ជិត​១០០នាក់​ពុលអាហារ​ផ្អើល​ពេញភូមិ

ភាពគ្មាន​អនាម័យ​ចំពោះការ​បរិភោគ គឺជា​ភាព​ប្រឈមមួយ​ដែល​តែងតែ​កើតមាន​ចំពោះ​​មនុស្ស​គ្រប់រូប។ ប៉ុន្តែ​ប្រសិន​បើក្នុងបន្លែ ផ្លែឈើ មាន​ផ្ទុកទៅ​ដោយ​សារធាតុពុល​វិញ​នោះ នឹងមាន​អ្វីកើត​ឡើង​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត។ ថ្មីៗនេះ​មានអ្នក​ភូមិ​ជិត​​​១០០​នាក់​ពុលបន្លែ។ តើការពុល​បន្លែនោះ​បណ្តាលមក​ពី​មូលហេតុ​អ្វី?

រូបភាពទស្សនាវដ្ដីសុខភាពយើង

យ៉ាងហោច​ណាស់​មាន​មនុស្ស​ក្មេង-ចាស់​ ប្រុស-​ស្រី​​ ប្រមាណ ៩៧​នាក់​ មាន​អាការ​ពុល​រាក​ក្អួត​​ និង​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ស្ទើរ​អស់​មួយ​ភូមិ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​ភ័យ​ខ្លាច​ថា​មាន​ជម្ងឺ​អាសន្ន​រោគផ្ទុះឡើង ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​​បង្អែក​ស្រុក​​ប្រតិបត្តិ​ជីភូ​ជា​បន្ត​បន្ទាប់ ។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​៥ មិថុនា ​វេលា​ម៉ោង​១១​យប់ នៅ​ភូមិ​សំឡី​ខាងត្បូង ឃុំ​សំឡី​​ ស្រុក​កំពង់រោទ៍ ខេត្តស្វាយរៀង។ នេះ​បើយោង​តាមការ​ចេញផ្សាយ​ពីគេហទំព័រ កោះសន្តិភាព។

​គេហទំព័រនេះបន្តថា ទាក់​ទិន​​ទៅនឹងមនុស្ស​ពុលអស់​មួយ​ភូមិនេះ លោក ម៉ែន សុខា  ដែល​ជាអ្នក​ភូមិ​ម្នាក់​ពុល​ដែរ​នោះ​បាន​ប្រាប់​​ឲ្យដឹងថា កាលពី​ថ្ងៃទី​៥ មិថុនា មាន​ពិធី​លើក​​គ្រោង​ផ្ទះ​របស់​អ្នក​ភូមិ​ឈ្មោះ ហ៊ុន ស្រីមុំ អាយុ​៣០ឆ្នាំ​ ​ ហើយ​ស្ត្រី​ម្ចាស់​ផ្ទះ​បាន​រក​អ្នក​ភូមិ​ឱ្យ​មក​ជួយ​លើកផ្ទះ​ និងបាន​រៀប​ចំ​​បាយ​ថ្ងៃត្រង់មួយពេលដល់​អ្នក​​​ដែល​បាន​មក​ជួយ​លើក​ផ្ទះ​បរិភាគ​​ដោយ​មាន​ម្ហូប​២​មុខ គឺសម្ល​​ចាប់​ឆាយ និង​ញាំស្ពៃ​ក្តោប។ ក្រោយពី​ហូប​បាយ​ថ្ងៃត្រង់​រួច ពួកគាត់​បាន​បន្តធ្វើ​ផ្ទះ​ទៀត​ រហូត​​ដល់​ម៉ោង​៥ល្ងាច​ម្ចាស់ផ្ទះបានរៀបចំ​បាយទឹក​ឱ្យ​អ្នក​មក​ចូល​រួម​​​​ហូបមួយពេល​ទៀត ដែល​ផ្ទះ​ខ្លះ​មក​​ទាំងប្រពន្ធ​​កូន។ ម្ហូប​បាយ​ពេល​ល្ងាច​នោះមាន​២​មុខគឺ​សាច់​ឆ្កែ មានទឹកជ្រលក់​​ជាមួ​យ​បន្លែ​ស្លឹក​ដំឡូង​ឈើ​ស្រុស​​ ​ដើម​ចេក ត្រកៀត និង​សាច់​​មាន់​ ប្រើ​ទឹក​ជ្រលក់ម្ជូរ​កូន​ម៉ែ។

លោក ម៉ែន សុខា ​​និយាយរៀបរាប់ថា អ្នក​ភូមិ​​​រាប់​រយ​នាក់​បាន​នាំ​គ្នា​មក​ហូប​បាយ​​ផ្ទះ​នោះ​ទាំង​អស់​គ្នា ​​លុះ​ដល់​ម៉ោង​​១១យប់ ​ស្រាប់​តែ​រូបគាត់​​ ចាប់​រាក​ក្អួត​ចង្អោរ បន្ទាប់​មក​កូន​២នាក់​ និង​ប្រពន្ធ​រាក​ក្អួត​ដូចគ្នា​ ក៏នាំគ្នា​​ទៅកាន់​មន្ទីរ​ពេទ្យ​​ខេត្ត  ដើម្បី​ឱ្យ​គ្រូពេទ្យ​​ជួយ​សង្គ្រោះ។​​ ចំណែក​អ្នក​ផ្សេងទៀត ក៏​មានអាការ​រាក​ក្អួត​​ជា​បន្ត​បន្ទាប់​ដូច​គ្នា ត្រូវ​សមត្ថកិច្ច​​យក​រថយន្ត​ដឹក​បន្ត​កន្ទុយ​គ្នា ទៅកាន់​មន្ទីរពេទ្យ​បង្អែក ស្រុក​ប្រតិ​បត្តិ​ជីភូ​ដើម្បី​សង្គ្រោះ។ រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៦ មិថុនា អ្នក​ពុល​​មាន​រហូត​ដល់​៩៧​នាក់​ ​និង​មាន​សភាព​ធ្ងន់​ធ្ងរ​ទាំង​អស់​គ្នា​ត្រូវបញ្ជូន​​ទៅកាន់​​មន្ទីរ​ពេទ្យ​​ខេត្ត​៣​នាក់​​ នៅ​មន្ទីរ ពេទ្យ​បង្អែក​​ជីភូ ៩៤នាក់​ ។ ទាក់​ទិន​ករណីខាងលើ​នេះ​​​ លោក​វេជ្ជ​បណ្ឌិត​ប្រធាន​មន្ទីរពេទ្យ​ស្រុក​​ប្រតិបត្តិ​ជីភូ ​បាន​មាន​ប្រសាសន៍​ថា  ខាង​មន្ទីរពេទ្យ​​បាន​រក​ឃើញ​ថា អ្នក​ភូមិ​ពុល​បន្លែ​ ​ហើយ​ពេល​នេះគ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​​ទាន់​ពេលវេលា​ពុំ​មាន​​អ្នក​ណាម្នាក់​ស្លាប់ទេ។

ទោះបីជាយ៉ាងណា​ អ្នកភូមិ​បែរ​ជាព្រួយ​បារម្ភ​ដោយ​សារ​តែមាន​មនុស្ស​ពុល​ក្អួត​ចង្អោរ​ និង​រាក​ជាបន្ត​បន្ទាប់​ដោយ​ភ័យ​ខ្លាច​ផ្ទុះ​នូវជម្ងឺ​អាសន្នរោគ​។​ ​​ករណី​ខាងលើ​នេះ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោកវេជ្ជបណ្ឌិត ប៉ែន សុណា ប្រធាន​មន្ទីរ​សុខាភិបាលខេត្ត​ស្វាយ​រៀង​បាន​ទេ ​គិតត្រឹម​ថ្ងៃទី​៦ មិថុនា ។ តាម​ព័ត៌មាន​ចុង​ក្រោយ​បាន​​ឱ្យ​ដឹងថា មិន​មែន​មនុស្ស​តែ​១​ភូមិ​ទេដែល​មាន អាការ​ពុល​ គឺមាន​៣ភូមិ​ឯណោះ​ ហើយ​បើ​និយាយ​ឱ្យ​ចំ​គឺ​អ្នក​ដែល​បាន​ទិញ​បន្លែ​​«ស្ពៃក្តោប» ពីផ្សារ អាច​ប្រឈម​នឹង​​ការពុលនេះ ព្រោះ​ជា​បន្លែ​​ដែល​ទើប​បាញ់​ថ្នាំ​ពុល៕

អត្ថបទដោយ ៖ ​សៀង វិរៈ​

ចេញផ្សាយ​ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative