មួយ​ថ្ងៃ​នៅ​ភ្នំពេញ​មាន​កាក​សំណល់​វេជ្ជ​សាស្ដ្រ១​តោន​កន្លះ

នៅក្នុង​ពិធី​មួយ​ផ្សព្វ​ផ្សាយ​ស្ដីពី​ការ​រៀប​ចំផែន​ការ​គ្រប់​គ្រង​សំណល់​វេជ្ជ​សាស្ដ្រ នៅ​សាលា​ក្រុង​ភ្នំពេញ​កាលពី​ពេល​កន្លង ទៅ​នេះ លោក ប៉ា សុជាតិ​វង្ស អភិ​បាល​រង​ក្រុង​ភ្នំពេញ និងជា​ប្រធាន​សាខា​កាក​បាទ​ក្រហម​ក្រុង​ភ្នំពេញ​បានមាន​ប្រសាសន៍​ថា សំណល់​វេជ្ជ​សាស្ដ្រ​ជា​សំណល់​ដែល​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ​ឆ្លង ឬ​សារ​ជាតិ​គីមី​ផ្សេងៗ​ជាច្រើន​ដែលនាំ​ឱ្យមាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស សត្វ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​សាធារណៈ និង​បរិស្ថាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

យោង​ទៅតាម​ការ​សិក្សា​របស់​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​បង្ហាញ​ឱ្យ​ឃើញ​ថា សំណល់​វេជ្ជ​សាស្ដ្រ​ដែល​ត្រូវ​បាន​ប្រមូល យក​ចេញ​ពី​មន្ទីរ​ពេទ្យ និង​គ្លីនិក​តូច​ធំ​នានា​ក្នុង​ក្រុង​ភ្នំពេញ​មាន​ចំនួន​ប្រមាណ​ជាង​មួយ​តោន​កន្លះ​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រូវ​បាន​យក​ទៅ ចាក់​ចោល​រាយ​ប៉ាយ​នៅទី​លាន​ចាក់​សម្រាម​ស្ទឹង​មាន​ជ័យ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ថា សំណល់​វេជ្ជ​សាស្ដ្រ​នេះ​កំពុង​បង្ក​គ្រោះ​ថ្នាក់​ចម្លង​មេរោគ​ដល់​អ្នក​រើស​សម្រាម ប៉ះ​ពាល់​បរិស្ថាន និងការ​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ​ផង​ដែរ។ ដូចនេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​សាលា​ក្រុង​ភ្នំពេញ បាន​កំណត់​នូវ​ទស្សនៈ​វិស័យ​ទី២​ក្នុង​ផែន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និរន្ដរ​ភាព​ការ​ពារ​គុណ​ភាព​និងការ​គ្រប់គ្រង​សំណល់​រឹង​រាវ បាន​ត្រឹម​ត្រូវ ធ្វើឱ្យ​បរិស្ថាន​រស់​នៅបាន​ល្អ។

លោក​បាន​មាន​ប្រសាសន៍​បន្ដ​ទៀត​ថា ក្នុងមួយ​ថ្ងៃទី​ក្រុង​ភ្នំពេញ​មាន​សម្រាម​ជាង​មួយ​ពាន់​តោន ដែលក្នុង​នោះ​មាន​បរិមាណ​សម្រាម​ប្រមាណ​៧០​ភាគរយ​មាន​ឡូក​ឡំ​ទៅ​ដោយ​សំណល់​វេជ្ជ​សាស្ដ្រ ត្រូវ​បានយក​ទៅ​ចោល​នៅទី​លាន​ចាក់​សម្រាម​ស្ទឹង មាន​ជ័យ ៩​ភាគរយ​ត្រូវ​ទិញ​យក​ទៅធ្វើ​របស់​លក់​អេត​ចាយ សល់ពី​នោះ​គឺនៅ​រាយ​ប៉ាយ​គ្មាន​សណ្ដាប់​ធ្នាប់។ ដូច​នេះ​ដើម្បី​ឱ្យ​ការងារ គ្រប់​គ្រង​សំណល់​រឹង​មាន​ប្រសិទ្ធ​ភាព​នោះ សាលា​ក្រុង​ភ្នំពេញ​បាន​ណែ​នាំ​វិធី​សាស្ដ្រ​កែ​លំអ​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​រឹង​ដោយ​បែង​ចែក​ឱ្យ មាន​ការ​គ្រប់​គ្រង​សំណល់​វេជ្ជ​សាស្ដ្រ​ដាច់​ដោយ​ឡែក ហើយ​ការងារ​ទាមទារ​ឱ្យមាន​ការ​ចូលរួម​ពីបណ្ដា​មន្ទីរ​ពេទ្យ​រដ្ឋ មន្ទីរ​ពេទ្យ​ឯក​ជន និង​គ្លីនិក​តូចធំ​ដោយ​មាន​កិច្ច​សហ​ការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នកផ្ដល់​សេវា​សាលា​ក្រុង​ភ្នំពេញ និងកាក​បាទ​ក្រហម​កម្ពុជា​ទីក្រុង​ភ្នំពេញ ។

ការ​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​សំណល់​វេជ្ជ​សាស្ដ្រ គឺក្នុង​គោល​បំណង​ដើម្បី​មនុស្ស​ធម៌ ថែរក្សា​បរិ​ស្ថាន សុខ​ភាព​សាធារ​ណៈ និងទី​ក្រុង​ទាំង​មូល និង​ដើម្បី​ទប់​ស្កាត់​បាន​ការ​ចម្លង​មេ​រោគ​នានា ព្រម​ទាំង​រៀប​ចំឱ្យ​មាន​ទីលាន​ចាក់​សម្រាម​សំណល់​វេជ្ជ​សាស្ដ្រ​មួយ ដោយ​ឡែក​មិនមាន​ផល​ប៉ះពាល់​អវិជ្ជ​មាន​លើ​បរិស្ថាន និងការ​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ។ នៅ​ក្នុងពិ​ធី​ផ្សព្វ​ផ្សាយ​ក៏ ទទួល​បាន​នូវ​បទ អន្ដ​រាគមន៍​ពី​តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក ក្រសួង​សុខា​ភិ​បាល រដ្ឋា​ករ​គ្រប់​គ្រង​សំណល់ និង​មន្ទីរ​សុខា​ភិបាល​ដែល​បង្ហាញ​ពី​ការ រៀប​ចំ​ទុក​ដាក់ ការ​វេច​ខ្ចប់ ការ​ទប់​ស្កាត់​ពីការ​ចម្លង​មេ​រោគ និង​ការ​ងារ​គ្រប់​គ្រង​កាក​សំណល់​ដឹក​ជញ្ជូន និង​ដុត​បំផ្លាញ​ចោល​នូវ​កាក សំណល់​វេជ្ជ​សាស្ដ្រ​ទាំង​នោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative