សេង វិមាន​រចនា សម្រស់​ពី​ធម្ម​ជាតិ

កញ្ញា សេង វិមាន​រចនា ជាអ្នក​សិល្បៈ​មួយ​ដួង​ដែល​មាន​ការ​ពេញ​ចិត្ដ​ពី​សំណាក់​ទស្សនិក​ជន​ជាច្រើន​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។ ចំណែក​ឯរូប​សម្រស់​វិញ​នោះ កញ្ញា​មាន​រូបរាង​ដ៏តូច​ច្រឡឹង​មិន​ចាញ់​តារា​ភាព​យន្ដ និង​តារា​ចម្រៀង​ប៉ុន្មាន​ទេ។ ពេល​ខ្លះ​ទៀត​មាន​ស្ដ្រី​មួយ​ចំនួន​ប្រាថ្នា​ចង់​បាន​អ្វីៗ​ដែល​ដូច​ទៅ​នឹង​កញ្ញា​រចនា​ផង​ដែរ។ តើ​លោក​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បាន​រូប សម្រស់​ល្អ​ស្អាត​ដូចជា​រូប​នាង។ កញ្ញា​រចនា​ពិត ជា​មាន​រូប​មន្ដ​អ្វី​ពិសេស​ហើយ​មើល​ទៅ បាន​ជា​ការថែ​រក្សា​សម្រស់​របស់​កញ្ញា​ស្រស់ ស្អាត​ជានិច្ច​កាល និង​គ្រប់​ពេល​វេលា​តាម​បែប​ធម្មជាតិ​បែប​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​ទៅទៀត​ក្នុងការ​ថែ​ទាំ​សម្រស់​របស់​កញ្ញា​ដែល​ធ្វើឱ្យ​បានរូប​សម្ផស្ស​ល្អស្អាត​នោះ ពេល​នេះ​ទស្ស​នា​វដ្ដី សុខភាព​​​យើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​កញ្ញា​ផ្ទាល់​តែម្ដង​ពី​បញ្ហា​នានា​ដែល​ទាក់​ទិន​ទៅនឹង​សម្រស់ និង​សុខ​ភាព។

ប្រ​វត្ដិ​មុន​ពេល​ចូល​សិល្បៈ

មុន​ពេល​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ កញ្ញា​វិមាន​រចនា​ធ្លាប់​ធ្វើការ​នៅ​សាលា​ភាសា​បរទេស​មួយ​កន្លែង​ដែល​មាន​មុខ​នាទី ជាអ្នក​ទទួល​ភ្ញៀវ។ ក្រោយ​មក​ទៀត​នោះ​កញ្ញា​ក៏​ធ្លាប់​បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​មួយ​កន្លែង​ទៀត ដែល​កញ្ញា​ជា​ជំនួយ​ការ​ក្នុង ការិ​យាល័យ​មួយ​រូប។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​កញ្ញា​បាន​សម្លឹង​មើល​អ្នក​សិល្បៈ​ជា​ច្រើន​ដួង ហើយ​ក៏គិត​ថានៅ​ថ្ងៃណា​មួយ​រូប​កញ្ញា នឹង​ឈាន​ទៅដល់​ចំណុច​នោះ​ជាក់​ជា​មិន​ខាន។ កញ្ញា​បាន​ពេញ​ចិត្ដនឹង​ពិធី​ការិនី​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ប្រទេស​កម្ពុជា យើង ហើយ​កញ្ញា​គិត​ថា​កញ្ញា​នឹង​ធ្វើវា​ឱ្យ​បាន ហើយ​ធ្វើ​យ៉ាង​ល្អ​បំផុត​ទៀត​ផង រចនា​នឹង​ធ្វើឱ្យ​បាន​ដូចជា​ក្ដី​ស្រមៃ។ បន្ទាប់​ពី​នោះ​ទៀត កញ្ញា​បាន​ទទួល​ដំណឹង​ថា អង្គ​ការ​មួយ​ត្រូវការ​ជ្រើស​រើស​បុគ្គ​លិក​ជា​ពិធី​ការិនី​ម្នាក់ ក្នុង​កម្ម​វិធី​មួយ​ដែល​ធ្វើការ​ចាក់​ផ្សាយ​តាម​រយៈ កញ្ចក់​ទូរ​ទស្សន៍​មួយ។ ពេល​នោះ​រចនា​ក៏​បាន​ទៅ​ដាក់​ពាក្យ ហើយ​ក៏ត្រូវ​បាន​គេហៅ​ឱ្យ​ទៅ​សម្ភាស។ រចនា​បាន​សម្ភាស​ជាប់ ដោយ​សារ តែ​កញ្ញា​មាន​សមត្ថ​ភាព រូប​រាង មុខ​មាត់ និង​ពណ៌​សម្បុរ​ជា​ស្ដ្រីខ្មែរ​ពេញ​លក្ខណៈ ដែល​អង្គការ​នោះ​ចង់​បាន។

វិធី​ថែ​រក្សា​សម្រស់

សព្វ​ថ្ងៃ​នេះ​រចនា​ជា​ពិធី​ការិនី​មួយ​រូប​ដែល​មាន​ទេព​កោសល្យ និង​មាន​រូបរាង​ស្រស់​ស្អាត​តាម​បែប​ធម្ម​ជាតិ​ពិតៗ។ កញ្ញា​មិន បាន​គិត​ថា ពេល​ណា​ដែល​ខ្លួន​នាង​មាន​ឈ្មោះ​ល្បី​នោះ ស្រាប់​តែ​រូប​រាង​នាង​មាន​ការ​ប្រែ​ប្រួល​ឬ​ផ្លាស់​ប្ដូរ​នោះ​ទេ។ កញ្ញា​ចង់​រក្សា​នូវ រូប​រាង​ក៏ដូច​ជា​ពណ៌​ស្បែក​ឱ្យ​ស្ថិត​នៅ​ភាព​ដើម​តាម​បែប​ធម្ម​ជាតិ។ កញ្ញា​មាន​ការ​មមា​ញឹក​នឹង​ការងារ​សព្វ​ថ្ងៃ​ខ្លាំង​ណាស់ ដោយ​កញ្ញា ធ្វើ​ការ​មួយ​សប្ដាហ៍​ដល់​ទៅ៦​ថ្ងៃ ដែល​ចំនួន​២ថ្ងៃ​ធ្វើ​ការ​ជា​ពិធី​ការិនី ហើយ​៤ថ្ងៃ​ទៀត​ធ្វើការ​នៅក្នុង​ការិ​យា​ល័យ។ មិន​តែ​ប៉ុណ្ណោះ​កញ្ញា ថែម​ទាំង​ឆ្លៀត​ពេល​ទៅធ្វើ​ជា​ពិធី​ករនៅ​ស្ថានីយ​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ទៀត​ផង។ ដូច​នេះ​យើង​ឃើញ​ថា កញ្ញា​រវល់​ខ្លាំង​ណាស់ តែ​ហេតុ អីក៏​សម្រស់​របស់​នាង​នៅ​តែ​ស្រស់​ស្អាត​ក្នុង​ក្រសែ​ភ្នែក​ទស្ស​និក​ជន និង​មនុស្ស​ជា​ច្រើន​ទៀត។ ដូច្នេះ​យើង​ក្រឡេក​មើល​មក​ការ ថែ​រក្សា​សម្រស់​របស់​កញ្ញា​រចនា​វិញ​ម្ដង។ តើ​កញ្ញា​មាន​អ្វី​ដែល​ធ្វើឱ្យ​នាង​ស្អាត​យ៉ាង​នេះ?

  • ការ​ថែ​រក្សា​សក់ រចនា​មាន​សរ​សៃ​សក់​ស្អាត ហើយ​វែង​និង​មាន​ពណ៌​ខ្មៅ​ដូច​ជា​ធម្ម​ជាតិ​អញ្ចឹង។ ក្រោយ​ពេល​ដែល​កញ្ញា កក់​សក់​រួច កញ្ញា​តែង​តែ​ប្រើ​ប្រាស់​ក្រេម​បន្ទន់​សក់ ដើម្បី​ជំនួយ​ដល់​សក់​ឱ្យ​សក់​ទន់ និង​មិន​ជំពាក់។ ជា​ទូទៅ​កញ្ញា​តែង​តែ​កក់​សក់​២ថ្ងៃ ម្ដង។ បន្ទាប់​មក​ទៀត​កញ្ញា​ទុកវា​ឱ្យ​ស្ងួត​ដោយ​ឯក​ឯង ដោយ​មិន​ប្រើ​ម៉ាស៊ីន​ផ្លុំសក់​សម្ងួត​ឡើយ។ រចនា​ចូលចិត្ដ​តុប​តែង​សក់​តាម​បែប សាមញ្ញៗ មិន​ថា​ពេល​ដែល​ឡើង​តាម​ទូរ​ទស្សន៍ ពេល​ដែល​កញ្ញា​ចូលរួម​កម្ម​វិធី​អ្វី​មួយ ឬ​ពេល​ចេញ​ដើរទៅ​ណាមក​ណា​នោះ​ទេ។ កញ្ញា ចូល​ចិត្ដ​ប្រើ​ម៉ូត​សក់​ណា​ដែល​ងាយៗ និង​មិនធ្វើ​ឱ្យសក់​ជំពាក់ ឬ​ដាច់។
  • ការ​ថែ​រក្សា​ភ្នែក វិមាន​រចនា​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​ភ្នែក​ជាទី​បំផុត នៅ​ពេល​ដែល​កញ្ញា​ចេញ​ទៅ​កម្មវិធី​ឬ​ពេល​ចេញ​ទៅ​ខាង​ក្រៅ​នោះ ព្រោះ​កញ្ញា​យល់​ថា​រង្វង់​ភ្នែក​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​នាង។ ពេល​កញ្ញា​ទៅ​ចូល​រួម​កម្ម​វិធី​អ្វី មួយ​នោះ រចនា​តែង​តែ​ពាក់​រោម​ភ្នែក​ដើម្បី​កុំឱ្យ​រោម​ភ្នែក​ធម្ម​ជាតិ​របស់​នាង​មាន​ការ​ដាច់ ឬក៏​ជ្រុះ​ជា​ដើម ហើយ​មើល​ទៅវា​ស្អាត ថែម និង​មិន​មាន​ផល​អាក្រក់​ដល់​ភ្នែក​ទៀត​ផង។
  • ការ​ថែ​រក្សា​ចិញ្ចើម និង​បបូរ​មាត់ ចំពោះ​ចិញ្ចើម រចនា​ចូល​ចិត្ដ​កោរតែ​ផ្នែក​ខាង​ចុងនៃ​ចិញ្ចើម​តែ​ប៉ុណ្ណោះ​ព្រោះ​វា​មាន ការ​ងាយ​ស្រួល​ពេល​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ គឺ​គ្រាន់​តែគូស​ផ្នែក​ខាង​ចុង​បន្ដិច​ទៅជា​ការ​ស្រេច។ បើ​មិន​មាន​ចេញ​ទៅ​ណា​ទេ នោះ ចិញ្ចើម​យើង​ក៏មើល​ទៅ​ស្រស់​ស្អាត​ដែរ។ ចំណែក​ឯបបូរ​មាត់​វិញ​នោះ កញ្ញា​ចូល​ចិត្ដប្រើ​ជា​ក្រេមរ​លោងៗ​ដែល​ធ្វើឱ្យ​បបូរ​មាត់​រចនា មាន​សំណើម​ជានិច្ច ពេល​និយាយ​ទៅកាន់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ឯង​នោះ។ រចនា​តែងដាក់​កូន​បំពង់​ក្រែម​រលោង​តាម​កាបូប​ជានិច្ច។
  • ការ​ថែ​រក្សា​ធ្មេញ ចំពោះ​បញ្ហា​មាត់​ធ្មេញ​វិញ រចនា​យក​ចិត្ដ​ទុក​ដាក់​ជាខ្លាំ​ង ព្រោះ​នាង​យល់​ថាការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ជា​រឿង​មួយ​ដែល​សំខាន់​ជាទី​បំផុត ប្រសិន​បើ​យើង​មាន​ក្លិន​មាត់​មិនល្អ​នោះ វាជា​ការ​រំខាន​មួយ​ផង​ដែរ។ រចនា​តែងតែ​ធ្វើការ​ដុះ​ធ្មេញ មួយ​ថ្ងៃ៣​ដង ដោយ​ពេល​ព្រឹក​ម្ដង នៅ​ពេល​ដែល​បរិភាគ​បាយ​ថ្ងៃ​ត្រង់​រួច​ម្ដង និង​ចុង​ក្រោយ​ពេល​ដែល​ជិត​ទទួល​ទាន​ដំណេក​ពេល​យប់ ម្ដង​ទៀត។ រយៈ​ពេល​៣ខែ​ម្ដង រចនា​តែង​តែទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ម្ដង ដើម្បី​ពិនិត្យ​មើល​ធ្មេញ និង​សម្អាត​ធ្មេញ។
  • ការ​ថែ​រក្សា​ស្បែក​មុខ នៅ​ពេល​បច្ចុ​ប្បន្ន​នេះ​មាន​ផលិត​ផល​ជា​ច្រើន​ដែល​ដាក់​លក់​នៅលើ​ទីផ្សារ ដែល​ភាគ​ច្រើន​ពេល ដែល​គេ​ផាត់​មុខ​នោះ​ច្រើន​តែ​ប្រើ​ប្រាស់​ជា​មួយ​នឹង​ម្សៅ​ស្អិត។ ប៉ុន្ដែ​ចំពោះ​រចនា​វិញ​នោះ ផ្ទៃ​មុខ​របស់​នាង​មិន​ចាំបាច់​ប្រើ​ម្សៅ​ស្អិត​នោះ ទេ។ ពេល​ដែល​កញ្ញា​ចេញ​ទៅ​ចូល​រួម​កម្ម​វិធី​អ្វី​មួយ កញ្ញា​គ្រាន់​តែប្រើ​ជាឡេ បើ​ចេញ​ទៅពេល​ថ្ងៃនោះ​រចនា​ជ្រើស​រើស​ឡេ​សម្រាប់ លាប​ការ​ពារ​កម្ដៅ​ថ្ងៃ បើ​ត្រូវ​ចូល​រួម​កម្ម​វិធី​ពេល​យប់​នោះ​រចនា​ជ្រើស​រើស​យក​ឡេ​សម្រាប់​ពេល​យប់ ដោយ​គ្រាន់​តែ​លាប​វា​ពី​ក្រោម ទុក​ឱ្យ​ស្ងួត​បន្ដិច ហើយ​យក​ម្សៅ​ផាត់​មក​ផាត់​ពីលើ​ជាការ​ស្រេច​ទៅ​ហើយ។ ដូច្នេះ​ហើយ​ទើប​ផ្ទៃ​មុខ​របស់​កញ្ញា​គ្មាន​មុន និង​ស្នាម​ជាំ​អ្វី ទាំង​អស់ ដែល​ធ្វើឱ្យ​មុខ​រចនា​មាន​លក្ខណៈ​ជា​ធម្ម​ជាតិ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែ​រក្សា​ស្បែក​ដង​ខ្លួន ៖ រចនា​មាន​វិធី​ថែ​រក្សា​ស្បែក​ខ្លួន ដូច​ជា​ពេល​ដែល​កញ្ញា​ងូត​ទឹក កញ្ញា​តែង​ប្រើ​ផ្លែ​ប៉េង​ប៉ោះ ឬក៏​ផ្លែ​ក្រូច​ពោធិ៍​សាត់​លាប​ដុស​ពេញ​រាង​កាយ ដោយ​មួយ​សប្ដាហ៍​ធ្វើ​របៀប​នេះ២​ដង ឬ​អាច​យក​ក្រូច​ឆ្មារ​មក​ញី​ត្រង់​ចំណុច​ដែល​មាន ស្នាម​​ខ្មៅ ដូច​ជានៅ​កែង​ដៃ​ជា​ដើម។ ការ​ធ្វើ​បែប​នេះ​គឺវា​អាច​ជួយ​ឱ្យ​ស្បែក​យើង​ទន់ ភ្លឺ​រលោង និង​មាន​សំណើម​ពី​ធម្ម​ជាតិ ដោយ​មិន ចាំ​បាច់​ប្រើ​ប្រាស់​ឡេ​ទៀត​ផង។
  • ការ​ថែ​រក្សា​ក្រចក​ដៃ​ជើង រចនា​មិន​សូវជា​ចូល​ចិត្ដ​តុប​តែង​ក្រចក​ដៃជើង​ប៉ុន្មាន​ទេ គ្រាន់​តែ​ឧស្សាហ៍​កាត់​តម្រឹម​និង សម្អាត​វា​ឱ្យ​ស្អាត​តែ​ប៉ុណ្ណោះ។ ជា​ទូទៅ​កញ្ញា​ធ្វើ​ការ​លាប​ក្រចក​ដៃ​ជើង​តែ​ចំពោះ​ពេល​ដែល​នាង​សម្ដែង​ជា​ពិធីករ ឬ​ពេល​ដែល​ចេញ​ទៅ ពិធី​សង្គម ពិធី​ជប់​លៀង​ផ្សេងៗ​តែ​ប៉ុណ្ណោះ។ រចនា​ចូល​ចិត្ដ​រក្សា​ក្រចក​មើល​ទៅមិន​វែង​ពេក មិន​ខ្លី​ពេក សម​ល្មម​ទៅ​នឹង​ម្រាម​ដៃ  ហើយ​កញ្ញា​ចូល​ចិត្ដ​ទុក​ក្រចក​ឱ្យ​មាន​លក្ខណៈ​សៗ ដោយ​មិន​ប្រើ​ប្រាស់​ថ្នាំ​លាប​ញឹក​ញាប់​ទេ។

ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ

ជា​ទូទៅ​រចនា​ព្យា​យាម​ញ៉ាំ​ទឹក​ក្រូច​ច្របាច់ ឬ​ក៏ជា​ទឹក​ដោះ​គោ​ស្រស់ៗ​នៅ​ពេល​ព្រឹក​ព្រលឹម​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ខ្លះ​ទៀត កញ្ញា​ញ៉ាំ​ផ្លែ​ឈើ​បន្ថែម ដូច​ជាផ្លែ​ប៉ោម ផ្លែ​សារី​១ឬ​២ផ្លែ​ប៉ុណ្ណោះ​នៅពេល​ព្រឹក។ រចនា​ក៏​ចូលចិត្ដ​បន្លែ​ណាស់​ដែរ​កញ្ញា​តែង​តែ​ច្នៃ មុខ​ម្ហូប​ប្លែកៗ​ជា​រៀង​រាល់​ថ្ងៃ ដែល​មាន​ជាតិ​បន្លែ​គ្រប់​មុខ​ដើម្បី​កុំ​ឱ្យ​ធុំ​អាហារ។ នៅ​ពេលជិត​ដល់​ពេល​ហូប​បាយ កញ្ញា​តែង​ញ៉ាំ​ទឹក មួយ​កែវ ហើយ​យក​ផ្លែ​ឈើ​មក​ញ៉ាំ​ពេល​ដែល​តុអាហារ​រៀប​ចំរួច គឺ​កញ្ញា​ញ៉ាំ​បាយ​បាន​តិច​បំផុត​ហើយ​ក៏ធ្វើ​ឱ្យ​កញ្ញា​មាន​អារម្មណ៍​ថា ឆ្អែត​ដូច​គ្នាទៅ​នឹង​អ្នក​ដែល​ញ៉ាំ​បាយ​បាន​ច្រើន​ដែរ។ នេះ​ហើយ​ជា​វិធី​មួយ​ដែល​ធ្វើឱ្យ​កញ្ញា​មិន​អាច​ធាត់ ឬ​ឡើង​ទម្ងន់​បាន​លឿន។

បំណង​សម្រាប់​ថ្ងៃ​អនា​គត

រចនា​មាន​បំណង​តាំង​តែពី​កុមារ​ភាព​មក​ម្ល៉េះ ថា​ថ្ងៃ​ណា​មួយ​កញ្ញា​នឹង​ក្លាយ​ជា​ម្ចាស់​នៃ​សណ្ឋា​គារ​ផ្ទាល់​ខ្លួន​មួយ​រូប​ហើយ សង្ឃឹម​ថា សេច​ក្ដីប៉ង​ប្រាថ្នា​នេះ​នឹង​បាន​សម្រេច​នៅ​ថ្ងែ​ណា​មួយ​ជាក់​ជា​មិន​ខាន។

បណ្ដាំ​ផ្ញើ​របស់​វិមាន​រចនា

លោក​អ្នក​ត្រូវ​គិត​ថា សម្រស់​របស់​អ្នក​វាជា​រូបភាព​មួយ​យ៉ាង​សំខាន់​បំផុត ដូច​នេះ​អ្នក​ត្រូវ​ចេះ​ថែ​រក្សាវា​ឱ្យ​បាន​ល្អ។ ចំ​ពោះ លោក​អ្នក​ដែល​ចូល​ចិត្ដ​ងូត​ទឹក​ក្ដៅ​នោះ សូម​ចៀស​វាង​កុំ​ងូត​ដល់​ក្បាល​ឱ្យ​សោះ ព្រោះ​ទឹក​ក្ដៅ​វា​អាច​ធ្វើ​ឱ្យសក់​យើង​ជ្រុះ ងាយ​បែក ចុង ស្ងួត និង​ធ្វើ​ឱ្យ​សក់​លោក​អ្នក​ឆាប់​ខូច។ បើ​លោក​អ្នក​ជា​មនុស្ស​សាមញ្ញ​មិន​មែន​ជា​តារា​អ្វី​ទេ​នោះ លោក​អ្នក​គួរ​តែ​ទុក​ផ្ទៃ​មុខ​ឱ្យ​នៅ ទំនេរ កុំ​ប្រើ​ប្រាស់​ម្សៅ​លាប សូម្បី​តែជា​ម្សៅ​លាប​យប់​ក៏មិន​ចាំ​បាច់​ដែរ នេះ​ជា​វិធី​ល្អ​មួយ​សម្រាប់​ផ្ទៃ​មុខ​លោក​អ្នក។

ការ​រៀប​រាប់​ជូន​ខាង​លើនេះ ជា​ការ​យល់​ឃើញ និង​ជា​ការ​អនុវត្ដ​ផ្ទាល់​របស់​កញ្ញា សេង វិមាន​រចនា តែ​ប៉ុណ្ណោះ។ សូម លោក​ស្រី​អ្នក​នាង​កញ្ញា​ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថាល្អ​ត្រឹម​ត្រូវ​សម្រាប់​អនុ​វត្ដ​បាន​ហើយ។

ប្រ​វត្ដិ​រូប​សង្ខេប

  •        ឈ្មោះ ៖ សេង វិមាន​រចនា
  •        អាយុ ៖ ២៤​ឆ្នាំ
  •        កម្ពស់ ៖១,៦០​ម៉ែត្រ
  •        ទម្ងន់ ៖ ៤៧​គីឡូ​ក្រាម
  •        ទំហំ​ទាំង​បី ៖ ៣២ ២៦ ៣២
  •        បង​ប្អូន ៖ ៤នាក់ (ជា​កូន​ទី​១)
  •        កម្រិត​វប្ប​ធម៌ ៖ បញ្ចប់​ថ្នាក់​បាក់​ឌុប
  •        អា​ជីព​បច្ចុ​ប្បន្ន ៖ ជា​ពិធី​កា​រិនី
  •        ទី​កន្លែង​កំណើត ៖ក្រុង​ភ្នំពេញ
  •        ស្ថាន​ភាព​គ្រួ​សារ ៖ នៅ​ជា​មួយ​ឪពុក​ម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative