ទិវា​បរិស្ថាន​ពិភព​លោក​ទី៤០ : យុវជន និង​កិច្ចកា​រពារ​បរិស្ថាន

បច្ចុប្បន្ន ការ​ដាស់​ស្មារតី​មនុស្ស​ជាតិ​គ្រប់​រូប ឲ្យ​ក្រោក​ឈរទាំង​អស់​គ្នា​ដើម្បី​ចូល​រួម​ថែ​រក្សា​បរិស្ថាន រ​បស់​យើង​ឲ្យ​មាន​ភាព​ស្រស់​បំព្រង គឺជា​បញ្ហា​សំខាន់​ដែល ប្រជាជន​នៅ​លើ​ពិភពលោក និង​ជាពិសេស​យុវជន​ត្រូវ​នាំ​គ្នា​គិត​គូ​រួម​គ្នា។ បញ្ហា​ដែល​កំពុង​ប្រឈម និង​ភាព​ងាយ​រង​គ្រោះ​ថ្នាក់​ដោយ​កត្តា​សកម្ម​ភាព​មនុស្ស និង​កត្តា​ធម្មជាតិ បាន​ឆ្លុះ​បញ្ចាំង​ពីស្ថាន​ភាព​បរិស្ថាន​នៅ​ភព​ផែន​ដី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រោះ​ថ្នាក់​បរិស្ថាន ដែល​បាននឹង​កំពុង​កើត​មាន​ឡើង​ ជាអាទិ៍​រួម​មានការ​កើន​ឡើង​កម្ដៅ​ភព​ផែន​ដី​រដូវ​កាល​មិន​ទៀង​ទាត់ គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក ជំនន់ រញ្ជួយ​ផែន​ដី ការ​ខូច​ខាត​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ការ​បាត់​បង់​ជីវ​ចម្រុះ​បាតុ​ភូត​ធម្មជាតិ​បំផ្លាញ​ជីវិត​មនុស្ស ព្រម​ទាំង​ខ្យល់​ព្យុះសង្ឃ​រា​ធំៗ បាន​ជះ​ឥទ្ធិ​ពល​ជា​អវិជ្ជ​មាន​ដល់​ការ​បង្ក​បង្កើន​ផល និងធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​សម្បែង និង​ការ​ចិញ្ចឹម​សត្វ ដែល​ជា​គ្រោះ​អាសន្ន​បង្ក​ឲ្យ កើត​មាន​បញ្ហា​អសន្តិ​សុខ​ស្បៀង គ្រោះ​ទុរភិក្ស និង​សុវត្ថិភាព សុខុ​មាល​ភាព​សាធារណៈ។

ទិវា​បរិស្ថាន ០៥ មិថុនា គឺ​ជាព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​នៃចលនា​អន្តរជាតិ ហើយ​ទិវា​នេះ គឺជា​សារ​មួយដ៏​សំខាន់​សម្រាប់​ប្រជាជាតិ​ទូទាំង​សកល​លោក ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ភយន្ត​រាយ នា​នា​ដែល​បង្ក​ឡើង​ដោយ​សារ​សកម្ម​ភាព​មនុស្ស​ ហើយ​បាន​នឹង​កំពុង​ជះ​ឥទ្ធិ​ពល​អាក្រក់ ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ជន ព្រម​ទាំង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​​ និង​ជីវភាព​រស់​នៅ​របស់​សហគមន៍​ទូទាំង​ពិភព​លោក​ផង​ដែរ។  ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភព​លោកនា​ថ្ងៃ ០៥ មិថុនា​ ឆ្នាំ ២០១២ និង​ក្លាយ​ជា​ឆន្ទៈដ៏​មោះ​មុត និង​ការ​តាំង​ចិត្ត​ប្ដូរ​ផ្ដាច់​របស់​មនុស្ស​ជាតិ​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ដើម្បី​បុព្វ​ហេតុ​ការពារ​ថែ​រក្សា គ្រប់​គ្រង​បរិស្ថាន​នៅព្រះ​រាជា​ណាចក្រ​កម្ពុជា និង​បរិស្ថាន​ពិភព​លោក​ឲ្យ​មាន​និរន្តរ​ភាព។

កាល​ពីម្សិលមិញនេះ មាន​យុវជន​ប្រមាណ​៤០០​នាក់ ​មកពី​ខេត្ត​ផ្សេង​ៗ​គ្នា​ បាន​នាំគ្នាចូលរួម​ដឹកនាំ​ដង្ហែ​ក្បួន​ ការពារ​បរិស្ថាន​ដោយ​អ្នកខ្លះបានតុបតែង​ខ្លួន​ ធ្វើជា​រូប​សត្វ​ព្រៃ​ និង​កាន់​កូន​​​ឈើ​ជាដើម ក្នុងន័យបង្ហាញថា ពួកគេ​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​ និងចង់​ឲ្យ​មាន​ការ​អភិរក្ស​បរិស្ថាន​ឲ្យមាន​និរន្តរ​ភាព។ ការ​ប្រារព្ធ​ការ​ដង្ហែរ​ក្បួន​ផ្សព្វ​ផ្សាយ​អប់រំ​នេះ មាន​គោល​បំណង​ចង់​ផ្សព្វ​ផ្សាយ​ទៅដល់​ប្រជា​ជន​កម្ពុជា​ឲ្យ​បាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​បរិស្ថាន មក​លើ​ជីវិត​របស់​មនុស្ស ដែល​យុវជន និង​ប្រជា​ពលរដ្ឋ​ដែល​បានចូល​រួម នឹង​ដង្ហែ​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋ​សភា​នៅ​ថ្ងៃ​នេះ​ដោយ​មានការ​សំណូម​ពរ​មួយ​ចំនួន​​ត្រូវ​បាន​លើក​​ឡើង ដូចជា​​​ការ​អំពាវនាវ​​ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ឈប់​រាល់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើត​មាន​ ​​ការគ្រប់គ្រង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព​​ដោយ​មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ត្រឹមត្រូវ​ ជំរុញ​ឲ្យ​អាជ្ញាធរ​ សមត្ថកិច្ច​​និង​ស្ថាប័ន​រដ្ឋាភិបាល​អនុវត្ត​តាម​បញ្ជាលេខ០១ របស់​រាជរដ្ឋាភិបាល​​ស្ដីពី​ការបញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​។ ជា​ពិសេស ​រដ្ឋាភិបាល​ត្រូវ​ដាក់​ទោស​ទណ្ឌ​ចំពោះ​មន្ត្រី​ទាំងឡាយ​ណា​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​ក្នុង​ការ​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ដោយមានការគាំទ្រ និង​ទទួល​ស្គាល់​រាល់សកម្មភាព​របស់​សហ​គមន៍​ សមាគម​ សិស្ស​ និស្សិត​ដែល​ខិតខំ​ប្រឹងប្រែង​ការពារ​ធនធាន​ធម្មជាតិ​​ ព្រម​ទាំង​ត្រូវ​បញ្ឈប់​ការ​គម្រាម​កំហែង​គ្រប់​រូបភាព​មក​លើ​អ្នក​ការពារ​ព្រៃ​ឈើ និង​ការ​ការពារ​ធនធាន​បរិស្ថាន​ធម្មជាតិ។

បើយោងតាម​សេចក្ដី​ថ្លែងការណ៍​រួម​របស់​បណ្ដាញ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ការ​ការពារ​បរិស្ថាន​ជា​រឿង​ចាំបាច់​​បំផុត​ ព្រោះ​​បើ​មិន​បាន​​   គ្រប់​គ្រង​ឲ្យ​បាន​ល្អ​ទេ គ្រោះ​​ភយន្តរាយ និង​គ្រោះ​ធម្មជាតិ​​ នឹងកើតមានដល់​ប្រជាជនកម្ពុជា ព្រមទាំងពិភព​លោកផងដែរ។​​

លោកខៀវសំភ័ស្សដែលបានចូលរួមក្នុងការដង្ហែក្បួនបរិស្ថាននេះនិងជានិស្សិតនៃសកលវិទ្យាស្ថានសហប្រតិបត្តិការ​ បានប្រាប់អ្នកយកព័ត៌មាន គេហទំព័រសុខភាពកម្ពុជាថា ការឡើង​កម្តៅ​ផែនដី បាន​ជះឥទ្ធិពល​ដល់​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ដោយសារ​អាកាសធាតុ​កាន់តែ​ក្តៅឡើងៗ បានធ្វើឲ្យប្រជាជន​ជាច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មានការព្រួយបារម្ភ​យ៉ាងខ្លាំងអំពី​មូលហេតុ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​កំពុង​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ។ ព្រោះ​ថា​បញ្ហា​បរិស្ថាន មិន​មែន​ប៉ះ​ពាល់​ត្រឹម​តែ​យើង​នោះ​ទេ គឺ​វា​ថែម​ទាំង​ប៉ះ​ពាល់​ទៅ​ដល់​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ផង​ដែរ។

លោក ​សំភ័ស្ស​ បាន​បន្ត​ថា ដើម្បី​ជួយ​សង្គ្រោះ និង​ថែ​រក្សា​បរិស្ថាន ជា​ដំបូង​យើង​ត្រូវតែ​អប់រំ​ប្រជាជន​ឲ្យ​យល់​អំពី​អត្ថ​ប្រយោជន៍​នៃ​របៀប​រស់នៅ​ដោយ​ស្និទ្ធស្នាល​ជាមួយ​បរិស្ថាន​និង​របៀប​ដែល​យើង​អាច​ការពារ​បរិស្ថាន។ នៅពេល​ប្រជាជន​មាន​ការ​យល់ដឹង​ពី​បរិស្ថាន ពួកគេ​អាច​ចាប់ផ្តើម​ផ្លាស់ប្តូរ​ឥរិយាបថ ងាកទៅ​ចាប់អារម្មណ៍​ពី​បញ្ហា​បរិស្ថាន។ ជាឧទាហរណ៍ នៅ​ប្រទេស​ដទៃ​ទៀត​ ដូចជាជប៉ុន និង​កូរ៉េ​ខាងត្បូង បាន​អប់រំ​ប្រជាជន​របស់គេ​បានយ៉ាង​ជោគ​ជ័យ​អំពី​របៀប​ការពារ​បរិស្ថាន និង​ថែ​រក្សា​បរិស្ថាន​ស្អាត ហើយ​ទោះបី​ជាក្មេងៗ​ដែលមាន​អាយុ​តិច​ក៏ដោយ ក៏​ពួកគេ​មិន​ដែល​បោះ​សម្រាម​ចោល​ផ្តេស​ផ្តាស​នៅ​តាម​ផ្លូវ​សាធារណៈ​ដែរ។

កញ្ញា ជុំ រដ្ឋា ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​នេះ បាន​មាន​មតិ​យោបល់​ថា រដ្ឋា​ភិបាល​ត្រូ​វតែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ជម្រុញ​ការ​អភិរក្ស​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​របស់​យើង អាចកាត់​បន្ថយ​ចំនួន​យានយន្ត​ដែល​កំពុង​កើនឡើង​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន ​ដោយ​យើង​អាច​ជំនួស​បាន​ដោយ​ការដើរ ឬជិះកង់ ឬជិះ​រថយន្ត​ក្រុង ដើម្បីកិច្ចការពារបរិស្ថាន។ ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​ទាំងអស់គ្នា​ត្រូវតែ​ចូលរួម​កាត់​បន្ថយ​ការ​បំពុល​នានា​ដូចជា​ផ្សែង​ចេញ​ពី​រោងចក្រ​ និង​សម្រាម​ដែល​យើង​បោះចោល ជា​ពិសេស​យុវជន​ គឺ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​ក្នុង​កិច្ច​ថែ​រក្សា​បរិស្ថាន​នៅ​កម្ពុជា​ឲ្យ​មាន​និរន្តរ​ភាព។

សូម​បញ្ជាក់​ថា ​ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កំដៅ​ផែនដី និង​ថែ​រក្សា​បរិស្ថាន​បៃតង ជាដំបូង​យើង​ត្រូវ​តែ​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ ទីពីរ កាត់បន្ថយ​កំណើន​ប្រជាជន​ ពី​ព្រោះ​នៅ​ពេល​កំណើន​ប្រជាជន កើនឡើង​នោះតម្រូវ​ការ​របស់​មនុស្ស​ក៏​នឹង​កើនឡើង​ផងដែរ។ តួយ៉ាងល្បាយ​ប្រជាជន​ច្រើន​នឹងត្រូវ​ការ​ដី​ធ្វើស្រែ​កាន់តែ​ច្រើន ដើម្បី​ចិញ្ចឹម​ជីវិត។ មាន​ប្រជា​ជន​​កាន់តែ​ច្រើន ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក (CO2) ក៏កាន់​តែ​ច្រើន​ដែរ។ ឧស្ម័ន​មេតាន (CH4) ដែល​ជា​ឧស្ម័ន​ដែល​ប៉ះពាល់​ដល់​ស្រទាប់​អូហ្សូន​ក៏​កើនឡើងផងដែរ ​ដោយសារ​វា​កើត​ចេញ​ពី​ការ​ពុកផុយ ​ដូចជាគំនរ​សំរាម​ជាដើម។

ការ​ធ្វើ​ការ​កែ​លម្អ​សោភ័ណ​ភាព​ទីក្រុង និង​តំបន់​ទី​ប្រជុំ​ជន​ឲ្យ​មាន​ភាព​ស្រស់​បំព្រង តាម​រយៈ​នៃ​ការ​រៀប​ចំ និង​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន រៀប​ចំ​ប្រព័ន្ធ​លូ ប្រព័ន្ធ​បង្ហូរ ទឹក ទី​កន្លែង​កម្សាន្ត សួន​ច្បារ​សាធារ​ណៈ អនា​ម័យ សណ្ដាប់​ធ្នាប់​សាធារណៈទី​ប្រជុំ​ជន ការ​អភិ​រក្ស និង​ដាំដុះ​ដើម​ឈើ​ឡើង​វិញ រួម​ទាំង​យន្ត​ការ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​សាធារណជន​ឲ្យ​បាន​យល់​ដឹង​ពី​តម្លៃ​បរិស្ថាន។ ហើយដើម្បី​លើក​ស្ទួយ​គុណ​ភាព​បរិស្ថាន​និង​រួម​ចំណែក​ជួយ​លម្អ​សោភ័ណ​ភាព​ទីក្រុង និង​ទីប្រជុំ​ជន ឲ្យ​កាន់​តែប្រសើរ​ឡើងនោះ ក៏​ជាកត្តា​រួម​ចំណែក​ដល់​បម្រែ​បម្រួល​ជីវិត​បរិស្ថាន​នៅ​ក្នុង​សង្គម​ពិភព​លោក​ផង​ដែរ ប្រសិន​បើ​ធ្វើ​មិន​បានគិតគូរ​ឲ្យ​ល្អិត​ល្អន់ និង​សព្វ​ជ្រុង​ជ្រោយ ។

ជាមួយ​គ្នានេះ​ការ​លើក​កម្ពស់​ការពារ និង​ថែរក្សា​គុណភាព​ភព​ផែន​ដី ជា​ពិសេស​ការ​ថែរក្សា​គុណ​ភាព​បរិស្ថាន​ធម្មជាតិ​ ការ​កាត់​បន្ថយ​នូវ​សារ​ធាតុ​ពុល និង​កម្ដៅ​ផែន​ដីដើម្បី​អភិវឌ្ឍន៍​សង្គម​​ជាតិ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង គឺ​ជាគោល​បំណង​លើក​ស្ទួយ​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន និង​ឈាន​ទៅបំបាត់​ភាព​ក្រីក្រ​ក៏ពិត​មែន ប៉ុន្តែ​វាក៏​ជះ​ឥទ្ធិ​ពល​ដល់​ការ​ប្រែ​ប្រួល​ធាតុ​អាកាស​នៅ​ក្នុង​សង្គម​នោះ​បាន​ផង​ដែរ។

គួរ​រំឮក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ២០១១​ទឹកជំនន់​បាន​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋជាង​១.៦លាន​នាក់ ហើយ​៧សែន​នាក់​ជាកុមារ ដែល​ត្រូវបាន​រងគ្រោះ និង​មាន​កុមារ​មួយចំនួន​នៅ​តាម​បណ្តា​ខេត្ត បាន​ស្លាប់បាត់​បង់​ជីវិត​ដោយសារ​ការលង់​ទឹកនៅ​គ្រានោះ។ ជាពិសេស គ្រោះ​ទឹក​ជំនន់កាលពីឆ្នាំ២០១១កន្លងទៅនេះ បាន​សម្លាប់​មនុស្ស​​ប្រមាណ​ ២៤៧​នាក់​ ​រង​របួស​ប្រមាណ​២០​នាក់​ និង​ផ្ទៃ​ដី​កសិកម្ម​​ខូច​ខាត​​​ចំនួន ​២៣២,៣៧៧ ហិចតា។ នេះ​បើ​យោង​តាមរបាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា។

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ ៖​ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative