វិធី​អប់​សក់

សក់​ជារឿង​មួយ​ដែល​ត្រួវ​យក​ចិត្ដ​ទុក​ដាក់​ថែទាំ​ឱ្យ​មាន​សុខ​ភាព​ល្អ ព្រោះ​សក់​ស្អាត​ជា​ផ្នែក​មួយ​នៃ​សោ​ភ័ណ​ភាព​ជួយ​លើក សម្រស់​ផ្ទៃ​មុខ ជា​ពិ​សេស​សម្រាប់​សុភាព​នារី​ទាំង​ឡាយ។ ប្រសិន​បើ​សរសៃ​សក់​មិន​ស្អាត​ទេ ដូច​ជាបែក​ចុង​ស្ងួត​ឬគ្មាន​សំណើម​នោះ ធ្វើ ឱ្យ​លោក​ស្រីអ្នក​នាង​កញ្ញា​មាន​សេចក្ដី​សុខ​មិន​ពេញ​លេញ។ បច្ចុ​ប្បន្ន​នេះ​ការរីក​ចម្រើន​បាន​ផលិត​ផលិត​ផល​ជំនួយ​និង​បំប៉ន​សរសៃ សក់​ឱ្យទន់​ល្មើយ រលាស់​បានល្អ​ឬមាន​ទម្ងន់ ដើម្បី​បំពេញ​តម្រូវ​ការរបស់​លោក​ស្រីអ្នក​នាង​កញ្ញា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បង្ហាញ​ពីវិធី​អប់​សក់​ឱ្យ​បាន​ល្អ ជូន​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ជ្រាប ទស្ស​នា​វដ្ដី សុខភាពយើង បាន​ជួប​សម្ភាសន៍​ជាមួយ លោក​ស្រី ហេង ជាន ម្ចាស់​ហាង​មជ្ឈ​មណ្ឌល​ថែ​រក្សា​សម្ជស្ស​ប៊ីប៊ី។

វិធី​អប់​សក់

វិធី​អប់​សក់ គឺ​សំដៅ​ទៅ​លើ​ការ​យក​ប្រេង​អប់​សក់​មក​លាប​នៅលើ​សរសៃ​សក់​ពេញ​លើ​ក្បាល ប្រ​យោជន៍​ឱ្យ​ប្រេង​អប់​សក់ ជ្រាប​ចូល​សរសៃ​សក់​និង​បញ្ចៀស​កុំឱ្យ​សរសៃ​សក់​ស្អិត ធ្វើ​ឱ្យ​សរសៃ​សក់​លោក​ស្រីអ្នក​នាង​កញ្ញា​ទទួល​បាន​នូវ​ភាព​ទន់​ល្មើយ ងាយ ស្រួល​ក្នុង​ការ​សិត​សក់ ហើយ​ជា​ពិសេស​ធ្វើឱ្យ​សរសៃ​សក់​លោក​អ្នក​រលាស់​បាន​ល្អ។ សុភាព​នារី​ត្រូវ​អប់​សក់​ទៅ​តាម​ប្រភេទ​សរសៃ​សក់់ ខូច​ជា​មុន​សិន។ បើ​សរសៃ​សក់​ខូច​ដោយ​សារ​អ៊ុត​ត្រង់ ត្រូវ​ជ្រើស​រើស​ផលិត​ផល​ប្រេង​សម្រាប់​អប់​សក់​អ៊ុត​ត្រង់។ បើ​សរសៃ​សក់​ខូច ដោយ​សារ​លាប​ពណ៌ ត្រូវ​ប្រើ​ផលិត​ផល​ប្រេង​សម្រាប់​អប់​សក់​ពណ៌។ ចំពោះ​សរសៃ​សក់​ស្ងួត​ហើយ​បែក​ចុង គឺ​ត្រូវ​ប្រើ​ផលិត​ផល​ប្រេង សម្រាប់​សក់​បែក​ចុង។ មុន​នឹង​អប់​សក់ លោក​ស្រីអ្នក​នាង​កញ្ញា​ត្រូវ​កក់​សក់​នឹង​សាប៊ូ​ឱ្យ​បាន​ស្អាត​សិន ហើយ​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក ផ្លុំ​សក់​ដើម្បី​ឱ្យ​សរសៃ​សក់​ស្ងួត រួច​យក​ប្រេង​អប់​សក់​មក​លាប​សរសៃ​សក់​ឱ្យ​សព្វ។ បន្ទាប់​មក​លោក​ស្រី​អ្នក​នាង​កញ្ញា​ត្រូវ​ស្ទីម​សក់ ដើម្បី​ចំហុយ​សរសៃ​សក់​ឱ្យ​ប្រេង​អប់​សក់​ជ្រាប​ចូល​សរសៃ​សក់​ល្អ។ ការ​អប់​សក់​នេះគឺ​ប្រើ​រយៈ​ពេល​១៥​នាទី​រួច​រាល់​ជាការ​ស្រេច។ លោក​ស្រី​អ្នកនាង​កញ្ញា​ត្រូវ​អប់​សក់​ក្នុង​រយៈ​ពេល​១សបា្ដហ៍​ម្ដង​ដើម្បី​ឱ្យ​សរសៃ​សក់​រលាស់​ស្អាត​មាន​ទម្ងន់​ល្អ។ ការ​អប់​សក់​នេះ​មិន រើស​ពេល​វេលា​ទេ ពេល​ណាក៏​បាន​ឱ្យតែ​ទំនេរ។

អត្ថ​ប្រ​យោជន៍​នៃ​ការ​អប់​សក់

ក្រោយ​ពី​លោក​ស្រី​អ្នកនាង​កញ្ញា​បាន​អប់​សក់​រួច​ហើយ សក់​របស់​លោក​ស្រីអ្នក​នាង​កញ្ញា​នឹង មាន​សរសៃ​សក់​ទន់​ល្មើយ រលោង​ស្អាត ហើយ​រលាស់​បាន​ល្អ និង​ធ្វើឱ្យ​សរសៃ​សក់​មាន​ទម្ងន់​ទៀត​ផង។ កាល​ណា​សរសៃ​សក់​មាន​ទម្ងន់​រលាស់​ស្អាត​ហើយ​នោះ ជួយ​លើក​តម្កើង​សម្រស់​ផ្ទៃ​មុខ​របស់​លោក​ស្រី​អ្នកនាង​កញ្ញា​ថែម​មួយ​កម្រិត។ មិនតែ​ប៉ុណ្ណោះ សក់​ងាយ​ស្រួល​សិត មិន​ធ្វើឱ្យ​សក់ កណ្ដាញ់​នោះ​ទេ ដែល​ពិបាក​ក្នុង​ការ​សិត​សក់។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

ដើម្បី​ចៀស​វាង​កុំ​ឱ្យ​សរសៃ​សក់​របស់​លោក​ស្រី​អ្នក​នាង​កញ្ញា​ស្ងួត​បែក​ចុង​គ្មាន​សំណើម ហើយ​គ្មាន​ទម្ងន់​ដោយ​សារ​អ៊ុត​ត្រង់ ឬលាប​ពណ៌​សក់ លោក​ស្រីអ្នក​នាង​កញ្ញា​ត្រូវ​អប់​សក់​ក្នុង​១សប្ដាហ៍​ម្ដងដើម្បី​ឱ្យ​សរសៃ​សក់​មាន​ទម្ងន់​រលាស់​បាន​ល្អ។ បើសិន​សរសៃ សក់​អប់​រួច​ហើយ នៅ​តែខូច​ទៀត នោះ​សូម​លោក​ស្រីអ្នក​នាង​កញ្ញា​ទៅជួប​អ្នក​ជំនាញ​ដើម្បី​ពិភាក្សា និង​ព្យា​បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative