សក់​ស្កូវ​មុន​អាយុ

សក់​ស្កូវ​ជារឿង​ធម្មតា​ដែល​កើត​មាន​លើ​មនុស្ស​ទូទៅ នៅ​ពេល​ចូល​វ័យ​ចំ​ណាស់ ជា​លក្ខណៈ​ធម្មជាតិ​ដែល​ផ្ដល់​ឱ្យ។ ប៉ុន្ដែ សម្រាប់​អ្នក​ខ្លះ​មាន​សក់​ស្កូវ​នៅ​វ័យ​ក្មេង ធ្វើ​ឱ្យ​សម្រស់​ធ្លាក់​ចុះមួយ​កម្រិត។ មាន​សក់​ស្កូវ​នៅ​វ័យ​ក្មេង​បែប​នេះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង ច្រើន​ហៅ​ថា ស្កូវ​មុន​អាយុ ហើយ​គិត​ថា​ស្កូវ​នេះ​បណ្ដាល​មកពី​មាន​រោគ​អ្វី​ម្យ៉ាង ដែល​ពាក់​ព័ន្ធ​ទៅនឹង​កោ​សិកា​ស្បែក និង​សក់ ទើប​ធ្វើ ឱ្យមាន​ការ​ប្រែ​ពណ៌។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នា​វដ្ដី សុខភាពយើង សូម​លើក​យក​ប្រធាន​បទ​ស្ដីពី​សក់​ស្កូវ​មុន​អាយុ​មក​បង្ហាញ​ជូន​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ជ្រាប​តាម រយៈ​ការ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ថៃ គា អ្នក​ឯក​ទេស​ជម្ងឺ​សើ​ស្បែក។

លក្ខណៈ​ទូទៅ​នៃ​ពណ៌​សក់

ពណ៌​សក់​ដែល​ធម្ម​ជាតិ​បាន​ផ្ដល់​ឱ្យ​មិន​មាន​ពណ៌​ដូចៗ​គ្នា​ទេ សម្រាប់​ពូជ​សាសន៍​នីមួយៗ។ ធម្ម​ជាតិ​បាន​ផ្ដល់​ពណ៌​សក់​ឱ្យ​ជន ជាតិ​អាស៊ី​ភាគ​ច្រើន គឺ​មាន​ពណ៌​សក់​ខ្មៅ​ក្រិប។ ចំពោះ​ពូជ​សាសន៍​អឺរ៉ុប​វិញ ដូច​ជា​ជន​ជាតិ​អាមេរិក បារាំង អ៊ី​តាលី​ជា​ដើម មាន​ពណ៌ សក់​ទង់​ដែង លឿង ក្រហម ឬសព្រឿងៗ តាំង​ពី​កំណើត។ មិន​ថា​ពូជ​សាសន៍​អឺរ៉ុប ឬ​ជន​ជាតិ​អាស៊ី ឱ្យ​តែ​មាន​ស្កូវ​នៅ​ក្រោម​អាយុ ៣៥ឆ្នាំ គេ​ចាត់​ទុក​ថាជា​សក់​ស្កូវ​មុន​អាយុ។

មូល​ហេតុ​សក់​ស្កូវ​មុន​អាយុ

កាល​ណា​និយាយ​ពី​សក់ គឺ​គេ​នឹក​ឃើញ​ទៅ​ដល់​ស្បែក​ភ្លាម ដែល​ពណ៌​សម្បុរ​ស្បែក​អាស្រ័យ​ទៅ​លើ​កោ​សិកា​ស្បែក​ម្យ៉ាង ឈ្មោះ​ថា មេឡា​ណូ​សាយ។ មាន​ន័យ​ថា កោ​សិកា​ស្បែក​មេឡា​ណូ​សាយ​នេះ ឱ្យ​ពណ៌​ទាំង​ស្បែក ទាំង​សក់​ដូច​គ្នា។ ម្យ៉ាង​ទៀត​លោក អ្នក​ដែល​មាន​សក់​ពណ៌​ខ្មៅ ឬសក់​ពណ៌​ផ្សេង​ទៀត ដូចជា​ក្រហម​ស្លេក មាន​តាំង​ពី​កំណើត​មក គឺ​អាស្រ័យ​ទៅ​តាម​ហ្សែន​ដែល​មាន​នៅ ក្នុង​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ។ ដូច​នេះ​គេ​អាច​កំណត់​ពី​មូល​ហេតុ​សក់​ស្កូវ​មុន​អាយុ​បាន​មួយ​ចំនួន​គឺ ៖

  • មេតា​ប៉ូលីស ការ​ប្រែ​ប្រួល​របស់​មេតា​ប៉ូស​លីស ដែល​បំប្លែង​សារ​ធាតុ​ប្រូ​តេ​អ៊ីន ជាតិ​ស្ករ ជាតិ​ខ្លាញ់ និង​បំប្លែង​សារ​ធាតុ ផ្សេងៗ​ទៀត​នៅក្នុង​ខ្លួន បណ្ដាល​ឱ្យ​ពណ៌​សក់​មាន​ការ​ប្រែ​ប្រួល​ខុស​ពី​ពណ៌​សក់​ធម្មជាតិ។
  • ការ​ប្រើ​ប្រាស់​ឱសថ ការ​ទទួល​ទាន​ឱសថ​មួយ​ចំនួន ដូច​ជា​ឱសថ​ព្យាបាល​ជម្ងឺ​មហា​រីក ជម្ងឺ​គ្រុន​ចាញ់ ឬ​ប្រើ​ប្រាស់​ឱសថ ដើម្បី​បន្ថយ​សម្ពាធ​ឈាម ក៏ជា​កត្ដា​ធ្វើឱ្យ​សក់​មាន​ការ​ស្លក់​ពណ៌​បន្ដិច​ម្ដងៗ រហូត​សក់​ប្រែ​ពណ៌​ទៅ​ជា​ស្កូវ។
  • ការ​កង្វះ​វីតា​មីន ភាព​កង្វះ​វីតា​មីន​មួយ​ចំនួន ដូច​ជា​កង្វះ​វីតា​មីន​បេ​១២ កង្វះ​ជាតិ​ដែក​ជា​ដើម ក៏​ជា​មូល​ហេតុ​ធ្វើឱ្យ​សក់ ស្លក់​ពណ៌​ដែរ។
  • បញ្ហា​លើ​ស្បែក ៖ ស្បែក​មាន​ជម្ងឺ ដូច​ជា​កើត​ឃ្លង់​ល្ពៅ​នៅ​លើ​ស្បែក នៅ​ត្រង់​កន្លែង​ណា​ធ្វើ​ឱ្យ​ស្បែក​កន្លែង​នោះ​ប្រែ ពណ៌​ទៅ​ជា​ស​ស្លែត ដោយ​សារ​កោ​សិកា​ស្បែក​មេឡា​ណូ​សាយ​មក​ពាក់​ព័ន្ធ ហើយ​បណ្ដាល​ឱ្យស្បែក និង​សក់​ប្រែ​ពណ៌​សក់​ខុស​ពី​ធម្ម ជាតិ។

វិធី​បង្ការ​សក់​ស្កូវ​មុន​អាយុ

ដោយ​សារ​ដឹង​ពី​មូល​ហេតុ​មួយ​ចំនួន​នៃ​សក់​ស្កូវ​មុន​អាយុ គេក៏​អាច​ទប់​ស្កាត់​កុំឱ្យ​កើត​ឡើង​បាន​ដែរ។ លោក​អ្នក​មិន​ត្រូវ បណ្ដាល​ឱ្យមាន​កង្វះ​ជាតិ​ដែក និង​ជាតិ​ស្ករ​នៅក្នុង​ខ្លួន​ទេ។ មិន​ត្រូវ​ទទួល​ទាន​ឱសថ​ណា​ដែល​ប៉ះ​ពាល់​ដល់​សរសៃ​សក់​ធ្វើឱ្យ​មាន​ការ​ប្រែ ប្រួល​ពណ៌​សក់​ឡើយ ហើយ​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​វីតា​មីន និង​ប្រូតេ​អ៊ីន​ឱ្យបាន​គ្រប់​គ្រាន់។ ត្រូវ​ការពារ​ស្បែក​កុំឱ្យ​មាន​បញ្ហា ដូចជា​កើត​ឃ្លង់​ល្ពៅ កើត​ជម្ងឺ​ឬ​រោគ​សើ​ស្បែក​ផ្សេងៗ។ ព្រោះ​វាអាច​ធ្វើឱ្យ​កោសិ​កា​ស្បែក​មេឡា​ណូ​សាយ​មាន​ពាក់​ព័ន្ធ​បណ្ដាល​ឱ្យ ស្បែក​ស្លក់​ពណ៌​សក់ក៏​ដូចជា​ធ្វើឱ្យ​សក់​មាន​ការ​ប្រែ​ប្រួល​ពណ៌​ដែរ។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

សក់​ស្កូវ​មុន​អាយុ​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​លោក​អ្នក​មាន​ការ​ពិបាក​ចិត្ដ ព្រោះធ្វើ​ឱ្យ​បាត់​បង់​នូវ​សោភ័ណ​ភាព។ បើ​លោក អ្នក​មាន​បញ្ហា​សក់​ស្កូវ គេ​ពិបាក​នឹង​ធ្វើ​ការ​ព្យាបាល។ ដូច​នេះ​វិធី​ដែល​ល្អ​ប្រសើរ គឺ​លោក​អ្នក​ត្រូវ​ចេះ​បង្ការ​ជា​មុន ដើម្បី​ចៀស​វាង សក់​ស្កូវ​មុន​អាយុ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative