល​បាន​វីតាមីន​ A ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​ងងឹត​ភ្នែក និង​ការ​ស្លាប់។ ទន្ទឹម​នេះ​ដែរ ៥៥ ភាគ​រយ​នៃ​កុមារ​និង​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​អាយុ​អាច​បន្ត​ពូជ​បាន​ ខ្វះ​កោសិកា​ឈាម​ក្រហម​។

អាហារូបត្ថម្ភ​ល្អ​នឹង​ជួយ​កុមារ​ឲ្យ​ជា​ពី​ជម្ងឺ។ ​ប្រសិន​បើកូន​មាន​ជម្ងឺរាក ឬ​ជម្ងឺ​ទូទៅ​ដទៃ​ផ្សេង​ទៀត​ ​វា​សំខាន់​ដែល​ត្រូវ​បន្ត​ការ​បំបៅ​កូន និង​បន្ត​ផ្តល់​អាហារ​ត្រឹមត្រូវ​ដល់​កូន​។ ​នេះ​ប្រហែល​ជា​អាច​លំបាក​ពី​ព្រោះ​ជម្ងឺ បាន​ប៉ះពាល់​ដល់​ចំណង់​ទទួល​ទាន​អាហារ​របស់​កូន​  ប៉ុន្តែ​ការ​ផ្តល់​នូវ​អាហារ​និង​សារធាតុ​រាវ​​ច្រើន​ឡើង​ក្នុង​អំឡុង​ពេល​កូន​នោះ​ឈឺ​វា​ជួយ​ឲ្យ​កូន ​នោះ​ឆាប់​ជា​ឡើង​វិញ និង​រក្សា​នូវ​ស្ថានភាព​នៃ​អាហារូបត្ថម្ភ​បាន​ល្អ។ បន្ទាប់​ពី​សម្រាល​កូន​រួច ឪពុក​ម្តាយ​គួរ​តែ​ចាប់​ផ្តើម​តាមដាន​ទម្ងន់​របស់​កូន​ខ្លួន​ផងដែរ​។ ​ដោយ​សារ​ស្រ្តី​មាន​ផ្ទៃ​ពោះ ទម្ងន់​របស់​កូន​កើន​ឡើង​តាម​លក្ខណៈ​ខុសៗ​គ្នា ​ពីព្រោះ​វា​មាន​ភាព​ផ្សេង​គ្នា​រវាង​ក្មេង​ស្រី និង​ក្មេង​ប្រុស ហើយ​រាល់​កូន​ទាំង​អស់​នឹង​ឡើង​ទម្ងន់​ខុស​ៗ​គ្នា ប៉ុន្តែ​គោលការណ៍​ណែ​នាំ​ទូទៅ​រួម​មានៈ- ចាប់​ពី​ពេល​កើត​មក ទម្ងន់​របស់​កូន​គួរ​តែ​ជិត​ពីរ​ដង​ បន្ទាប់​ពី​រយៈ​ពេល​៣​ខែ​ដំបូង ហើយ​ទ្វេដង​ទៀត​នៅ​អាយុ​ប្រហែល​២​ឆ្នាំ​។​ ក្នុង​អាយុ​១​ឆ្នាំ កុមារ​គួរ​តែ​មាន​ទម្ងន់​ចំនួន​ប្រហែល​៩​គីឡូ​។

ប្រសិន​បើ​កូន​មិន​ឡើង​ទម្ងន់​ ​ឪពុក​ម្តាយ​គួរ​តែ​ស្វែង​រក​ការ​ពិនិត្យ​ជា​មួយ​គ្រូ​ពេទ្យ​។ ​ជា​ចុង​ក្រោយ ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​អនាម័យ ជា​ពិសេស​ការ​លាង​ដៃ​ឲ្យ​បាន​ទៀង​ទាត់​ ​អាច​ជួយ​ធានា​បាន​នូវ​ការ​រក្សា​លក្ខណៈ​មាន​អាហារូបត្ថម្ភ​ល្អ​មួយ ​សម្រាប់​កុមារ​នោះ​។

គួររំឮកថា កាល​ពី​ខែ​មុន ​មជ្ឈ​មណ្ឌល​ជាតិ​លើក​កម្ពស់​សុខាភិបាល និង​មជ្ឈ​មណ្ឌល​ជាតិ​សម្ភព​និង​សុខភាព​កុមារ​ ​ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​ UNICEF ​និង​អង្គការ​ដៃ​គូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ បាន​​ចាប់​ផ្តើម​យុទ្ធនាការ ជម្រុញការ​ផ្សព្វផ្សាយ​អំពី​ការ​ផ្តល់​អាហារ​បំពេញ​បន្ថែម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០១១‑២០១៣។ ដោយ​ទទួល​ការ​ឧបត្ថម្ភ​ថវិកាពី​ប្រទេស​អេស្ប៉ាញ ​តាម​រយៈ​មូលនិធិ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​មូល​និធិ USAID យុទ្ធនាការ​នេះ​នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​ស្ថានភាព​ការ​ផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើង តាម​រយៈ​ការ​បង្កើន​អត្រា​នៃ​ការ​ផ្តល់​អាហារ​បំពេញ​បន្ថែម​ដល់​ទារក និង​ក្មេង​ពី​អាយុ​៦​ខែ​ដល់​២៤​ខែ​។ ​នៅ​ទីបំផុត សកម្ម​ភាព​ផ្តល់​អាហារ​ដល់​ទារក​និង​កុមារ នឹង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ខ្វះ​អាហារូបត្ថម្ភ​សម្រាប់ កុមារហើយ​នឹង​បង្កើន​ល្បឿន​សម្រាប់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ សហស្សវត្សរ៍​១និង ៤ ស្តីពីការ​លុប​បំបាត់​ភាព​ក្រីក្រ​ក្រៃ​លែង ​ភាព​អត់​ឃ្លាន និង​កាត់​បន្ថយ​​អត្រា​ស្លាប់​​ពេល​សម្រាលកូន។

អត្ថបទដោយ​​ ៖ ​សៀង វិរៈ​

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative