សក់​ខ្ញុំ​ជ្រុះ​ខុស​ប្រក្រតី

សក់​ល្អ​ស្អាត គឺជា​បំណង​ប្រាថ្នា​របស់​សុភាព​បុរស និង​សុភាព​នារី​ទាំង​ឡាយ។ ក្បាល​មាន​សក់​មិន​ស្អាត ឬមាន​សក់​តិច​ពេក វាជា​ការ​ខ្វល់​ខ្វាយ​ណាស់​របស់​សុភាព​បុរស និង​សុភាព​នារី ហើយ​ស្ទើរ​តែមិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​នឹង​អ្នក​ដទៃ ព្រោះ​ខ្លាច​អ្នក​ដទៃ សើច ឬ​បង្អាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ថៃ គា អ្នក​ឯក​ទេស​ជម្ងឺ​សើ​ស្បែក​និង​កាម​រោគ បាន​ចូល​ខ្លួន​បក​ស្រាយ​ជូន​លោក​អ្នក​អំពី​បញ្ហា​សក់​ជ្រុះ តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​ទស្សនា​វដ្ដី សុខភាពយើង។

សក់​ជ្រុះ​ខុសប្រក្រតី

សក់​ជា​ធម្មតា​ដុះ​ជ្រុះ​ផ្លាស់​ប្ដូរ​រវាង​សក់​ចាស់​នឹង​សក់​ថ្មីជា​រៀង​រាល់​ថ្ងៃជា​រឿង​ធម្មតា។ នៅ​ពេល​សរសៃ​សក់​ចាស់​ត្រូវ​ដល់​វ័យ ទុំ​ជ្រុះ សរសៃ​​សក់​ថ្មីក៏​ដុះ​ពន្លក​ជំនួស នេះ​ជាការ​វិវត្ដ​របស់​សក់​ជា​ប្រចាំ។ សរ​សៃ​សក់​ដែល​មាន​សុខ​ភាព​ល្អអាច​នៅបាន​យូរ​រាប់​ឆ្នាំ ច្រើន តែជា​សរសៃ​សក់​ល្អិត​ឆ្មារ​វែង ហើយ​ជា​សរសៃ​សក់​កំពុង​លូត​លាស់​រឹងមាំ​ល្អកម្រ​នឹង​ដល់​ពេល​ជ្រុះ​ទៅ​វិញ។ ជា​ទូទៅ​សក់​ក្បាល​មនុស្ស មាន​ប្រហែល​ជា១០​ម៉ឺន​សរ​សៃ ហើយ​ក្នុង​មួយ​ថ្ងៃ​សក់​អាច​លូត​បាន​០.៣​មីលី​ម៉ែត្រ ឬ​សក់​លូត​បាន​ប្រហែល១​សង់ទី​ម៉ែត្រ​ក្នុង​មួយ ខែ។ បើ​សក់​ជ្រុះ​ក្នុង​មួយ​ថ្ងៃៗ​ក្រោម​១០០​សរសៃ នេះ​ជាការ​ជ្រុះ​សក់​ធម្មតា។ តែ​បើ​សក់​ជ្រុះ​លើស​ពី​១០០​សរសៃ​ឡើង​ទៅ​ក្នុង​មួយ ថ្ងៃៗ វាជា​ការ​ជ្រុះ​សក់​ខុស​ប្រក្រតី ដែល​លោក​អ្នក​ត្រូវ​យក​ចិត្ដ​ទុក​ដាក់។

ប្រភេទ​សក់​ជ្រុះ

សក់​ជ្រុះ​ចែក​ចេញ​ជា២​ប្រភេទ​ធំៗ​គឺ ៖ សក់​ជ្រុះ​រាយ​ស្មើ និង​សក់​ជ្រុះ​ដោយ​ដុំៗ។

1 . សក់​ជ្រុះ​រាយ​ស្មើ ជ្រុះ​ជា​ទូទៅ​ដោយ​ស្មើ​ពាស​ពេញ​ក្បាល ដូច​ជា​ត្រង់​នេះ​មួយ​សរសៃ ត្រង់​នោះ​មួយ​សរសៃ រាយ​ប៉ាយ​គ្រប់​កន្លែង។ ការ​ជ្រុះ​បែប​នេះ​បណ្ដាល​មក​ពី​អ័រ​ម៉ូន ឱសថ ជម្ងឺ​រ៉ាំរ៉ៃ ឬខ្វះ​ជីវ​ជាតិ​ជា​ដើម។

2 . សក់​ជ្រុះ​ដោយ​ដុំៗ ជ្រុះ​ដោយ​ដុំៗ​តែ​មួយ​កន្លែង ជា​ហេតុ​នាំឱ្យ​ក្បាល​តម្ពែក ស្បែក​ក្បាល​អាច​រលីង ឬ​មាន​ដំបៅ ជួន​កាល​មាន​រមាស់​ទៀត​ផង។

មូល​ហេតុ​ដែល​នាំឱ្យ​សក់​ជ្រុះ

សក់​ជ្រុះ​ខុស​ប្រក្រតី​បណ្ដាល​មកពី​ការ​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​នឹង​ជម្ងឺ​មហារីក និង​ជាតិ​អ័រម៉ូន​ម្យ៉ាង​ដែល​ហៅថា​អង់ដ្រូ ហ្សែន។ ការ​មាន​សម្លាក​នៅ​លើ​ស្បែក​ក្បាល​ដោយ​សារ​កើត​បូស​ក៏ធ្វើ​ឱ្យ​រលួយ​ដល់​កោសិកា​គល់​សក់នាំ​ឱ្យ​សក់​ជ្រុះ។ ម្យ៉ាង​ទៀត​ការ មាន​មេរោគ​ផ្សិត​នៅលើ​ស្បែក​ក្បាល ដូច​ជាដំបៅ​ខ្ទុះ អង្គែ កម ជម្ងឺ​ស្វាយ​ក្រាប ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ដ មាន​ដុំពក​នៅលើ​ស្បែក​ក្បាល ឬកើត​មហា​រីក​ស្បែក​ក្បាល​ក៏ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​នៃ​សរសៃ​សក់​ដែរ។

វិធី​ព្យាបាល​សក់​ជ្រុះ

ការ​ព្យាបាល​សក់​ជ្រុះ​ត្រូវ​ប្រើ​ប្រាស់​ឱសថ​ផ្សេងៗ​គ្នាទៅ​តាម​មូល​ហេតុ​នីមួយៗ។ លោក​អ្នក​ជ្រាប​ហើយ​ថាឱសថ​គឺជា​អាវុធ មុខ​ពីរ ដូច​នេះ​លោក​អ្នក​អាច​ទទួល​ទាន​ឱសថ​ដែល​ជួយ​ឱ្យ​សក់​ដុះ​ឡើង​វិញ តែ​ឱសថ​នោះក៏​អាច​បណ្ដាល​ឱ្យ​លោក​អ្នក​មាន​ជម្ងឺ​ផ្សេង ទៀត​បាន​ដែរ។ ប្រការ​ដែល​ល្អ​ប្រសើរ​មុននឹង​លោក​អ្នក​ទទួល​ទាន​ឱសថ​ណា​មួយ​ដើម្បី​ជួយឱ្យ​សក់​ដុះ​ឡើង​វិញ​លោក​អ្នក​គួរ​តែ​ទៅ ជួប​គ្រូ​ពេទ្យ​ជាមុន​សិន ដើម្បី​ឱ្យ​គ្រូ​ពេទ្យ​វិនិច្ឆ័យ​ថាសក់​លោក​អ្នក​ជ្រុះ​ឋិត​នៅ​ក្នុង​ករណី​ណា ត្រូវ​ទទួល​ទាន​ឱសថ​ប្រភេទ​ណា។

ដំ​បូ​ន្មាន​អ្នក​ជំនាញ

ប្រសិន​បើ​សុភាព​បុរស​និង​សុភាព​នារី​ទាំង​ឡាយ​ចាប់​អារម្មណ៍​ថាសក់​របស់​ខ្លួនជ្រុះ​លើស​ពី១០០​សរសៃ​ក្នុង​មួយ​ថ្ងៃនោះ សូម​ប្រញាប់​ប្រញាល់​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល​សក់​របស់​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative