ភ្នែកខ្ញុំមីញ៉ូប

ភ្នែក​ជា​សរី​រាង្គ​ឬ​ញាណ​មួយ​យ៉ាង​សំខាន់​បំផុត សម្រាប់​មនុស្ស​គ្រប់​រូប​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ បើ​ភ្នែក​របស់​លោក​អ្នក មាន​បញ្ហា នោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ច្បាស់​ជា​មាន​ជួប​ការ​លំបាក​ជា​មិន​ខាន​ឡើយ។ ដូច្នេះ​យើង​គ្រប់​រូប​ត្រូវ​តែ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការ ថែ​រក្សា​ភ្នែក​ឱ្យ​បាន​ល្អ ដើម្បី​ចៀស​វាង​នូវ​ហេតុ​ទាំង​ឡាយ​ដែល​នាំ​ឱ្យ​មាន​ផល​អាក្រក់។ នៅ​ក្នុង​ទំព័រ​នេះ ទស្ស​នា​វដ្ដី សុខ​ភាព​យើង សូម​បង្ហាញ​នូវ​វិធី​សាស្ដ្រ​ខ្លះៗ​សម្រាប់​ថែ​រក្សា​កែវ​ភ្នែក​ឱ្យ​បាន​ល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត អេង គឹម​បូរិទ្ធ ឯក​ទេស​ជម្ងឺ​ភ្នែក បាន​ធ្វើ​ការ​បក​ស្រាយ​យ៉ាង​ច្បាស់ និង​ផ្ដល់​នូវ​វិធី​សាស្ដ្រ​ខ្លះៗ ក្នុង​ការ​ថែ​រក្សា​កែវ​ភ្នែក ចែក​ជូន​ដល់​បង​ប្អូន និង​មិត្ដ​អ្នក​អាន​ទាំង​អស់​បាន​ជ្រាប។

ភ្នែក​មី​ញ៉ូប ជា​អ្វី?

ភ្នែក​មី​ញ៉ូប​គឺ​ជា​លក្ខណៈ​របស់​ភ្នែក​ដែល​មិន​អាច​មើល​ឆ្ងាយ​បាន​ច្បាស់​លាស់​(មើល​ព្រិលៗ​) ដោយ​សារ​កាំ​ពន្លឺ ឬ​កំណុំ​រូប​ភាព នៅ​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​នៃ​សរ​សៃ​រ៉េទីន​របស់​ភ្នែក។

រោគ​សញ្ញា​ភ្នែក​មី​ញ៉ូប

ជា​ធម្មតា​ភ្នែក​មាន​ប្រវែង​ប្រហាក់​ប្រហែល​ពី២៣​ទៅ២៤​មីលី​ម៉ែត្រ។ បើ​ភ្នែក​យើង​មាន​​ប្រវែង​វែង​ជាង​នេះ នោះ​អាច​ជា សញ្ញាណ​​នៃ​ភ្នែក​មី​ញ៉ូប​ភ្នែក​ហើយ។ រោគ​សញ្ញា​របស់​ភ្នែក​មីញ៉ូប​មាន​ដូច​ខាង​ក្រោម។

  • មើល​ទៅ​ឆ្ងាយ​មិន​ច្បាស់ ប៉ុន្ដែ​មើល​ជិត​ច្បាស់​ល្អ
  • ធ្វើ​ភ្នែក​ព្រឹមៗ​ពេល​មើល​វត្ថុ​ដែល​នៅ​ឆ្ងាយ ដោយ​ភាព​ស្រវាំង
  • សៀវ​ភៅ​អាន​នៅ​ជិត​ភ្នែក
  • ចាញ់​ពន្លឺ
  • ចុក​រោយ​គ្រាប់​ភ្នែក ក្ដៅ​ភ្នែក ហៀរ​ទឹក​ភ្នែក​ជា​ញឹក​ញាប់
  • ឈឺ​ក្បាល ចុក​រោយ​គ្រាប់​ភ្នែក​នៅ​ពេល​ប្រើ​ប្រាស់​ផ្នែក​ច្រើន ដូច​ជា​ការ​អាន​សៀវ​ភៅ ឬ​ប្រើ​ប្រាស់​កុំព្យូ​ទ័រ​ជា​ដើម។

មូល​ហេតុ​បង្ក​ភ្នែក​មី​ញ៉ូប

មនុស្ស​ដែល​មាន​បញ្ហា​ភ្នែក​មីញ៉ូប បង្ក​ឡើង​ដោយ​កត្ដា​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​នីមួយៗ។

  • មក​ពី​កែវ​ភ្នែក​ធម្ម​ជាតិ​ដែល​តម្រូវ​ឱ្យ​កើត​មាន​តែ​ម្ដង
  • មក​ពី​ទំហំ​ភ្មែ្នក​វែង​ជាង​ភ្នែក​ធម្មតា
  • មក​ពី​សេ​នេ​ទិច(សួ​ពូជ ឬ​តំណ​ពូជ)
  • មើល​ច្រើន ឬ​សម្លឹង​យូរ​ក្នុង​រយៈ​ពេល​ដ៏​វែង​ណា​មួយ​(អាច​កើត​មាន​ជា​បណ្ដោះ​អាសន្ន)

វិធី​ព្យា​បាល​ភ្នែក​មី​ញ៉ូប

ការ​ព្យា​បាល​ភ្នែក​មី​ញ៉ូម​ពិត​ជា​ពិបាក​នឹង​ជា​សះ​ស្បើយ​ខ្លាំង​ណាស់ ប៉ុន្ដែ​អ្នក​ដែល​កើត​ជម្ងឺ​នេះ​អាច​នឹង​ប្រើ​ប្រាស់​វ៉ែន​តា​ជំនួយ ។ ការ​ពាក់​វ៉ែន​តាក៏​អាច​ឱ្យ​យើង​ទទួល​បាន​ផល​ប្រ​យោជន៍​ច្រើន​គួរ​សម​ដែរ ដូច​ជា​ធ្វើ​ឱ្យ​ភ្នែក​អាច​មើល​ឃើញ​នូវ​វត្ថុ​ដែល​តូចៗ និង​នៅ ឆ្ងាយ​បាន​យ៉ាង​ច្បាស់ និង​ធ្វើ​ឱ្យ​យើង​មើល​ឃើញ​ប្រសើរ​ជាង​មុន។ សូម​កុំ​គិត​ថា​ការ​ពាក់​វ៉ែន​តា​ជា​ការ​រំខាន​មួយ​ឱ្យ​សោះ តាម​ពិត​ទៅ វា​ជា​ជម្រើស​មួយ​ប្រសើរ​បំផុត​ចំពោះ​លោក​អ្នក។ ព្រោះ​វា​មាន​ការ​ចំ​ណាយ​ក្នុង​តម្លៃ​តិច និង​មិន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កែវ​ភ្នែក របស់​យើង​ទេ។

មាន​វិធី​មួយ​ទៀត​គឺ​ដោយ​ការ​ដាក់​ខន​ថិក​ឡែន​នៅ​ក្នុង​ភ្នែក។ ខន​ថិក​ឡែន ឬ​កែវ​បិត​លើ​ភ្នែក​ធ្វើ​ឡើង​ពី​ជាតិ​ជ័រ​ទន់​ម្យ៉ាង ដែល​គេ​ផលិត​ឡើង​សម្រាប់​បិទ​ដាក់​លើ​កញ្ចក់​ភ្នែក​យើង​ផ្ទាល់។ វា​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ពាក់​វ៉ែន​តា ប៉ុន្ដែ​វា​ត្រូវ​ចំណាយ​ប្រាក់ ច្រើន​ទៅ​លើ​ការ​ប្ដូរ​ខន​ថិក​ឡែន​នេះ ទៅ​តាម​រយៈ​ពេល​កំណត់​នៃ​ការ​ប្រើ​ប្រាស់។ វា​មាន​ប្រ​យោជន៍​ល្អ​ចំពោះ​អ្នក​ដែល​មិន​ចង់​ឱ្យ​គេ​ដឹង ថា​ខ្លួន​មី​ញ៉ូប ដោយ​សារ​ការ​ដាក់​ខន​ថិក​ឡែន​នេះ​មើល​ទៅ​ដូច​ជា​ភ្នែក​យើង​ធម្មតា មិន​មាន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ។ ប៉ុន្ដែ​គុណ​វិបត្ដិ​គឺ យើង​ត្រូវ​មាន​អនា​ម័យ​ខ្ពស់​ចំពោះ​ការ​សម្អាត។

ប្រសិន​បើ​មី​ញ៉ូប​នោះ​មាន​កម្រិត​កាន់​តែ​ធ្ងន់​ធ្ងរ យើង​មាន​វិធី​ព្យា​បាល​ដោយ​ធ្វើ​ការ​វះ​កាត់ ឬ​ដោយ​ការ​បាញ់​កាំ​រស្មី​ឡា​ស៊ែរ ។ ការ​ព្យា​បាល​ប្រភេទ​នេះ​ត្រូវ​ការ​ចំណាយ​ខ្ពស់ ត្រូវ​ជ្រើស​រើស​អ្នក​ជំនាញ​ដែល​មាន​បទ​ពិ​សោធ​ច្រើន។ ជា​ទូទៅ​ការ​ព្យា​បាល​ទទួល បាន​ជោគ​ជ័យ​គួរ​ឱ្យ​កត់​សម្គាល់។

វិធី​បង្ការ​ភ្នែក​មី​ញ៉ូប

យើង​នៅ​ពុំ​ទាន់​មាន​វិធី​បង្ការ​ណា​មួយ​ឱ្យ​ជាក់​លាក់ ដើម្បី​កុំ​ឱ្យ​កើត​ភ្នែក​មី​ញ៉ូប​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​យើង​មាន​វិធី​ខ្លះ​ក្នុង​ការ ការ​ពារ​កុំ​ឱ្យ​មាន​បញ្ហា​ជា​ផល​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​លោក​អ្នក ឬ​របស់​កូន​លោក​អ្នក។

  • ត្រូវ​យក​កុមារ​តូចៗ​មុន​ពេល​ចូល​សាលា​មក​ពិនិត្យ​ភ្នែក
  • មិន​ត្រូវ​អាន​សៀវ​ភៅ​ក្នុង​បរិយា​កាស​មិន​ល្អ ដូច​ជា​ពន្លឺ​ខ្សោយ​ពេក ឬ​ពន្លឺ​ខ្លាំង​ពេក
  • កុំ​បណ្ដោយ​ឱ្យ​កុមារ​មើល​ទូរ​ទស្សន៍​នៅ​ជិត​ពេក គឺ​ត្រូវ​នៅ​ចម្ងាយ​មួយ​សម​រម្យ​ដែល​អាច​ទទួល​យក​បាន
  • បើ​លោក​អ្នក​មើល​ឆ្ងាយ​ឃើញ​ព្រិលៗ មិន​ច្បាស់​ល្អ លោក​អ្នក​ត្រូវ​តែ​ទៅ​ពិ​គ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ឯក​ទេស​ភ្នែក។

ដំបូ​ន្មាន​អ្នក​ជំនាញ

សូម​លោក​អ្នក​មិត្ដ​អ្នក​អាន​មក​ពិនិត្យ​ភ្នែក​ឱ្យ​បាន​មុន​ពេល​ដែល​ភ្នែក​លោក​អ្នក​ជួប​បញ្ហា​ធ្ងន់​ធ្ងរ។ កុមារ​ដែល​ទើប​នឹង​ចូល សាលា​រៀន​ដំបូង​គួរ​តែ​ត្រូវ​ទទួល​ការ​ពិនិត្យ​កែវ​ភ្នែក ដើម្បី​ដឹង​ជា​មុន​នូវ​ស្ថាន​ភាព​ភ្នែក​របស់​កូនៗ​លោក​អ្នក។ ម្យ៉ាង​ទៀត​សូម​កុំ​គិត​ថា ការ​ពាក់​វ៉ែន​តា​ធ្វើ​ឱ្យ​លោក​អ្នក​ពិបាក រំខាន ឬ​ខ្មាស​អៀន​ឱ្យ​សោះ ព្រោះ​វា​ជា​ជម្រើស​មួយ​ដែល​ល្អ​ប្រសើរ​បំផុត​សម្រាប់​លោក​អ្នក និង​កូន​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative