កុមារី​ឆាប់​តែង​ខ្លួន

ដោយ​សារ​តែ​មាន​ការ​ហូរ​ចូល​នូវ​អរិយ​ធម៌ និង​របស់​ប្រើ​ប្រាស់​ជា​ច្រើន​ពី​បរទេស បាន​ធ្វើឱ្យ​យុវវ័យ ជា​ពិសេស​កុមារ​តូចៗ ដែល​មិន​ទាន់​គ្រប់​អាយុ​ពេញ​វ័យ​នោះ​ចង់​ប្រឡូក​សាក​ល្បង​អនុវត្ដន៍​ដូច​មនុស្ស​ចាស់ ដោយ​មិន​ដឹង​ខ្លួន។ កុមារ​ភាគ​ច្រើន​ភ្លើត​ភ្លើន​ទៅ តាម​សង្គម​លឿន​ពេក មិន​បាន​យល់​ដឹង​ឱ្យ​ច្បាស់​លាស់ ទើប​ប្រែ​ក្លាយ​ទង្វើ​ទាំង​នេះ នាំឱ្យ​បាត់បង់​នូវ​សីល​ធម៌​ក្នុង​ខ្លួន ហើយ​ក្លាយ​ទៅ ជា​គុណ​វិបត្ដិ​មួយ​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​ក្រុម​គ្រួសារ សង្គម និង​សាមី​ខ្លួន​ទៅ​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ក្នុង​ទំព័រ​នេះ ទស្ស​នា​វដ្ដី សុខភាពយើង នឹង​លើក​យក​ផល​ប៉ះពាល់​របស់​កុមារី​ក្នុងការ​តុបតែង​ខ្លួន​មិន​សក្ដិសម​ទៅ​នឹង អាយុ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ជ្រាប តាម​រយៈ​ការ​បក​ស្រាយ​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត ចក ធីតា ឯកទេស​វិ​កល​វិទ្យា​និង​ជា​អនុ​ប្រធាន កម្ម​វិធី​ជាតិ​សម្រាប់​សុខ​ភាព​ផ្លូវចិត្ដ​នៃ​ក្រសួង​សុខា​ភិបាល។

កត្ដា​ដែល​ធ្វើ​ឱ្យ​កុមារី​ឆាប់​តែង​ខ្លួន

ការ​លូត​លាស់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ​របស់​កុមារី ត្រូវ​ស្ដែង​ឡើង​ទៅ​តាម​ដំណាក់​កាល​នៃ​អាយុ។ នៅ​ពេល​កុមារី​មាន អាយុ​ចាប់​ពី១០​ទៅ​១២​ឆ្នាំ តែង​តែ​ចង់បាន​នូវ​ឯក​រាជ្យ​ភាព​មួយដែល​​​​​ជារបស់​ខ្លួន​ឯង​ដោយ​ចង់ធ្វើ​អ្វីទៅ​តាមចិត្ដ​ដែល​ខ្លួន​ធ្លាប់​ឃើញ ធ្លាប់់ឮ​តាម​រយៈ​ទូរ​ទស្សន៍ និង​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ។ តម្រូវ​ការ​ទាំង​នេះបាន​ជំរុញ​ឱ្យកុមារី​មាន​ការវិវត្ដ​ទៅតាម​សង្គម​យ៉ាង​រហ័ស។

1 . កត្ដា​សង្គម​សាស្ដ្រ ៖ កុមារី​ដែល​មិន​សូវ​មានការ​គ្រប់​គ្រងពី​ឪពុក​ម្ដាយ​បាន​ដិត​ដល់ ដូចជា​ពេលមក​សាលា​រៀន ពួក​គេ បាន​សេពគប់​មិត្ដ​ភក្ដិអាយុ​ដំណាលៗ​គ្នា ដែល​សុទ្ធតែ​ជាអ្នក​តែង​ខ្លួន ឃើញ​ការ​បង្ហាញ​ម៉ូត ការ​តុបតែង​ខ្លួន​តាម​រយៈ​ទូរ​ទស្សន៍ ឬ​តាម រយៈ​សាច់​ញាតិ​ជា​ដើម។ កត្ដា​នេះអាច​ធ្វើឱ្យ​ចំណង់​ចំណូល​ចិត្ដរបស់​កុមារី​មានការ​ប្រែប្រួល​ដោយ​ចង់ដឹង​ចង់់ឮ​ចង់ធ្វើ​តាម​ពួកគេ​ទាំង នោះ ដោយ​មិន​ខ្វល់ពី​ផល​ប៉ះពាល់​អ្វីណា​មួយ​នោះ​ឡើយ។ ភាព​សម្បូរ​បែប​នៃ​គ្រឿង​សម្អាង សម្លៀក​បំពាក់ ឬ​គ្រឿង​អលង្ការ និង កាឡៃ​នានា​ដែល​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​កុមារី​មានឱកាស​ស្វែង​រក ដើម្បី​មក​លម្អ​ខ្លួន​ទៅ​តាម​ភាព​ទាន់​សម័យ​របស់​យុវវ័យ។

2 . កត្ដា​ចិត្ដ​សាស្ដ្រ ៖ គឺ​សំដៅ​ទៅលើ​ទំនោរ​ចិត្ដ​របស់​កុមារី ដែល​មានតាំង​ពីកំណើត​ងាយរង​នូវ​បរិយាកាស​ខាង​ក្រៅ ឬ ឆាប់​ទទួល​យក​អ្វីៗដែល​ខ្លួនជួប​ប្រទះ​ទៅ​តាម​ចរិត​ធម្ម​ជាតិ។ ដូច្នេះ​ទំនោរ​ចិត្ដនេះ​អាចកែ​ប្រែចរិត​របស់​កុមារី​មួយចំនួន​ក្លាយទៅ​ជា ចេះតុប​តែងខ្លួន​ខុស​ទំនង មុន​អាយុឬ​ខុស​វ័យ។

3 . កត្ដា​ជីវ​សាស្ដ្រ ការ​ប្រែ​ប្រួល​លូត​លាស់​នៃ​សារ​ធាតុក្នុង​រាង​កាយពី​កំណើត​របស់​កុមារី ដូចជា​ប្រព័ន្ធ​អ័រម៉ូន​ទទួល​ពី ឪពុក​ម្ដាយ ដែល​ចូលចិត្ដ​ការ​តុបតែង​ខ្លួន រួមផ្សំ​ជាមួយ​បរិយា​កាស​ខាងក្រៅ ក៏អាច​ធ្វើឱ្យ​កុមារី​មាន​ចរិត​តុបតែង​ខ្លួន​ពី​កំណើត​ផង ដែរ។

គុណ​សម្បត្ដិ និង​គុណ​វិបត្ដិ​នៃ​ការ​តុប​តែង​ខ្លួន​របស់​កុមារី

ប្រសិន​បើ​កុមារី​មាន​ការ​តុប​តែង​ខ្លួន​បាន​សក្ដិ​សម មិន​ភ្លើត​ភ្លើន​ទៅ​តាម​សង្គម​លឿន​ពេក​ក៏ជា​ការ​ល្អ​ម្យ៉ាង​ដែរ ព្រោះ​អាច ធ្វើឱ្យ​កុមារី​ចេះ​ធ្វើ​អនា​ម័យខ្លួន​ប្រាណ​បាន​ល្អ និង​មើល​ទៅ​សមរម្យ​ស្រស់​ស្អាត។ ក៏​ប៉ុន្ដែ​បើ​ក្មេង​នោះ​ស៊ី​វីល័យ​ពេក​ដល់​ថ្នាក់​លាប​ម្សៅ ក្រែម គ្រឿង​អលង្ការ សម្លៀក​បំពាក់​លេច​លើ​លេច​ក្រោម​ជា​ដើម នោះ​អាច​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់​គ្រួសារ និង​សង្គម ជាតិ។

1 . សង្គម​គ្រួសារ ៖ ការ​ឆាប់​តុប​តែង​ខ្លួន​ពេក​នេះ​អាច​មាន​វិបត្ដិ​ច្រើន​នៅ​ក្នុង​រង្វង់​គ្រួសារ ព្រោះ​កុមារី​ដែល​តុប​តែង​ខ្លួន ច្រើន​ភ្លើត​ភ្លើន​ទៅ​តាម​សម្រស់ និង​ទៅតាម​អ្វី​ដែល​ខ្លួន​កំពុង​តែ​ប្រព្រឹត្ដ​ជាមួយ​ក្រុម​ក្មេងៗ​ដទៃ​ទៀត។ ប្រសិន​បើក្រុម​ក្មេង​ទាំង​នោះ ល្អ គ្មាន​បញ្ហា​អ្វីនោះ​ទេ។ ផ្ទុយ​មក​វិញ​បើ​ក្មេង​ទាំង​នោះ​មិន​ល្អ ដើរ​លេង​តាម​ក្លឹប​កម្សាន្ដ សេព​គ្រឿង​ស្រវឹង​ឬគ្រឿង​ញៀន​ជា​ដើម  អាច​ធ្វើឱ្យ​គ្រួសារ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ទាំង​ថវិកា និង​ពេល​វេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . សង្គម​ជាតិ ៖ កុមារ​គឺជា​ទំញំង​ស្នង​ឫស្សី ដូច្នេះ​បើ​ទង្វើ​របស់​ពួក​គេ​ប្រព្រឹត្ដ​បាន​ប្រសើរ ចេះ​គោរព​សីល​ធម៌​សង្គម មិន ធ្វើ​ខុស​ពីច្បាប់​សង្គម អាច​ធ្វើឱ្យ​សង្គម​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ជា​លំដាប់។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​កុមារ​ធ្វើអ្វី​ដែល​សង្គម​ហាម ឃាត់​ឬខុស​គន្លង​ច្បាប់​មិន​ខុស​ពីការ​បំផ្លាញ​ប្រទេស​ជាតិ​នោះ​ឡើយ។ លើស​ពីនេះ​ចំពោះ​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​យើង រឹត​តែមិន​អាច​ទទួល​យក​បាន​នូវ​ការ​តុបតែង​ខ្លួន ដែល​លេចលើ​លេចក្រោម​ដូច​ប្រទេស​ដទៃ​បាន​នោះ​ទេ។

វិធី​សាស្ដ្រ​ដោះ​ស្រាយ

ការ​អប់រំ និង​ការ​តាំង​ចិត្ដ​របស់​កុមារ មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ទប់​ស្កាត់ អំពើ​ប្រាស​ចាក​ពី​អសីល​ធម៌​ទាំង ឡាយ។ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ទាំង​នេះ លុះ​ត្រា​តែមាន​ការ​សហ​ការគ្នា​ពី​ក្រុម​គ្រួសារ និង​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ។

1 . ការ​អប់រំ​តាម​ផ្ទះ ៖ ក្រុម​គ្រួសារ និង​អាណា​ព្យាបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​អប់រំ ណែ​នាំ ជា​ពិសេស​ពិនិត្យ​សកម្ម​ភាព គ្រប់​បែបយ៉ាង​របស់​កុមារ ដើម្បី​ការពារ និង​ទប់​ស្កាត់ឱ្យ​បាន​ទាន់​ពេល​វេលា ប្រសិន​បើ​ឃើញ​មាន​អ្វីខុស​ប្លែក​ពី​ធម្មតា។

2 . ការអប់​រំតាម​សាលា ៖ គឺ​សំដៅ​ទៅ​លើ​ការ​គោរ​ពបទ​បញ្ជា​ផ្ទៃក្នុង​របស់​សាលា​បាន​តឹង​រ៉ឹង ដោយ​ការ​ហាម​ឃាត់​មិន​ឱ្យ មានការ​តុបតែង​ខ្លួន ការ​ប្រើ​ប្រាស់​គ្រឿង​អលង្ការ​គ្រប់​ប្រភេទ និង​ការ​ស្លៀក​ពាក់​ទៅ​តាម​ឯក​សណ្ឋាន ​ដែល​បាន​កំណត់​ឱ្យ​បាន​ត្រឹម ត្រូវ។

3 . ការ​អប់រំ​របស់​សង្គម ៖ គួរតែ​កាត់​បន្ថយ​ការ​ផ្សព្វ​ផ្សាយ​នូវ​ពាណិជ្ជ​កម្ម ឬសា​ច់រឿង​តាម​ទូរទស្សន៍​ណា​ដែល​ធ្វើ ឱ្យ​កុមារ​មាន​អារម្មណ៍​ភ្លើត​ភ្លើន​ចង់​ត្រាប់​តាម។ ដោយ​សារ​ប្រទេស​យើង​មាន​ការ​អនុវត្ដ​ច្បាប់​នៅ​មាន​កម្រិត​នោះ រាល់​ការនាំ​ចូល​នូវ ផលិត​ផល​ពី​បរ​ទេស​មិន​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យបាន​ប្រសើរ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យមាន​ផលិត​ផល​មួយ​ចំនួន​ដែល​មិនគួរ​នាំចូល  បែរ​ជា មានការ​ហូរចូល​ទាំង​គំហុក​ទៅវិញ។

ដំ​បូ​ន្មាន​អ្នក​ប្រឹ​ក្សា

ចំពោះ​កុមារ​ទូទៅ គួរ​ធ្វើការ​តុប​តែង​ខ្លួន​ដោយ​ការ​សម្អាត​ខ្លួន​ប្រាណ និង​ការ​ស្លៀក​ពាក់ឱ្យ​បាន​សម​រម្យ ទើប​ជាការ​ប្រសើរ។ គួរកុំ​ឆាប់​យកនូវ​អរិយ​ធម៌​បរទេស​ច្រើន​ពេក ព្រោះ​អាច​ធ្វើឱ្យ​វិវត្ដន៍​ដោយ​មិនដឹង​ខ្លួន​ទៅ​រក​ភាព​ភ្លើត​ភ្លើន។ ជា​ពិសេស​កុមារ គួរតែ​យក​ការសិក្សា​ជាធំ ដើម្បី​អនា​គត​រុង​រឿង​របស់​ខ្លួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative