ទេសចរណ៍​បៃតង ៖ ទេសចរណ៍​មួយនាក់ ដើមឈើ​មួយដើម

ប្រធានបទ “ទេសចរណ៍​ម្នាក់ ដើមឈើ​មួយដើម”​ របស់​​រដ្ឋាភិបាល​​កម្ពុជា​រៀបចំ និង​​​ផ្តួច​ផ្តើម​​ឡើង​ដោយ​​ក្រសួង​ទេសចរណ៍ ត្រូវបាន​បើកប្រជុំ​នាទី​ក្រុង​ប្រវត្តិសាស្រ្ត សៀមរាប-អង្គរនារសៀល​ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២ ដែលមាន​​​ការចូលរួមពី​​គ្រប់ភាគីដែល​​​ជាប់​​​​​ពាក់ព័ន្ធ និងផ្តោត​សំខាន់​ទៅលើ​ការ​អភិវឌ្ឍន៍​ទេសចរណ៍​បៃតងជា​​​ជម្រើស​​​​ដែល​​ប្រកបដោយ​ភាពវៃឆ្លាតក្នុងការ​អភិវឌ្ឍន៍ និងរក្សា​នូវ​និរន្តរភាព​លើវិស័យ​ទេសចរណ៍។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គោលការណ៍​ទេសចរណ៍បៃតង គឺជា បរិបទ​ដ៏មាន​សារ:សំខាន់ ក្នុង​ការ​ចូលរួម​ស្តារ​​ឡើង​វិញ​នូវ​ព្រៃ​ឈើ បរិស្ថាន ធនធានធម្មជាតិ​នៅ​កម្ពុជា។ លោកថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើក​ឡើង​​​នៅក្នុង កិច្ចប្រជុំ​នោះថា ទេស​ចរណ៍បៃតង​គឺជាការ​ធ្វើដំណើរ​​ និង​ប្រើប្រាស់​ប្រភព​ធន​ធាន​ទាំង​ឡា​យ​​ណា​ដែល បម្រើ​ឲ្យការ​អភិវឌ្ឍន៍​វិស័យ ទេស ចរណ៍ ប្រកប​ដោយ​ការ​ទទួល​ខុស ត្រូវខ្ពស់ ពោលគឺធ្វើ​យ៉ាងណា​ធានា ឲ្យ​បានថា ការ​ប៉ះ​ពាល់​ជា​អវិជ្ជមាន​នៃវិស័យ​ទេស​ចរណ៍​លើធនធាន​ធម្មជាតិ​និង​វប្ប​ធម៌ស្ថិតក្នុង​កម្រិត​អប្បរមា។ នេះ​បើយោង​តាមការ​ចេញផ្សាយ​របស់​គេហទំព័រ​ដើមអំពិល។

លោករដ្ឋមន្ត្រី​បានមាន​ប្រសាសន៏​ទៀតថា​ដើម្បីអភិវឌ្ឍន៍​ទេសចរណ៍បៃតង ត្រូវទាមទារ​ឲ្យមានការចូលរួម​ពីគ្រប់អ្នក​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការអភិវឌ្ឍន៍​គ្រប់គ្រង និងការធ្វើ​ធុរកិច្ច នៅក្នុងវិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ដោយគិតចាប់តាំង​ពីថ្នាក់​ដឹកនាំ រហូត​ដល់ប្រតិបត្តិករ​ទេសចរណ៍ ព្រមទាំងអ្នក​ផ្តល់សេវាកម្ម​នានា ដែលទ្រទ្រង់ ដល់វិស័យទេសចរណ៍។ ជា​ពិសេស​​បណ្តាដៃគូរ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ សហគមន៍​មូលដ្ឋាន និងទេសចរណ៍​ផងដែរ ត្រូវបានផ្សារ​ភ្ជាប់ទៅនិងជម្រើស​ប្រកបដោយ​ការទទួល​ខុសត្រូវខ្ពស់​ខាងផ្នែក​បរិស្ថាន។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្តសៀមរាប បានលើក​ឡើងថា ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅកម្ពុជា​រដ្ឋាភិបាល​បានដាក់ចេញ​នូវការប្រលង​ប្រណាំង​ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត  សេវាល្អ ដែលត្រូវ​បានប្រតិបត្តិ ​និងដាក់ចេញនូវ​គោលការណ៍​ច្បាស់លាស់ ដោយ​ក្រសួងទេសចរណ៍ក្នុងន័យសំដៅធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត​​​​ប្រកប​ដោយ​បរិស្ថាន​បៃតង។ លោកក៏​បានផ្តល់​អនុសាសន៍ ជាគន្លឹះដល់​អ្នកចូលរួម​ទាំងអស់​ថា ដើម្បីសម្រេច​បាននូវ​យុទ្ធនាការ​ទេសចរណ៍​ម្នាក់ ដើមឈើ​មួយដើម ក្នុងការ​រួមគ្នា ឆ្ពោះ​ទៅរក​ការអភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព រួមចំណែក​ដល់ការ​កាត់បន្ថយភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និងការ​កសាង​សេដ្ឋកិច្ច​បៃតង​នៅកម្ពុជា ក្នុងបុព្វហេតុ​សម្រាប់ យើង​ទាំងអស់គ្នា នាពេលបច្ចុប្បន្ន​និង​សម្រាប់​កូនចៅយើង​ទៅថ្ងៃ​អនាគត ប្រកបទៅ​ដោយ​បរិស្ថានល្អ។

គួរបញ្ជាក់ថា នៅពេល​ខាងមុខនេះ ដើម្បី​សម្រេចបាន ទេសចរណ៍​ម្នាក់ ដើមឈើ​មួយដើម គឺក្រសួង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន​នានា ក៍​ដូចជា​គណៈកម្មាធិការ​ជាតិ​វាយតំលៃ​ទីក្រុង​ស្អាត​សហការ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ អាជ្ញារដែនដី​ខេត្តសៀមរាប អាជ្ញាធរអប្សារា និងផ្នែកឯកជន​នានា នឹងរៀបចំ​គម្រោងគំរូ​មួយ ដើម្បី​អនុវត្តយុទ្ធនាការ​នេះ ដោយផ្សារភ្ជាប់​ជាមួយពិធី​រុក្ខទិវាជាតិ ដែលនិងប្រព្រឹត្តិ ទៅនាថ្ងៃទី៩ ខែកក្កដា​ឆ្នាំ២០១២ខាងមុននេះ​នៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

បើយោងតាម របាយការណ៍​របស់​ក្រសួងទេសចរណ៍​នាពេលបច្ចុប្បន្ន​បានឲ្យដឹង​ថា ស្តង់ដា​ទីក្រុងស្អាត  គឺមាន៧សូចនាករ​គោល​ដែលត្រូវបាន​ចែកចេញ​ជា៣៣​សូចនាករ​លម្អិត និង៧៧​មានលក្ខណៈ​វិនិច្ឆ័យ សម្រាប់​ផ្តល់ពិន្ទុ ដល់ទីក្រុង​បេក្ខភាព។ គួររំឮក​ថា កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យអនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ទីក្រុងស្អាត ដែល​ក្នុងនោះ​ក៏មាន​រាប់បញ្ចូល​ទាំងការ​មិនឲ្យ​មាន​ថង់​ប្លាស្ទិក និង​ក្រដាស​សម្រាម​នៅ​តាម​ទី​សាធារណៈ ព្រមទាំងការ​បញ្ឈប់​មិន​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ដុត​គោ ដាក់​លក់​តាម​ដង​ផ្លូវ​សាធារណៈ​ថែមទៀតផង។

អត្ថបទដោយ ៖ ​សៀង វិរៈ​

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២​

Google Analytics Alternative