វិបត្ដិ​ក្រោយ​ពេល​ផិត​ក្បត់

លើ​លោក​នេះ​មិន​មាន​អ្វី​ទៀង​ទាត់​ទេ ការ​ជួប​ហើយ​ព្រាត់​ជា​រឿង​ដែល​ត្រូវ​តែ​ជួប​ប្រទះ​សម្រាប់​មនុស្ស​លោក​ទាំង​ឡាយ។ គូ​ស្វាមី​ភរិយា គូ​សង្សារ​ក៏​ពិបាក​គេច​ផុត​ពី​ការ​បែក​បាក់​ដែរ បើ​លោក​អ្នក​មិន​យល់​ចិត្ដ ឬ​យល់​អធ្យា​ស្រ័យ​ឱ្យគ្នា​ទៅវិញ​ទៅ​មក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​បែក​បាក់​​អាច​កើត​​ឡើង​​ដោយ​សារ​​បញ្ហា​ ច្រើន​​​យ៉ាង។ ហេតុ​​​​​ដូច​នេះ​​​​​ហើយ​​ដើម្បី​​​​ចៀស​​​វាង​​រាល់​​បញ្ហា​​មិន​ល្អ​​ចំពោះ​​ជីវិត​​គូ​គួរ​តែ​រួម​គ្នា​​ ប្រឈម​មុខ​​នឹង​អ្វី​​ដែល​បាន​​កើត​ឡើង។

ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​វិបត្ដិ​ក្រោយ​ពេល​ផិត​ក្បត់ទស្ស​នា​វដ្ដីសុខភាព​​យើង បាន​ជួប​សម្ភាស​ជាមួយ​លោក ស្រី​វេជ្ជ​បណ្ឌិត ចក ធីតា ឯក​ទេស​វិកល​វិទ្យា។

ទម្រង់​នៃ​ការ​ផិត​ក្បត់

ផិត​ក្បត់​ជា​ការ​បែក​បាក់​រវាង​បុរស​និង​ស្ដ្រីដែល​ភាគ​ច្រើន​បុរស​ជា​តួ​អង្គ​សំខាន់​ដែល​បង្ក​ការ​ផិត​ក្បត់។ ការ​ផិត​ក្បត់​ចំពោះបុរស​ជា​រឿង​មួយ​មិន​សូវ​លេច​ធ្លោ​ដូច​ជា​ស្ដ្រី​ផិត​ក្បត់​បុរស​ឡើយ ដោយ​សារ​វប្បធម៌​នៃ​ការ​រស់​នៅ​របស់​ប្រពៃ​ណី​ខ្មែរ​មាន​លក្ខណៈ​រឹត​ត្បិត​ចំពោះ​ស្ដ្រី​ច្រើន​ជាង​បុរស។

មូល​ហេតុ​នៃ​ការ​ផិត​ក្បត់

ជីវិត​ប្ដី​ប្រពន្ធ​វា​មាន​ការ​លំបាកដូ​ច្នេះ​ប្រ​សិន​បើ​ពេល​ក្រោយ​ការ​កសាង​គ្រួ​សារគូ​ស្វាមី​ភរិយា​មាន​គំនិត​ឈ្លាស​វៃ​និង​ការយល់​ដឹង​ខ្ពស់ពួក​គេ​នឹង​រក​ឃើញ​នូវ​ប្រភព​សុ​ភ​មង្គលស្មោះ​ស្ម័គ្រ និង​រឹង​មាំ។ ផ្ទុយ​ទៅ​វិញ​តែ​មួយ​រយៈ​ពេល​ដ៏ខ្លី​ប៉ុណ្ណោះ​ក្នុង​គ្រួសារ​នឹងមាន​ការ​ប៉ះ​ទង្គិចហើយ​សុ​ភ​មង្គល​នឹង​រង្គោះ​រង្គើ។ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ការ​ផិត​ក្បត់​ដែល​ភាគ​ច្រើន​កើត​ចេញ​ពី​ការប្រព្រឹត្ដ​របស់​បុគ្គល​ម្នាក់ៗគួប​ផ្សំ​នឹង​បរិយា​កាស​នៅ​ជុំវិញ​ខ្លួន។

1 . ការ​ប្រព្រឹត្ដ​របស់​បុគ្គល​ម្នាក់ៗ ៖ មាន​គូ​ស្វាមី​ភរិយា​ជា​ច្រើន ក្រោយ​ពេល​រៀប​ការ​ទើប​ដឹង​ថាគូ​ស្នេហ៍​មិន​សក្ដិ​សម​នឹងខ្លួនព្រោះ​រយៈ​ពេល​រស់​នៅ​ជា​មួយ​គ្នា​កាន់​តែ​យូរ អាកប្ប​កិរិយា​អាក្រក់​ទាំង​ឡាយ​ក៏​លេច​ឡើង។ ហេតុ​នេះ​ហើយ​ភាគី​ទាំង​សង​ខាង ពិបាក​ក្នុង​ការ​ទ្រាំ​ទ្រ​ក្នុង​ការ​រស់​នៅ​ជា​មួយ​គ្នាជា​បន្ដ​ទៀត។ ដើម​ចម​នៃ​បញ្ហា​ទាំង​នោះ​រួម​មាន​ការ​ត្បិត​ត្បៀត​លុយ​កាក់ សុ​ជី​វធម៌ ការ គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទម្លាប់​ក្នុង​ការ​រស់​នៅ ការ​រួម​ភេទ​ជា​ដើម។ ជីវិត​ជា​គូ​ស្វាមី​ភរិយា​ជា​ជីវិត​ដែល​គួរ​តែ​មាន​ភាព​ផ្អែម​ល្ហែម ការ​គោរព​គ្នា ការ​យល់​ចិត្ដ និង​យល់​អធ្យា​ស្រ័យ​គ្នា។ ហេតុ​នេះ​បើ​ខ្វះ​ចំណុច​អស់​ទាំង​នេះ​បញ្ហា​ផិត​ក្បត់​ក៏​កើត​មាន​ឡើង ព្រោះ​ម្នាក់ៗ ត្រូវ​រស់​នៅ​ក្នុង​ភាព​ឯ​កោ ខ្វះ​ការ​កក់​ក្ដៅ​ក្នុង​គ្រួសារ ពេល​នោះ​សុភ​មង្គល​នៃ​ជីវិត​ស្នេហា​ពិបាក​នឹង​រក្សា​បាន​ណាស់។

2 . បញ្ហា​របស់​សង្គម ៖ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សង្គម​កាន់​តែ​រីក​ចម្រើនគំនិតនិង​ការ​អភិ​វឌ្ឍន៍​របស់​មនុស្ស​ក៏​កាន់​តែ​កើនឡើង។ មាន​បុរស​ស្ដ្រី​មួយ​ចំនួន​រត់​តាម​សង្គម​សឹង​មិន​ទាន់ ដែល​ជា​ហេតុ​បំពុល​ឱ្យ​ពួក​គេ​ភ្លេច​ប្ដី​ភ្លេច​ប្រពន្ធភ្លើត​ភ្លើន​នឹង​សម្ភារ​និយមសប្បាយ​នឹង​ភ្លើង​ពណ៌ដោយ​មិន​គិត​ពី​ចិត្ដ​អ្នក​ដែល​កំពុង​អង្គុយ​រង់​ចាំ​នៅ​ផ្ទះ។ ភាគ​ច្រើន​នៃ​បុរស​នៅ​ពេល​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ តែង​តែ​បែក​គំនិត​ស្វែង​រក​ការ​សប្បាយ​ភ្លើត​ភ្លើន​ហួស​និស្ស័យដែល​ញ៉ាំង​ឱ្យ​ស្ដ្រី​ជា​ភរិយា​ពិបាក​ទទួល​យក​នូវ​ឥរិយា​បថ​ថ្មី​ទាំង​នេះ។ មិន​តែ​ប៉ុណ្ណោះ​មាន​បុរស​មួយ​ចំនួន​លួច​លាក់​ចិញ្ចឹម​ស្រី​ក្បត់​ចិត្ដ​ភរិយាដែល​កត្ដា​ទាំង​នេះ​ធ្វើ​ឱ្យ​ស្ដ្រី​ភាគ​ច្រើន​ពិបាក​ទទួល​យក។

