១ភាគ​៣នៃ​ឱសថ​ក្លែង​ក្លាយ​កំពុង​ចរាចរណ៍​នៅ​ទ្វីប​អាស៊ី (ឆ្នាំ​២០១២)

ឱសថ​ក្លែងក្លាយ​ ដែល​គេ​សង្កេត​ឃើញ​ជា​ញឹក​ញាប់​នៅ​តំបន់​អាស៊ី និង​ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា ​រួម​មាន​ឱសថ​សម្រាប់​ព្យាបាល​ជម្ងឺរបេង ​និង​ជំងឺ​គ្រុនចាញ់។​ ​ការ​ប្រើ​ប្រាស់​ឱសថ​ក្លែងក្លាយ​នេះ​ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្ដែ​វា​នឹង​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ​គឺ​ជា​ប្រទេស​​ក្រីក្រ​មួយ​ ដែល​មានការ​អនុវត្ត​វិធានការ​នានា ​រួម​ទាំង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់​ខ្សោយ​ និង​ធូរ​រលុង។ ​ការ​លក់ដូរ​ថ្នាំពេទ្យ​ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ច្រើន​តែ​ធ្វើ​ឡើង​លាយឡំ​ជាមួយ​នឹង​ការ​លក់​គ្រឿងទេស។ ​ហើយ​ឱសថ​ទាំង​នេះ​ពុំមាន​ការ​ត្រួត​ពិនិត្យ​ដិតដល់​ពី​ប្រភព​ និង​ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​ថែទាំ​ និង​ការ​រក្សាទុក​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។

យោង​តាម​សារព័ត៌មាន Channel News Asia របស់​ប្រទេស​សិង្ហបុរី ដែល​បាន​ចេញ​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ឱសថ​ប្រឆាំង​ជម្ងឺ​គ្រុន​ចាញ់​ច្រើន​ជាង១ភាគ​៣ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​ជា​ឱសថ​ក្លែង​ក្លាយ។ នេះបើ​តាម​ការ​ពិនិត្យ​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​។ក្រុម​វេជ្ជ​បណ្ឌិត​​បាន​ចេញ​សេចក្ដី​ព្រមាន​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ ទី៣០ ខែឧសភា ឆ្នាំ២០១២កន្លង​ទៅថ្មីៗ​នេះ បានបញ្ជាក់​ថា ឱសថ​ទាំង​នោះ គឺ​ស្រដៀង​ទៅ​នឹង​ឱសថ​ដែល​គេធ្វើ​ការ​វិភាគ​នៅ​អាហ្វ្រិក​ដែរ ពោល​គឺ​នៅ​ក្រោម​គុណភាពស្ដង់​ដា។ក្រោយ​ពី​ធ្វើ​ការ​ស្រាវជ្រាវក្នុង​ប្រទេស​ចំនួន​​​​៧ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មានឱសថ​​ ៣០ភាគ​រយ​នៃ​សំណាក​គម្រូ (sample) គឺ​មិនត្រឹម​ត្រូវ​តាម​ស្ដង់​ដា។

ការ​រក​ឃើញ​នេះ គឺ​ស្រដៀង​នឹង​ការ​រក​ឃើញ​នៅប្រទេស​ចំនួន​២១​ ក្នុង​អនុ​​តំបន់​សាហារ៉ានៃ​​ទ្វីប​អាហ្រ្វិក​ដែរ ដែល​មាន​៣៥ភាគ​រយ​នៃ​ឱសថ​នេះ គឺ​ស្ថិត​ក្រោម​ស្ដង់​ដា​ឱសថ។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយផ្សេងទៀត បាន​ឲ្យ​ដឹង​ថា​​ការ​សម្បូរហូរ​ហៀរ​នៃ​ឱសថ​ប្រឆាំង​នឹង​ជម្ងឺ​គ្រុន​ចាញ់​ក្លែង​បន្លំ​ឬ​គ្មាន​គុណ​ភាព​នៅ​ទូទាំង​ទ្វី​ប​អាហ្វ្រិក ​​និង​ទ្វីប​អាស៊ី​កាល​ពី​ទសវត្សរ៍​មុន​បណ្តាល​ឲ្យ​មាន​ការ​ប្រថុយ​ប្រថាន​​យ៉ាង​ខ្លាំង​ លើ​ការ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​​ចម្លង​តាម​​មូស​នេះ។​ ការចរាចរណ៍​ឱសថ​ក្លែងក្លាយនៅកម្ពុជា និងនូវអាស៊ី ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុកចិត្ត។ ​ការ​បន្លំ​ផលិតផល​ឱសថ​ និង​ការ​លួច​ផលិត​ឱសថ​ក្លែងបន្លំ​ ដើម្បី​ចែក​ចាយ​ក្នុង​ទីផ្សារ​ងងឹត​ គឺ​ជា​ការ​គម្រាម​កំហែង​ដោយ​ផ្ទាល់​ដល់​សុខភាព​សាធារណៈ។ ​ឱសថ​ក្លែងក្លាយ​ អាច​មាន​សារធាតុ​សកម្ម​មិន​ត្រឹមត្រូវ ហើយ​សារធាតុ​ទាំង​នោះ​ អាច​មាន​ចំនួន​ច្រើន​ជ្រុល ​ឬតិច​ជ្រុល ​និង​អាច​មាន​សារធាតុ​ពុល​ផង​ដែរ។ ​ឱសថ​ទាំង​នោះ​ក៏​អាច​បង្កើន​នូវ​ភាព​ស៊ាំដល់សាពាង្គកាយរបស់អ្នកជម្ងឺ ដោយពិបាកក្នុង​ការព្យាបាលនឹងថ្នាំដែល​មាន​ប្រសិទ្ធ​ភាពវិញផងដែរ។ ​

បើ​យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO បាន​ឲ្យ​ដឹង​ថា ឱសថ​ដែល​មិន​ត្រឹម​ត្រូវ​បាន​គុណ​ភាព​ស្ដង់​ដា គឺ​ជា​បញ្ហា​ដ៏​ចម្បង​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺគ្រុន​ចាញ់​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ៦៥៥០០០នាក់​ កាល​ពី​ឆ្នាំ​២០១០។ ក្រៅ​ពី​មិនមាន​ការ​ពិនិត្យ​គុណ​ភាព​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ពេល​ផលិត ការ​លេប​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ​ក៏​ជា​បញ្ហា​នោះ​ដែរ​។

អត្ថបទដោយ​ ៖​ សៀង វិរៈ​

ចេញផ្សាយ​ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២​

Google Analytics Alternative