3 . បញ្ហា​របស់​គ្រួសារ​ទាំង​សង​ខាង ក្រោយ​ពេល​រៀប​ការ ប្រសិន​បើ​គ្រួសារ​ទាំង​សង​ខាង​នៅ​តែ​មាន​គំនិត​ជ្រៀត​ជ្រែក រឿង​សុភ​មង្គល​របស់​អ្នក​ទាំង​ពីរ ក៏ជា​ហេតុ​ធ្វើ​ឱ្យ​នរណា​ម្នាក់​ក្នុង​ចំ​ណោម​គូ​ស្វាមី​ភរិ​យា​ពិបាក​នឹង​ទទួល​យក។ មាន​គ្រួសារ​មិន​តិច​ទេ រមែង​មាន​ទម្លាប់​ជ្រៀ​តេ​ជ្រែក​រឿង​រ៉ាវ​របស់​គូ​ស្វាមី​ភរិយា​ដែល​ទើប​នឹង​រៀប​ការ។ ព្រោះ​ពួក​គេ​យល់​ថា​ប្ដី​ប្រពន្ធ​ទាំង​ពីរ​អ្នក​មិន​ទាន់ មាន​លទ្ធ​ភាព​អាច​គ្រប់​គ្រង​គ្រួសារ​ដោយ​ខ្លួន​ឯង​បាន ឬ​ក៏​អ្នក​ខ្លះ​ទៀត​ចង់​រក្សា​អ្វី​ដែល​កូន​ប្រុស​របស់​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន​មក ដូច​ជា ការ​ផ្ដល់​លុយ​កាក់ ការ​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ស្ដាប់​បង្គាប់​ជា​ដើម។

នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​អាច​ជា​ដើម​ហេតុ​នៃ​ការ​ផិត​ក្បត់​របស់​គូ​ស្វាមី​ភរិយា​ដែល​ពេល​ខ្លះ​ពិបាក តែ​អាច​ដោះ ស្រាយ​បាន​ដែល​អាស្រ័យ​លើ​គំនិត​របស់​មនុស្ស​ម្នាក់ៗ ជួន​កាល​អ្វី​ដែល​អ្នក​ដទៃ​គិត​ថា​មិន​ធ្ងន់​ធ្ងរ តែ​បែរ​ជា​មិន​អាច​ទទួល​យក​បាន ចំពោះ​រូប​គេ​ផ្ទាល់​ទៅ​វិញ។

វិបត្ដិ​ក្រោយ​ពេល​ផិត​ក្បត់

បន្ទាប់​ពី​ផិត​ក្បត់ ចៀស​មិន​ផុត​ឡើយ​នូវ​ការ​សោក​ស្ដាយ​ចំពោះ​ដៃ​គូ​ទាំង​សង​ខាង ហើយ​ការ​សោក​ស្ដាយ​ទាំង​នោះ​មាន​រយៈ ពេល​វែង និង​រយៈ​ពេល​ខ្លី អាស្រ័យ​លើ​ពេល​វេលា និង​ទឹក​ចិត្ដ។ ការ​សោក​ស្ដាយ​នោះ​រួម​មាន​អនុស្សា​វរីយ៍​ដែល​បាន​សាង​ទុក​ជា​មួយ គ្នា និង​ស្ដាយ​របស់​របរ។ ម្យ៉ាង​អាណិត​កូន​ដែល​គ្មាន​ឪពុក ឬ​ម្ដាយ​នៅ​ជា​មួយ និង​ប្រការ​ដទៃ​ទៀត​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ដទៃ​វាយ តម្លៃ​ថា​ជីវិត​គូ​មិន​ល្អ។ ការ​ផិត​ក្បត់​នេះ​ជួន​កាល​អាច​ធ្វើ​ឱ្យ​កូន ឪពុក​ម្ដាយ ទៅ​ជា​មាន​ជម្ងឺ​ទៀត​ផង​ដែរ។ មិន​ត្រឹម​តែ​មាន​ការ​បែក​បាក់ ជីវិត​គូ​ស្នេហ៍​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មើល​មុខ​គ្នា​មិនចំ​ទៀត​ផង ចំពោះ​បង​ប្អូន​ទាំង​សង​ខាង។

វិធី​សម្រប​សម្រួល​ដើម្បី​មិន​ឱ្យ​មាន​ការ​ផិត​ក្បត់

ពេល​មាន​បញ្ហា​ត្រូវ​រក​មូល​ហេតុ​ឱ្យ​ឃើញ ដើម្បី​យក​មក​ដោះ​ស្រាយ។ ប្រសិន​បើ​ជីវិត​គូ​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង បាន គួរ​រក​ជំនួយ​មក​បន្ថែម ដូច​ជា​មិត្ដ​ភក្ដ្ដិ បង​ប្អូន​ជា​ដើម។ ជា​ធម្មតា​ទេ​ក្រោយ​ពី​មាន​ជម្លោះ តែង​តែ​ទម្លាក់​កំហុស​ឱ្យគ្នា​ទៅ​វិញ ទៅ​មក តែ​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មាន​ជម្លោះ​បន្ដ​ទៅ​មុខ​ទៀត ម្នាក់ៗ​គួរ​ទទួល​យក​កំហុស​របស់​ខ្លួន មិន​ត្រូវ​ទម្លាក់​ឱ្យ​ខាង​នេះ ឬ​ខាង នោះ​ទេ ព្រោះ​ធ្វើ​ឱ្យ​រឿង​កាន់​តែ​វែង​ឆ្ងាយ។ ត្រូវ​តែ​ចេះ​យល់​ទឹក​ចិត្ដ​គ្នា​ទាំង​កិច្ច​ការ​ផ្ទះ ការ​មើល​ថែ​កូនៗ​និង​ការ​រួម​ភេទ។ នៅ​ពេល មាន​ជម្លោះ​មិន​គួរ​យក​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​គ្រួសារ​មក​និយាយ​ជា​មួយ​ឡើយ។

វិធី​ទប់​ស្កាត់​ការ​ផិត​ក្បត់

ទោះ​បី​ជា​មាន​មូល​ហេតុ​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​មែន​ពិត ក៏​ប៉ុន្ដែ​មាន​វិធី​ទប់​ស្កាត់​អាច​ទប់​ទល់​បាន ប្រសិន​បើ​លោក​អ្នក មិន​ចង់​បែក​បាក់​ជីវិត​គូ។

  • ប្រសិន​បើ​អាច​ចៀស​បាន មិន​គួរ​បង្កើត​ឱ្យ​មាន​ជម្លោះ​ជា​ញឹក​ញាប់​ពេក​ទេ
  • ត្រូវ​មាន​ទំនុក​ចិត្ដ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក
  • សហ​ការ​គ្នា​ដើម្បី​ជីវិត​គូ​របស់​ខ្លួន កូន និង​ក្រុម​គ្រួសារ​ទាំង​សង​ខាង
  • ពេល​មាន​ជម្លោះ គួរ​តែ​ដោះ​ស្រាយ​២​នាក់ ដើម្បី​ចៀស​វាង​មិនឱ្យ​លេច​ឮទៅ​ខាង​ក្រៅ ព្រោះ​ការ​ធ្លាយ​ចេញ​មក​ខាង​ក្រៅ ធ្វើ​ឱ្យ​អ្នក​ដទៃ​ពេប​ជ្រាយ​រវាង​ជីវិត​គូ​របស់​អ្នក​ទាំង​២។
  • ត្រូវ​ពិភា​ក្សា​អំពី​ប្រាក់​ចំណូល និង​ចំណាយ មិន​ត្រូវ​លាក់​លៀម​គ្នា​ឡើយ។

ដំ​បូ​ន្មាន​អ្នក​ប្រឹ​ក្សា

បើ​លោក​អ្នក​មាន​បញ្ហា​ដៃ​គូ​ទាំង​សង​ខាង គប្បី​សហ​ការ​គ្នា​ដើម្បី​ដោះ​ស្រាយ ទោះ​បី​ជា​ស្វាមី​ភរិយា ឬ​សង្សារ​ក៏​ដោយ ត្រូវ ប្រឈម​មុខ​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង។ ម្យ៉ាង​ទៀត​លោក​អ្នក​គួរ​ចេះ​យោគ​យល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​គ្រួសារ​ទាំង​សង​ខាង មាន​ទំនុក​ចិត្ដ​ចំពោះ​ជីវិត​គូ​របស់​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative